គ្រោះអគ្គិភ័យនៅកម្ពុជាប៉ុន្មានឆ្នាំនេះហាក់កំពុងកើនឡើងយ៉ាងសកម្មដោយគ្រាន់តែក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩នេះ ករណីអគ្គិភ័យនៅទូទាំងប្រទេស មានចំនួន១៤៨លើក បង្កឲ្យមានមនុស្សស្លាប់១០នាក់ របួស២៤នាក់ និងឆេះផ្ទះអស់១១៦ខ្នង នេះបើយោងតាមរបាយការណ៍នៃនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលជាតិ។ ករណីគ្រោះអគ្គិភ័យដែលភាគច្រើនកើតឡើងដោយការឆ្លងចរន្ដអគ្គិសនី និងការឆ្វេសប្រហែសរបស់ពលរដ្ឋជាដើម។ ដោយសម្លឹងមើលឃើញគ្រោះអគ្គិភ័យកើនច្រើនបែបនេះទើបយុវជនពីររូប បានសម្រេចចិត្តបង្កើតនូវឧបករណ៍ប្រកាសអាសន្នមួយ ដើម្បីផ្ដល់ដំណឹងដល់ម្ចាស់ផ្ទះ ឬម្ចាស់ទីតាំងផ្សេងៗអាចចូលអន្តរាគមន៍ទប់ស្កាត់បានមុន។ ឧបករណ៍ផ្តល់ដំណឹងមុនពេលមានអគ្គិភ័យនេះមានឈ្មោះថា «FireDot» ជាឧបករណ៍ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ។
«FireDot» ជាឧបករណ៍រាងតូចល្មមអាចភ្ជាប់លើពិដានឬជញ្ជាំង និងបំពាក់មកជាមួយសេនស័រដែលអាចចាប់កម្រិតជាតិផ្សែងបាន។ ដូច្នេះមានន័យថា នៅពេលដែលបរិវេណជុំវិញ «FireDot» នេះមានជាតិផ្សែងហុយខ្លាំងនោះឧបករណ៍នេះវានឹងដឹងភ្លាមៗតាមរយៈសេនស័ររបស់វា។ នៅពេលដែលមានជាតិផ្សែងឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ននោះ វានឹងបន្លឺសម្លេងខ្លាំងៗដើម្បីប្រកាសដំណឹងឲ្យម្ចាស់ទីតាំងបានដឹង។ បន្ទាប់ពីបានបញ្ចេញសម្លេងប៉ុន្មានវិនាទីរួចមក វានឹងផ្ញើរសារ SMS ចូលទៅកាន់លេខទូរសព្ទរបស់ម្ចាស់កន្លែងជាច្រើនដងតាមរយៈស៊ីមកាតមួយដែលគេបានភ្ជាប់នៅក្នុងឧបករណ៍នេះ។ ប្រសិនបើផ្ញើសារជាច្រើនដងហើយ តែនៅតែមិនមានការបញ្ជាឲ្យបិទទៀតក្នុងរយៈពេលប្រមាណជិត ១០ វិនាទីទៀតនោះ ឧបករណ៍នេះនឹងហៅទូរសព្ទខលប្រាប់ដល់ម្ចាស់ដោយស្វ័យប្រវត្តិតែម្ដង។ ឧបករណ៍នេះក៏ភ្ជាប់ជាមួយនឹង កម្មវិធីទូរសព្ទមួយដើម្បីអាចឲ្យយើងបញ្ចូលលុយទូរសព្ទទៅក្នុងស៊ីមកាតដែលផ្ទុកក្នុង «FireDot» តាមរយៈ App នេះផងដែរ។ ស្ថាបនិកទាំងពីរក៏បានបង្ហើបឲ្យដឹងដែរថា «FireDot» នៅជំនាន់ក្រោយក៏មានបំពាក់នូវ ប្រព័ន្ធ GPS ដែលអាចឲ្យយើងដឹងពីទីកន្លែងដែលប្រុងនឹងមានអគ្គិភ័យឆាបឆេះទៀតផង។ លើសពីនេះទៅទៀត ឧបករណ៍នេះក៏មានថ្មដែលអាចផ្ទុកថាមពលគ្រប់គ្រាន់ដើម្បីប្រើប្រាស់ ក្នុងករណីមួយប្រសិនបើមានការដាច់ចរន្តអគ្គីសនី ឬឆ្លងប្រព័ន្ធអគ្គីសនីនោះ។
កញ្ញា សៀង ឧប្បុល
លោក កៅ បញ្ញា
ឧបករណ៍ផ្តល់ដំណឹងមុនពេលមានអគ្គិភ័យនេះគឺជាឧបករណ៍មួយដែលបង្កើតឡើងដោយយុវនិស្សិត ជំនាញ អេឡិចត្រូនិច សៀង ឧប្បុល និង កៅ បញ្ញា ដែលទទួលបានការបណ្ដុះបណ្ដាលពីក្រុមហ៊ុន ArrowDot ក្រោមគម្រោង Development Innovation នៃទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID)។ ការបង្កើតនូវ «FireDot» គឺជាចរន្តចលករថ្មីមួយទៀតសម្រាប់កម្ពុជាដែលអាចឈានទៅរកការបង្កើតអ្វីមួយដោយខ្លួនឯងនាថ្ងៃអនាគត។ យ៉ាងណាមិញ ឧបករណ៍នេះកំពុងស្ថិតក្រោមការសិក្សាទីផ្សារនៅឡើយ ហើយក៏គ្រោងនឹងដាក់លក់ក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
Article by KEO SONG