×

លោក​សាស្រ្តាចារ្យ ស៊ិន សាមី បូជា​ស្ទើរ​មួយ​ជីវិត​ដើម្បី​កិត្តិស័ព្ទ​ល្ខោន​ស្រមោល​ស្បែក​ធំ​កម្ពុជា​លើ​ឆាក​អន្តរជាតិ

NEWS 5 years ago
 
 

          ប្រជាជន​ខ្មែរ​គ្រប់​រូប​សុទ្ធ​តែ​បាន​ជ្រាប​ហើយ​ថា​ល្ខោន​ស្រមោល​ស្បែកធំ​ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អរូបី​នៃ​អង្គការ​យូនេស្កូ​កាល​ពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ភាព​ជោគជ័យ​របស់​ល្ខោន​ស្រមោល​ស្បែកធំ​បាន​បង្ហាញ​ទៅ​កាន់​សកល​លោក​ថា នេះ​គឺ​ជា​ល្ខោន​ស្បែក​របស់​ខ្មែរ​ពិតៗ​ដែល​ឥត​បន្លំ​ដូច​ទៅ​នឹង​ប្រទេស​ជិត​ខាង​ដែល​ព្យាយាម​អះអាង​ទៅ​កាន់​ពិភព​លោក​ថា​ជា​របស់​ខ្លួន។ ជា​សក្ខីភាព​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នេះ​គឺ​មិនមែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះ​ទេ។ ព្រម​ជា​មួយ​គ្នា​នេះ ដោយ​សារ​តែ​បុគ្គល​ខ្លាំង​មួយ​រូប​បាន​ព្យាយាម​ចម្បាំង​ច្រើន​លើក​ច្រើន​សារ​ដោយ​តែងតែ​នាំ​យក​ទាំង​ការ​សម្តែង ឯកសារ ភស្តុតាង​ពិត លម្អិត​ទាំង​ការ​បរិយាយ​ក្បោះក្បាយ រហូត​ធ្វើ​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​ល្ខោន​ស្បែក​ថា​ជា​សម្បត្តិ​របស់​ខ្មែរ​យ៉ាង​ពិតប្រាកដ។ ចុះ​តើ​បុគ្គល​នោះ​ជា​នរណា? ហើយ​តើ​លោក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​សិល្បៈ​ល្ខោន​ស្រមោល​ស្បែកធំ​ក៏​ដូច​ជា​មុខមាត់​ប្រទេសជាតិ​ទាំង​មូល?។

          ចាប់​កំណើត​នៅ​លើ​ទឹកដី​ខេត្ត​បន្ទាយមានជ័យ លោក ស៊ិន សាមី បាន​ធំ​ដឹងក្តី​នៅ​ក្នុង​គ្រួសារ​ដែល​ប្រកប​របរ​ជា​កម្មករ​ឡឥដ្ឋ និង​មាន​បងប្អូន​ចំនួន​៨នាក់ (ប្រុស៣ ស្រី៥) លោក​ជា​កូន​ទី៤។ ក្រោយ​រួច​ពី​សម័យ​ប្រល័យពូជសាសន៍ នៅ​ក្នុង​ឆ្នាំ ១៩៨៨ លោក និង​ភរិយា​បាន​ផ្លាស់​ទីលំនៅ​ទៅ​រស់​នៅ​ឯ​ខេត្ត​សៀមរាប។ ពេល​កំពុង​រស់​នៅ​លើ​ទឹកដី​អង្គរ​ថ្ងៃ​មួយ​លោក​បាន​ទស្សនា​ការ​សម្តែង​ល្ខោន​ស្រមោល​ស្បែកធំ​នៅ​ក្នុង​កម្មវិធី​គម្រប់​ខួប​នៃ​ការ​សោយ​ព្រះទិវង្គត​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ដែល​គ្រា​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​លោក​ចាប់​ចិត្ត​ប្រតិព័ទ្ធ​យ៉ាង​ខ្លាំង​ចំពោះ​ល្ខោន​ស្បែក​ខ្មែរ​រហូត​រុញ​ច្រាន​ឲ្យ​លោក​ចាប់​ផ្តើម​រៀន​សូត្រ​ចេះ​ជំនាញ​ឆ្លាក់​ស្បែក ការ​សម្តែង និង​ច្រៀង​ពោល​ល្ខោន​ស្បែក​នៅ​ពេល​នោះ។ រស់​នៅ​រៀន​សូត្រ​លើ​ទឹកដី​អង្គរ​បាន​ប្រហែល​មួយ​ឆ្នាំ លោក​បាន​ផ្លាស់​មក​រស់​នៅ​ទឹកដី​កំណើត​របស់​ខ្លួន​វិញ តែ​ជា​អកុសល​ការ​ត្រឡប់​មក​ដល់​គឺ​ចំ​ពេល​ដែល​សង្គ្រាម​វៀតណាម​កំពុង​វាយ​លុក​ជា​ថ្មី ដោយ​ភាព​ភ័យ​ខ្លាច​សំឡេង​គ្រាប់​កាំភ្លើង​គ្រាប់​ផ្លោង​ឮ​ឡើង​រៀង​រាល់​ថ្ងៃ​លោក​បាន​សម្រេច​ចិត្ត​ភៀស​ខ្លួន​ម្តង​ទៀត​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ១៩៨៩។ ជីវិត​កម្សត់​កម្រ​រស់​នៅ​លើ​ទឹកដី​រាជធានី​លោក​បាន​ជួល​ស៊ីក្លូ​ធាក់​រក​កម្រៃ​ចិញ្ចឹម​ជីវិត និង​គ្រួសារ​ដោយ​ជួល​ក្នុង​មួយ​ថ្ងៃ​តម្លៃ​៦០០រៀល។ លុះ​ធាក់​ហត់​ផង​ឈឺ​ផង​មួយ​ថ្ងៃ​រក​បាន​កម្រៃ​យ៉ាង​ហោច​ត្រឹម​តែ​៨០០រៀល​ដែល​មិន​ទាំង​គ្រាន់​សម្រាប់​បាយ​ទឹក​ផង​នោះ លោក​បង្ខំ​ចិត្ត​ឈប់​ធាក់​ស៊ីក្លូ​មក​ស្នាក់​នៅ​ម្តុំ​ក្បាលថ្នល់​វិញ[…]។

