×

គំនូរ​ទឹក​របស់​វិចិត្រករ លឿម ឡន លេច​ធ្លោ​ខ្លាំង​លើ​ឆាក​អន្តរជាតិ

NEWS 1 month ago
 
 

​          សព្វ​ថ្ងៃ​នេះ ការ​គូរ​គំនូរ គឺ​មិន​សូវ​បាន​មនុស្ស​ម្នា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ក៏​ដោយ​សារ​តែ​អ្នក​ខ្លះ​គិត​ថា គំនូរ​ មិន​មែន​ជា​ការងារ​ងាយ​ស្រួល និង​រក​ប្រាក់​ចំណូល​បាន​ច្រើន​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ លោក លឿម ឡន ដែល​ជា​វិចិត្រករ​គំនូរ​ទឹក​ម្នាក់ បាន​ប្រឹងប្រែង​ដោយ​យក​ចិត្ត​ទុក​ខ្លាំង​លើ​ការ​គូរ​គំនូរ​ទឹក រហូត​អាច​បង្កើត​ជា​វិចិត្រ​សាល​មួយ​បន្ទាប់​ពី​លោក​បាន​សិក្សារៀន​ជំនាញ​គូរ​រូប​នេះ នៅ​សាលា​ហ្វា​ពន្លឺ​សិល្បៈ ​នា​ខេត្ត​បាត់ដំបង​រួច​មក។ ទេពកោសល្យ ដែល​ជា​ឈ្មោះ​វិចិត្រសាល​របស់​លោក ដែល​បាន​បង្កើត​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ បើ​គិត​មក​ដល់​ពេល​នេះ​ គឺ​រយៈ​ពេល​បី​ឆ្នាំ​ទៅ​ហើយ ដែល​មក​ដល់​ឆ្នាំ​នេះ​ផ្ទាំង​គំនូរ​ទឹក​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​សាយភាយ​ទៅ​ដល់​បណ្តា​ប្រទេស​អ៊ឺរ៉ុប​ជា​បណ្តើរ​ៗ​ទៀត​ផង។

