×

​ពុំ​ ​មាស​បណ្តូល​ ​រំឭក​ស្នាដៃ​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប​តាមរយៈ​គំនូរ​ឌី​ជី​ថល

NEWS 4 years ago
 
 

          និម្មាបនកម្ម​ឬ​ស្ថាបត្យកម្ម​គឺជា​សិល្បៈ​និង​ជា​វិទ្យាសាស្ត្រ​នៃ​ការរចនា​សំណង់​ឲ្យ​មាន​​​រូបរាង​ល្អឆើត​ដែល​ផ្តល់ឲ្យ​យើង​នូវ​បរិយាកាស​​នៃ​ការរស់នៅ​មួយ​។​ ​នៅ​ក្នុង​សម័យ​ទសវត្សរ៍​ទី​៦​០​ដល់​៧​០​កម្ពុជា​មាន​ការរៀបចំ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​ឬ​ហៅថា​«​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប​»​ ​ដែល​ត្រូវ​បាន​និម្មិត​ឡើង​ក្រោម​ស្នាដៃ​បិតា​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ល្បីល្បាញ​នោះ​គឺ​លោកតា​ ​វណ្ណ​ ​មូលី​វណ្ណ​។​ ​លោកតា​បាន​កសាង​ស្នាដៃ​ស្ថាបនា​អគារ​ជាច្រើន​ក្នុង​នោះ​អគារ​ល្បីល្បាញ​មួយ​ចំនួន​រួម​មាន​ ​មហោស្រព​ចតុ​មុខ​ ​វិមានរដ្ឋ​ចំការមន​ ​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ​មហោស្រព​ចតុ​មុខ​ ​និង​វិទ្យាស្ថាន​ភាសាបរទេស​ជាដើម​។​ ​លក្ខណៈ​ពិសេស​នៃ​ស្ថាបត្យកម្ម​របស់​លោកតា​មិន​ត្រឹមតែ​ប្រកបដោយ​សោភ័ណ​ភាព​រចនាបថ​ថ្មី​ឈ​រលើ​មូលដ្ឋាន​ស្ថាបត្យកម្ម​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​បាន​បញ្ចូល​នូវ​បច្ចេកទេស​សាងសង់​ស៊ី​ជម្រៅ​ផ្សារភ្ជាប់​ទៅ​នឹង​បរិស្ថាន​ផង​ដែរ​។​ ​មកដល់​បច្ចុប្បន្ន​ថ្វី​ដ្បិត​អគារ​ទាំងនោះ​ខ្លះ​ត្រូវ​បាន​កែ​លម្អ​រូបរាង​ថ្មី​ ​និង​ខ្លះទៀត​ត្រូវ​បាន​ក​ម្ទេ​ច​ចោល​ ​ប៉ុន្តែ​ស្ថាបត្យករ​ជាន់​ថ្មី​វ័យក្មេង​មួយ​រូប​បាន​ព្យាយាម​សិក្សាស្រាវជ្រាវ​និង​គូររំលេច​រូបរាង​ឡើងវិញ​តាមរយៈ​សិល្បៈគំនូរ​ឌី​ជី​ថល​ដោយ​យកមក​បង្ហោះ​បង្ហាញ​លើ​បណ្តាញ​សង្គម​ដែល​ទទួល​បាន​ការចាប់អារម្មណ៍​ទ្វេ​ដងនោះ​គឺ​លោក​ ​ពុំ​ ​មាស​បណ្តូល​ ​ឬ​មានឈ្មោះ​ហៅក្រៅ​ថា​ ​ឌី​ដូ​ល​ (​D​idol​)​។​

