យ៉ា សុផាន់ម៉ៃ តារាសម្តែងតួអង្គឆ្នាសឆ្នើមកំពុងមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ
NEWS 3 years ago ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់នូវតារាសម្តែងស្រីវ័យក្មេងសម្បុរសណ្តែកបាយ ដែលតែងតែសម្តែងជាតួអង្គឆ្នាសឆ្នើម ក្រមិចក្រមើម នៅក្នុងរឿងជាច្រើននៃផលិតកម្ម «Sastra Film» នោះគឺកញ្ញា យ៉ា សុផាន់ម៉ៃ។ ជាការពិតណាស់ យ៉ា សុផាន់ម៉ៃ គឺជាតារាសិល្បៈជាន់ថ្មីដែលមានមហិច្ឆតាខ្ពស់ទៅលើការសម្តែង ហើយមកទាល់ពេលនេះកញ្ញាទទួលបានការគាំទ្រ និងមានប្រជាប្រិភាពមិនចាញ់ចំណោមតារាសម្តែងស្រីស្រករគ្នាប៉ុន្មានឡើយ។
យ៉ា សុផាន់ម៉ៃ ឬមានឈ្មោះពិតថា ខូវ គីមឡាង បានបោះជំហានលើវិថីសិល្បៈតាំងពីឆ្នាំ២០១៧ ដោយផ្តើមចេញពីតួអង្គបន្ទាប់បន្សំនៅក្នុងការថតខ្សែភាពយន្ត។ ថ្វីបើមិនបានឆ្លងកាត់ការបណ្តុះបណ្តាលលើជំនាញសិល្បៈ តែកញ្ញាហាក់អំណោយផលទេពកោសល្យពីធម្មជាតិដែលអាចសម្តែងបានដូចជាអ្នកអាជីព។ ប្រឡូកសិល្បៈរយៈពេលខ្លី កញ្ញាត្រូវបានផលិតករដ៏ល្បីប្រចាំប្រទេសកម្ពុជាគឺ លោកស្រី ពាន់ ភួងបុប្ផា ចាប់អារម្មណ៍ទៅលើសមត្ថភាព និងផ្តល់ឱកាសឲ្យសម្តែងជាតួឯកជាលើកដំបូងនៅក្នុងខ្សែភាពយន្តមួយក្រោមចំណងជើង «រសជាតិអ្នកមាន»។ ដោយមានភាពប៉ិនប្រសប់ក្នុងការសម្តែង គួបផ្សំនឹងរូបសម្រស់ក៏អំណោយផលផងនោះ តារាសម្តែងកម្ពស់១,៦៦ម៉ែត្ររូបនេះចាប់ផ្តើមមានសន្ទុះទីផ្សារការងារចាប់តាំងពីឆ្នាំ២០២១មក។ ជាក់ស្តែង កញ្ញាបានសម្តែងជាតួឯកក្នុងខ្សែភាពយន្តបន្តបន្ទាប់រួមមាន រឿង «សង្សារខ្ញុំ» រឿង «១០០%គឺស្រលាញ់» រឿង «គឺអ្នក» រឿង «មនុស្សទីបី» រឿង «តាមបេះដូងដល់ទីបញ្ចប់» រឿង «ខ្វះអូនមិនបាន» រឿង «វាសនានាងហង្ស» រឿង «វិធីបំភ្លេចEX» និងរឿង «តួសម្តែង» ដែលកំពុងតែចាក់ផ្សាយផងដែរ។ នេះមិនរាប់បញ្ចូលភាពយន្តដែលកញ្ញាសម្តែងជាតួអង្គផ្សេងៗផងនោះ។
សម្រាប់ការថតភាពយន្ត កញ្ញាថាខ្លួនអាចសម្តែងបានជាតួអង្គច្រើនបែប មិនថាតួអង្គមានចរិតស្លូតបូត តួកាចឆ្នាស ក្រមិចក្រមើម ច្រឡឺម ម៉ឺងម៉ាត់ ឬតួអង្គបែបខ្យូតៗនោះទេ។ នេះក៏ព្រោះការព្យាយាមរៀនសូត្រ និងរមែងតែទទួលបានការចង្អុលបង្ហាញពីរៀមច្បងក៏ដូចជាអ្នកដឹកនាំរឿង។ ឆ្លងកាត់បទពិសោធន៍សម្តែងកន្លងមក កញ្ញាលើកពីការសម្តែងតួអង្គមួយដែលពិបាកសម្រាប់កញ្ញាថា “តួអង្គដែលខ្ញុំពិបាកសម្តែងជាងគេបំផុត គឺតួអង្គដែលមានចរិតស្លូតបូត មឹះៗ មិនសូវមានប៉ារ៉ូលនិយាយ លេងតែទឹកមុខ និងប្រើអារម្មណ៍សម្តែង ព្រោះភាគច្រើនខ្ញុំលេងជាតួអង្គដែលឆ្នាសៗ និយាយច្រើន ប្លង់ខ្លះខ្ញុំនិយាយប៉ារ៉ូលច្រើនតែម្នាក់ឯងក៏មាន។” ទោះយ៉ាងណា ការប្រឡូកគ្រប់តួបែបនេះបានធ្វើឲ្យកញ្ញាយល់កាន់តែច្បាស់ពីការសម្តែងជាតួអង្គដែលមានអាកប្បកិរិយាផ្សេងៗទៅតាមសាច់រឿង ហើយក៏ទទួលបានបទពិសោធន៍ខុសៗគ្នាតាមរយៈតួអង្គនោះដែរ។
តាមរយៈការសម្តែង ឃើញថា សុផាន់ម៉ៃ ភាគច្រើនសម្តែងជាតួអង្គឆ្នាសឆ្នើមសឹងតែគ្រប់រឿង បើទោះរឿងនោះសម្តែងជាតួឯកក៏ដោយ តែតាមពិតទៅម្ចាស់សាមីខ្លួនប្រាប់ថាអត្តចរិតពិតធម្មជាតិរបស់ខ្លួនគឺស្លូតបូត និងចូលចិត្តនិយាយលេងច្រើនដែលផ្ទុយស្រឡះពីការសម្តែងនៅក្នុងខ្សែភាពយន្ត។ កញ្ញាថាការសម្តែងចំតែតួអង្គមានលាយឆ្នាសឆ្នើមនេះ អាចក៏ព្រោះតែផលិតករគិតថាចរិតឫកពារបស់កញ្ញាស័ក្តិសម និងអាចលេងបានតួអង្គច្រើនបែបក្នុងពេលតែមួយនេះឯង។
គួរឲ្យដឹងដែរថា តារាសម្តែងស្រីជាន់ថ្មី សុផាន់ម៉ៃ មានស្រុកកំណើតនៅខេត្តកំពង់ចាម មានឪពុកម្តាយជាអ្នកប្រកបរបរលក់ដូរ។ កញ្ញាជាកូនទី៣នៃបងប្អូន៤នាក់ (ស្រី២ប្រុស២)។ បច្ចុប្បន្នតារាសម្តែងស្រីរូបនេះកំពុងមានទីផ្សារថតខ្សែភាពយន្តទាំងខ្នាតតូច និងខា្នតធំ រួមទាំងមានទីផ្សារថតផ្សព្វផ្សាយផលិតផលផ្សេងៗផងដែរ ៕
Article by SOUNG SOKSAN