លឿម ឡន វិចិត្រករទទួលបានពានរង្វាន់ប្រាក់ថ្នាក់ជាតិពីមហោស្រពសិល្បៈជាតិគំនូរវិចិត្រកម្មពណ៌ទឹក
NEWS one year agoនេះជាលើកទីមួយហើយនៅប្រទេសកម្ពុជាដែលកម្មវិធីមហោស្រពសិល្បៈជាតិគំនូរវិចិត្រកម្មពណ៌ទឹកត្រូវបានប្រារព្ធឡើង និងរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាមរយៈនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ក្នុងគោលបំណងដើម្បីលើកកម្ពស់ផ្សព្វផ្សាយទម្រង់សិល្បៈប្រភេទនេះឲ្យកាន់តែទូលំទូលាយ ក៏ដូចជាដើម្បីបំផុសបំផុលលើកទឹកចិត្តវិចិត្រករគំនូរពណ៌ទឹកក្នុងស្រុកឱ្យចូលរួមចំណែកបញ្ចេញស្នាដៃ និងអភិវឌ្ឍគំនូរប្រភេទនេះឱ្យកាន់តែរីកចម្រើន។ កម្មវិធីមហោស្រពនេះត្រូវបានបញ្ចប់ជាស្ថាពរ ហើយរកឃើញនូវម្ចាស់ពានជ័យលាភីទាំង៣រូប ដែលមានស្នាដៃពោរពេញដោយ ទេពកោសល្យ និងគំនិតច្នៃប្រតិដ្ឋគួរឱ្យស្ញើចសរសើរ។ ក្នុងចំណោមបេក្ខជនជ័យលាភីទាំងនោះ លោក លឿម ឡន បានជាប់ជាម្ចាស់ពានរង្វាន់ប្រាក់ ដែលចូលរួមប្រគល់ដោយ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យ៉ាងមហោឡារិកនៅទីតាំងសាលសន្និសីទចតុម្មុខ។
ចំពោះស្នាដៃរបស់លោកដែលបានដាក់ចូលរួមប្រកួត ក្រោមប្រធានបទដែលគណៈកម្មការកំណត់ «ជីវិត និងធម្មជាតិ» វិចិត្រកររូបនេះ បានគូរគំនូរដែលបង្ហាញពីទិដ្ឋភាពនៅខេត្តកោះកុង ទាក់ទងនឹងទូកនេសាទនៅលើទឹកក្បែរកំពង់ផែ បានទាក់ចិត្តគណៈកម្មការ រហូតជាលទ្ធផលធ្វើឱ្យលោកទទួលបានពានរង្វាន់ប្រាក់មួយគ្រឿងយ៉ាងត្រចះត្រចង់។ បើនិយាយពីអត្ថរូបវិញ វាបានបង្ហាញភាពរស់រវើកនៃការប្រើពណ៌ធ្វើឱ្យអ្នកទស្សនាហាក់បានឃើញទិដ្ឋភាពពិតៗនៃកំពង់ផែ ដែលមានទូកនេសាទតូចធំ និងមានស្ពានដែលសម្គាល់បានថាជាខេត្តកោះកុង។ គំនូរជ័យលាភីសម្រាប់មហោស្រពថ្នាក់ជាតិរបស់លោកត្រូវការចំណាយពេល៣ថ្ងៃទើបគូររួចរាល់ជាស្ថាពរ។