          មក​ស្នាក់​អាស្រ័យ​នៅ​ម្តុំក្បាលថ្នល់​ ព្រឹក​ថ្ងៃមួយ​ខណៈ​ពេល​ចេញ​ទៅ​បេះ​ត្រកួន​នៅ​បឹង​ក្បែរផ្ទះ​លោក​បាន​ច្រៀង​បណ្តើរ​បេះ​ត្រកួន​បណ្តើរ​ដែល​សំនៀង​ស្រែក​ច្រៀង​ដ៏​ពី​រោះ​របស់​លោក​បាន​ឮ​ទៅ​ដល់​ត្រចៀក​អ្នក​ជិតខាង​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ក៏​ណែនាំ​លោក​ឲ្យ​ដាក់​ពាក្យ​ចូល​ប្រកួត​កម្មវិធី​ប្រឡង​ចម្រៀង​សម័យ​ទូទាំង​ប្រទេស។ ហេតុ​តែ​មាន​ទេពកោសល្យ និង​អំណោយ​ផល​សំឡេង​ពី​ធម្មជាតិ លោក​បាន​ប្រឡង​ចម្រៀង​ជាប់​ចំណាត់​ថ្នាក់​លេខ១​ក្នុង​ចំណោម​បេក្ខជន​រាប់រយ​រាប់ពាន់​នាក់​មក​ពី​ទូទាំង​ប្រទេស។ បន្ទាប់​ពី​ប្រឡង​ចម្រៀង​ជាប់​លោក​បាន​ចូល​បម្រើ​ការងារ​ជា​សិល្បករ​ពោល​ល្ខោន​ស្បែកធំ​នៅ​នាយកដ្ឋាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៩០។ ចូល​បម្រើ​ការងារ​ផ្ទុយ​ពី​ចម្រៀង​សម័យ​លោក​បាន​ធ្វើ​ការ​ផ្នែក​សិល្បៈ​បុរាណ​ដោយ​រៀន​បន្ថែម​គ្រប់​យ៉ាង​ពី​សិល្បៈ​ល្ខោន​ស្បែកធំ​ផង និង​ធ្វើ​ការ​ផង​ក្នុង​ពេល​តែ​មួយ។

