រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ កន្លងផុតទៅនេះ អ្នករៀបចំ កម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា(CIFF) លើកទី១២ បានប្រារព្ធពិធីសមោសរនៃមហោស្រព នេះដោយមានការបញ្ចាំងភាពយន្តដ៏អស្ចារ្យគួរឲ្យរំភើបក្រៃលែង ក្រោមចំណងជើងថា «ទេពហត្ថា» ឬ ជាភាសាអង់គ្លេសហៅថា «The Perfect Motion» នៅទីតាំងសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ពិធីនេះបានប្រព្រឹត្រ្តទៅយ៉ាងមហោឡារឹកក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
មហោស្រពនេះមានគោលបំណងបំផុសវប្បធម៌ភាពយន្តចម្រុះដល់សាធារណជននៅកម្ពុជា លើកស្ទួយគំនិតថ្មីៗនៃការផលិតភាពយន្តអន្តរជាតិគ្រប់ប្រភេទ និងបង្ហាញភាពយន្តដែលមានគុណភាព ដែលថតដោយសមិទ្ធករភាពយន្តជាតិនិងអន្តរជាតិ នៅកម្ពុជា និងស្តីពីកម្ពុជា។ កម្មវិធីនេះក៏បានធ្វើគារវ កិច្ចចំពោះរបាំខ្មែរ និងឧទ្ទិសចំពោះសម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី (ដែលទ្រង់បានចូលរួម លើកស្ទួយរបាំព្រះរាជទ្រព្យខ្មែរឲ្យល្បីរន្ទឺចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ) ក្នុងភាពយន្ត រឿង «ទេពហត្ថា» នេះ ជាស្នាដៃដឹកនាំរបស់លោក ហ្សាវីយ៉េ ដឺ ឡូហ្សាន (Xavier de Lauzanne) និងមានការចូលរួមសម្តែងដោយនាដក នាដការបាំក្មេងចាស់ជាច្រើនរូប ដូចជា អ្នកគ្រូ ប៉ែន សុខហួន អ្នកគ្រូ វ័ន សាវ៉ៃ អ្នកគ្រូ សូភីលីន ជៀមសាភីរ៉ូ លោកគ្រូ ព្រឿង ឈៀង នាដកា សុខ ណាលីស និង សេរីវណ្ណ កុសន ជាដើម។
«យើងខ្ញុំពិតជាមានកិត្តិយសណាស់ចំពោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី… វត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះរាជវង្សានុវង្ស រដ្ឋមន្រ្តី និង មន្រ្តីជាន់ខ្ពស់ អង្គការនិងប្រតិភូអន្តរជាតិនានា អ្នកមានកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈនិងភាពយន្ត ក្រុមហ៊ុនឯកជននិងដៃគូក្នុងឩស្សាហកម្មភាពយន្តនានាជាសក្ខីភាពមួយបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាជាវេទិកាដ៏សំខាន់មួយសម្រាប់ការជជែកពិភាក្សាអំពីវប្បធម៌និងសិល្បៈនៅកម្ពុជា និងនៅក្នុងតំបន់» នេះជាប្រសាសន៍របស់អ្នករៀបចំមហោស្រពខាងលើ។
