វិចិត្រករបារាំងល្បីឈ្មោះ Théo Vallier រៀបចំបើកសហពិព័រណ៍ដំបូងក្រោយកូវីដក្រោមប្រធានបទ “ប្រសព្វ: ក្រុងភ្នំពេញ”
NEWS 12 months agoអ្នកប្រហែលជាធ្លាប់ឮពីពិព័រណ៍គំនូរ ឬ ពិព័រណ៍រូបថតក្រោមប្រធានបទផ្សេងៗច្រើនស្ទើររាប់មិនអស់ទៅហើយមើលទៅ! ប៉ុន្តែលើកនេះពិតជាប្លែកជាងសព្វមួយដង ព្រោះមានជនជាតិបារាំងម្នាក់ដែលបានមករស់នៅនិងធ្វើការនៅក្នុងក្រុងភ្នំពេញអស់រយៈពេល១៥ឆ្នាំមកហើយហើយបានប្រើគំនិតច្នៃប្រតិដ្ឋរបស់គាត់ផ្ទាល់ដើម្បីបង្កើតគំនូរពិសេសម្យ៉ាងនៅលើបន្ទះដែកដែលប្រើធម្មជាតិនៃច្រែះស៊ីដែកនោះឯងរំលេចឆ្លុះចេញជាស្រទាប់រូបភាពបែបសិល្បៈគួរឲ្យស្ញើចសរសើរ។ ស្នាដៃថ្មីៗរបស់លោកនឹងត្រូវបានដាក់តាំងពិព័រណ៍ជាសាធារណៈឲ្យមហាជនទាំងឡាយចូលទស្សនាដោយឥតគិតថ្លៃរយៈពេល១ខែនៅក្នុងក្រុងភ្នំពេញ នៅឯសណ្ឋាគារ Plantation Urban Resort & Spa ចាប់ពីម៉ោង៦ល្ងាច ថ្ងៃសុក្រ ទី២៤ ខែមិថុនា ខាងមុខនេះ។
វិចិត្រករបារាំងដែលគ្រោងនឹងរៀបចំសម្ពោធន៍ពិព័រណ៍ស្នាដៃសិល្បៈនៅថ្ងៃសុក្រខាងមុខនេះត្រូវបានក្រុមវិចិត្រករនិងអ្នកស្រឡាញ់សិល្បៈគំនូរស្គាល់ថា លោក តេអូ វ៉ាលីយេរ (Théo Vallier) ដែលមានប្រវត្តិស្នាដៃការងារ តាំងពិព័រណ៍មិនតិចជាង១០លើកទេនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៧។ ពិព័រណ៍ថ្មីនេះមានចំណងជើង ជាផ្លូវការថា Convergence ឬ ភាសាខ្មែរថា «ប្រសព្វ: ក្រុងភ្នំពេញ» ដែលសំដៅលើការបង្ហាញស្នាដៃសិល្បៈរួមគ្នា រវាងសិល្បករ ជនជាតិបារាំងពីរជាលើកដំបូង (រួមជាមួយសិល្បករម្នាក់ទៀតគឺលោក Gregory Goselin ដែលជា មិត្តភក្តិរបស់លោក)។ ប្រធានបទនៃពិព័រណ៍មួយនេះគឺផ្ទាំងគំនូររបស់លោកបង្ហាញពីទិដ្ឋភាពតាមផ្លូវនៃក្រុងភ្នំ ពេញ ខណៈដែលស្នាដៃរបស់មិត្តភក្តិលោកម្នាក់ទៀតជាប្រភេទសិល្បៈដំឡើងរូបភាព (Installation) ធ្វើពីដែក ដូចគ្នា ដែលផ្តោតលើប្រភេទសត្វល្អិតដែលមានក្នុងក្រុងភ្នំពេញ។ វត្ថុសិល្បៈសរុបសម្រាប់តាំងពិព័រណ៍រួមនេះមានប្រមាណ២០ស្នាដៃ បើតាមការអះអាងរបស់លោក តេអូ វ៉ាលីយេរ ។