          ​ជា​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ ​លោក​ ​ពុំ​ ​មាស​បណ្តូល​ ​បាន​ប្រើប្រាស់​ចំណេះ​ជំនាញ​សម័យ​ទំនើប​របស់​ខ្លួន​ទំា​ង​ប៉ុន្មាន​មក​បង្កើត​ជា​សិល្បៈគំនូរ​3​D​មួយ​បែប​ដែល​ជា​រូបភាព​ឆ្លុះបញ្ចាំង​ពី​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប​ល្បីល្បាញ​កាល​ជំនាន់​សម័យ​សង្គមរាស្ត្រនិយម​។​ ​លោក​បាន​ចាប់ផ្តើម​សិក្សាស្រាវជ្រាវ​ឯកសារ​ទាក់ទង​នឹង​ប្រវត្តិ​អគារ​តាំងពី​ឆ្នាំ​២​០​១​៣​ ​ពោល​គឺ​កំឡុង​ពេល​កំពុង​សិក្សា​ឆ្នាំ​ទី​៤​នៅ​សាកលវិទ្យាល័យ​ ​និង​កំពុង​ធ្វើ​កិច្ចការ​សាលា​មួយ​ទាក់ទង​នឹង​ការ​សាងសង់​អគារ​។​ ​មកដល់​ឆ្នាំ​២​០​១​៦​ ​ក្រោយ​ប្រមែប្រមូល​ឯកសារ​បាន​សព្វគ្រប់​លោក​បាន​ចាប់ផ្តើម​បង្កើត​គំនូរ​ឌី​ជី​ថល​ដោយគូ​រ​ច្បិច​យក​ប្លង់​សំខាន់​ៗ​នៃ​អគារ​មួយ​ចំនួន​រួម​មាន​ ​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ​វិទ្យាស្ថាន​ភាសាបរទេស​ ​សាលសន្និសីទ​ចតុ​មុខ​ ​សំណង់​«​ផ្ទះ​១​០​០​»​ ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​វិមានរដ្ឋ​ចំការមន​ ​វិមានឯករាជ្យ​ ​និង​អាកាសយានដ្ឋាន​សៀមរាប​ជាដើម​ ​បើ​សរុប​មកទល់​ពេល​បច្ចុប្បន្ន​អគារ​ដែល​លោក​បាន​គូរ​មាន​ប្រមាណ​ក្បែរ​១​០​០​អគារ​ឯណោះ​។​ ​លោក​បាន​បញ្ជាក់​ថា​«​ភាគច្រើន​អគារ​ដែល​ខ្ញុំ​បាន​គូរ​ឡើង​សុទ្ធសឹងតែ​ជា​ស្ថាបត្យកម្ម​របស់​លោ​តា​ ​វណ្ណ​ ​មូលី​វណ្ណ​ ​ដោយសារ​អគារ​របស់​គាត់​មាន​ប្រភព​ឯកសារ​ស្រាវជ្រាវ​ច្រើនជាង​គេ​ ​ម្យ៉ាង​កាល​ធ្វើ​កិច្ច​ការស្រាវជ្រាវ​នៅ​សាលារៀន​ហាក់ដូច​មាន​អ្វីមួយ​ជំរុញ​ឲ្យ​ខ្ញុំ​កាន់តែ​ចង់​ដឹង​ចង់​ឮ​ពី​អាថ៌កំបាំង​នៃ​អគារ​របស់​គាត់​ ​ជាពិសេស​ស្ថាបត្យកម្ម​របស់​គាត់​មាន​លក្ខណៈ​ពិសេស​ដោយ​បាន​បញ្ចូល​នូវ​សិល្បៈ​វប្បធម៌​និង​ការរស់នៅ​របស់​ប្រជាជន​ខ្មែរយើង​។​ ​ឧទាហរណ៍​ជាក់ស្តែង​ដូចជា​វិទ្យាស្ថាន​ភាសាបរទេស​ ​លោកតា​បាន​យក​គម្រោង​ប្លង់​មេ​នៃ​ប្រាសាទ​អង្គ​វត្ត​មក​បញ្ចូល​ដោយ​យើង​ឃើញ​មាន​ស្ពាន​នាគ​ ​និង​ស្រះ​ទឹក​សងខាង​រីឯ​ថ្នាក់រៀន​សង់​ខ្ពស់​ផុត​ដី​ដូច​ផ្ទះខ្មែរ​ដែល​ខាងក្រោម​ដាក់​សត្វ​ចិញ្ចឹម​ជំនួស​មក​កន្លែង​ដាក់​កង់​ម៉ូតូ​ជាដើម​ ​និយាយរួម​លោកតា​បាន​បញ្ចូល​ចំណុច​តូច​ៗ​ធម្មតា​ទូទៅ​របស់​ខ្មែរ​សម្រាប់​ការ​បម្រើបម្រាស់​ ​ព្រមទាំង​យល់ច្បាស់​ពី​បរិយាកាស​ ​អាកាសធាតុ​និង​ទាញ​ផលប្រយោជន៍​ពី​ធម្មជាតិ​ផង​ដែរ​»​។​ ​លោក​បាន​បន្ថែម​ទៀត​ថា​«​មុន​ពេល​គូរ​អគារ​ណាមួយ​ខ្ញុំ​តែង​ស្រាវជ្រាវ​អាន​អត្ថបទ​អំពី​ប្រវត្តិ​អគារ​និង​មើល​រូបភាព​ចាស់ៗ​របស់​អគារ​នោះ​ ​ហើយ​សម្រាប់​អគារ​ខ្លះ​ខ្ញុំ​ក៏​ឆ្លៀត​ទៅ​មើល​ផ្ទាល់​ផង​ដែរ​ដូចជា​អគារ​មួយ​ចំនួន​មាននៅ​ខេត្ត​កំពង់ចាម​និង​កំពង់សោម​ជាដើម​»​។​ ​ចំណោម​ស្ថាបត្យកម្ម​ទាំងអស់​ក្នុង​នោះ​មាន​ស្ថាបត្យកម្ម​៤​ដែល​បណ្តូល​ដក់​ចិត្ត​និង​ច្បិច​ប្លង់​គូរ​ច្រើនជាង​គេ​រួម​មាន​ ​ផ្ទះ​លោកតា​ ​វណ្ណ​ ​មូលី​វណ្ណ​ ​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ​មហោស្រព​ជាតិ​ ​និង​វិទ្យាស្ថាន​ភាសាបរទេស​។​ ​ដោយឡែក​ពី​ស្ថាបត្យកម្ម​របស់​លោកតា​ ​វណ្ណ​ ​មូលី​វណ្ណ​ ​បណ្តូល​ក៏បាន​គូរ​នូវ​ស្ថាបត្យកម្ម​មួយ​ចំនួន​របស់​ស្ថាបត្យករ​ខ្មែរ​ល្បីឈ្មោះ​ដូចជា​ ​លោក​ ​លូ​ ​បាន​ហាប់​ ​និង​លោក​ ​ម៉ម​ ​សុផា​ណា​ ​ដែល​មាន​អគារ​ដូចជា​ ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ​មហោស្រព​ចេនឡា​ ​អគារ​ប៊ូ​ឌី​ង​ ​និង​វិទ្យាល័យ​ទួល​ស្វាយព្រៃ​ជាដើម​។​

