×

មូល​ ​សា​រ៉ា​វ៉ាន់​ ​ពិធី​ករ​ជំនាន់​ក្រោយដែលបាន​គ្រង​តំណែង​កម្មវិធី​លំដាប់​អន្តរជាតិ​នៅ​កម្ពុជា​

NEWS 4 weeks ago
 
 

           ​ពិធី​ករ​វ័យក្មេង​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពេល​បច្ចុប្បន្ន​ ​មូល​ ​សា​រ៉ា​វ៉ាន់​ ​ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់​ច្បាស់​តាមរយៈ​កម្មវិធី​ ​Miss​ ​Grand​ ​Cam​bo​d​i​a​ ​ឆ្នាំ​ ​២​០​២​០​ ​និង​ ​ឆ្នាំ​២​០​២​១​ ​កន្លងទៅ​ ​រួម​ទាំង​កម្មវិធី​ក​ម្សាន្ត​បែប​យុវវ័យ​ជាច្រើន​ទៀត​ ​បាន​ចូលខ្លួន​មក​លាតត្រដាង​ពី​ប្រវត្តិ​មុន​ចូល​សិល្បៈ ​ព្រមទាំង​កត្តា​កំណត់​ជោគជ័យ​ការងារ​របស់​លោក​តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន​។​

          ​លោក​ ​មូល​ ​សា​រ៉ា​វ៉ាន់​ ​បាន​រំ​ព្ញ​ក​អតីតកាល​របស់​លោក​ថា​ ​លោក​ធំដឹងក្តី​នៅ​រាជធានី​ភ្នំពេញ​ ​ជា​អតីត​សិស្ស​ ​វិទ្យាល័យ​សន្ធរ​ម៉ុ​ក​ដែល​បាន​បញ្ចប់​មធ្យមសិក្សា​ទុតិយ​ភូមិ​កាលពី​ឆ្នាំ​២​០​១​១​។​ ​បន្ទាប់មក​ ​លោក​ក៏បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (R​UP​P​) ​ដោយ​ចាប់​យក​ជំនាញ​ព័ត៌មាន​វិទ្យា​ (​I​.​T​) ​ជា​ជំនាញ​ឯកទេស​។​ ​លោក​បាន​អះអាង​ថា​ ​លោក​​​មាន​ឧបនិស្ស័យ​ផ្នែក​សិល្បៈ​តាំងពី​វ័យក្មេង​មក​ម្ល៉េះ​។​ ​ប៉ុន្តែ​លុះដល់​ពេល​កំពុង​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ឆ្នាំ​ទី​២​ ​ឬ​ ​ទី​៣​ ​ទើប​លោក​បាន​សម្រេច​ចិត្ត​ដាក់ពាក្យ​ប្រកួតប្រជែង​ជា​បេក្ខភាព​ក្នុង​កម្មវិធី​ប្រឡង​ ​Fresh​i​e​ ​Boy​ & ​Girl​ ​ដែល​ជំនាន់​នោះ​ផ្សាយ​លើ​កញ្ចក់ទូរទស្សន៍​ ​M​Y​T​V​។​ ​លោក​ពុំ​ទទួល​បាន​ចំណាត់ថ្នាក់​ជ័យ​លា​ភី​នោះ​ទេ​ ​ប៉ុន្តែ​បានជា​ប់​ក្នុងចំណោម​ជម្រើស​បេក្ខជន​១​០​រូប​ចុងក្រោយ​ដែរ​។​ ​តាមរយៈ​នេះ​ ​លោក​ទទួល​បាន​បទពិសោធន៍​ខាង​ផ្នែក​សិល្បៈ ​ហើយ​វាក​៏​ជា​ជំហាន​បឋម​ដែល​ដឹកនាំ​រូបលោក​ទៅ​កាន់ការ​ងារ​សិល្បៈ​ជាបន្តបន្ទាប់​នៅ​ពេលក្រោយ​មក​ទៀត​។​

