បារាំងពីររូបប្រមូលសំរាមប្លាស្ទិកច្នៃជារបស់ប្រើប្រាស់ទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋខ្មែរ
NEWS 6 months agoនៅប្រទេសកម្ពុជាសំរាមរាប់រយតោនត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ។ ដោយគ្រាន់តែនៅក្នុងទីក្រុងភ្នំពេញ សំណល់ប្លាស្ទិកមានបរិមាណចំនួន ២១៣ ៣៥៦ តោន ឬ ស្មើនឹង២១% នៃសំរាម សំណល់រឹងសរុបប្រចាំឆ្នាំរបស់ទីក្រុង (១ ០១៥ ៩៨០) តោនកាលពីឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យរបស់ក្រសួងបរិស្ថានដែលបានចេញផ្សាយកន្លងមក។ សំរាមប្លាស្ទិក ត្រូវបានគេមើលរំលងនិងបេាះចោលហើយបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើបរិស្ថាននិងភា វមានជីវិតនៅលើភពផែនដីយើងនេះ។ ដោយសម្លឹងឃើញបែបនេះទើបយុវតីបារាំង ២ រូប កើតចេញជាគំនិតមួយក្នុងការប្រមូលសំរាមផ្លាស្ទិកមកកែច្នៃចេញជាសម្ភារប្រើប្រាស់ដ៏មានតម្លៃក្រោមគម្រោងមួយឈ្មោះថា “Trash Is Nice”។
រោងជាងមួយកន្លែងនៅកេាះពេជ្យដែលគេមើលពីខាងក្រៅឃើញមានធុងសម្រាប់ដាក់សំរាមជាច្រើនរៀបត្រៀបត្រា គឺជាស្ថានីយកែច្នៃសំរាមប្លាស្ទិកទៅជាសម្ភារប្រើប្រាស់មានតម្លៃរបស់យុវតី បារាំងពីររូបគឺ អាឡិច និង អេឡូរ៉ា។ សម្ភារកែច្នៃទាំងនេាះរួមមាន ទ្រនាប់សម្រាប់ទ្រកែវកាហ្វេ ក្រាស់សិតសក់ បន្តោងសោ ថូផ្កា និង ជើងដាក់កាត -ល- ដែលមើលទៅហាក់មានសភាពរឹងមាំល្អ សឹងតែមានគុណភាពខ្ពស់ប្រើប្រាស់បានយូរជាងសម្ភារថ្មីដែលដាក់លក់នៅទីផ្សារទូទៅទៀតផង។ សម្ភារទាំងនេាះត្រូវបានកែច្នៃចេញពីដបសាប៊ូ ទុយោ ធុងទឹក និងសំរាមប្លាស្ទិកជាច្រើន ទៀតដែលពួកគេបានប្រមូលពីហាងកាហ្វេដៃគូសហការនិងទីសាធារណៈ ជាច្រើនកន្លែងទៀតផង។
ផលិតផលដែលពួកគេទាំងពីរផលិតបានទទួលបានការកោតសសើរយ៉ាងខ្លាំងពីសំណាក់អ្នកស្រលាញ់បរិស្ថាននិងមានការជាវឬគាំទ្រយកទៅប្រើប្រាស់ជាលក្ខណៈឯកជននិងត្រូវបានហោងកាហ្វេ បារ និងភោជនីយដ្ឋានមួយចំនួននៅភ្នំពេញនិងសៀមរាបបានទិញយកទៅប្រើប្រាស់ទៀតផង។ មិនត្រឹមតែប៉ុណ្ណេាះ អាឡិច បានប្រាប់សូវរីនថា ពួកគេក៏មានការទទួលកុម្ម៉ង់និងច្នៃផលិតផលផ្សេងៗជាច្រើនទៀតតាមតម្រូវការរបស់អតិថិជនផងដែរ។ ផលិតផលពួកគេទាំងអស់ត្រូវបានដាក់លក់តាមបណ្ដាលហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងលក់សម្ភារកែច្នៃមួយចំនួននៅភ្នំពេញដូចជា៖ Be Eco Shop, Refill by Dai Khmer at Khraft, Souvenir Station និង Zerow station ហើយក៏មានមួយចំនួននៅសៀមរាបដូចជា៖ Collector shop ខេត្តកំពតនៅហាងកាហ្វេ Bazaa។
