×

វណ្ណ​ ​សា​រ៉េ​ត​ ​អ្នក​ខេត្តព្រៃវែង​ម្ចាស់​ពានរង្វាន់​តែងកំណាព្យ​ ​«​សម្តេច​ព្រះសង្ឃ​រាជ​ជួនណាត​»​ ​២០១៩​

NEWS 4 years ago
 
 

​            ​ខេត្តព្រៃវែង​ជា​ទឹកដី​កំណើត​របស់​តួអង្គ​នេន​ទុំ​ក្នុង​វណ្ណកម្ម​អក្សរសិល្ប៍​រឿង​ទុំ​ទាវ​ដ៏​ល្បីល្បាញ​ដែល​និពន្ធដោយ​ព្រះ​បទុម​ត្ថេ​រ​ ​សោម​ ​ឬ​ ​ភិក្ខុ​សោម​ ​កាលពី​ជាង១០០ឆ្នាំមុន​ ​ដែល​សិក្ខាកាម​ជន​ទាំងឡាយ​សុទ្ធ​ ​តែ​បានដឹង​រួចមក​ហើយ​។​ ​ជាង១០០ឆ្នាំ​កន្លង​ផុត​ទៅ​ ​មកដល់​សតវត្សរ៍​ទី២១នេះ​ ​កូន​កសិករ​អ្នក​ខេត្តព្រៃវែង​ម្នាក់​បាន​បង្កើត​វណ្ណកម្ម​អក្សរសិល្ប៍​ថ្មី​មួយ​ជា​ប្រភេទ​កំណាព្យ​ក្រោម​ចំណងជើង​ថា​ ​«​គ្រូ​គ្រឹះ​អប់រំ​សង្គម​ឌីជីថល​»​ ​តែង​ជា​បទពាក្យប្រាំពីរ​ ​ចំនួន១០ល្បះ​ ​ដែល​ត្រូវ​បាន​ប្រកាស​ជា​កំណាព្យ​ជ័យលាភី​លេខ១​ ​ពានរង្វាន់​ ​«​សម្តេច​ព្រះសង្ឃ​រាជ​ ​ជួន​ ​ណាត​»​ ​ដោយ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ក្នុង​ឱកាស​ទិវា​គ្រូបង្រៀន​ ​០៥​ ​តុលា​ ​២០១៩​ ​ថ្មី​ៗ​កន្លងទៅ​។​ ​តោះ​!​ ​មក​សិក្សា​អំពី​ប្រវត្តិរូប​ ​និង​​ចំណាប់​អារម្មណ៍​របស់​បេក្ខជន​ជ័យលាភី​ឆ្នាំនេះ!​

​            ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ក្រុមការងារ​សូ​វរីន​ ​លោក​ ​វណ្ណ​ ​សា​រ៉េ​ត​ ​ដែល​មាន​នាម​ប៉ាកកា​ថា​ ​«​ចៅ​ស្មេរ​ប្រលោម​»​ ​បាន​រៀបរាប់​អំពី​ដំណើរ​ជីវិត​ពិត​របស់​លោក​ថា​ ​លោក​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្បែង​ ​ឃុំ​ត្រពាំងស្រែ​ ​ស្រុក​មេសាង​ ​ខេត្តព្រៃវែង​ ​កើត​ក្នុង​ត្រកូល​គ្រួសារ​កសិករ​ ​ហើយ​មាន​បងប្អូន​បង្កើត​ចំនួន០៣នាក់​ដែល​ក្នុងចំណោម​នោះ​ ​រូបលោក​ជា​កូនប្រុស​ច្បង​។​ ​ចំពោះ​ប្រវត្តិ​សិក្សា​លោក​ជា​អតីត​សិស្ស​ពូកែ​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ​លេខ១ប្រចាំ​ខេត្តព្រៃវែង​ ​ឆ្នាំ២០០២​ ​និង​ជា​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ជំនាន់​នោះ​មួយ​រូប​ផង​ដែរ​។​ ​ក្រោយមក​ក្នុង​ឆ្នាំ២០០៥​ ​លោក​បាន​ចាប់ផ្តើម​អាជីព​ជា​សាស្រ្តា​ចារ្យ​បង្រៀន​មុខវិជ្ជា​អក្សរ​សាស្រ្ត​រហូតមកដល់​សព្វថ្ងៃ​។​ ​សព្វថ្ងៃ​ ​លោក​កំពុង​បម្រើការ​ជា​គ្រូបង្រៀន​កម្រិត​ឧត្តម​ ​នៅ​អនុវិទ្យាល័យ​ត្រពាំងជ្រែ​ ​ស្រុក​មេសាង​ ​ខេត្តព្រៃវែង​ ​និង​​កំពុង​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ឯកទេស​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​វិទ្យាស្ថាន​ខេមរា​សាស្រ្ត​ ​ទីរួមខេត្ត​ព្រៃវែង។​