          ​ដំបូង​ឡើយ​ ​ក្តី​ស្រមៃ​ក្នុង​ពិភព​សិល្បៈ​របស់​លោក​នោះ​គឺ​ ​ផ្នែក​ដើរ​ម៉ូដ​ ​និង​ ​សម្តែង​ទេ​ ​ប៉ុន្តែ​ឱកាស​ការងារ​បាន​ ​ជំរុញ​រូបលោក​ឲ្យ​ទទួល​បាន​ជោគជ័យ​និង​កេរ្តិ៍ឈ្មោះ​ក្នុង​អាជីព​ជាពិធី​ករ​ទៅវិញ​។​ ​ជាក់ស្តែង​ ​ក្រោយ​ពី​កម្មវិធី​ប្រឡង​ ​Fresh​i​e​ ​Boy​ & ​Girl​ ​នោះ​ ​លោក​ទទួល​បាន​ទំនុក​ចិត្ត​ពី​អ្នកដឹកនាំ​កម្មវិធី​មួយ​រូប​នៅ​ស្ថា​នី​យ៍​ទូរទស្សន៍​ ​E​T​V​ ​ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​កម្មវិធី​ក​ម្សាន្ត​ចំណុះ​ស្ថា​នី​យ៍​ទូរទស្សន៍​បាយ័ន​ឲ្យ​ធ្វើជា​ពិធី​ករ​កម្មវិធី​សំណូមពរ​បទ​ចម្រៀង​របស់​ស្ថា​នី​យ៍​នោះ​។​ ​ដោយសារ​សមត្ថភាព​ការងារ​របស់​លោក​កាន់តែ​រីក​ចម្រើន​ ​លោក​បាន​វិវឌ្ឍ​ខ្លួន​ពី​ការ​ថត​វីដេអូ​ទុកមុន​នូវ​កម្មវិធី​ដែល​មាន​រយៈពេល​៣​០​នាទី​មក​ជា​ការ​ធ្វើពិធី​ករ​ផ្សាយ​ផ្ទាល់​ (​live​) ​តាមរយៈ​កម្មវិធី​ ​E​T​V​ ​Gold​ ​Concert​ ​របស់​ស្ថា​នី​យ៍​ដដែល​។​ ​ជោគជ័យ​ដ៏​គួរឲ្យ​កត់​សម្គាល់​នេះ​មិនមែន​ជា​ការ​ចៃដន្យ​ទេ​ ​ព្រោះ​លោក​បាន​ប្រាប់​ថា​ ​លោក​តែងតែ​មើល​គំរូ​រៀមច្បង​ពិធី​ករ​មុន​ៗ​ ​ជាពិសេស​គឺ​ ​អតីត​ពិធី​ករ​ជើងចាស់​ អ៊ិ​ត​ ​សេដ្ឋា​ ​ដែល​លោក​ចាត់ទុកជា​និមិត្តរូប​របស់​លោក​តែម្តង​ ​ព្រម​ជាមួយ​គំរូ​ពិធី​ករ​បរទេស​អាជីព​ល្បី​ៗ​គួបផ្សំ​ថែមទៀត​ផង​។​ ​មហាជន​កាន់តែ​ទទួលស្គាល់​រូបលោក​កាន់តែ​ច្រើន​នៅ​ពេល​លោក​គ្រង​តំណែង​ជាពិធី​ករ​ក្នុង​កម្មវិធី​ប្រគំ​ត​ន្រ្តី​របស់​ស្ថា​នី​យ៍​ទូរទស្សន៍​ ​P​NN​។​ ​ដៃគូ​ដែល​លោក​ធ្លាប់​ប្រឡូក​ការងារ​យ៉ាង​រលូន​ជាមួយគ្នា​នៅ​លើ​ឆាក​សិល្បៈ​មាន​ដូចជា​ ​កញ្ញា​ ​សុភ័ក្រ្ត កុសុ​ម៉ា​ ​កញ្ញា​ ​ពេជ្រ​ ​ច័ន្ទ​ធីតា​ ​និង​ ​កញ្ញា​ ​Jimmy​ ​Men​g​ ​។​ល​។