“Trash Is Nice ឬ សំរាមគឺជារបស់ល្អ” គឺជាគម្រោងដ៏មានចីរភាពមួយបង្កើតឡើងយុវតីបារាំង Alix Langlois និងក្រុមការងារ នៅភូមិម្ភៃបី សង្កាត់ការ៉ុងសន្លឹមខេត្តព្រះសីហនុនៅឆ្នាំ ២០១៨។ នៅឆ្នាំ ២០១៩ ដោយសារតែមានវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ពួកគេក៏បាន បិទគម្រោងមួយនេះចោលហើយបានត្រលប់ទៅប្រទេសបារាំងវិញ។ នៅឆ្នាំ ២០២២ អាឡិចក៏បានជួបដៃគូម្នាក់ដែលមានចក្ខុវិស័យដូចគ្នាគឺ Elora Wagner ដែលកាលនេះនាងមានក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះ Craft Plastic ហើយពួកគេទាំងពីរក៏បានចាប់ដៃសហការគ្នាដើម្បីបង្កើតគម្រោង Trash Is Nice នេះឡើងដោយបង្កើតរោងជាងមួយដើម្បីផលិតផលច្នៃចេញពីសំរាមរបស់នៅក្នុងសួន Treelion Park កេាះពេជ្យនៃរាជធានីភ្នំពេញរហូតមកដល់សព្វថ្ងៃ។
ការកែច្នៃផលិតផលមួយៗត្រូវបានឆ្លងកាត់ជាច្រើនដំណាក់កាល ដោយជាជំហានដំបូងពួកគេត្រូវប្រមូលសំរាមតាមគោលដៅនីមួយៗ បន្ទាប់មកត្រូវយកមកកិនកម្ទេចឲ្យក្លាយជាភាគល្អិតតូចៗ រួចយកទៅរំលាយហើយត្រូវចាក់ចូលពុម្ភនិងត្រូវកាត់ដោយដៃថែមទៀតហើយផលិតផលខ្លះត្រូវចំណាយពេលរហូតដល់ ៤ ម៉ោងក៏មាន។ មិនមែនឲ្យតែគ្រប់សំរាមប្លាស្ទិកទាំងអស់សុទ្ធតែអាចយកមកកែច្នៃបាននេាះទេ Alix និង Elora បានប្រាប់ឲ្យដឹងថាពួកគេយកតែសំរាមប្លាស្ទិក ៤ ប្រភេទមកធ្វើប៉ុណ្ណេាះដោយក្នុងនេាះរួមមានប្រភេទ៖ HDPE, LDPE, PP, PS ដែលភាគច្រើនត្រូវបានគេប្រើប្រាស់លើកែវប្លាស្ទីក ទុយោជ័រ ប្រអប់ជ័រ កំប៉ុងទឹកដេាះគោ កំប៉ុងសាប៊ូ និងម៉ាស់បិទមុខជាដើម។
ការប្រើប្រាស់សម្ភារកែច្នៃឡើងវិញមិនបានបង្ហាញពីភាពមានឬក្ររបស់បុគ្គលម្នាក់ៗនេាះទេ ក៏ប៉ុន្តែវាគឺជាសកម្មភាព មួយដែលយើងម្នាក់ៗអាចជួយដល់ភពផែនដីយើងទាំងអស់គ្នា។ យើងទាំងអស់គ្នាជាផ្នែកនៃពិភពលោកតែមួយ ដូច្នេះយើងទាំងអស់គ្នាត្រូវតែគោរព។ ប្រសិនបើយើងមានសមត្ថភាពចេះឆ្ងល់ និងចេះកាត់បន្ថយការផលិតកាកសំណល់ យើងគួរតែធ្វើវា។ វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់បរិស្ថានប៉ុណ្ណោះទេ តែថែមទាំងជួយដល់យើង និងសុខភាពរបស់យើងទៀតផង។ វាក៏នឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ ហើយនេះគឺជាជម្រើសប្រកប ដោយនិរន្តរភាព និងជានិន្នាការ ដែលគួរតែធ្វើឡើងឲ្យបានច្រើននៅក្នុងស្រុក។ នេះគឺជាសាររបស់ អាឡិច និង អេឡូរ៉ា៕
Article by SONGK