×

ត្មាត​ជា​ប្រភេទ​សត្វស្លាប​ដែល​មាន​សារៈ​ប្រយោជន៍​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ​មួយនេះ​

TRAVEL & LIVING 2 months ago
 
 

          ត្មាត ជាសត្វ​មួយ​ប្រភេទ​ ដែល​ភាគ​ច្រើន​ទស្សន​របស់​ប្រជាជន​ខ្មែរ​នាំគ្នា​គិត​ថា វាជា​សត្វចង្រៃ​ មិនគួរ​ឲ្យ​ស្រឡាញ់​ ក៏​ដោយ​សារ​តែ​វា​មាន​រូបរាង​អាក្រក់​ និង​អ្វី​ដែល​ស្អប់​ខ្ពើម​ទៀត​នោះ​ គឺ​សត្វត្មាត​ ចូលចិត្ត​យក​សាក​សព​សត្វ​ស្អុយ​រលួយ​( គំរង់ ) មក​ធ្វើ​ជា​ចំណី​របស់​ពួក​វា​។ គំនិត​ទាំងអស់​នេះ វា​គ្រាន់​តែ​ជា​ការ​មើល​ឃើញ​នឹង​ភ្នែក​ទទេ​តែ​ប៉ុណ្ណោះ​ ផ្ទុយ​ទៅវិញ ​ប្រសិន​បើ​យើង​ប្រើ​ការគិត​ ហើយ​សិក្សា​ទៅ​លើ​សត្វត្មាត​ឲ្យ​បាន​ច្បាស់​ នោះ​យើង​នឹង​បង្វែរ​គំនិត​ទុទ្ទិដ្ឋិ​និយម មួយនេះ​ចោល​ ហើយ​នឹង​បើក​ចិត្ត​ស្រឡាញ់​ត្មាត​ដូច​ជា​សត្វ​ដទៃ​ទៀត​ដែរ។

          បើតាម​ការ​មើល​ពី​គុណ​តម្លៃ​របស់​សត្វ​ត្មាត គេ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ត្មាត គឺជា​ប្រភេទ​សត្វ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ឲ្យ​មាន​លំនឹង​។ ត្មាត​មាន​តួនាទី​ក្នុង​ការ​លាងសំអាត​កាក​សំណល់​ដើម្បី​ឱ្យបរិស្ថាន​ស្អាត​នឹង​ការពារ​កុំឱ្យ​មាន​ជំងឺឆ្លង​ផ្សេងៗ​។ ក្នុង​ក្រពះត្មាត​មាន​ផ្ទុក​សារ​ជាតិអាស៊ីត​ខ្លាំង​ដែល​មាន​សមត្ថភាព​អាច​សម្លាប់​មេរោគ​និង​បាក់តេរី​ផ្សេងៗ​ទៀត​បាន​។  លើស​ពីនេះ​ទៀត​ ត្មាត ដើរ​តួនាទី​ ជា​អ្នក​សំអាត​បរិស្ថាន​បាន​យ៉ាង​ល្អ ដោយ​មិន​បង្ក​ជា​ការ​សាយ​ភាយមេ​រោគ​ដែល​នៅ​ក្នុង​ខ្លួន​សាក​សព​នោះ​ទៅកាន់​មជ្ឈដ្ឋាន​ជុំវិញ​។ តួយ៉ាង ដូច​ជា​សត្វ​ដែល​ស្លាប់​ ក្លាយ​ជា​សាកសព​មួយ​ដែល​មាន​បាក់​តេរី​នៅ​ខាង​ក្នុង​ខ្លួន​របស់​វា​ ប្រសិន​បើ​គ្មាន​វត្ត​មាន​សត្វ​ត្មាត​យកជា​ចំណី​ទេ រយៈពេល​ ១០ ទៅ ២០ ថ្ងៃក្រោយ បាក់តេរី ឬមេរោគ​ដែល​នៅ​ក្នុង​ខ្លួន​សាក​សពសត្វ​នោះ នឹង​ត្រូវ​សាយភាយ​ទៅ​ដល់​មនុស្ស ឬ​ក្នុង​ធម្មជាតិ​ជាក់​ជា​មិនខាន​ឡើយ។​ ដូចនេះ​ ត្មាត ពិត​ជា​បាន​ផ្តល់​នូវ​គុណ​ប្រយោជន៍​ខ្លាំង​ដែល​សត្វ​ផ្សេងទៀត​ មិន​មាន​ដូច​វា​។  ​ដោយសារ​តែ​មើលឃើញ​ពី​គុណសម្បត្តិ​របស់សត្វត្មាត​បែបនេះ​ ទើប​ក្រុមអ្នកអភិរក្ស​សត្វព្រៃ​ដែលមក​ពី​គ្រប់​អង្គការនានា​លើពិភពលោក​ សហការ​គ្នា​បង្កើត​ជា​គំរោង​ការពារ​សត្វត្មាត​នេះ​ឡើង​នៅ​ក្នុងឆ្នាំ​២០០៤ ហើយ​មកដល់​ពេលនេះ​ឃើញថា​ ចំនួន​នៃ​សត្វត្មាត​អស់​ទាំងនេះ​កំពុង​ត្រូវ​បាន​ឃ្លំាមើល​យ៉ាង​ដិតដល់​ និង​យកចិត្ត​ទុកដាក់​ខ្លាំង​។ ជួប​ជាមួយ​នឹង​កញ្ញា នី ណៃ​គី តួនាទី​ជា​អ្នក​សម្របសម្រួល​គំរោង​ ការអភិរក្ស​សត្វត្មាត​នៅ​កម្ពុជា​ ក្នុង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា (BirdLife International Cambodia Programme)។ បើតាម​ការ​រៀបរាប់​បញ្ជាក់​ពី​កញ្ញា​បន្ថែម​ទៀត​នោះ​ បាន​ឲ្យ​ដឹងថា​ សត្វ​ត្មាត​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ភាគច្រើន​គឺ​នៅ​តំបន់​សៀម​ប៉ាង​ដែល​មាន​ចំនួន​១១០​ក្បាល​ឯណោះ​ ព្រោះ​នៅ​ទីនោះ​សម្បូរ​ទៅ​ដោយ​ព្រៃឈើ​ដែល​អាច​ឲ្យ​ពួកវា​ធ្វើជា​ជម្រក ​និង​ងាយ​ស្រួល​ក្នុង​ការចុះ​ចត​ស៊ី​សាកសព​សត្វ​ដែល​ស្លាប់​ផង​ដែរ​។