           ​យ៉ាងណាមិញ​ស្ថាបត្យករ​វ័យ​៣​១​ឆ្នំា​ដែល​មាន​ឪពុក​ជា​អតីត​តន្ត្រី​ករ​និង​ម្តាយ​ជា​អតីត​គ្រូបង្ហាត់​របាំ​បុរាណ​និង​ប្រពៃណី​រូប​នេះ​បាន​បង្ហើប​ពី​គោលបំណង​នៃ​ការ​បង្កើត​គំនូរ​នេះ​ដែរ​ថា​ ​«​ទី​១​គឺ​ការ​ស្រឡាញ់​ ​ទី​២​គឺ​អភិ​រក្ស​ ​និង​ទី​៣​ខ្ញុំ​ចង់ឲ្យ​មានការ​រួបរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ជាពិសេស​យុវជន​សម័យ​ទំនើប​គួរតែ​រៀន​ពី​អ្វី​ដែល​យើង​មាន​ដើម្បី​ប្រើ​ជា​ប្រយោជន៍​មុននឹង​បង្កើត​អ្វីមួយ​ដែល​ថ្មី​ឬ​យក​តាម​ទំនើបកម្ម​បរទេស​»​។​ ​តួយ៉ាង​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​គំនូរ​ដែល​មិន​រំពឹង​ប្រាក់ចំណូល​ទាំងនេះ​ ​បណ្តូល​រមែង​ធ្វើការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ដោយ​ភ្ជាប់​មក​ជាមួយ​ព័ត៌មាន​លម្អិត​សរសេរ​រៀបរាប់​អំពី​ប្លង់​និង​ប្រវត្តិ​នៃ​អគារ​។​ ​កន្លងមក​ស្នាដៃ​គំនូរ​ឌី​ជី​ថល​របស់​បណ្តូល​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ច្រើន​ពី​មហា​ជនជាតិ​និង​អន្តរជាតិ​ ​ដោយ​កាលពី​ឆ្នាំ​២​០​១​៨​លោក​ត្រូវ​បាន​អញ្ជើញ​ទៅ​ចូលរួម​តាំង​បង្ហាញ​ស្នាដៃ​គំនូរ​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​ក្រុង​កែប​ ​«​k​e​p​Ex​p​o​»​ ​ឆ្នាំ​២​០​១​៩​ ​ពិព័រណ៍​ ​របត់​បេតុង​«​Fold​in​g​ ​Concrete​ ​Exhibition​»​ ​និង​ឆ្នាំ​២​០​២​០​នេះ​ពិព័រណ៍​ ​«​Cam​bo​d​i​a​ ​Urban​ ​Art​»​ ​ដែល​មាន​ការចូលរួម​ពី​សិល្បករ​ជាតិ​និង​អន្តរជាតិ​ច្រើន​រូប​។​