លោកសាស្រ្តាចារ្យ ព្រឿង ឈៀង អតីតសិល្បកររបាំបុរាណ និងបច្ចុប្បន្នជាទីប្រឹក្សាក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញចំណាប់អារម្មណ៍ថា “ក្រោយពីបានមើលទេពហត្ថានេះ ធ្វើឲ្យខ្ញុំមាន ក្តីសប្បាយីរករាយ ដោយខ្ញុំពេលនោះក៏មានការក្តុកក្តួល ដែលថាមានអ្នកចូលរួមធ្វើបេសកកម្មជាមួយ ខ្ញុំនៅពេលនោះ មានខ្លះបានចែកឋាន ហើយខ្លះកំពុងតែនៅបន្តទៅទៀត។ ជាពិសេស សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី អ្នកធ្វើក្រុមរបាំនេះឲ្យមានទស្សនកិច្ចទៅខាងបរទេស ហើយលោកទ្រង់បានពិរាល័យទៅ។ យើងសប្បាយរីករាយថាទោះបីលោកមិនបានគង់នៅជាមួយយើង តែរូបភាពដែលបង្ហាញអាច រស់នៅជាមួយយើងជានិច្ច”។
កញ្ញា វណ្ណ គន្ធសុជាតា ទស្សនិកជនមួយរូប ក៏បានលើកឡើងដែរថា " យើងខានមានកម្មវិធីសម្ពោធន៍ភាពយន្តធំបែបនេះយូរហើយតាំងពីកូវីដកើតឡើងមក។ កម្មវិធីទាំងមូលពិតជាគួរឲ្យរំភើប...វាពិតជាសម្បើមណាស់ដែលបានមកឃើញសន្ទុះនៃការគាំទ្រភាពយន្តនេះច្រើនបែបនេះ"។ កញ្ញាយល់ថា ដោយសារតែរឿងនេះជារឿងពាក់ព័ន្ធនឹងរបាំខ្មែរដំបូងដែលបានផលិតទៅជាភាពយន្តខ្នាតវែង ហើយបានឆ្លុះបញ្ចាំងអំពីការលះបង់ស្ទើរមួយជីវិតរបស់អ្នករបាំជើងចាស់ក៏ដូចជាបុព្វបុរសគ្រប់ជំនាន់សម្រាប់វិស័យនេះ យើងជាអ្នកជំនាន់ក្រោយគប្បីបន្តវេនថែរក្សារបាំនិងសិល្បៈយើងឲ្យនៅតែគង់វង្ស។
ក្រោយពីការបញ្ចាំងភាពយន្តខាងលើ ក៏មានការសម្តែងទស្សនីយភាពរបាំព្រះថោង ដោយក្រុម នាដកានៃសាលារបាំសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឲ្យកាន់តែគគ្រឹកគគ្រេង។ យុវតី ឌី ហ្សូលី នាដកាមួយរូបនៃការសម្តែងនេះបានឲ្យដឹងថាការហ្វឹកហាត់សម្រាប់ ឱកាសកម្មវិធីនេះត្រូវចំណាយពេលតាំងពីខែមករាម្ល៉េះប៉ុន្តែបានហាត់ផ្ទាល់ជាមួយអ្នកគ្រូ វ័ន សាវៃ (តួអង្គ សំខាន់ម្នាក់ក្នុងរឿងទេពហត្ថា) បានតែ១ខែ ដោយសារអ្នកគ្រូមានធុរៈត្រូវត្រឡប់ទៅកាន់ប្រទេសបារាំងវិញ។ ចំពោះការលំបាកនៃការហ្វឹកហាត់ សិល្បការិនីរូបនេះបានតបថា “វារាងពិបាកដែរ ដូចដែលឃើញ ស្រាប់ ពីក្បាច់ទម្រង់បច្ចុប្បន្នហើយប្តូរទៅជាទម្រង់ពីដើមហៅថា ក្បាច់ភ្លូក ហាត់ថ្ងៃដំបូងៗ ឈឺសាច់ដុំជើង ព្រោះត្រូវប្រើទម្ងន់ជើងច្រើន”។
ទោះបីជាយ៉ាងនេះក្តីក៏នាងយល់ថា នេះជាកិត្តិយសដែលរូបនាងក៏ដូចជាក្រុមនាដកានៃសាលា ទាំងមូលក្រោមការបង្ហាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកគ្រូ វ័ន សាវៃ និង អ្នកគ្រូ ឌុក ស៊ីថា មាន ឱកាសបានរាំថ្វាយព្រះមហាក្សត្រទតនិងភ្ញៀវកិត្តិយសទាំងឡាយបានទស្សនានាល្ងាចនោះ។ គួរបញ្ជាក់ ថា ភាពយន្តរឿង ទេពហត្ថា នឹងត្រូវដាក់បញ្ចាំងជាសាធារណៈនៅតាមបណ្តារោងភាពយន្តនានាទូទាំង ប្រទេសចាប់ពីថ្ងៃទី០១ ខែមេសា ខាងមុខនេះតទៅ៕
Article by SRIN SOKMEAN