Image courtesy: BirdLife International Cambodia Programme

លាយឡំ​ជាមួយ​នឹង​ទឹកមុខ​ដ៏​ស្រពាប់ស្រពោន​ ណៃគី បាន​សម្តែង​នូវ​អារម្មណ៍​សោក​ស្តាយ​មួយ​ផ្នែកធំ​ដែល​សត្វត្មាត​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅ​តែ​ទទួល​ការ​គំរាម​កំហែង​ជា​បណ្តើរៗ​ពីមនុស្ស​ និង​កត្តាបរិស្ថាន​ដែល​នៅ​ជុំវិញ​ពួកវា​។ ជាក់ស្តែង កត្តា​ដែល​ជំរុញ​ឱ្យ​ត្មាត​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​ បាត់បង់​នៅ​លើ​ផែនដី​នេះ​ ក៏​ដោយ​សារតែ​ កត្តា ៣ យ៉ាងធំៗ​ រួមមាន៖  កត្តាទី១ បណ្តាល​មក​ពី​សត្វត្មាត​ ចឹក​ស៊ី​សាកសព​ដែល​មាន​សារធាតុ​ពុល​បង្ក​ឲ្យ​វា​ត្រូវពុល​ស្លាប់​ ដោយ​មិនដឹង​ខ្លួន​។  កត្តាទី២ ការកាប់​បំផ្លាញ​យកដើម​ឈើធំៗ​ ទៅ​ធ្វើ​ផ្ទះ ឬធ្វើ​អាជីវកម្ម​ផ្សេងៗ​ ដែល​ដើមឈើ​នេះ​ហើយ​ ជា​ជម្រក​យ៉ាង​ចាំបាច់​សម្រាប់​ពួកវា​ ម្ល៉ោះ​ហើយ​ សត្វត្មាត​ទាំងអស់​នោះ​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ទី​លំ​នៅ​រស់​នៅ​ឆ្ងាយៗ​ពីតំបន់​ដែល​វា​ធ្លាប់​រស់​នៅ។ ដោយឡែក​ កត្តាទី៣ ហេតុផល​ដែល​កំពុងតែ​ប្រឈមមុខ​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​បណ្តាល​មកពីការ​ខ្វះចំណីអាហារ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​វា​ អសមត្ថភាព​បន្តពូជ​។  យ៉ាង​ណា​មិញ​ ទាក់ទង​នឹង​ការ​កង្វះ​ចំណី​អាហារ​ត្មាត​នេះ​ដែរ​ អង្គការ BirdLife បាន​បង្កើត​ជា​អាហារ​ដ្ឋាន​ត្មាត​មួយ ​សម្រាប់​ផ្តល់​ជា​កន្លែង​ឲ្យពួក​វា​អាច​ស៊ីចំណី​បាន​យ៉ាងឆ្អែត​។ យ៉ាង​ហោច​ណាស់​ សាកសព​គោ មួយក្បាល​ត្រូវ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ធ្វើ​ជា​ចំណី​របស់​ពួកត្មាត​អស់ទាំង​នោះ​ ជារៀងរាល់​ខែ​។ ចំពោះ ទី​តាំង​អាហារដ្ឋាន​ត្មាត​វិញ​ គឺមាន​នៅ​សៀមប៉ាង​ខាងលិច ឆែប មេគង្គកណ្តាល ភ្នំព្រិច សេសាន និងលំផាត់ ដែល​ភាគ​ច្រើន​តំបន់​អស់ទាំង​នោះ​ ជាប្រភេទ​តំបន់​ព្រៃ​របោះ អនុ​គ្រោះ​ដល់​សេរីភាព​រស់​នៅ​របស់​ពួកវា​។

          មួយវិញ​ទៀត​ ត្មាត​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ ត្រូវ​បាន​គេ​រកឃើញ​មាន​បី​ប្រភេទ​ រួមមាន ​ត្មាតភ្លើង ត្មាតផេះ និងត្មាតត្មោត។ ដោយឡែក ត្មាត​ទាំងបី​ប្រភេទ​នេះ​ គឺ​មាន​រូបរាង​ផ្សេងៗ​គ្នា ​និង​ទីជម្រក​មិន​ដូច​គ្នា​ឡើយ​។ ដូចជា ត្មាតភ្លើង វា​មាន​ទំហំ ពី ៨១ ទៅ ៨៥ សម មាន​ដង​ខ្លួនពណ៌ខ្មៅ ក្បាល ក ជើង មានពណ៌ក្រហម មាននៅរតនៈគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ សម្រាប់ត្មាត ផេះវិញ គឺមានទំហំតូចល្មម ពី ៧៥ ទៅ ៨៥ សម មានស្លាបខ្មៅ រោមពណ៌ស ខ្នងកោង សំយ៉ុងចុះក្រោម ក្បាលត្រងោល ពណ៌ប្រផេះ ដែលទីជម្រករបស់ពួកវា មាននៅ លំផាត់ មណ្ឌលគិរី ភ្នំព្រិច និងស្រែពក។ ចុងក្រោយ គឺប្រភេទ ត្មាតត្មោត មានទំហំ ពី ៨៥ ទៅ ៩៥ សម មាន​រោមពណ៌​ត្មោត​តែម្តង ផ្នែក​ខាង​លើ​នៃ​ស្លាប មាន​ពណ៌​ដិត មាន​ឆ្នូតស្រាលៗ​ រស់​នៅតំបន់​សៀមប៉ាង ព្រះវិហារ និងឆែប ជាដើម។ ទោះ​ជា​យ៉ាង​ណាក្តី សម្រាប់​ការសន្និដ្ឋាន​ជារួម​ ត្មាត​ជា​មធម្យម​ មាន​ទំហំ​ ២ម៉ែត្រ កំពស់​ជិត​មួយ​ម៉ែត្រ និង​ជា​ទម្លាប់​របស់​ពួកវា​ គឺ​ពង​តែម្តង​គត់​ នៅ​ក្នុង​រយៈពេល​មួយឆ្នាំ​។ បន្ថែម​ពី​នេះ​ទៀត​ តាម​ស្ថិតិ​នៃការ​ធ្វើជំរឿន​សត្វត្មាត​ ត្រូវ​បាន​ធ្វើឡើង​ ចំនួន ៥ដង ក្នុងមួយឆ្នាំ ដោយ​នៅ​ក្នុង​ខែ​មិថុនា ចំនួន ២ ដង ខែ កញ្ញា និងខែ ធ្នូម្តង​ទៀត។ វាពិត​ជា​ផ្តល់នូវ​ការ​ស្រាវជ្រាវ​មួយ​យ៉ាង​ល្អ និង​អាច​ឲ្យ​យើង​កំណត់​បាន​តួរលេខ​ដ៏​ជាក់​លាក់​មួយ ក្នុង​ការ​គ្រប់គ្រង​ចំនួន​សត្វត្មាត​នៅ​កម្ពុជា​ផ្ទាល់ និង​មិនតែ​ប៉ុណ្ណោះ យើង​អាច​នឹង​ដឹង​ថា ពួកវា​ផ្លាស់​ទីលំ​នៅ​ទៅ​រស់​នៅ​តំបន់​ណា បាន​យ៉ាង​ងាយ​ស្រួលទៀតផង​។

