ANNAKUTAKA ម៉ាកថ្មីមួយទៀតនៅក្នុងឧស្សាហកម្មហ្វេហ្សិន ពីអ្នកច្នៃម៉ូដ សេង ស៊ុបពែ
FASHION & BEAUTY 7 months agoលោក សេង ស៊ុបពែ ឬ Super Seng ជាអ្នករចនាផ្នែកខាងក្នុង (Interior Design) ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបានប្រលូកការងារក្នុងវិស័យតុបតែងលម្អស្ថាបត្យកម្មប្រមាណ ៦ ឆ្នាំមកហើយ។ តាំងពីឆ្នាំ ២០១៤ មក លោកក៏បានក្លាយជាសហស្ថាបនិកនៃក្រុមច្នៃម៉ូដ ឡា ឈូក ( La Chhouk Recycled and Creative Fashion) ដែលមានតួនាទីជានាយកច្នៃប្រតិដ្ឋ និងជាអ្នករចនាម៉ូដផងដែរ។ បន្ទាប់ពីជោគជ័យលើគម្រោងជាច្រើន អ្នកច្នៃម៉ូដ សេង ស៊ុបពែ បានពង្រីកចំណង់ចំណូលចិត្តបន្ថែមទៅក្នុងឧស្សាហកម្មហ្វេហ្សិន ដោយបានបង្កើតម៉ាកសម្លៀកបំពាក់ថ្មីមួយឈ្មោះថា ANNAKUTAKA។
ជាការពិតណាស់ ម៉ាកសម្លៀកបំពាក់ ANNAKUTAKA បានបង្ហាញខូឡិកហ្សិនដំបូងកាលពីពាក់កណ្តាលឆ្នាំ ២០២៣ តាមរយៈកម្មវិធីបង្ហាញម៉ូដ PROSOB Fashion N' Art Festival។ ក្នុងជំនួបជាមួយក្រុមការងារ សូវរីន លោក សេង ស៊ុបពែ បានអានបញ្ចេញសំឡេងម៉ាក ANNAKUTAKA ឱ្យប្រាកដច្បាស់យ៉ាងដូច្នេះថា «អាណាគូតាកា» ។ លោកថា ANNAKUTAKA មានសំឡេងបែបភាសាជប៉ុន។ ម៉ាកនេះតំណាងឱ្យគំនិតនៃអនាគតនិយម។
«យើងបានជ្រើសរើស ANNAKUTAKA ជាឈ្មោះម៉ាករបស់យើងក្នុងគោលបំណងបង្ហាញពីភាពរំភើបអំពីអនាគតរបស់អតិថិជននៅក្នុងការស្លៀកពាក់។ យើងខិតខំបញ្ចូលធាតុច្នៃប្រតិដ្ឋទៅក្នុងរាល់ការរចនាដែលបានបង្កើត ដើម្បីសម្រេចបាននូវសោភណភាពនៃ Futurism។» លោក សេង ស៊ុបពែ បន្ថែម។
ស្ថាបនិក វ័យ ២៨ ឆ្នាំ រូបនេះ បានលម្អិតថា៖ «ANNAKUTAKA ត្រូវបានបង្កើតឡើងដើម្បីជាការគោរពដល់ឪពុកម្តាយរបស់ខ្ញុំ ដែលឪពុកគាត់បានចេញទៅធ្វើការ និងរស់នៅប្រទេសជប៉ុន ហើយបានធំធាត់ជាមួយម្តាយរបស់ខ្ញុំ ព្រមនឹងបងប្អូនបង្កើតផ្សេងទៀតក្នុងរយៈពេល ១៨ ឆ្នាំ។»
ខណៈសម្លៀកបំពាក់ ANNAKUTAKA ទើបតែបញ្ចេញបានមួយខូឡិកហ្សិនដំបូង បច្ចុប្បន្នស្ថាបនិកជំនាញច្នៃម៉ូដ សេង ស៊ុបពែ បានកំពុងស្វែងរកអ្វីដែលអតិថិជនចូលចិត្ត និងអ្វីដែលសមនឹងរចនាបថម៉ាករបស់ខ្លួន។ «គោលដៅរបស់យើងគឺបញ្ចេញខូឡិកហ្សិនចំនួនពីរដងក្នុងមួយឆ្នាំ ដែលខូឡិកហ្សិននីមួយៗអាចមានពី ១០ ទៅ ១៥ ឈុត។» លោក សេង ស៊ុបពែ បញ្ជាក់។
