×

លោក​ ​គឹម​ ​បញ្ញា​រ័ត​ន៍ ​ធ្វើដំណើរ​ត្រាច់ចរ​ផ្សងព្រេង​ក្នុង​បេ​សកម្ម​ ​«​ពីលើ​ដែន​សុវណ្ណភូមិ​»​

NEWS 4 years ago
 
 

          «​Cam​bo​d​i​a​ ​From​ ​Above​»​ ​ឬ​ ​«​ពីលើ​ដែន​សុវណ្ណភូមិ​»​ ​គឺជា​គម្រោង​ថតរូប​ពីលើ​អាកាស​មួយ​របស់​ ​លោក​ ​គឹម​ ​បញ្ញា​រ័ត​ន៍ ​ជា​សិល្បករ​ថតរូប​ដ៏​ឆ្នើម​នៅ​កម្ពុជា​។​ ​លោក​បាន​បង្កើត​គម្រោង​នេះ​ឡើង​តាំងពី​ឆ្នាំ​ ​២​០​១​៦​ ​ដោយ​ចេញដំណើរ​ឆ្ពោះទៅ​កាន់​តំបន់​ព្រៃ​ភ្នំ​ថត​ផ្តិត​យក​រូប​ជាក់ស្តែង​ពីលើ​អាកាស​មាន​ទាំង​រូបភាព​ទិដ្ឋភាព​សម្រស់​ធម្មជាតិ​ ​សកម្មភាព​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​និង​ស្ថាបត្យកម្ម​ផ្សេងៗ​ដែល​កំពុងតែ​លាក់កំបាំង​កាយ​ឆ្ងាយ​ភ្នែក​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

          ​ផ្តើម​ពី​ចំណូលចិត្ត​ទៅលើ​ការ​គូររូប​ ​និង​មើល​សិល្បៈ​ប្លែកៗ​ ​គឹម​ ​បញ្ញា​រ័ត​ន៍ ​បាន​ចាប់ផ្តើម​ស្រឡាញ់​ការ​ថតរូប​តាំងតែពី​វ័យក្មេង​។​ ​នៅ​អាយុ​១​០​ឆ្នាំ​ ​កុមារា​មាន​ស្រុកកំណើត​មកពី​ខេត្ត​ក្រចេះ​រូប​នេះ​បាន​បំពេញ​បំណង​របស់​ខ្លួន​ដោយ​សន្សំ​លុយ​ទិញ​បាន​កា​មេ​រ៉ា​មួយ​យកមក​ថតរូប​លេង​ជា​លក្ខណៈ​គ្រួសារ​ ​និង​ថត​រាល់​ពេល​ចេញទៅ​ដំណើរ​ក​ម្សាន្ត​។​ ​មែនទែន​ទៅ​ក្រោយពេល​រៀនចប់​ថ្នាក់​បាក់ឌុប​ ​បញ្ញា​រ​័​ត​ន៍​ត្រូវ​បាន​លោក​ឪពុក​ជំរុញ​ឲ្យ​បន្ត​ការសិក្សា​ទៅលើ​មុខជំនាញ​ពីរ​ផ្សេងគ្នា​ ​គឺ​ផ្នែក​នីតិសាស្ត្រ​ ​និង​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ ​ប៉ុន្តែ​ក្រោយ​សិក្សា​បាន​ត្រឹម​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​លោក​បាន​ងាក​មក​ឈោង​ចាប់​អ្វី​ដែល​ខ្លួន​ស្រឡាញ់​វិញ​ ​ដោយ​សិក្សា​ទៅលើ​មុខជំនាញ​ ​Creative​ ​M​u​l​t​i​media​ ​ឬ​រចនា​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សាកលវិទ្យាល័យ​លី​ម​កុក​វី​ង​។​ ​ក្រៅពី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ទាក់ទង​នឹង​ការ​ថត​ ​កន្លងមក​ ​បញ្ញា​រ័ត​ន៍ ​ក៏​ធ្លាប់​បាន​ចេញទៅ​បណ្តុះបណ្តាល​វគ្គ​ថតរូប​ខ្លី​នៅ​ឯ​ប្រទេស​ថៃ​ ​និង​រៀន​ស្វែងយល់​បន្ថែម​ដោយខ្លួនឯង​តាម​គេហទំព័រ​ ​Y​ou​Tube​។​

