យុវជនជ័យលាភីលេខ១ផ្នែកបកស្រាយអក្សរសិល្ប៍នៃទិវាជាតិអំណានលើកទី៦ ឆ្នាំ២០២១
NEWS 4 years agoលទ្ធផលជាផ្លូវការនៃកម្មវិធីប្រឡងប្រណាំងបកស្រាយស្នាដៃអក្សរសិល្ប៍ក្រោមប្រធានបទ “តម្លៃអក្សរសិល្ប៍នៃរឿងរាមកេរ្តិ៍នៅក្នុងសង្គមខ្មែរ” ដែលបានចេញផ្សាយកាលពីខែមីនាកន្លងទៅថ្មីៗនេះដោយប្រធានគណៈកម្មការវាយតម្លៃ បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានរំលេចឈ្មោះបេក្ខជន ជក់ សុភា គ្រូបង្រៀនមកពីសាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ ដែលជាប់ចំណាត់ថ្នាក់លេខ១។ តើបេក្ខជនជ័យលាភីលេខ១រូបនេះមានជីវប្រវត្តិ និង ស្នាដៃបែបណាខ្លះមុននឹងឈានមកសម្រេចជោគជ័យផ្នែកអក្សរសិល្ប៍ពីក្រសួងអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំ២០២១នេះ?
ស្ថិតក្នុងអាយុ២៥ឆ្នាំ យុវជន ជក់ សុភា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញអក្សរសាស្ត្រខ្មែរ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងកំពុងបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទដដែលនេះរហូតដល់បច្ចុប្បន្ន។ សុភា បានបញ្ជាក់ថា ក្នុងអំឡុងពេលថ្នាក់បរិញ្ញាបត្រឆ្នាំទី២ គេបានប្រឡងជាប់អាហារូបករណ៍ផ្លាស់ប្ដូរនិស្សិតទៅរៀននៅសាកលវិទ្យាល័យ Tokyo University Of Foreign studies ប្រទេសជប៉ុន រយៈពេលមួយឆ្នាំ។ ក្រោយមកទៀត ក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលសិក្សាថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ គេក៏បានទទួលអាហារូបករណ៍ផ្លាស់ប្ដូរវប្បធម៌ភាសានៃប្រទេសកម្ពុជា ឡាវ ភូមា ទៅសាកលវិទ្យាល័យជប៉ុនដដែលនេះម្ដងទៀត។
សុភា បានប្រាប់ពីមូលហេតុដែលជំរុញឲ្យគេចូលរួមកម្មវិធីខាងលើថាគឺបណ្តាលមកពីចំណង់ចំណូលចិត្តចំពោះរឿងរាមកេរ្តិ៍ “អ្វីដែលពិសេសនោះគឺសិល្បៈនៃការតុបតែងខ្លួនតាមរយៈរឿងរាមកេរ្តិ៍។ វាពិតជាពិសេសដែលតារាបានចូលរួមក្នុងការផ្សព្វផ្សាយពីតួអង្គនៃរឿងនេះដល់យុវវ័យឲ្យកាន់តែស្គាល់រឿងនេះទ្វេដង” ។ រូបគេបានស្គាល់រឿងនេះតាមរយៈទម្រង់សិល្បៈហើយវានៅតែដក់ជាប់នៅក្នុងចិត្តរហូតមក ដូចជានៅក្នុងទម្រង់ល្ខោនព្រះរាជទ្រព្យ ល្ខោនខោល ល្ខោនស្បែកធំ ចម្លាក់ គំនូរ ចម្រៀង ។ល។ លើសពីនេះទៅទៀត គេក៏ធ្លាប់ស្ដាប់បទសម្ភាសន៍របស់លោកបណ្ឌិត កេង វ៉ាន់សាក់ និង បទបង្ហាញរបស់អ្នកស្រីបណ្ឌិត ពៅ សាវរស ជាញឹកញាប់ ដែលសុទ្ធជាទុនដ៏ល្អសម្រាប់ការសរសេរសិក្សាកថាដាក់ប្រកួត។ ជាមួយគ្នានេះដែរ យុវជន ជក់ សុភា ក៏ជាសមាជិកមួយរូបនៃសមាគមអ្នកអក្សរសិល្ប៍កម្ពុជា។ តាមរយៈសមាគម គេបានទទួលឱវាទល្អៗពីឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន និង ឯកឧត្តមបណ្ឌិតសភាចារ្យ សោម សុមុនី ដែលជាអ្នកចាស់ទុំផ្នែកអក្សរសិល្ប៍ខ្មែរ និងការណែនាំពីឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង។ សមាគមក៏បានជួយផ្តល់ឯកសារជាច្រើនដែលជាជំនួយដល់ការប្រមូលទិន្នន័យយកទៅសរសេរសិក្សាកថានេះដែរ។