​            ​ដោយឡែក​ ​ចំពោះ​ប្រវត្តិ​នៃ​ការ​តែង​និពន្ធ​របស់​លោក​វិញ​ ​លោក​បាន​មក​ទីក្រុង​ភ្នំពេញ​ទទួលការបណ្តុះបណ្តាល​ជំនាញ​តែង​និពន្ធ​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ជាមួយ​សាស្រ្តា​ចារ្យ​កំណាព្យ​ជើងចាស់​ដូចជា​ ​ឯកឧត្តម​ ​ជ័យ​ ​ចាប​ ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​និង​ ​លោក​សាស្រ្តា​ចារ្យ​ ​វ៉ែន​ ​សុន​ ​ជាដើម​ ​ក្នុង​ជំនាន់​ទី១៧​ ​ក្នុង​ឆ្នាំ២០០៧​ ​ប៉ុន្តែ​ដោយសារ​មមាញឹក​នឹង​ការងារ​ពេក​ ​លោក​បាន​បង្ខំចិត្ត​ផ្អាក​ការសិក្សា​នៅ​ទីនោះ​ទាំង​មិនទាន់​ទទួល​បាន​វិញ្ញាបនបត្រ​នៅឡើយ​។​ ​ក្រោយមក​ទៀត​ ​ដោយសារ​ចិត្ត​នៅតែ​ស្រឡាញ់​ ​វិស័យ​តែង​និពន្ធ​នេះ​ ​លោក​បានសម្រេច​ចិត្ត​ចូល​បន្ត​ការសិក្សា​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ម្តង​ទៀត​ក្នុង​ជំនាន់​ទី២៦​ ​រហូត​ទទួល​បាន​ជោគជ័យ​ជាស្ថាពរ។​ ​

​            នៅចន្លោះ​ឆ្នាំ២០០៣​ ​និង​ ​ឆ្នាំ២០០៩​ ​ដែល​លោក​ចាត់ទុកជា​ពេល​ដែល​លោក​ធ្វើការ​យ៉ាងសកម្ម​បំផុត​ជាមួយ​ការ​តែង​និពន្ធ​ ​លោក​បាន​ចំណាយពេល​វេលា​និពន្ធ​ទំនុកច្រៀង​ប្រមាណ​ជិត១០០បទ​ ​កំណាព្យ​បាន​ប្រហែល​មួយ​ក្បាល​ ​និង​​សាច់​រឿង​ខ្លី​ៗ​ជាច្រើន​ផង​ដែរ​។​ ​លុះ​មកដល់​ឆ្នាំ​ ​២០១០​ ​លោក​បាន​រៀប​អាពាហ៍​ ​ពិពាហ៍​ហើយ​ចំណាយពេល​ច្រើន​ទៅលើ​ជីវភាព​គ្រួសារ​ ​មិនសូវ​បាន​តែង​និពន្ធ​ច្រើន​ដូច​កាល​នៅ​លីវ​ទេ​។​ ​មកដល់​ឆ្នាំ២០១៧​ ​ទើប​លោក​ចាប់ផ្តើម​លើក​ស្លាបប៉ាកកា​បន្តការងារ​តែង​និពន្ធ​សាជាថ្មី​។​ ​ក្នុងចំណោម​កំណាព្យ​ខ្មែរ​ទាំងអស់​ ​លោកនិយម​ចូលចិត្ត​បង្កើត​ស្នាដៃ​ជា​ ​បទកាកគតិ​ ​បទព្រហ្មគីតិ​ ​បទ​ពាក្យ៧​ ​និង​បទ​ពាក្យ៩​ ​ជាងគេ។​ ​

