ព្រឹត្តិការណ៍ដើរម៉ូដរដូវកាលចុងឆ្នាំបង្ហាញស្នាដៃយុវរចនាករ យុន រតនៈ
NEWS one year ago នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះស្លាកយីហោដ៏មានប្រជាប្រិយភាព ROTTANAK Official នឹងរៀបចំប្រារព្ធកម្មវិធីការដើរបង្ហាញម៉ូដសម្លៀកបំពាក់ហ្វេហ្សិនជាលក្ខណៈឯកជនស្ថិតនៅក្នុងរោងភាពយន្ត Prime Cineplex សម័យឃ្វែរ (Samai Square) ដើម្បីអបអរសាទរក្នុងការបង្កើតស្លាកយីហោរបស់ខ្លួនរយៈពេល៨ឆ្នាំប្រកដោយភាពជោគជ័យ ក៏ដូចជាការស្វាគមន៍នូវទំព័រហ្វេហ្សិនសារជាថ្មីម្តងទៀតក្រោយពីមានភាពស្ងប់ស្ងាត់អស់រយៈពេល ២ ឆ្នាំដោយសារជំងឺកូវីដ ១៩ កន្លងមក។ ទន្ទឹមនឹងនេះ ស្ថាបនិករបស់ម៉ាកសម្លៀកបំពាក់ហ្វេហ្សិន លោក យុន រតនៈ បានឲ្យដឹងយ៉ាងដូច្នេះថា ការរៀបចំប្រារព្ធកម្មវិធីការដើរបង្ហាញឈុតសម្លៀកបំពាក់នេះដែរនឹងផ្តល់បទពិសោធន៍ថ្មីៗជាច្រើនសម្រាប់ភ្ញៀវដែលបានអញ្ជើញចូលរួម តួយ៉ាង ទីតាំង ក៏ដូចជាឈុតម៉ូដសម្លៀកបំពាក់ជាដើម។ យ៉ាងណាមិញ ការព្រឹត្តិការណ៍នៃការដើរបង្ហាញម៉ូដសម្លៀកបំពាក់ហ្វេហ្សិននឹងត្រូវបែងចែកចេញជា ៣ វគ្គផ្សេងៗគ្នាដូចជា៖ វគ្គទី១ គឺជាការបង្ហាញឈុតហែលទឹក (Swimming Suit) ច្នៃម៉ូដដោយ G-Wear វគ្គទី២ គឺជាការបង្ហាញឈុតសម្លៀកបំពាក់បុរសមានការច្នៃម៉ូដដោយ FOC Man ដែលវត្តមានសំដែងរបស់តារាចម្រៀង លោក BOB មកពីផលិតកម្មថោនក្នុងឈុតសម្លៀកបំពាក់ដ៏ពិសេសនេះ និងវគ្គចុងក្រោយនោះគឺជាការបង្ហាញឈុតម៉ូដសម្លៀកបំពាក់ហ្វេហ្សិនដែលច្នៃដោយស្លាកយីហោ ROTTANAK Official។ ជាអាទិ៍ ខូឡិកហ្សិនទាំង ៣ វគ្គនេះនឹងផ្តល់ភាពទាក់ទាញបំផុតសម្រាប់អ្នក
ទស្សនាដែលពុំអាចនឹកស្មានឡើយ។
គួរជម្រាបផងដែរថា ស្លាកយីហោហ្វេហ្សិន ROTTANAK Official បានបង្កើតឡើងតាំងពីឆ្នាំ ២០១៤ មកម៉្លេះ រីឯភ្ញៀវកិត្តិយសដែលមានសិទ្ធិអាទិភាពអាចអញ្ជើញចូលរួមក្នុងកម្មវិធីការដើរបង្ហាញម៉ូដនេះគឺតម្រូវឲ្យមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ក៏ព្រោះតែម៉ូដសម្លៀកបំពាក់ខ្លះមានភាពសិចស៊ីផងដែរ៕
Article by PAN SIVLY