          ​បច្ចុប្បន្ន​ ​លោក​ ​ពុំ​ ​មាស​បណ្តូល​ ​គឺជា​ស្ថាបត្យករ​មួយ​រូប​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​វិ​ស​័​យ​ស្ថាបត្យកម្ម​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៃ​រាជធានី​ភ្នំពេញ​។​ ​រាល់​ពេលទំនេរ​បណ្តូល​ចូលចិត្ត​ធ្វើដំណើរ​ក​ម្សាន្ត​ស្វែងយល់​ពី​វប្បធម៌​និង​តែង​យក​អ្វី​ដែល​ខ្លួន​បាន​ដឹង​បានឃើញ​មក​បង្កើត​ជា​សិល្បៈគំនូរ​បែបថ្មី​ជា​របស់​ខ្លួន​។​ ​ក្រៅពី​មាន​អាជីព​ជា​ស្ថាបត្យករ​បណ្តូល​ក៏​ជា​វិចិត្រករ​គំនូរ​មួយ​រូប​ដែល​ធ្លាប់​បាន​ឆ្លងកាត់​ការរៀនសូត្រ​ពី​អ៊ុំ​ប្រុស​ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​សូនរូប​តាំងតែពី​ពេល​ស្ថិតនៅ​វ័យ​ជំទង់​។​ ​ចំពោះ​សិល្បៈគំនូរ​ឌី​ជី​ថល​នេះ​បណ្តូល​មិន​ត្រឹមតែ​មានបំណង​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​និង​ពិព័រណ៍​ប៉ុណ្ណោះ​ទេ​ ​នា​ពេល​ខាងមុខ​លោក​នឹង​ចងក្រង​ជា​សៀវភៅ​ដើម្បី​ជា​ទុន​ចំណេះ​សម្រាប់​កូនខ្មែរ​ជំនាន់​ក្រោយ​បាន​ស្វែងយល់​ផង​ដែរ​។​ ​បណ្តូល​បាន​លើកឡើង​ដូច្នេះ​ថា​«​ការ​បង្ហាញ​សិល្បៈ​ឆ្លុះបញ្ចាំង​ពី​ស្ថាបត្យកម្ម​លោកតា​ ​វណ្ណ​ ​មូលី​វណ្ណ​ ​នេះ​មិនមែន​មានន័យ​ថាឲ្យ​យើង​ធ្វើអ្វី​ត្រលប់​ក្រោយ​វិញ​នោះ​ទេ​ ​ប៉ុន្តែ​គ្រាន់តែ​ចង់ឲ្យ​យើង​ជា​កូនខ្មែរ​គ្រប់រូប​គួរតែ​រៀនសូត្រ​យល់​ដឹង​នូវ​អ្វី​ដែល​យើង​មាន​ពីមុន​មិនថា​ស្ថាបត្យកម្ម​សម័យ​អង្គរ​ឬ​ស្ថាបត្យកម្ម​សម័យ​សង្គមរាស្ត្រនិយម​ឡើយ​ ​កាលណា​យើង​យល់​ដឹង​ច្បាស់​ហើយ​យើង​អាច​​​យកគំនិត​ទាំងនោះ​មក​បញ្ចូល​គ្នា​ជាមួយ​គំនិត​បច្ចុប្បន្ន​ហើយ​បង្កើត​នូវ​អ្វីមួយ​ដែល​ថ្មី​ហើយ​ប្លែក​ដូច​ជាឧទាហរណ៍​ជាក់ស្តែង​ស្នាដៃ​ស្ថាបត្យកម្ម​របស់​លោកតា​ ​វណ្ណ​ ​មូលី​វណ្ណ​ ​ល្បីល្បាញ​នៅ​សម័យ​សង្គមរាស្ត្រនិយម​នេះឯង​»​៕​

Article ​by​ ​HEM SOKKHIM


SUGGESTIONS