​            ជុំវិញ​សិល្ប៍​វិធី​នៃ​ការ​តែង​និពន្ធ​កំណាព្យ​ខ្មែរ​ ​កន្លងមក​ ​មាន​ទស្សនៈ​ខ្លះ​លើកឡើង​ថា​ ​«​ពិបាក​រក​ចំណាប់​ជួន​ ​ពិបាក​រក​អត្ថន័យ​ក្នុង​ការ​សរសេរ​»​ ​ជាដើម​ ​ប៉ុន្តែ​សម្រាប់​លោក​ជា​ត្មែង​កំណាព្យ​ផ្ទាល់​ ​លោក​គិតថា​មិន​មាន​អ្វី​ពិបាក​នោះ​ទេ​ ​សំខាន់​កំណាព្យ​ត្រូវ​សរសេរ​ឡើង​តាម​អារម្មណ៍​រំភើប​និង​មនោសញ្ចេតនា​ផ្ទាល់​របស់​ត្មែង​ទៅលើ​វត្ថុ​ឬ​បញ្ហា​អ្វីមួយ​។​ ​ទន្ទឹម​នឹង​នេះ​ ​ត្មែង​កំណាព្យ​រមែងតែងតែ​អាន​សៀវភៅ​ឯកសារ​ច្រើន​ដែល​ជំរុញ​ឲ្យ​មានចំណេះ​ដឹង​ច្រើន​ក្នុង​ការ​តែង​និពន្ធ​ ​ពោល​គឺ​មិន​ពិបាក​ក្នុង​ការ​រក​ពាក្យជួន​ ​ឬ​ ​គំនិត​សរសេរ​នោះ​ទេ។​ ​

​            អ្វី​ដែល​ធ្វើឲ្យ​លោក​មាន​មោទនភាព​ក្នុង​វិស័យ​នេះ​គឺ​លោក​ជា​គ្រូបង្រៀន​ម្នាក់​ដែល​មានឱកាស​បញ្ចេញ​សមត្ថភាព​ ​និង​ ​ចែករំលែក​ចំណេះដឹង​តាមរយៈ​ស្នាដៃ​កំណាព្យ​របស់​លោក​។​ ​ជ័យលាភី​កំណាព្យ​ដែល​លោក​ទទួល​បាន​ក្នុង​ឆ្នាំនេះ​បាន​ជួយ​បង្កើន​គុណ​តម្លៃ​ជីវិត​របស់​លោក​រហូត​មាន​អ្នក​ស្គាល់​និង​គាំទ្រ​ ​ច្រើនជាង​មុន​។​ ​ជាពិសេស​ ​វា​បាន​ផ្តល់​មុខមាត់​កិត្តិយស​យ៉ាង​ត្រចះត្រចង់​ដល់​ខេត្តព្រៃវែង​របស់​លោក​ថែមទៀត​ផង​។​ ​វា​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​ ​ព្រោះ​ការប្រឡងប្រជែង​ត្រូវ​ឆ្លងកាត់​ថ្នាក់​ស្រុក​ថ្នាក់​ខេត្ត​ទម្រាំ​បាន​ឈាន​មក​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជធានី​ភ្នំពេញ​ ​«​ក្រសួង​អប់រំ​ឆ្នាំនេះ​បាន​ជូនដំណឹង​ដល់​បេក្ខជន​ក្នុងរយៈពេល​ខ្លី​មែនទែន​!​ ​ខ្ញុំ​និង​បេក្ខជន​ទាំងអស់​ត្រូវ​ផ្លាស់​ប្តូរ​កំណាព្យ​របស់​ខ្លួន​ពី​បទកាកគតិ​មក​ជា​បទ​ពាក្យ៧ក្រោម​ប្រធានបទ​ដដែល​ឲ្យបាន១០ល្បះ​ក្នុងរយៈពេល២ម៉ោង​ ​ប៉ុន្តែ​ខ្ញុំ​ខំ​ប្រមូល​អារម្មណ៍​ឲ្យបាន​ល្អ​បំផុត​ដោយ​ប្រើ​ពេល​ត្រឹមតែ១ម៉ោង​ក្នុង​ការ​សរសេរ។»​