          មួយ​រយៈ​ក្រោយ​មក​ដោយ​មាន​ការ​ចម្រូង​ចម្រាស​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​សៀម​ដែល​កាល​នោះ​សៀម​ចង់​បញ្ចូល​ល្ខោន​ស្រមោល​ស្បែកធំ និង​របាំ​បុរាណ​ខ្មែរ​ផ្សេង​ទៀត​ជា​សម្បត្តិ​បេតិកភណ្ឌជាតិ​របស់​ខ្លួន​តាម​រយៈ​ការ​ធ្វើ​ញត្តិ​សុំ​ការ​គាំទ្រ​ពី​ប្រទេស​ផ្សេងៗ ភ្លាម​នោះ​លោក ស៊ិន សាមី ដែល​គេ​ឃើញ​ថា​ជា​សិល្បករ​មាន​ទេពកោសល្យ មាន​ស្មារតី​ខ្ពស់ សំឡេង​ខ្លាំង ព្រម​ជា​មួយ​អានុភាព​នៃ​ការ​ពោល លោក​ត្រូវ​បាន​ចាត់​តាំង​ជា​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​តទល់​លើក​ដំបូង​បំផុត​នៅ​ឯ​ប្រទេស​ជប៉ុន​ក្រោយ​បម្រើ​ការងារ​បាន​រយៈ​ពេល​ប្រមាណ​៦ខែ។

          តំណាង​ឲ្យ​ខ្មែរ​មួយ​ប្រទេស​លោក​បាន​សម្តែង​ផង​បង្ហាញ​ភស្តុតាង​ជាក់ស្តែង​ផង​លាយឡំ​នឹង​ការ​សម្រាយ​ក្បោះក្បាយ​លម្អិត​រហូត​ទទួល​ជ័យជម្នះ​ធ្វើ​ឲ្យ​ជប៉ុន​សម្រេច​យក​ជា​ការ​ថា​ល្ខោន​ស្រមោល​ស្បែកធំ​គឺ​ជា​របស់​ខ្មែរ​ពិត​មែន។ ​ថ្វីដ្បិត​សៀម​ធ្វើ​ញត្តិ​នៅ​ជប៉ុន​មិន​ជោគជ័យ​ក្តី​ប៉ុន្តែ​សៀម​នៅ​តែ​បន្ត​ធ្វើ​ញត្តិ​សុំ​ការ​គាំទ្រ​ពី​ប្រទេស​ផ្សេងៗ​ជា​បន្ត​បន្ទាប់​ដូច​ជា​ប្រទេស អ៊ីតាលី ឥណ្ឌា អង់គ្លេស អូស្ត្រាលី​ និង​ចុង​ក្រោយ​ប្រទេស​បារំាង​ផងដែរ។ សេចក្តី​មិន​ពិត​នៅ​តែ​មិន​អាច​ឈ្នះ​សេចក្តី​ពិត សំខាន់​មាន​លោក ស៊ិន សាមី ដែល​ជា​បុគ្គល​តែ​មួយ​រូប​ជំនួស​មុខ​ឲ្យ​កម្ពុជា​ចេញ​មុខ​ការពារ​សិល្បៈ​ល្ខោន​ស្រមោល​ស្បែកធំ​ជម្នះ​យក​ភាព​ជោគជ័យ​រហូត​ធ្វើ​ឲ្យ​ល្ខោន​ស្រមោល​ស្បែកធំ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ជា​ផ្លូវ​ការ​ដោយ​អង្ការ​យូនេស្កូ​នៅ​ក្នុង​ឆ្នាំ២០០៥។ ចំពោះ​ភាព​ជោគជ័យ​នេះ​ដែរ​លោក​ទទួល​បាន​ការ​បំពាក់​នូវ​គ្រឿង​ឥស្សរិយយស​មេដាយ​សំរឹទ្ធ​ដែល​ជា​សក្ខីភាព​នៃ​ការ​ដឹង​គុណ​របស់​រាជរដ្ឋាភិបាល និង​បណ្តា​រាស្ត្រខ្មែរ​ថា​ជា​សិល្បករ​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញ​ភារកិច្ច​បម្រើ​ជាតិ​មាតុភូមិ។ ក្រៅ​ពី​នេះ​កន្លង​មក​លោក​ក៏​ទទួល​បាន​បណ្ណ​សរសើរ​ច្រើន​រាប់​មិន​អស់​ពី​ប្រទេស​នីមួយៗ​ផង​ដែរ។  

«ហេតុ​អ្វី​បាន​អះអាង​ថា​ល្ខោន​ស្បែកធំ​ជា​របស់​ខ្មែរ? ពីព្រោះ​ខ្ញុំ​ជា​ខ្មែរ ខ្លួន​ជា​ខ្មែរ សាច់​ឈាម​ជា​ខ្មែរ ទាំង​ក្បាច់​រចនាបថ សំឡេង ការ​ពោល ការ​ច្រៀង​ក៏​ខ្មែរ ហើយ​ដែល​សំខាន់​រូបភាព​ដែល​លេង​ជះ​ស្រមោល​នៅ​លើ​ក្រណាត់​ស​បង្កើត​ជា​ផ្ទាំង​ទស្សនីយភាព​គឺ​សុទ្ធ​តែ​មាន​នៅ​លើ​សិលា​ប្រាសាទ​អង្គរវត្ត​ខ្មែរ​ទាំង​អស់»។ នេះ​គឺ​ជា​សំណួរ​មួយ​ដែល​​ប្រទេស​នីមួយៗ​តែង​ចោទ​សួរ និង​ការ​ឆ្លើយ​តប​យ៉ាង​ខ្លី​មាន​ខ្លឹម​សារ​របស់​ពេល​លោក ស៊ិន សាមី។

