×

«​Farm​ K​a​f​e​»​ ​ហាង​កាហ្វេ​បែប​កសិដ្ឋាន​ដំបូង​គេ​ក្នុង​ក្រុងភ្នំពេញ​

TRAVEL & LIVING 11 months ago
 
 

          បើ​និយាយ​ពី​អាជីវកម្ម​ហាង​កាហ្វេ​បច្ចុប្បន្ន​ ​ឃើញ​ថា​មាន​ការប្រកួតប្រជែង​មិនថា​លើ​រសជាតិ​កាហ្វេ​ ​សោភណភាព​ ​បរិយាកាស​ ​ជាពិសេស​ការ​តុបតែង​ដេ​គ័​រ​ផ្សេងៗ​ ​ដើម្បី​ផ្តល់​ជា​ចំណុច​ទាក់ទាញ​ដល់​អតិថិជន​។​ ​ខណៈ​ហាង​កាហ្វេ​ទាំងនោះ​ ​រមែង​មានការ​ច្នៃ​ប្រតិដ្ឋ​ទៅតាម​គោលគំនិត​រៀងៗខ្លួន​ដែល​មាន​ភាព​ថ្មី​ ​ប្លែក​ជានិច្ច​។​ ​ជាក់ស្តែង​ ​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ក្នុង​សាលា​កសិកម្ម​ព្រែក​លាប​មានឈ្មោះ​ថា​ ​«​Farm​ K​a​f​e​»​ ​មានការ​ដេ​គ័​រ​ថ្មី​ប្លែក​ខុស​ពី​ហាង​កាហ្វេ​ដទៃ​ ​ដែល​អាច​និយាយ​បាន​ថា​ ​ជា​ហាង​កាហ្វេ​ដំបូង​គេ​ក្នុង​ក្រុងភ្នំពេញ​តែម្តង​ដែល​មាន​ការរៀបចំ​បែប​កសិដ្ឋាន​ដី​ចម្ការ​។​

          ​ពី​សំណង់​អគារ​ចំណាស់​មួយ​ដែល​មាន​អាយុកាល​ជិត​១​០​០​ឆ្នាំ​ ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទីកន្លែង​សម្រាប់​ទុក​ស​ម្ភារៈ​ប្រើប្រាស់​ ​មក​ក្លាយ​ជា​ហាង​កាហ្វេ​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​បរិយាកាស​បែប​កសិដ្ឋាន​ ​មាន​ទីធ្លា​ធំ​ទូលាយ​ ​ខ្យល់អាកាស​បរិសុទ្ធ​ ​អំណោយផល​ម្លប់ត្រជាក់​ល្ហឹម​ពីដើម​ឈើ​ធំ​ៗ​ដែល​អាច​អនុញ្ញាត​ឱ្យ​យើង​អង្គុយលេង​យ៉ាង​ត្រជាក់ចិត្ត​។​ ​គ្រាន់តែ​ក្រឡេកមើល​ពី​ខាងក្រៅ​ទៅកាន់​ហាង​កាហ្វេ​នេះ​ភ្លាម​ ​យើង​នឹង​ចាប់អារម្មណ៍​ភ្លែត​ថា​ ​ហាង​កាហ្វេ​នេះ​គឺ​ប្រៀប​ដូច​នឹង​កសិដ្ឋាន​ដី​ចម្ការ​តែម្តង​។​ ​គ្រប់​បរិវេណ​ជុំវិញ​ហាង​ពោរពេញ​ទៅ​ដោយ​សួន​មាន​ដំណាំស្រូវ​ ​បន្លែ​ ​និង​សួន​ផ្កា​ ​កំពុង​លាស់​ត្រួយ​បៃតង​ខ្ចី​ហាក់​កំពុង​ស្វាគមន៍​វត្តមាន​ភ្ញៀវ​ដែល​បាន​មកកាន់​ទីនេះ​។​ ​អ្វី​ដែល​សំខាន់​លើស​ពី​នេះ​ ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ចូលចិត្ត​សត្វ​ចិញ្ចឹម​អ​ញ្ចើ​ញ​មកកាន់​ទីនេះ​ពិតជា​មិន​ខក​បំណង​តែម្តង​។​ ​ក្រៅពី​សោភណភាព​ដ៏​ស្រស់​ស្អាត​ ​នៅ​ទីនេះ​ ​ក៏មាន​សត្វ​ចិញ្ចឹម​ដូចជា​សត្វ​សុនក​ ​និង​មួយ​ចំនួន​ទៀត​ ​ស្លូត​ៗ​គួរ​ឱ្យ​ស្រលាញ់​ ​អាច​ឱ្យ​យើង​ថតរូប​ ​និង​ប្រលែង​លេង​បាន​។​

          ​ងាក​មក​ជ្រាប​អំពី​ភេសជ្ជៈ​វិញ​ ​«​Farm​ K​a​f​e​»​ ​មាន​បម្រើ​ភេសជ្ជៈ​ជាច្រើន​ជម្រើស​ ​ជាពិសេស​គ្រាប់​កាហ្វេ​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​ដែល​បាន​ដាំ​ដុះ​ក្នុង​ខេត្ត​មណ្ឌលគិរី​ ​រីឯ​ការប្រើប្រាស់​ទឹកដោះគោ​ស្រស់​វិញ​ក៏​ជា​ជា​ផលិតផល​ក្នុងស្រុក​ ​ជា​ទឹកដោះគោ​ស្រស់​ដែល​ផលិត​ឡើង​ដោយ​កសិដ្ឋាន​ O’More​ (​អូ​ម៉) ​មាន​ទីតាំង​ស្ថិត​ក្នុង​សាលា​កសិកម្ម​ព្រែក​លាប​តែម្តង​។​ ​ចំពោះមុខ​ម្ហូប​មាន​ដូចជា​ ​ប្រភេទ​អាហារសម្រន់​ ​បាយ​ស្រូប​សាច់ជ្រូក​ ​បាយ​ភ្លៅ​មាន់​ ​និង​ប្រភេទ​មុខម្ហូប​មួយ​ចំនួន​ដែល​យក​បន្លែស្រស់​ៗ​ ​ធម្មជាតិ​មិន​មាន​ប្រើ​ជីគីមី​ដែល​បាន​ដាំ​នៅ​បរិវេណ​ជុំវិញ​នៃ​ហាង​ផ្ទាល់​តែម្តង​។​ ​ទាំងនេះ​ហើយ​ ​ក៏​ជា​កត្តា​រួមផ្សំ​ដែល​យើង​អាច​ជួយ​លើក​តម្កើង​ការប្រើប្រាស់​ ​និង​ផ្សព្វផ្សាយ​ផលិតផល​ក្នុងស្រុក​បាន​មួយ​ចំណែក​ផង​ដែរ​។​

          ​ដូច្នេះ​ ​ប្រសិនបើ​ចង់​រក​កន្លែង​លម្ហែ​ថ្ងៃ​ចុង​ស​ប្តាហ៍​ឬ​មានដំណើរ​ក​ម្សាន្ត​ជិត​ៗ​ជាយក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ​កុំ​ភ្លេច​ឆៀងចូល​លេង​នៅ​ហាង​ ​«Farm​ Kafe»​ ​ផង​ណា​៕​

Article by SOUNG SOKSAN


SUGGESTIONS