អ្វីខ្លះទៅជាចំណុចខ្លាំងដែលញ៉ាំងឲ្យសុភាអាចយកឈ្នះដៃគូប្រកួតប្រជែងក្នុងកម្មវិធីនោះបានប្រកបដោយជោគជ័យ? “រឿងរាមកេរ្តិ៍នេះជារឿងមួយដ៏ធំហើយសិក្សាបានគ្រប់សណ្ឋាន។ ដូច្នេះការសិក្សាទៅលើឥទ្ធិពលនៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរនេះពិតជាពុំបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ តែយ៉ាងណាមិញ អ្វីដែលខ្ញុំគិតថាជាចំណុចខ្លាំងមួយរបស់ខ្ញុំគឺការស្វែងរកទិន្នន័យថ្មីមួយចំនួន ការវិភាគទៅលើឥទ្ធិពលរឿងដែលមានចាប់ពីព្រះមហាក្សត្រ រាជរដ្ឋាភិបាល រហូតដល់ប្រជារាស្ត្រ ដែលនៅតែនិយមគាំទ្របន្តមកដល់បច្ចុប្បន្ន និង ការរើសយកអំណះអំណាងដែលមានប្រភពគួរឱ្យទុកចិត្តបាន” សាមីខ្លួនបានបកស្រាយ។
នេះមិនមែនជាលើកទីមួយដែលសុភាចូលរួមប្រកួតប្រជែងហើយទទួលបានចំណាត់ថ្នាក់ជ័យលាភី នោះទេ។ យុវជនរូបនេះធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ២ខាងនិពន្ធកំណាព្យខ្លី ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យកាលពីឆ្នាំ២០២០ម្តងរួចមកហើយ។ ប៉ុន្តែជោគជ័យលើកនេះរឹតតែធ្វើឲ្យម្ចាស់ជ័យលាភីសប្បាយចិត្តយ៉ាងខ្លាំង “ខ្ញុំរត់ទៅឱបម៉ែនៅពេលដែលដឹងថាខ្លួនឯងទទួលបានចំណាត់ថ្នាក់លេខ១នេះ។ សម្រាប់ខ្ញុំ ខ្ញុំពិតជាអរគុណដំបូងចំពោះម៉ែ។ មែនទែនទៅរយៈពេលប្រហែលមួយអាទិត្យជាងដែលខ្ញុំខំសរសេរវា ខ្ញុំមិនបានជួយកិច្ចការផ្ទះគាត់បន្តិចទេ។គាត់ចាស់ហើយតែគាត់នៅតែយល់ពីខ្ញុំ ហើយឲ្យខ្ញុំធ្វើកិច្ចការងារនេះរហូត សម្រេច។ទន្ទឹមនឹងនេះក៏សូមថ្លែងអំណរគុណចំពោះលោកគ្រូ សិស្សច្បង និងបងៗនៅនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សាដែលជួយខ្ញុំរហូតដល់សម្រេចការងារនេះ ” ។
សព្វថ្ងៃនេះ ក្រោយពីទទួលបានជ័យលាភីលេខ១រួចមក យុវនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អក្សរសាស្ត្រខ្មែររូបនេះក៏នៅតែមមាញឹកជាមួយការងារទាក់ទងនឹងអក្សរសិល្ប៍ខ្មែរជាបន្តបន្ទាប់ តួយ៉ាង ការធ្វើវិវេចនាអក្សរសិល្ប៍ (វិភាគអក្សរសិល្ប៍) នានាបង្ហោះចូលផេកសមាគមអ្នកអក្សរសិល្ប៍កម្ពុជាដើម្បីជាគតិសម្រាប់អ្នកសិក្សាទាំងឡាយ។ គិតមកដល់បច្ចុប្បន្ន គេក៏បានរៀបចំនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អក្សរសាស្ត្រខ្មែរដោយលើកយកប្រធានបទ “ទស្សនវិជ្ជាខ្មែរតាមរយៈសាស្ត្រាល្បែង” មកសរសេរនិងពន្លេចពីពិពិធភាពនៃការអប់រំចរិយាសាស្ត្រខ្មែរតាមរយៈសាស្ត្រារឿងសម័យមុន។
ម្ចាស់ជ័យលាភីបានលើកទឹកចិត្តដល់ប្អូនៗដែលមានបំណងចង់ចូលវិស័យអក្សរសាស្រ្តខ្មែរនេះឲ្យតាំងចិត្តគត់មត់ ព្រោះមុខវិជ្ជាមិនងាយស្រួលដូចការគិតនោះទេ។ សម្រាប់អ្នកដែលមានបំណងដាក់ការប្រកួតប្រជែងនេះគប្បីខិតខំអានស្រាវជ្រាវឲ្យបានច្រើនទៅលើផ្នែកអក្សរសាស្ត្រ-អក្សរសិល្ប៍។ លើសពីនេះ ត្រូវអានសេចក្ដីណែនាំនិងប្រធានបទឲ្យបានច្បាស់លាស់ជាមុនក្រែងចាកប្រធាន និងរៀបចំគំនិតទៅតាមលំដាប់លំដោយឲ្យមានសោភណ្ឌក្នុងការសរសេរ ព្រមជាមួយការដាក់ប្រភពឯកសារយោងព្រោះវាជាអំណះអំណងមួយដែលអ្នកអាចជជែកតវ៉ាឬជាភស្តុតាងមួយនៃទឡ្ហីករណ៍របស់អ្នក។ចំណុចចុងក្រោយនោះគឺអ្នកត្រូវមានទំនុកចិត្តខ្ពស់ក្នុងការសរសេរនិងការបកស្រាយដ្បិតការវាយតម្លៃក៏បូកផ្សំទៅនឹងភាពក្លាហាន និងបច្ចេកទេសនិយាយបកស្រាយចំពោះមុខគណៈកម្មការផងដែរ៕
Article by SRIN SOKMEAN