​          ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ផ្ទាល់ និង​ដោយ​សារ​តែ​មាន​ចំណង់​ចំណូល​ចិត្ត​ទៅ​លើ​ការ​អភិរក្ស​អ្វី​ដែល​ជា​ការ​បន្សល់​ទុក​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​នោះ ​ឡន​ មិន​ត្រឹម​តែ​ជា​វិចិត្រករ​គំនូរ​ទឹក​ប៉ុណ្ណោះ​ទេ ​ក្នុង​នោះ​លោក​ក៏​ជា​អ្នក​ថត​រូប​ចំណាន​ម្នាក់ ហើយ​រាល់​កម្រង​រូបភាព​ដែល​ថត​បាន​ ត្រូវ​យក​មក​គូរ​ចេញ​ជា​គំនូរ​ទឹក​ឲ្យ​មាន​ ភាព​រស់​រវើក​យ៉ាង​ដូច្នោះ​ដែរ។ ទាក់ទង​ជា​មួយ​នឹង​ការ​គូរ​គំនូរ​ទឹក​នេះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ថា វា​មិន​មែន​ជា​ភាព​ងាយស្រួល​ប៉ុន្មាន​ទេ ដោយ​ហេតុ​ថា គំនូរ​ទឹក ខុស​គ្នា​ពី​គំនូរ​ដែល​គូរ​ដោយ​ខ្មៅ​ដៃ ព្រោះ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​គូរ​កុំ​ឲ្យ​ខុស បើ​សិន​ជា​ខុស នោះ​យើង​មិន​អាច​លុប​ឬ​កែ​សារ​ថ្មី​ដូច​គំនូរ​ធម្មតា​បាន​ទេ​។ យ៉ាង​ណា​មិញ​ រាល់​ប្រភេទ​គំនូរ​ទឹក​ទាំងអស់ លោក​បាន​បញ្ជាក់​ទៀត​ថា វា​មិនមែន​ផ្តោត​ទៅ​លើ​អត្ថន័យ​លើ​រូបភាព​នោះ​ពេក​ទេ វា​គ្រាន់​តែ​ជា​ផ្ទាំង​គំនូរ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនៀម​ទំលាប់​ សំណង់​អាគារ​ និង​ការ​រស់​នៅ។ ជាក់​ស្តែង លោក​បាន​គូរ​រូប​ពីអ្វី​ដែល​ខេត្ត​បាត់ដំបង​មាន និង​បន្សល់​ទុក​ដែល​ភាគ​ច្រើន ជា​សំណង់​អាគារ​ដែល​សល់​ពី​សម័យ​អាណានិគម​បារាំង ​និង​វប្បធម៌ ប្រពៃណី​របស់​ខ្មែរ តាំង​ពី​មុន​មក​ដល់​បច្ចុប្បន្ន​នេះ​។ លើស​ពី​នេះ​ទៀត​ គំនូរ​របស់​លោក​ត្រូវ​បាន​ដាក់​តាំង​ពិព័រណ៍​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ដូចជា បារាំង អាមេរិក(ញូវយ៉ក) និង ថែម​ទាំង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ជាវ​យក​ទៅ​ដាក់​តាំង​នៅ​ក្នុង​សារ​មន្ទីរជាតិ​នៅ​ប្រទេស សាំង​ហ្គា​ពួរ​ទៀត​ផង។ ទាំង​អស់​នេះ គឺ​ផ្តើម​ចេញ​ពី​ឆន្ទៈ​សេចក្តី​ស្រឡាញ់​ចេញ​ពី​បេះដូង និង​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​រំលេច​ឲ្យ​បាន​នូវ​គំនូរ​ទឹក​ដ៏​មាន​ភាព​រស់​រវើក។ លោក​បាន​បញ្ជាក់ទៀត​ថា ការ​គូរ​រូប​គឺ​សំខាន់ ដែល​យើង​ចាំ​បាច់​ត្រូវ​ប្រើ​បច្ចេកទេស​ក្នុង​ការ​គូរ ត្រូវ​ចេះ​រើស​ប្លង់​ឲ្យ​ទាក់ទាញ និង​ជា​ពិសេសការ​ប្រើ​ពណ៌​ទៅ​លើ​រូប​នោះ ថា​តើ​ចំណុច​ណា​គួរ​ប្រើ​ពណ៌​អ្វី។

Image Courtesy: Tep Kosal Gallery

            ស្រប​ពេល​នឹង​ការ​រៀបរាប់​បង្ហាញ​ពី​ជីវិត​ការងារ​ជាង​គំនូរ​របស់​ខ្លួន​រួច​មក លោក​ ឡន ហាក់​ដូច​ជា​សម្តែង​នូវ​អារម្មណ៍​រំភើប និង​ជឿជាក់ ដែល​ខ្លួន​បាន​ក្លាយ​ជា​ធនធាន​មួយ​រូប ហើយ​បាន​ចូលរួម​លើក​ស្ទួយ​វិស័យ​សិល្បៈ​ដែល​ជំរុញ​ឲ្យ​ទេសចរណ៍​នៅ​កម្ពុជា​មាន​ភាព​រីក​ចម្រើន ហើយ​ជា​ចុង​ក្រោយ លោក​ក៏​សំណូមពរ​ទៅ​ដល់​ក្រសួង​វប្បធម៌ វិចិត្រ​សិល្បៈ ​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ ស្នើរ​សុំ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ជា​សារៈ​មន្ទីរ​ជាតិ ដើម្បី​តម្កល់​រាល់​ស្នា​ដៃ​សហសម័យ​សម្រាប់​វិចិត្រករ​នា​ពេល​បច្ចុប្បន្ន ដើម្បី​ទុក​ជា​តឹកតាង​ថា​កូន​ខ្មែរ​អាច​ធ្វើ​បាន មិន​ចាញ់​បរទេស​នោះ​ទេ៕

Article by CHAN SEREYRATH



SUGGESTIONS