កាលពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៥ សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានរៀបចំកម្មវិធីបុណ្យឌីហ្សាញភ្នំពេញជាលើកទី២ (Phnom Penh Design Festival) ដោយបានសហការជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានប្រារព្ធនៅ Factory Phnom Penh ក្រោមប្រធានបទ “Together”។ នៅក្នុងពិធីបុណ្យឌីហ្សាញឆ្នាំនេះបានផ្តោតសំខាន់ទៅលើផ្នត់គំនិតគោលសំខាន់ៗដូចជា៖ កិច្ចសហការក្នុងសហគមន៍ និងការភ្ជាប់ទំនាក់ទំនងជាតិ និងអន្តរជាតិ។






មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្មវិធីនេះក៏មានការប្រកួតប្រជែងស្នាដៃសិល្បៈដែលជាការលើកកម្ពស់នៃការអប់រំសិល្បៈ និងបណ្តុះបណ្តាលនៃការបញ្ចេញមតិ ក៏ដូចជាភាពក្លាហានរបស់ខ្លួនប្រកបដោយភាពជឿជាក់ និងភាពច្នៃប្រតិដ្ឋរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះ ពិធីបុណ្យឌីហ្សាញ ក៏ត្រូវបានបែងចែកជាបីកម្មវិធីធំដូចជា៖ កម្មវិធីបង្ហាញម៉ូដ (The Fashion Show) ការគូរគំនូរដោយផ្ទាល់ (The Living Canvas) និងការប្រគុំតន្ត្រី (Music Concert) ៕