ហេតុអ្វីបានជាវិចិត្រករខាងលើចង់សហការនិងមិត្តភក្តិបង្កើតពិព័រណ៍នេះឡើង? លោកបានឆ្លើយតបថា ពេលនេះជាឱកាសល្អសម្រាប់សិល្បករចាប់ផ្តើមការងារតាំងពិព័រណ៍របស់ខ្លួនឡើងវិញក្រោយការផ្អាកក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដដ១៩ ហើយលោកមានបំណងចង់បំពេញវិចិត្រសាលនៃទីតាំងសណ្ឋាគារ Plantation ឲ្យស្រស់ស្អាតទាក់ទាញជាមួយនឹងស្នាដៃសិល្បៈដ៏រស់រវើកដែលលោកនិងមិត្តភក្តិបានខិតខំចាប់ ដៃគ្នាសហការធ្វើឡើងយ៉ាងសស្រាក់សស្រាំអស់ពីកម្លាំងកាយចិត្ត។ ចំពោះប្រធានបទដែលជ្រើសរើសនេះគឺ លោកយល់ថាមកពីលោកចូលចិត្តផ្តិតយករូបភាពបែបសិល្បៈទីក្រុង (urban art) ឬ ទស្សនីយភាពតាមផ្លូវ (street scene) ហើយលោកក៏បានធ្វើការងារច្រើនផ្ទាល់នៅតាមដងផ្លូវនានានៅទីក្រុងនេះ។ “ ខ្ញុំចូលចិត្តអគារចាស់ៗនៅ ភ្នំពេញដូចជា ម្តុំផ្សារអូរប្ញស្សី និងផ្សារធំថ្មី ហើយខ្ញុំចូលចិត្តរូបភាពចលនាសកម្មភាពប្រជាជននៅជុំវិញអគារទាំង នោះ។ វាបង្ហាញពីចក្ខុវិស័យ- អ្វីដែលធ្វើឲ្យយើងទទួលឥទ្ធិពលពីវាជាប្រចាំថ្ងៃ” លោកបានបញ្ជាក់។
លោកចង់ពន្យល់ប្រាប់ថា ស្នាដៃគំនូររបស់លោកមិនមែនជាប្រភេទគំនូរដោយប្រើពណ៌ចម្រុះដូចគំនូរ ទូទៅនោះទេ តែវាកើតចេញពីការបំលែងជាច្រើនដំណាក់កាល រាប់ចាប់តាំងតាំងពីថតរូប រៀបចំឯកសាររូប កាត់បន្ទះដែក គូរទឹកថ្នាំពណ៌សសុទ្ធ បាញ់ទឹកបង្កើតសំណើម រហូតដល់ច្រែះស៊ីដែកជាស្រទាប់ៗ បង្កើតបានជាផ្ទាំងគំនូរសម្រេចដែលមានពណ៌ឆ្លុះចេញទៅតាមធម្មជាតិនៃប្រតិកម្មច្រែះ។ លោកត្រូវចំណាយពេល១ខែ មិនសូវបានទំនេរដៃនោះទេដើម្បីត្រៀមរូបភាពទាំងនេះសម្រាប់តាំងពិព័រណ៍។ លោកសង្ឃឹមថា នឹងមានភ្ញៀវច្រើនកុះករ ចូលមកគាំទ្រទស្សនាពិព័រណ៍ដ៏សម្រិតសម្រាំងមួយនេះ។ ជាចុងក្រោយ លោកមានប្រសាសន៍ថា “ខ្ញុំចង់ផ្តល់ឥទ្ធិពលកម្លាំងចិត្តដល់អ្នកជំនាន់ក្រោយ។ (ស្នាដៃសិល្បៈរបស់ខ្ញុំ) វាច្រើនលើសពីពាក្យថាការងារ! វាជាចំណង់ដែលត្រូវតែធ្វើ ត្រូវតែបង្កើត!” ។
សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីចូលអានព័ត៌មានលម្អិតអំពីកម្មវិធី៖ https://fb.me/e/1EknkNglv
Article by SRIN SOKMEAN