          ​ជា​សិល្បករ​មាន​ទំនោរ​ថត​ទៅលើ​ប្រភេទ​រូបភាព​បែប​ ​ទេសភាព​ ​វប្បធម៌​ ​ដំណើរ​ក​ម្សាន្ត ​និង​តាម​ដង​វិថី​ ​រាល់​ទំនេរ​ស្បើយ​ពី​ការងារ​ ​បញ្ញា​រ​័​ត​ន៍​តែង​ឆ្លៀត​ធ្វើដំណើរ​ត្រាច់ចរ​ផ្សងព្រេង​ជាមួយ​ក្រុម​ថតរូប​«​បេះដូង​អ្នកថតរូប​»​ ​ទៅ​ថត​ផ្តិត​យក​រូបភាព​នៅ​តាម​ស្រុក​ភូមិ​និង​តំបន់​ព្រៃ​ភ្នំ​ដាច់ស្រយាល​នានា​។​ ​ការចេញដំណើរ​ថតរូប​នេះ​បាន​ជំរុញ​ឲ្យ​ ​បញ្ញា​រ័ត​ន៍ ​លេច​គំនិត​បង្កើត​គម្រោង​ផ្ទាល់ខ្លួន​មួយ​ឈ្មោះថា​ ​«​Cam​bo​d​i​a​ ​From​ ​Above​»​ ​ឬ​ ​«​ពីលើ​ដែនដី​សុវណ្ណភូមិ​»​ ​នេះឯង​។​ ​លោក​បាន​ប្រើប្រាស់​កា​មេ​រ៉ា​យន្តហោះ​ទំនើប​ដ្រូ​ន​ (​drone​) ​បង្ហោះ​ឡើង​ទៅលើ​អាកាស​រួច​ផ្តិត​យក​រូបភាព​ទិដ្ឋភាព​ពិត​ជាក់ស្តែង​ពី​ខាងលើ​ហើយ​ចាប់​ប្លង់​តាម​សណ្ឋាន​ផ្សេងៗ​បង្កើត​បានជា​រូបភាព​ប្លែកភ្នែក​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​ ​ជាក់ស្តែង​សមិទ្ធផល​រូបភាព​ប​ង្ហាះ​លើ​បណ្តាញ​សង្គម​កន្លងមក​ដូចជា​ ​ទិដ្ឋភាព​វត្ត​បុញ្ញ​ខេត្តា​រាម​ក្នុង​ទីរួមខេត្ត​ព្រៃវែង​ ​ទិដ្ឋភាព​ទន្លេ​នៅ​ស្រុកស្រែ​អំបិល​ខេត្ត​កោះ​កុង​ ​ទិដ្ឋភាព​ប្រពៃណី​ចាប់ត្រី​នៅ​បឹង​ក្រោម​ខេត្ត​ត្បូងឃ្មុំ​ ​ទិដ្ឋភាព​ស្ពាន​ប្រដឹស​ឬស្សី​កោះ​ប៉ែន​ខេត្ត​កំពង់ចាម​ ​ទិដ្ឋភាព​ទន្លេតូច​នៅ​ភូមិ​តូច​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​ ​និង​ទិដ្ឋភាព​វត្តភ្នំ​ស​ន្ទុ​ក​ខេត្ត​កំពង់ធំ​ជាដើម​ ​សុទ្ធ​សឹង​ទទួល​បាន​ការចាប់អារម្មណ៍​ ​និង​កោត​ស​សើ​រ​ខ្លាំង​ពី​មហា​ជនជាតិ​ ​និង​អន្តរជាតិ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ក៏​លើកឡើង​ទៀត​ថា​ “​សម្រាប់​កន្លែង​ខ្លះ​មាន​អ្នក​ធ្លាប់ទៅ​ ​ដូច្នេះ​យើង​មើល​រូបភាព​ចាស់ៗ​ទាំងនោះ​រួច​បង្កើត​ការស្រមើស្រមៃ​បន្ថែម​ដើម្បី​ត្រៀម​ខ្លួន​រួចជាស្រេច​ថា​តើ​គួរ​ត្រៀម​អ្វីខ្លះ​ ​ត្រូវ​ថត​យ៉ាងម៉េច​ ​ត្រូវ​ចាប់​ប្លង់​យ៉ាងណា​ឲ្យ​មើលទៅ​មាន​ភាព​ទាក់ទាញ​ជាង​រូប​ចាស់​”​។​

