សព្វមួយដង យើងធ្លាប់តែឃើញទៀនត្រូវបានគេច្នៃធ្វើដាក់ក្នុងកែវឬក្រឡ ជួនរំលេចរាងរៅសណ្ឋានជា ផ្កា ស្លឹក និងរុក្ខជាតិផ្សេងៗ ឯខ្លះទៀតលេងពណ៌ចម្រុះជាដើម។ ដោយឡែក ក្រឡេកមកបុរសជនជាតិលីទុយអានី(Lithuania) រូបនេះវិញ សិល្បៈច្នៃទៀនរបស់លោកបែរជារំលេចចេញជារូបរាងប្រអប់ដៃ និងអាហារកំប៉ុង មើលទៅពិតៗរស់រវើកបង្កភាពប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។
មែនទែនទៅ នេះគឺជាសិល្បៈធ្វើទៀន និងជាជំនួញដ៏មានប្រជាប្រិយភាពមួយលើទីផ្សារអន្តរជាតិ ដែលបង្កើតឡើងដោយស្ថាបនិកវ័យក្មេងមួយរូបគឺ លោក Justinas Bruzas។ មុនបង្កើតទៀនម៉ាក CandleHand នៅឆ្នាំ២០១៥ លោកបានរៀនបច្ចេកទេសធ្វើទៀនដោយដៃពីលោកឪពុករបស់ខ្លួន។ លោកមិនធ្លាប់ឆ្លងកាត់ការសិក្សាឬហ្វឹកហាត់ខាងសិល្បៈធ្វើទៀនពីមុនមកនោះទេ ប៉ុន្តែលោកបានរកឃើញគំនិតច្នៃប្រតិដ្ឋទៀនដែលមើលទៅបែបសប្បាយភ្នែក និងមានកាយវិការប្លែកៗជាច្រើននៅកំឡុងពេលកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅគ្រានោះ។ ជាលទ្ធផល លោកបានផុសគំនិតបង្កើតទៀនចេញជាសណ្ឋានរូបកាយវិការដៃ ហើយក៏ច្នៃយ៉ាងប្រណីត និងមើលទៅប្លែកភ្នែកបំផុត។ លោកមានបំណងចង់ឲ្យទៀនមើលទៅរស់រវើកដូចជារបស់ពិត ដូច្នេះហើយលោកបានចំណាយពេលពីរឆ្នាំមុនពេលបើក ពោលតាំងពីឆ្នាំ២០១៣ ដោយធ្វើការសាកល្បងទៅលើការបង្កើតរូបរាង រួចលេងពណ៌ និងសម្រិតសម្រាំងឲ្យឥតខ្ចោះមុនដាក់លក់នៅលើទីផ្សារ។
ដូចបានឃើញស្រាប់ ផលិតផលទៀនប្រអប់ដៃមានច្រើនទម្រង់ក្នុងកាយវិការផ្សេងគ្នា ហើយកាយវិការនេះទៀតសោតក៏មានលាយឡំបង្កប់អត្ថន័យរៀងខ្លួនរបស់វាផងដែរ។ តួយ៉ាង ដូចជាទៀនលើកម្រាមដៃពីរតំណាងឲ្យ Peace ឬ អ្នកឈ្នះ និងអ្នកស្រឡាញ់សន្តិភាព ទៀនលើកម្រាមដៃ៣តំណាងឲ្យ Gun Fingers ឬកាំភ្លើងដែលបុគ្គលណាម្នាក់គួរតែជាម្ចាស់ ទៀនលើកម្រាមដៃតំណាង OK ឬបង្ហាញពីការំឭកអ្វីៗដែលមិនជាបញ្ហា និងទៀនក្តោបម្រាមដៃហើយរុញមេដៃខ្វែងឡើងទៅចន្លោះរវាងចង្អុលដៃ និងម្រាមដៃកណ្តាលតំណាងឲ្យ Fig Finger ឬបញ្ជាក់ពីការបង្ហាញអារម្មណ៍ឬក្រើនរំឭកនរណាម្នាក់ថា ពួកគេស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នកជាដើម។ សរុបទៅម៉ូដប្រអប់ដៃមានប្រមាណ៩កាយវិការ។
