×

ពិធី​គោរពវិញ្ញាណក្ខន្ធ​សាស្រ្តាចារ្យ ​ស្រី​ ​បណ្តូល​ ​សហស្ថាបនិក​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ

NEWS 2 weeks ago
 
 

​​            បាត់ដំបង៖​ ​កាលពី​ថ្ងៃសៅរ៍​ទី២០​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០២១​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​នៅ​សាលា​ហ្វារ​ (PHARE) ​ពន្លឺ​សិល្បៈ ​ក្រុង​បាត់ដំបង​ ​បាន​ប្រារព្ធ​ពិធី​គោរពវិញ្ញាណក្ខន្ធ​ចំពោះ​លោក​សាស្រ្តាចារ្យ ​ស្រី​ ​បណ្តូល​ ​ដែល​បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៤៩ឆ្នាំ​ ​កាលពី​ខែសីហា​ ​ឆ្នាំ២០២១​ ​ដោយសារ​ជំងឺ​កូវីដ១៩។​ ​មនុស្សម្នា​រាប់ពាន់​នាក់​បាន​ចូលរួម​ពិធី​ដ៏​សំខាន់​នេះ​តាម​ការផ្សាយ​ប្រព័ន្ធ​អនឡាញ​ ​និង​ចូលរួម​ផ្ទាល់​នៅ​ទីតាំង​ប្រារព្ធ​កម្មវិធី​ ​ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រូបលោក​ដែល​ជា​សិល្បករ​រៀមច្បង​ក៏ដូចជា​គ្រូ​បង្គោល​ដ៏​សំខាន់​នៃ​សាលា​ហ្វារ​រូប​នេះ​ខិតខំ​ចំណាយ​ពេល​រហូត​ជិត​៣០ឆ្នាំ​សម្រាប់​ដំណើរការ​សាលា​សិល្បៈ​ដ៏​ល្បី​ប្រចាំ​ក្រុង​បាត់ដំបង​នេះ។​

Image Courtesy: សាលា​ហ្វារ​ (PHARE) ​ពន្លឺ​សិល្បៈ

​​            ​កម្មពិធី​នេះ​រួមបញ្ចូល​ការ​រំព្ញក​អនុ​ស្សាវរីយ៍​ឡើងវិញ​ពី​តំណាង​ក្រុមគ្រួសារ​សព​ ​លោក​សា​ស្រ្តាចារ្យ ​ស្រី​ ​បណ្តូល​ ​ការសូត្រ​កំណាព្យ ​ការ​សម្តែង​ចម្រៀង ​ការ​គូរ​គំនូរ​ផ្ទាល់ ​ទស្សនីយភាព​សៀក​រហស្សកម្ម​ ​និង​ការ​សម្តែង​របាំ​ ​ដែល​សុទ្ធសឹងតែ​បង្ហាញ​ពី​ទេពកោសល្យ​សិល្បៈ​ដែល​លោក​បាន​សាបព្រោះ​ដល់​យុវជន​ជំនាន់​ក្រោយ​កាលពី​លោក​នៅ​មានជីវិត។​ ​ព្រឹត្តិការណ៍​ខាងលើ​ក៏​មានការ​អុជទៀន​បំភ្លឺ​ចំនួន​២៥០ដើម​ផ្គុំ​ជា​ទម្រង់​ផ្កាឈូក​យក្ស​រីក​ឡើង​ចំកណ្តាល​បរិវេណ​សាលា​ហ្វារពន្លឺសិល្បៈ​ជា​និមិត្តរូប​នៃ​ការ​គោរពវិញ្ញាណក្ខន្ធ​ដែល​បាន​ចែកឋាន​ទៅកាន់បរលោក។​ ​ព្រម​ជាមួយគ្នា​នេះ​ ​គោម​ក្រដាស​ជាច្រើន​ក៏​ត្រូវ​បាន​បង្ហោះ​ជា​ការ​បួងសួង​ពីសំណាក់​អ្នកចូលរួម​កម្មវិធី​ផ្ទាល់។​