Image Courtesy: KIM PANHAROTH

​​          ចំពោះ​តិច​និ​ច​ថត​ដ្រូ​ន​ដើម្បី​បាន​រូបភាព​រស់រវើក​ ​លោក​បង្ហើប​ដែរ​ថាបើ​រូបភាព​ផ្តោត​លើ​តួអង្គ​មាន​សកម្មភាព​យើង​ត្រូវ​ចេះ​បត់បែន​ទៅតាម​តួអង្គ​នោះ​។​ ​ឧទាហរណ៍​បើ​ទិដ្ឋភាព​មាន​សត្វ​យើង​ត្រូវ​បញ្ជា​ដ្រូ​ន​ប្រដេញ​តាម​តួអង្គ​សត្វ​នោះ​រហូត​ ​បើ​ថត​សកម្មភាព​ប្រជាជន​ប្រចាំថ្ងៃ​យើង​ត្រូវ​ប្រាប់​ពួកគាត់​ឲ្យដឹង​មុន​ដើម្បីឲ្យ​ពួកគាត់​ធ្វើសកម្មភាព​តាមធម្មតា​មើលទៅ​រស់រវើក​ពិតៗ​។​ ​ដោយឡែក​ចំពោះ​រូបភាព​បាន​មក​ទាំងប៉ុន្មាន​ ​សិល្បករ​រូប​នេះ​មិន​ដំ​ឡើងពណ៌​ឬ​ពឹងផ្អែក​លើ​កម្មវិធី​ក្រាហ្វិក​ឌី​ហ្សា​ញ​កែ​ឲ្យ​រូបភាព​ខុស​ធាតុ​ដើម​ទាំងស្រុង​ឡើយ​ ​ហោច​ណាស់​ត្រឹម​បន្ថែម​ពន្លឺ​ពី​២​០​ទៅ​៣​០​ភាគរយ​ប៉ុណ្ណោះ​។​ ​ដោយសារតែ​រូបភាព​ទាក់ទាញ​បង្ហាញ​ពី​តំបន់​ទេសចរណ៍​ធម្មជាតិ​ជាច្រើន​ ​កាលពីដើម​ខែ​តុលា​កន្លងទៅ​នេះ​ ​លោក​បញ្ញា​រ​័​ត​ន៍​ទើប​តែ​ទទួល​បាន​ប​ណ្ណ​សរសើរ​មេត្រីភាព​ពី​ក្រសួង​បរិស្ថាន​ ​ដែល​លោក​បាន​ផលិត​រូបភាព​ស្រស់​ស្អាត​តាម​តំបន់​ធម្មជាតិ​នានា​ ​និង​ផ្សព្វផ្សាយ​ដល់​សាធារណជន​។​ ​សកម្មភាព​នេះ​បញ្ជាក់​ពី​ការចូលរួម​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ល្អ​ប្រសើរ​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ​ការ​អភិ​រក្ស​ជីវៈ​ចម្រុះ​ ​និង​ការរស់នៅ​ដោយ​ចរី​ភាព​។​

          ​តាមរយៈ​សូវ​រី​ន​ ​សិល្បករ​បញ្ញា​រ័​ត​ន៍ ​បាន​មាន​មតិ​ផ្តាំផ្ញើ​សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ជា​សិល្បករ​ថតរូប​ដែរ​ថា​ “​ពួកគាត់​គួរ​ធ្វើអ្វី​ដែល​ខ្លួន​ស្រឡាញ់​ ​ពេលខ្លះ​កុំ​គិត​ពី​ផលប្រយោជន៍​ច្រើនពេក​ ​បើ​មិន​ដូច្នោះ​យើង​មិន​អាច​បង្កើត​ស្នាដៃ​ខ្លួនឯង​បាន​ឡើយ​។​ ​ប្រឡូក​ក្នុង​វិ​ស​័​យ​ថតរូប​តម្រូវ​ឲ្យ​ពួកគាត់​ ​ដើរ​ឲ្យ​ច្រើន​ ​មើល​ឲ្យ​ច្រើន​ ​សំខាន់​គឺ​ភ្នែក​ហ្នឹងឯង​ ​កាលណា​យើង​មើល​កាន់តែ​ច្រើន​ភ្នែក​យើង​នឹង​កាន់តែ​រីក​ចម្រើន​ដែល​អាច​ប្រៀបធៀប​បែងចែក​រវាង​ភាព​ស្រស់​ស្អាត​ ​និង​ភាព​តែមួយ​គ្មាន​ពីរ​ (​unique​) ​បន្ទាប់មក​យើង​នឹង​អាច​បង្កើត​អ្វី​ដែល​ជា​ស្ទា​យ៌​ឬ​ស្នាដៃ​របស់យើង​”​៕​

Article​ ​by​ ​HEM SOKKHIM


SUGGESTIONS