Image courtesy: BirdLife International Cambodia Programme

          ដូចនេះ សរុបមក​ជារួមវិញ​យើង​ឃើញ​ថា ត្មាត ជា​សត្វ​ព្រៃ​ដ៏​កម្រមួយ​ ដែល​យើង​ម្នាក់ៗ​គួរតែ​ចូលរួម​ការពារ​ពួកវា ស្រឡាញ់ និងថែរក្សា ដូចជា​សត្វ​ដទៃ​ទៀត​ដែរ ព្រោះវា​ក៏ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​សំអាត​នូវបរិស្ថាន​ កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​មជ្ឈដ្ឋាន​ជុំវិញ​ និង​មិន​បង្ក​ជា​ផលរំខាន​អ្វីឡើយ​ដល់​មនុស្ស​លោកឡើយ​។ ម្យ៉ាងវិញ សម្រាប់​ការ​ប្រកាន់​យកនូវ​ផ្នត់គំនិត​ ត្មាត​ជា​សត្វ​ចង្រៃនោះ​ យើង​ក៏គួរ​តែ​បោះបង់​គំនិត​មួយ​នេះ​ចោល​ ដោយ​ឈរ​លើទឹក​ចិត្ត​គុណធម៌​ ផ្តល់​ជាក្តី​ស្រឡាញ់​ដល់​ជីវិតសត្វ​ ដោយ​មិន​ប្រកាន់​ ពី​រូបរាង​ ឬទស្សនៈ​និយម​អ្វីទាំងអស់​។ គួរ​រំលឹក​ផងដែរ​ថា ទិវា​យល់​ដឹង​ពី​សត្វត្មាត​អន្តរជាតិ​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង ​ឧទ្ទេស​នាមសត្វត្មាត​ជិត​ផុតពូជ​បំផុត​ទាំង​បី​ប្រភេទ​ ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ និង​បញ្ជ្រាប​ចំណេះដឹង​អំពី​តួនាទី​របស់​វា​នៅ​ក្នុង​ប្រព័ន្ឋ​អេកូឡូស៊ី​ អប់រំ​ផ្សព្វផ្សាយ​ពី​ការងារ​អភិរក្ស​សត្វត្មាត​ និង​គុណ​តម្លៃ​របស់​សត្វត្មាត​។ ក្នុង​នោះ​ផង​ដែរ​ក្រុម​អភិរក្ស​សត្វត្មាត​កម្ពុជា ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈ​ជន​ពី​កត្តា​គំរាម​កំហែង​ ជាពិសេស​ផលវិបាក​នៃ​ការ​បំពុល​និង​បរិភោគ​សត្វ​ព្រៃផងដែរ​៕

​ Article by HENG CHANMAKARA



SUGGESTIONS