Image Courtesy: សាលា​ហ្វារ​ (PHARE) ​ពន្លឺ​សិល្បៈ

​​            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ភ្ញៀវ​ដែល​ចូលរួម​ផ្ទាល់​មាន​ចំនួន​ប្រមាណ​ជាង​៥០០នាក់​ និង​អ្នកទស្សនា​តាម​អនឡាញ​មាន​ចំនួន​រហូត​ជាង​៧០០០នាក់។​ ​ដោយសារតែ​គុណបំណាច់​របស់​លោក​សាស្រ្តាចារ្យ ​ស្រី​ ​បណ្តូល​ ​ដ៏​លើសលប់​ចំពោះ​អង្គការ​ហ្វារពន្លឺសិល្បៈ​នេះ​តាំងពី​ដើម​រៀងមក​ ​រហូត​ល្បីល្បាញ​ទាំង​លើ​ឆាកជាតិ​ និង​អន្តរជាតិ​ ​ទើប​ឯកឧត្តម​ ​សុខ​ ​លូ​ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​នេះ និង​ឧបត្ថម្ភ​ថវិកា​មកកាន់​អង្គការ​ហ្វារ​ដើម្បី​បន្ត​កេរដំណែល​ដ៏​ថ្លៃថ្លា​របស់​លោក​ ​ស្រី​ ​បណ្តូល។​ “គាត់​គឺ​បុរស​ម្នាក់​ដែល​តែងតែ​ផ្តល់ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​នូវ​ការណែនាំ​ ​ភាព​សប្បាយរីករាយ​ ​និង​ភាព​កក់ក្តៅ​ ​ហើយ​គាត់​ក៏​ជា​បុរស​ម្នាក់​ដែល​តែងតែ​ញញឹម​ទៅកាន់​មនុស្ស​គ្រប់គ្នា​ ​មិនថា​ក្រុមគ្រួសារ​ ​មិត្តភក្តិ​ ​និង​សិស្ស​របស់​គាត់​ទេ។​ ​គាត់​គឺជា​បុរស​ម្នាក់​ដែល​បាន​ធ្វើអ្វីៗ​គ្រប់​បែបយ៉ាង​ដោយ​មិន​គិត​ពី​ពេលវេលា​ខ្លួនឯង។​ ​អ្វី​ដែល​សំខាន់​សម្រាប់​គាត់​នោះ​គឺ​កាលណា​គាត់​អាច​ជួយ​គេ​បាន​ ​គាត់​នឹង​ជួយ​ដោយ​មិនដែល​បដិសេធ​ទេ​”ភរិយា​លោកគ្រូ​ ​ស្រី​ ​បណ្តូល​ ​បាន​សម្តែង​ចំណាប់អារម្មណ៍​ដោយ​ក្តី​ក្តុក​ក្តួ​ល។​ លោកស្រី​បាន​បន្ថែម​ថា​ “(គាត់) ​មិនដែល​ឆ្លើយ​ថា​ទេ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​ ​ជាពិសេស​គឺ​ ​គ្រួសារ​សាលា​ហ្វារ​នេះឯង​ ​ព្រោះ​គាត់​ស្រឡាញ់​ពួកគេ​ខ្លាំង​ណាស់​ ​ហើយ​គាត់​ចាត់​ទុក​ហ្វារ​ជា​ផ្ទះ​ទីពី​របស់​គាត់។​ ​គាត់​ធ្លាប់​ប្រាប់​ខ្ញុំ​ជា​ញឹកញាប់​ថា​ ​គាត់​ចង់​ឃើញ​សាលា​ហ្វារ​កាន់តែ​រីក​ចម្រើន​ធំឡើងៗ។​ ​គាត់​មិន​ចង់​បាត់បង់​វា​នោះ​ទេ។​ ​ក្តី​ស្រឡាញ់​របស់​គាត់​ចំពោះ​សាលា​ហ្វារ​គឺ​មិន​អាច​ពណ៌នា​ឲ្យអស់​បានទេ”។​

Image Courtesy: The Naga

​​            ទន្ទឹម​នឹង​នេះ​ ​លោក​ ​អូ​ស្មាន់​ ខា​វ៉ា​ចា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​បាន​ថ្លែង​ក្នុង​កម្មវិធី​ថា​ “ខ្ញុំ​មាន​ក្តី​សប្បាយរីករាយ​ដែល​ឃើញ​ក្រុម​ការងារ​យើង​ទាំងអស់គ្នា​បាន​ចំណាយ​ពេល​ចូលរួម​បង្កើត​កម្មវិធី​ឧទ្ទិស​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ ​ស្រស់​ស្អាត​ ​និង​ស័ក្តិសម​ចំពោះ​វីរបុរស​វប្បធម៌​នៃ​កម្ពុជា​ពិតៗ​ម្នាក់​នេះ។​ ​ស្រី​ ​បណ្តូល​ ​គឺជា​បុគ្គល​មួយ​រូប​ក្នុងចំណោម​បុគ្គល​សំខាន់​បំផុត​នៃ​ទស្សនីយភាព​សិល្បៈ​សហសម័យ​កម្ពុជា​ ​ហើយ​តាមរយៈ​ហ្វារពន្លឺសិល្បៈ ​អង្គការ​ដែល​គាត់​បាន​ចូលរួម​បង្កើត​នេះ​ ​គាត់​បាន​បង្កើត​ឥទ្ធិពល​យូរអង្វែង​នៅ​ក្នុង​សហគមន៍​សិល្បៈ​នេះ។​ ​សិស្ស​របស់​គាត់​បាន​ចេញទៅ​ ​ហើយ​ក្លាយ​ជា​សិល្បករ​ល្បីឈ្មោះ​ជាច្រើន​នាក់​នា​ពេល​កន្លងមក […]”៕​

​Article by SRIN SOKMEAN

Image Courtesy: The Naga

Image Courtesy: សាលា​ហ្វារ​ (PHARE) ​ពន្លឺ​សិល្បៈ

Image Courtesy: The Naga

Image Courtesy: សាលា​ហ្វារ​ (PHARE) ​ពន្លឺ​សិល្បៈ

 


SUGGESTIONS