ជជីកសួរអ្វីទៅជារសជាតិរបស់ម៉ាកនេះ? លោកឆ្លើយថា ស្ទាយ៌របស់ ANNAKUTAKA គឺបានរួមបញ្ចូលគ្នានូវ Postmodernism និង Futurism ដែលមានលក្ខណៈ playful, complexity និង whimsy ដោយប្រើពណ៌ pastel ជាគោល។
ងាកមកការផលិតវិញ លោកមានក្រុមការងារដើម្បីធ្វើការច្នៃម៉ូដនីមួយៗ ហើយដើម្បីធានាបាននូវគុណភាពខ្ពស់ រាល់ដំណើរការផលិត លោក និងក្រុមការងារយកចិត្តទុកដាក់បំផុតទៅលើគ្រប់ចំណុច រាប់តាំងពីការប្រមូលគំនិត ការតម្រង់ទិសដៅរចនាម៉ូដ ការគូរម៉ូដ រហូតដល់ការចាប់ផ្តើមផលិតដល់ដំណាក់កាលចុងក្រោយ។ លោកចង្អុលបង្ហាញថា៖ «ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណាក់កាលផលិត យើងត្រូវយកចិត្តទុកដាក់បន្ថែមទៅលើដំណាក់កាលបញ្ចប់។ នេះក៏ដោយសារតែរូបរាង និងគុណភាពនៃផលិតផលទាំងមូលអាចមានភាពអវិជ្ជមាន ប្រសិនបើយើងប្រើប្រាស់បច្ចេកទេសដែលមិនសមស្របទៅលើដំណាក់កាលចុងក្រោយនោះ។»
ផ្អែកលើបទពិសោធមួយទសវត្សរ៍ក្នុងវិស័យហ្វេហ្សិន ការបង្កើតម៉ាកសម្លៀកបំពាក់នេះ លោក សេង ស៊ុបពែ រំពឹងថានឹងទទួលបានការគាំទ្រ និងមានការទទួលស្គាល់នូវម៉ាកយីហោយ៉ាងឆាប់រហ័សក្នុងចំណោមអ្នកប្រើប្រាស់ក្នុងស្រុក រួមទាំងអតិថិជនគោលដៅ ដើម្បីបង្កើនការលក់ និងពង្រីក ក៏ដូចជាអភិវឌ្ឍន៍ផលិតផលឱ្យកាន់តែប្រសើរ។
មានចក្ខុវិស័យ លោក សេង ស៊ុបពែ និយាយដូច្នេះ៖ «ជាជំហានដំបូងឆ្ពោះទៅខាងមុខ យើងមានបំណងចង់ឃើញផលិតផលរបស់យើងមានអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ី និងត្រូវបានទទួលស្គាល់ដោយសមាគមម៉ូដអន្តរជាតិ ដូច្នេះយើងអាចពង្រីកម៉ាកយីហោរបស់យើងទៅកាន់អន្តរជាតិនាពេលអនាគត។»
លោក សេង ស៊ុបពែ
គួរឱ្យដឹងដែរថា តាមរយៈការងារក្នុងវិស័យហ្វេហ្សិនជាមួយក្រុមច្នៃម៉ូដ ឡា ឈូក លោក សេង ស៊ុបពែ បានបញ្ចប់គម្រោងជោគជ័យ និងអស្ចារ្យជាច្រើនដូចជា៖ Keep Bangkok Clean, Saving Wild, De Scenery and Wild in Style សម្រាប់ទស្សនាវដ្តី សូវរីន , Bunka Fashion College Exhibition, YEATRAA, YEATRAA.02, YEATRAA.03 និង PROSOB Fashion n' Arts Festival ។ ហើយចំពោះម៉ាកសម្លៀកបំពាក់បង្កើតថ្មីនេះ យើងជឿជាក់ដែរថា លោកក៏នឹងបោះជំហានប្រកបដោយភាពជោគជ័យផងដែរ៕
Article by HEM SOKKHIM (ZM)