ងាកទៅជ្រាបអំពីសា្នដៃកន្លងមកដែលធ្វើឱ្យមហាជនកាន់តែស្គាល់រូបលោកវិញ មិនត្រឹមតែដាក់តាំងបង្ហាញស្នាដៃគំនូរជាច្រើនផ្ទាំងនៅវិចិត្រសាលផ្ទាល់ខ្លួនរបស់លោកដែលមានឈ្មោះថា «ទេពកោសល្យ» ឬ «TEP KAO SAL» នោះទេ គំនូររបស់លោក លឿម ឡន ក៏ត្រូវបានដាក់តាំងពិព័រណ៍នៅបណ្តាលប្រទេសអឺរ៉ុបមួយចំនួន តួយ៉ាង ប្រទេសបារាំង អាមេរិក(ទីក្រុងញូវយ៉ក) និងថែមទាំងមានភ្ញៀវទេសចរបរទេសបានជាវគំនូររបស់លោកយកទៅដាក់តាំងនៅក្នុងសារមន្ទីរជាតិនៅប្រទេសសាំងហ្គាពួរទៀតផង។ ទាំងអស់នេះគឺផ្តើមចេញពីឆន្ទៈ សេចក្តីស្រលាញ់ចេញពីបេះដូង និងភាពប៉ិនប្រសប់ក្នុងការរំលេចឲ្យបាននូវគំនូរទឹកដ៏មានភាពរស់រវើក។ លោកបានបញ្ជាក់ទៀតថា ការគូររូបដោយប្រើពណ៌ទឹកគឺសំខាន់ ដែលយើងចាំបាច់ត្រូវប្រើបច្ចេកទេសក្នុងការគូរ ត្រូវចេះរើសប្លង់ឱ្យទាក់ទាញ និងជាពិសេសប្រើពណ៌ទៅលើរូបនោះ ថាតើចំណុចណាគួរប្រើពណ៌អ្វីទើបសម។
បច្ចុប្បន្ននេះ វិចិត្រករ លឿម ឡន កំពុងមមាញឹកទៅលើការងារក្នុងវិចិត្រសាលរបស់លោក ដោយធ្វើយ៉ាងណាឱ្យកាន់តែល្អជាងនេះ រីកចម្រើនជាងនេះ និងបង្កើនគុណភាព បន្តបង្កើតស្នាដៃគំនូរជាច្រើនទៀតសម្រាប់ការតាំងពិព័រណ៍ផ្ទាល់ខ្លួនរបស់លោកនៅឱកាសខាងមុខពេលណាមួយ។ លោកបានបន្ថែមទៀតថា ក្រៅពីនេះលោកចង់ផ្តោតលើភ្ញៀវទេសចរណ៍ដែលមកកម្សាន្តទៅខេត្តបាត់ដំបង និងចូលទស្សនានៅវិចិត្រសាលរបស់លោក ក៏ដូចជាចង់បង្ហាញឱ្យភ្ញៀវជាតិ និងអន្តរជាតិបានជ្រាបថា ស្នាដៃគំនូរពណ៌ទឹកដែលគូរឱ្យដៃកូនខ្មែរយើងក៏ល្អមិនចាញ់បរទេសដែរ។
ជាចុងក្រោយតាមរយៈសូវរីន លោក លឿម ឡន ក៏មានចំណាប់អារម្មណ៍ដែរថា “ចំពោះវិស័យគំនូរនៅប្រទេសកម្ពុជាយើង បើធៀបទៅឆ្នាំ២០០៥ ដែលខ្ញុំធ្លាប់បានចូលរួមបង្ហាញស្នាដៃគំនូរក្នុងពិព័រណ៍ជាលើកដំបូង សម្រាប់ខ្ញុំផ្ទាល់យល់ថា បច្ចុប្បន្នគឺមានភាពរីកចម្រើនជាងពីមុន។ ធនធានក៏មានច្រើន វិចិត្រសាលក៏មានច្រើនជាងពីមុន ហើយការតាំងពិព័រណ៍ក៏ត្រូវបានធ្វើឡើងជាហូរហែរ។ ខ្ញុំក៏សង្កេតឃើញថា យុវជនជំនាន់ក្រោយក៏ងាកមកសិក្សារៀនសូត្រ និងចាប់អាជីពខាងផ្នែកគំនូរក៏ច្រើនដែរ។” មិនតែប៉ុណ្ណោះលោកក៏បានបន្ថែមថា សូមឱ្យប្អូនៗ ក្មួយៗជំនាន់ក្រោយប្រសិនបើស្រលាញ់ផ្នែកគំនូរ សូមបន្តធ្វើវាកុំបោះបង់ និងសិក្សារៀនសូត្រលើផ្នែកគំនូរណាមួយដែលខ្លួនស្រលាញ់ឱ្យបានច្បាស់ កុំរៀននេះបន្តិច នោះបន្តិច ត្រូវរៀនឱ្យមានជំនាញពិតប្រាកដទើបប្រសើរ៕
Article by SOUNG SOKSAN