វិចិត្រករគំនូរសហសម័យជំនាន់ថ្មី ម្ចាស់ស្នាដៃពិព័រណ៍ «សេរីភាពនៃថ្ងៃស្អែក»
NEWS 3 years agoពិព័រណ៍គំនូរចំនួន ២៤ ផ្ទាំង ក្រោមប្រធានបទ «សេរីភាពនៃថ្ងៃស្អែក» ដែលកំពុងដាក់តាំងនៅក្នុងវិចិត្រសាលសិល្បៈត្រជាក់ភ្នែក (ផ្ទះយូឃិន) បើកឲ្យមហាជនចូលរួមទស្សនាដោយសេរីរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះកើតចេញពីទឹកដៃដ៏ប៉ិនប្រសប់របស់យុវជនខ្មែរជំនាន់ថ្មីមួយរូបឈ្មោះថា ប៉ែន រ៉ូប៊ីត។ ផ្ទាំងគំនូរដែលមានរចនាបថជាគំនូរអជីវចល (Still Life) ទាំងនេះត្រូវបានបង្កើតឡើងដោយការស្រមើស្រមៃគ្មានទីបញ្ចប់ ឆ្លុះបង្ហាញពីតថភាពជាក់ស្តែងមួយចំនួន ជាពិសេស ការផ្តោតលើជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចជាការបង្ហាញពីសេចក្តីឈឺចាប់ដែលតែងតែកើតឡើងលើស្ត្រីរូប។ តើលោក ប៉ែន រ៉ូប៊ីត ម្ចាស់ស្នាដៃពិព័រណ៍នេះមានប្រវត្តិស្នាដៃការងារដូចម្តេចខ្លះ? នឹងមានគម្រោងអ្វីជាបន្ទាប់សម្រាប់ជាកាដូចំពោះអ្នកគាំទ្រវិស័យគំនូរក្នុងស្រុក?
លោក ប៉ែន រ៉ូប៊ីត កើតក្នុងឆ្នាំ១៩៩១ នៅខេត្តបាត់ដំបង ហើយកំពុងរស់នៅ និងបំពេញការងារនៅទីក្រុងភ្នំ ពេញ។ ស្នាដៃការងារវិចិត្រកម្មរបស់សិល្បកររូបនេះផ្តោតលើអតីតកាល បច្ចុប្បន្នកាល និង អនាគតនៃការវេញបញ្ចូលរវាងសង្គម-នយោបាយនៃប្រទេសកម្ពុជា។ ការងារទាំងនេះទទួលឥទ្ធិពលពីរូបនិមិត្តវិទ្យានៃវប្បធម៌កម្ពុជា (Cultural Iconography) រួមជាមួយនឹងបច្ចុប្បន្នភាពនៃកិច្ចសន្ទនានានាអំពីសង្គម។ កន្លងមក លោកធ្លាប់ត្រូវបានជ្រើសរើសជាសិល្បករឲ្យចូលរួមក្នុងមហោស្រពជាច្រើន រួមមានជាអាទិ៍ មហោស្រព OzAsia (ADELAIDE) (ប្រទេសអូស្ត្រាលី, ២០០៦), Peninsula Austronesia International Art and Culture (តៃវ៉ាន់, ២០១៥), សិក្ខាសាលាអាស៊ីអាគ្នេយ៍នៃស្ទូឌីយោ Tep Seri Sok Sopha (ឈៀងម៉ៃ, ប្រទេសថៃ, ២០០៨) -ល-។ រីឯពិព័រណ៍ទោល មានដូចជា Out of This World (ប្រទេសម៉ាឡេស៊ី, ២០២០), Beyond (ខេត្តសៀមរាប, ២០១៨), Thread (ក្រុងភ្នំពេញ, ២០១៨), Krama (ក្រុងភ្នំពេញ,២០១៣) និង Untitled (ក្រុងភ្នំពេញ, ២០១២)។ ដោយឡែក ពិព័រណ៍ «សេរីភាពនៃថ្ងៃស្អែក» ប្រចាំដើមឆ្នាំ ២០២២ នេះ ជាសមិទ្ធផលពិព័រណ៍ទោលលើកទី៦ហើយ សម្រាប់ជីវិតជាវិចិត្រកររបស់លោក។ លក្ខណៈពិសេសនៃពិព័រណ៍ថ្មីចុងក្រោយនេះគឺវាជាស្នាដៃស៊េរីទី២របស់លោក (បន្ទាប់ពីពិព័រណ៍នៅម៉ាឡេស៊ី កាលពីឆ្នាំ២០២០) ដែលជាប្រភេទគំនូរបែបតួអង្គ (Figurative) ផ្តោតលើរូបមនុស្ស ឬ រូបសត្វ ដែលបង្ហាញពីរឿងរ៉ាវក្នុងសង្គម។“ការងារដំបូងរបស់ខ្ញុំផ្តោតលើបច្ចេកទេសនៃការរោយពណ៌ បង្កើតជាមុខមនុស្ស។ កន្លងមក ខ្ញុំគូរតែមុខ Portray (មុខមនុស្ស) ខ្មែរយើងជាមួយរបៀបនៃការប្រើក្រមារបស់គាត់តាមទម្រង់ផ្សេងៗ តែការងារថ្មីនេះ ខ្ញុំសិក្សានិងអភិវឌ្ឍទៅលើការគូររូបបែបគំនូរដូចឡើងវិញ” លោកបានបញ្ជាក់។ ស្របជាមួយគ្នានេះដែរ ចំណុចនៃការប្រើប្រាស់ពណ៌ ការថ្លឹងថ្លែងពណ៌ និង ការបញ្ជាក់ន័យតាមរយៈពណ៌ (ឧទា: ទេសភាពពេលល្ងាច តំណាងទុក្ខសោក) សុទ្ធសឹងតែជាចំណុចលេចធ្លោសំខាន់នៃស្នាដៃការងាររបស់លោក។
បច្ចុប្បន្នលោកគ្រោងនឹងតាំងពិព័រណ៍ថ្មីដែលជាប្រភេទគំនូរមួយបែបទៀតរបស់លោកគឺ គំនូរអរូបី (Abstract) ដែលមានលក្ខណៈជាសរសៃអំបោះពណ៌វេចត្បាញបញ្ចូលគ្នា ប៉ុន្តែរំលេចជាទ្រង់ទ្រាយខុសៗគ្នានៅលើផ្ទៃខាងក្រោយ (background) ពណ៌ខ្មៅ លំនាំផ្ទៃក្រមាប្រពៃណីខ្មែរយើង។ មូលហេតុដែលជំរុញចិត្តលោកឲ្យមានគម្រោងនេះឡើងគឺដោយសារលោកមានចំណង់ចំណូលចិត្តចង់បង្ហាញអ្វីដែលជាអត្តសញ្ញាណវប្បធម៌ប្រពៃណីខ្មែរ។ លោកបានបង្ហើបទៀតថា ពិព័រណ៍បន្ទាប់នេះជាកិច្ចសហការរវាងវិចិត្រសាលសិល្បៈត្រជាក់ភ្នែក និង វិចិត្រសាលនៃសណ្ឋាគារ Rosewood ក្នុងអគារវឌ្ឍនៈ។ ពិព័រណ៍ខាងលើគ្រោងនឹងបើកទ្វារស្វាគមន៍សាធារណជនទាំងឡាយនៅនៅថ្ងៃទី១៧ ខែកុម្ភៈខាងមុននេះ ដែលលោកបានរៀបចំស្នាដៃដែលត្រូវដាក់តាំងបង្ហាញត្រៀមរួចរាល់អស់ហើយ។
ជាចុងក្រោយ លោកបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះបច្ចុប្បន្នភាពនៃវិស័យគំនូរសហសម័យនៅក្នុងប្រទេសកម្ពុជាយើងដែលស្តែងឡើងតាមរយៈកំណើនវិចិត្រសាលសម្រាប់គំនូរសហសម័យក្នុងស្រុក ទោះបីជាសិល្បៈប្រភេទនេះពុំទាន់ត្រូវបានមហាជនទូទៅស្គាល់ទូលំទូលាយខ្លាំងនៅឡើយក៏ដោយ ។ ទោះបីជាយ៉ាងណា លោកបានប្តេជ្ញា បន្តការងារនេះដើម្បីដុសខាត់សមត្ថភាពអាជីពរបស់ខ្លួនឲ្យកាន់តែរីកម្រើនទៅអនាគតហើយនិងស្វែងរកឱកាសដើម្បីបន្តការសិក្សាជំនាញនេះនៅបរទេសបន្ថែមទៀត៕
Article by SRIN SOKMEAN