          ជា​អតីត​សិល្បករ​ជំនាញ​ពោល​ល្ខោន​ស្រមោល​ស្បែកធំ លោក​បាន​បង្ហើប​ដូច្នេះ «ដើម្បី​ពោល​ល្ខោន​ពីរោះ​ព្រលឹម​ឡើង​ខ្ញុំ​ត្រូវ​រត់​ហាត់ប្រាណ ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ស្រែក​តុង​ចុះ​ឡើង​ឲ្យ​ខ្លាំងៗ។ ការ​ពោល​បាន​ល្អ​គឺ​អាស្រ័យ​លើ​ខ្យល់​ដង្ហើម ព្រោះ​បើ​ខ្យល់​ដង្ហើម​វែង​យើង​អាច​ពោល​លើក​ដាក់​បាន​ល្អ​មិន​រដិបរដុប​ដូច​ដង្ហើម​ខ្យល់​ខ្លី​ឡើយ។ សម្រាប់​ការ​ហាត់​ដង្ហើម​វែង​ខ្ញុំ​តែង​អនុវត្ត​រត់​លឿន​មួយ​ដង្ហើម ៥០វិនាទី មួយ​ដង្ហើម ៦០វិនាទី និង​មួយ​ដង្ហើម ៧០វិនាទីនិង​អនុវត្ត​មួយ​ថ្ងៃ​មួយ​ដំណាក់​កាល​បាន​ហើយ មាន​ន័យ​ថា​បើ​ថ្ងៃ​នេះ​រត់​មួយ​ដង្ហើម ៥០វិនាទី ថ្ងៃ​ស្អែក​ចាំ​រត់​មួយ​ដង្ហើម ៦០វិនាទី​វិញ​ម្តង»។

          បម្រើ​ការងារ​ជា​សិល្បករ​នៃ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ប្រមាណ​ជិត​បី​ទសវត្សរ៍ បច្ចុប្បន្ន លោក ស៊ិន សាមី មាន​អាយុ ៦១ឆ្នាំ និង​បាន​ចូល​និវត្តន៍​ហើយ​ពោល​គឺ​តាំង​ពី​ឆ្នាំ២០១២ ម្ល៉េះ។ ដោយ​សារ​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​សិល្បៈ​ល្ខោន​ស្រមោល​ស្បែកធំ​នា​ពេល​កន្លង​មក កាល​ពី​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ អគ្គរដ្ឋទូត​នៃ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ទើប​បាន​អញ្ជើញ​វីរសិល្បករ​រូប​នេះ​ទៅ​បំពាក់​គ្រឿង​ឥស្សរិយយស​ថ្នាក់​អស្សប្ញទ្ធិ​ផ្នែក​សិល្បៈ និង​អក្សរ​សាស្ត្រ​ផង​ដែរ។ ជា​ចុង​ក្រោយ​លោក​បាន​ផ្តាំផ្ញើ​ដែរ​ថា ថ្វីដ្បិត​សិល្បៈ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តែង​មាន​ការ​វិវត្ត​ជាក់​ស្តែង​ដូច​ជា​សិល្បៈ​ល្ខោន​ស្រមោល​ស្បែកធំ​បើ​ទោះ​សព្វថ្ងៃ​មាន​ការ​ច្នៃប្រតិដ្ឋ​ក្តី ប៉ុន្តែ​សូម​ធ្វើ​ការ​ច្នៃប្រតិដ្ឋ​នូវ​អ្វី​ដែល​នៅ​តែ​ជា​របស់​ខ្មែរ​ទាំង​ចម្លាក់​ស្បែក ការ​សម្តែង និង​ការ​ស្លៀកពាក់​សម្តែង ព្រម​ទាំង​ចូល​រួម​គ្នា​ថែរក្សា​សិល្បៈ​ដូនតា​យើង​ឲ្យ​នៅ​តែ​គង់​វង្ស​ជា​ដរាប៕

Article by HEN SOKKHIM


SUGGESTIONS