ជាស្ថាបនិក និងជាអ្នកច្នៃម៉ូដទៀនផ្ទាល់ លោក Justinas Bruzas បានឲ្យដឹងថា ចក្ខុវិស័យក្នុងការធ្វើទៀនប្រអប់ដៃមានកាយវិការ គឺដើម្បីបង្កើតនូវការបង្ហាញគំនិតឌីហ្សាញ និងគម្រោងដ៏គួរឲ្យចាប់អារម្មណ៍មួយដែលធ្វើឲ្យមនុស្សមានអារម្មណ៍ភ្ញាក់ផ្អើល និងមើលទៅគួរឲ្យអស់សំណើច។ លោកថាទៀនម៉ូដបែបនេះជាគំនិតដំបូងបំផុតដែលវាមានភាព Challenge ក្នុងការបង្កើតឲ្យមើលទៅដូចជារបស់ពិត។ មិនត្រឹមតែទៀនប្រអប់ដៃនោះទេ ជាមួយគ្នានេះលោកក៏បានបង្កើតទៀនមួយប្រភេទទៀតដូចរបស់ពិតផងដែរនោះគឺ ទៀនអាហារកំប៉ុង។ លោកថាការបង្កើតទៀនមួយបែបនេះវិញ គឺចង់បង្កើតអ្វីដែលមិនមាននៅលើទីផ្សារ និងចង់បង្កើតឱកាសភ្ញាក់ផ្អើលប្លែកគេមួយនៅពេលនរណាម្នាក់បើកទានកំប៉ុងមកមានអារម្មណ៍ដូចជាអាហារពិតៗ។
តាមរយៈការរចនាទៀនម៉ូដកាយវិការដៃ និងម៉ូដអាហារកំប៉ុង ដែលអាចធ្វើជាគ្រឿងអុជបំភ្លឺផង គ្រឿងតាំងលម្អផង និងជាកាដូផងនោះ ពិតណាស់ដែលម៉ូដទាំងនេះគ្មានពីរឡើយនៅលើទីផ្សារ។ ទៀននេះត្រូវបានផលិតនៅប្រទេសលីទុយអានី(Lithuania) ឯសង្វាក់ផលិតធ្វើឡើងដោយដៃ ប្រើប្រាស់វត្ថុធាតុដើមភាគច្រើនក្នុងស្រុក ជាពិសេសធ្វើពីក្រមួនបន្លែ១០០%។ ដូច្នេះ វាមិនត្រឹមតែជាផលិតផលទាក់ភ្នែកប៉ុណ្ណោះទេ តែថែមទាំងមានផលវិជ្ជមានចំពោះសុខភាព មជ្ឈដ្ឋាន បរិស្ថាន ក៏ដូចជាភពផែនដីយើងផងដែរ។
បច្ចុប្បន្ន ស្ថាបនិក Justinas Bruzas កំពុងស្វែងរកម៉ូដកាយវិការថ្មីៗ និងសាកល្បងពណ៌ថ្មីៗសម្រាប់ខូឡិកហ្សិនទានប្រអប់ដៃ ក៏ដូចជាទានអាហារកំប៉ុងរបស់លោក។ មិនតែប៉ុណ្ណោះ លោកក៏កំពុងត្រៀមបញ្ចេញម៉ាកថ្មីមួយទៀតនៅក្នុងឆ្នាំ ២០២២ផងដែរ។ ផលិតផលទៀនបានផ្តោតលើការលក់អនឡាញ ប្រសិនបើលោកអ្នកចាប់អារម្មណ៍អាចចូលទៅកាន់គេហទំព័រ www.candlehand.com។ អាចនិយាយបានថា នេះជាការធ្វើទំនើបកម្មអាជីវកម្មមួយទៅឯបរទេស ហើយក៏មានទីផ្សារជាសកល។ ចុះសម្រាប់អ្នកវិញ តើអ្នកយល់យ៉ាងដែរចំពោះជំនួញអភិវឌ្ឍលាយឡំសិល្បៈច្នៃប្រតិដ្ឋបែបនេះ?
Article by HEM SOKKHIM