«ស្រាទំពាំងបាយជូរព្រៃ» ភេសជ្ជៈកូនខ្មែរចម្រាញ់ពីផ្លែព្រៃធម្មជាតិពីជួរភ្នំដងរែក
NEWS 2 years ago លោកអ្នកច្បាស់ជាធ្លាប់ស្គាល់ឬបានភ្លក់រសជាតិស្រាទំពាំងបាយជូរនាំចូលពីបរទេសដែលអាចរកបាននៅតាមបណ្តាផ្សារទំនើប ឬ ហាងស្រានានា ហើយក៏ដឹងដែរថាស្រាទំពាំងបាយជូរមិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់នោះទេ ថែមទាំងមានគុណសម្បត្តិចំពោះសុខភាពទៀតផង។ ដោយឡែក នៅក្នុងប្រទេសកម្ពុជាយើងវិញ ក្រៅពីស្រាទំពាំងបាយជូរបាណន់ ឯខេត្តបាត់ដំបង បច្ចុប្បន្នក៏មានវត្តមានស្រាផ្លែឈើព្រៃម្យ៉ាង គឺ «ស្រាទំពាំងបាយជូរព្រៃធម្មជាតិ» ដែលចម្រាញ់ពីវត្ថុធាតុដើមក្នុងស្រុកពីធម្មជាតិឯខេត្តព្រះវិហារ ភាគខាងជើងប្រទេស។
លោក ឡុង តេក ម្ចាស់អាជីវកម្ម «ស្រាទំពាំងបាយជូរព្រៃធម្មជាតិ» បានផ្តល់បទសម្ភាសន៍ដល់ សូវរីនថាផលិតផលស្រាទំពាំងបាយជូរព្រៃនេះត្រូវបានចាប់ផ្តើមដំណើការលក់ជាលើកដំបូងកាលពី៣ឆ្នាំ មុន។ ចំពោះមូលហេតុដែលជំរុញទឹកចិត្តលោកឲ្យចង់ច្នៃទំពាំងបាយជូរព្រៃធ្វើជាស្រា លោកបានអះអាងថា ដោយសារតែម្តាយបង្កើតរបស់លោកធ្លាប់រស់នៅប្រទេសបារាំង ហើយធ្លាប់បម្រើការងារនៅកន្លែងផលិតស្រាក្រហមបារាំងផ្ទាល់តែម្តងទើបគ្រួសារលោកចេះក្បួនផលិតស្រាហើយសាកល្បងបិតស្រាទំពាំងបាយជូរព្រៃបែបនេះលក់នៅលើទីផ្សារ។ “វត្ថុធាតុដើមគឺទំពាំងបាយជូរព្រៃ ដុះនៅក្នុងព្រៃតាមជួរភ្នំដងរែក ព្រំដែនកម្ពុជា-ថៃ ដែលលោកបានទទួលទិញពីជនជាតិភាគកួយដែលរស់នៅតំបន់នោះយកមកធ្វើស្រាទំពាំងបាយជូរនេះ” លោកបានបញ្ជាក់។ លោកបានបន្តថា ការផលិតស្រាវាមានច្រើនដំណាក់កាល ទាក់ទងនឹងបច្ចេកទេសនិងអនាម័យ និងត្រូវបន្ទុំស្រាទាល់តែគ្រប់អាយុវាទើបយកមកទទូលទានឬលក់លើទីផ្សារបាន។ ទោះយ៉ាងណា ក៏វានៅជាប្រភេទអាជីវកម្មលក្ខណៈគ្រួសារ ផលិតដោយដៃ មិនទាន់ក្លាយជាសិប្បកម្មមានរោងចក្រធំដុំបំពាក់ដោយម៉ាស៊ីន ផលិតទំនើបនៅឡើយទេ។
Image Courtesy of ស្រាទំពាំងបាយជូរព្រៃធម្មជាតិ
សព្វថ្ងៃនេះ ផលិតផលសុរាខាងលើមិនទាន់បែងចែកលក់តាមដេប៉ូឬហាងស្រាណានៅឡើយទេ គឺមានតែអ្នកស្គាល់ទិញទទូលទានតៗគ្នា និងលក់លក្ខណៈអនឡាញតែប៉ុណ្ណោះ។ ជាចុងក្រោយ ម្ចាស់អាជីវកម្ម «ស្រាទំពាំងបាយជូរព្រៃធម្មជាតិ» នេះបានបង្ហើបថា លោកមានគម្រោងចង់អភិវឌ្ឍអាជីវកម្មនេះឲ្យកាន់តែរីកចម្រើននិងមានការទទួលស្គាល់ទូលំទូលាយនៅពេលខាងមុខ ប្រសិនបើមានបងប្អូនខ្មែរយើងគាំទ្របន្តកាន់តែច្រើនថែមទៀត។
យោងតាមឯកសារមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណនៃក្រសួងសុខាភិបាល ទំពាំងបាយជូរព្រៃ ឬ យឺងជែម (ភាសាជនជាតិកាវ៉ែត) មានឈ្មោះជាវិទ្យាសាស្រ្តថា Ampelocissus Arachnoidea គឺជាប្រភេទរុក្ខជាតិវល្លិដុះក្នុងតំបន់ព្រៃស្រោង និងព្រៃរបោះ ក្នុងអាកាសធាតុក្តៅហើយសើម។ រុក្ខជាតិនេះមានផ្លែតាមរដូវកាលគឺសម្បូរចន្លោះខែមិថុនា-កក្កដាក្នុងរដូវវស្សា។ ផ្លែរបស់វាមានរសជាតិជូរអែម ពេលបរិភោគរាងរមាស់ក តែអាចច្នៃធ្វើជាស្រាទទួលបាន។ ក្រៅពីនេះ គេអាចយកផ្នែកមើមនិងដើមធ្វើជាឱសថព្យាបាលកបនឹងបញ្ចុះនោម ប្ញសដូងបាត និងកាមរោគ ជាដើម។
ចំពោះរាល់ចម្ងល់បន្ថែម ឬចង់ជាវសាកល្បង លោកអ្នកអាចទាក់ទងតាមរយៈលេខទូរសព្ទ ០៨៨ ៣០៣ ៥៣៣៣ ឬ ០១២ ៣៥១ ៣៨០។ គួរបញ្ជាក់ថា ស្រានេះមានតម្លៃ១៥ដុល្លារ/លីត្រ ឬ៧០ដុល្លារ/ធុង។
Article by SRINSOKMEAN