​            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​លោក​សាស្រ្តា​ចារ្យ​ ​វណ្ណ​ ​សា​រ៉េ​ត​ ​បាន​ជាប់​ជ័យលាភី​អក្សរសិល្ប៍​ចំនួន​រហូត​បី​ដង​ជាប់​ៗ​គ្នា​ ​គឺ​ ​កាលពី​ទិវា​វប្បធម៌​ជាតិ​ ​ថ្ងៃទី០៣​ ​ខែមីនា​ ​លោក​ទទួល​បាន​ជ័យលាភី​ថ្នាក់​កិត្តិយស​​និពន្ធ​ទំនុកច្រៀង​ ​គឺ​​បទ​ ​«​ស្នេហ៍​ព្រៃវែង​»​ ​(​ចង្វា​ក់​បូ​ហ្សា​ណូវ៉ា​)​ ​និង​​បទ​ ​«​ស្រីម៉ៅ​កូន​ម៉ែ​»​ ​(​ចង្វា​ក់​កន្រ្ទឹម​)​។​ ​ដោយឡែក​ ​ក្នុង​ខែតុលា​នេះ​ ​លោក​ទទួល​បាន​ជ័យលាភី​កំណាព្យ​ចំនួន​ពីរ​ដំណាលគ្នា​ ​គឺ​ ​ជ័យលាភី​ចំណាត់ថ្នាក់១​ ​ក្នុង​ឱកាស​ទិវា​គ្រូបង្រៀន​ ​និង​ ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ២​ ​ក្នុង​ឱកាស​មហោស្រព​អក្សរសិល្ប៍​ខ្មែរលើ​ក​ទី៣​។​ ​ក្នុងនាម​ជា​បេក្ខជន​ជ័យលាភី​ ​លោក​បាន​សង្កត់ធ្ងន់​លើ​គុណ​តម្លៃ​នៃ​សិល្បៈ​កំណាព្យ​ថា​ ​វា​មានមុខ​ងារ​ទាំង​ផ្នែក​ពុទ្ធិ​ ​ទាំង​ផ្នែក​កម្សាន្ត​ ​មានន័យថា​ ​កំណាព្យ​ផ្តល់​ចំណេះដឹង​ទូទៅ​ច្រើន​ដល់​អ្នកអាន​ ​ហើយ​ថែមទាំង​រំលេច​នូវ​ភាសា​រូបារម្មណ៍​ ​ពាក្យចុងចួន​ពីរោះ​រណ្តំ​ណែងណង​ ​ធ្វើឲ្យ​អ្នក​សិក្សា​ឆាប់​ចងចាំ​ជាង​អត្ថបទ​ពាក្យរាយ​។​ ​លើស​ពីនេះ​ ​កំណាព្យ​បាន​បង្កប់​តម្លៃ​អប់រំ​ដល់​មហាជន​ ​តួយ៉ាង​ ​ច្បាប់​ល្បើក​ថ្មី​ ​របស់​កវី​ក្រ​មង៉ុយ​ ​ច្បាប់ប្រុស​ ​ច្បាប់ស្រី​ ​របស់​ ​កវី​ ​ម៉ឺន​ម៉ៃ​ ​ជាដើម។​ ​

​            សម្រាប់​គោលបំណង​ទៅ​ថ្ងៃ​អនាគត​ ​លោក​ចង់​បោះពុម្ព​ស្នាដៃ​កំណាព្យ​ដែល​លោក​ធ្លាប់​បាន​តែង​កន្លងមក​។​ ​ដូចនេះ​ ​លោក​ពិតជា​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ពី​ក្រសួង​ពាក់ព័ន្ធ​ ​និង​ ​សប្បុរសជន​ជិត​ឆ្ងាយ​ដែល​មាន​ទឹកចិត្ត​ចង់​លើកស្ទួយ​វិស័យ​កំណាព្យ​ខ្មែរ​ឲ្យ​រីកចម្រើន​។​ ​ជាចុងក្រោយ​លោក​សូម​លើកទឹកចិត្ត​ដល់ក​វី​ក្នុង​ស្រុក​ទាំងអស់​ឲ្យ​ចេះ​ប្រើ​បណ្តាញ​សង្គម​ក្នុង​ការចែក​រំលែក​ស្នាដៃ​ ​ព្រមទាំង​ស្នើ​ឲ្យ​ពួកគាត់​មេត្តា​ប្រើ​ឈ្មោះ​និង​រូបថត​ពិត​ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ទៅវិញទៅមក​។​ ​គប្បី​ចៀសវាង​ការ​បង្ហោះ​អ្វី​ដែល​ឥតប្រយោជន៍​ច្រើន​ ​នាំឲ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ក្នុង​អាជីព​តែង​និពន្ធ​។​ ​ចំពោះ​សិក្ខាកាម​ជន​ដែល​ចាប់អារម្មណ៍​ចំពោះ​ជំនាញ​នេះ​វិញ​ត្រូវតែ​មាន​ចំណង់​ចំណូលចិត្ត​និង​ទេពកោសល្យ​លើ​ផ្នែក​នេះ​ពិតប្រាកដ​ ​ព្យាយាម​អាន​ស្នាដៃ​កំណាព្យ​របស់​កវី​រៀមច្បង​ ​និង​ឯកសារ​ចំណេះដឹង​ទូទៅ​គ្រប់​ប្រភេទ​ឲ្យបាន​ច្រើន៕​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN

ជ័យលាភី​លេខ១​ ​«​តែង​និពន្ធ​»​

​លោក​ ​វណ្ណ​ ​សា​រ៉េ​ត​

​ជា​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​ត្រពាំង​ជ្រៃ​ ​ខេត្តព្រៃវែង​

​ចំណងជើង​ ​«​គ្រូ​គ្រឹះ​អប់រំ​សង្គម​ឌីជីថល​»​

​«​បទពាក្យប្រាំពីរ​»​

១​.​​          គ្រូ​គឺជា​គ្រឹះ​ការអប់រំ                               ធនធាន​សង្គម​ស្ដម្ភ​អស្ចារ្យ​

              ជា​ទុន​ចំណេះ​ជំនាញ​ថ្លា                        ដូច​សុរិយា​ថ្លា​រស្មី​។​

​២​.​         នា​យុគសម័យ​ល្បី​រញ្ជួយ​                        លូតលាស់​បោះពួយ​ពិ​ត​អ្វី​ៗ​

​​             បច្ចេកវិទ្យា​ទំនើប​ថ្មី                                ពិភព​លោកិយ​ស្វែង​សិក្សា​។​

​៣​.​         លូតលាស់​ចម្រើនកើន​រហ័ស                  ល្បឿន​វិទ្យាសាស្រ្ត​តម្រូវការ​

​             គុណភាព​គ្រូ​គ្រឹះ​ស្ដ​ង់​ដា​                         តម្រង់​វាសនា​ជាតិ​សុខសាន្ត​។​

​៤​.​         ដ្បិត​សតវត្ស​ម្ភៃ​មួយ​                               គ្រូ​ស្ទុះស្ទា​ស្ទួយ​ជួយ​ឲ្យបាន​

​              ទាំង​គុណវុឌ្ឍិ​មុត​ចំណាន​                        ចំណេះ​ថ្កើងថ្កាន​ជំនាញ​ពិត​។​

​៥​.​          ទាំង​ឯកទេស​មិន​ធ្វេសទ្វេ​                        ស្រាវជ្រាវ​រិះរេ​រក​គំនិត​

​​              គរុកោសល្យ​ច្នៃប្រឌិត​                ​             ពេញ​មួយ​ជីវិត​គិត​សិក្សា​។​

​៦​.           ប្រើ​វិធីសាស្ត្រ​ច្បាស់លាស់​ល្អ                  ​ចែកចាយ​បន្ត​ពូជ​បញ្ញា​

              គ្រឿង​ឧបទេស​កិច្ច​តែងការ​                    ព្រឹកល្ងាច​សាលា​មិន​នឿយណាយ​។​

​៧​.           ដីស​ជា​មិត្ត​ស្និទ្ធ​ក្តារខៀន​                        សព្វ​សិល្ប៍​របៀន​គ្រូ​ត្រួសត្រាយ​

​​               បើ​សិស្ស​ពូកែ​គ្រូ​សប្បាយ​                       សិស្ស​ខ្សោយ​ខ្វល់ខ្វាយ​ស្រាយ​យោងយឹត​។​

​៨​.           ឧបករណ៍​ចល័ត​ចាត់​ប្រើ​ស្ទាត់​                 នវានុ​វត្ត​ទំនើប​ពិត​

​​               ពិសេស​ពិសោធន៍​ចោទ​រិះគិត                 គំនរ​គំនិត​ពិត​មាំមួន​។​

​៩​.           ពាក្យពេចន៍​ពោរពេញ​មធុរស​                  ពុំ​មាន​ទ្រគោះ​ហួស​សមសួន​

​               មនសិការ​ក្លា​ហំហួន​                               វិន័យ​ច្បាប់ក្បួន​មិន​ឆ្មើងឆ្មៃ​។​

​១០​.​        បណ្ដុះ​បំណិន​មិន​ប្រហែស​                      អង់គ្លេស​គ្រូ​ចេះ​ក្រែលក្រាស់​ក្រៃ​

​​               យុគ​អ៊ិ​ន​ធើ​ណែ​ត​ភ្លែត​សម័យ​                  ចលករ​កែច្នៃ​ក្រៃ​រុងរឿង​៕​    ​


SUGGESTIONS