          ​តើ​ឆ្លងកាត់​មុខរបរ​ជាពិធី​ករ​នេះ​ ​លោក​ទទួល​បាន​អ្វីខ្លះ​រហូតមកដល់​សព្វថ្ងៃនេះ​? ​លោក​បាន​ឆ្លើយ​ថា​ ​ក្រៅពី​ល្បី​មាន​គេ​ស្គាល់​ច្រើន​ ​លោក​ក៏​ទទួល​បាន​បទពិសោធន៍​ផ្នែក​ទំនាក់ទំនង​ ​និង​ ​គម្រោង​ការងារ​ធំ​ៗ​ជាច្រើន​ដែល​លោក​នឹកស្មាន​មិនដល់​ពីមុន​មក​ ​ជាអាទិ៍​ ​កម្មវិធី​ ​Miss​ ​Grand​ ​Cam​bo​d​i​a​ ​នេះ​ ​ជាដើម​។​ ​លើស​ពី​វោហារ​ស​័ព្ទ ​ពិធី​ករ​ ​មូល​ ​សា​រ៉ា​វ៉ាន់​ ​ក៏មាន​សមត្ថភាព​ចំណេះ​ដឹង​ភាសាបរទេស​ ​រួម​មាន​ ​ភាសា​អង់គ្លេស​ ​និង​ ​ភាសា​ថៃ​ ​ដែល​អំណោយផល​ល្អ​ដល់​ទំនាក់ទំនង​ការងារ​សព្វថ្ងៃ​របស់​លោក​។​ ​បន្ថែម​លើ​អាជីព​ប្រចាំថ្ងៃ​ ​លោក​ក៏​ធ្លាប់​សម្តែង​ភាពយន្ត​បាន​បី​រឿង​ ​ក្នុង​នោះ​រួម​មាន​ ​រឿង​ ​ចំណង​អាពាហ៍ពិពាហ៍​ (​របស់​ស្ថា​នី​យ៍​ទូរទស្សន៍​ ​P​NN) ​រឿង​ ​ប្រហុក​ក្រអូប​ (​របស់​ស្ថា​នី​យ៍​ទូរទស្សន៍​ C​T​N) ​និង​ ​រឿង​ ​ព្រលឹង​ (​ផលិតកម្ម​មហាហង្ស​) ​ព្រមទាំង​ឆ្លៀតពេល​ថត​ផ្សព្វផ្សាយ​ផលិតផល​ឲ្យ​ក្រុមហ៊ុន​នានា​ផង​ដែរ​។​ ​លោក​បាន​បង្ហើប​ថា​ ​លោក​​​មានបំណង​ចាប់​យក​ជំនាញ​ដើរ​ម៉ូដ​បន្ថែម​ទៀត​បើ​មានឱកាស​។​ ​ជាចុងក្រោយ​ ​លោក​ក៏​មិន​ភ្លេច​ប​ណ្តាំ​សម្រាប់​ពិធី​ករ​ស្រករក្រោយ​ថា​ ​ចូរ​តស៊ូ​កុំ​បោះបង់​ ​ហើយ​ធ្វើខ្លួន​ឲ្យ​ស្អាត​ទាំង​អាកប្បកិរិយា​ ​និង​ចិត្តគំនិត​។​ ​ចៀសវាង​ច្រណែន​ឈ្នានីស​ក្នុងរង្វង់​សិល្បៈ ​និង​ ​ត្រូវ​ចេះ​តម្លៃ​ដល់​សិល្បករ​រៀមច្បង​ ​នោះ​ទើប​ជីវិត​សិល្បៈ​ទទួល​បាន​ជោគជ័យ​គង់វង្ស​យូរអង្វែង​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS