បច្ចុប្បន្ន យើងសង្កេតឃើញថា វិស័យកីឡានៅប្រទេសកម្ពុជាយើងបានរីកចម្រើនគួរឲ្យកត់សម្គាល់ តួយ៉ាង កីឡាករ កីឡាការិនីសុទ្ធសឹងតែមានសមត្ថភាព ការផ្សព្វផ្សាយមានភាពទូលំទូលាយ ហើយក៏មានការគាំទ្រច្រើនពីសំណាក់ប្រជាជនផងដែរ។ មិនតែប៉ុណ្ណោះ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២នេះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ដែលនេះជាមហាកិត្តិយសក៏ធំធេង ក្រោយពីរង់ចាំអស់រយៈ៦៤ឆ្នាំមកនេះ។ ជាការពិត កីឡាករ កីឡាការិនីគ្រប់រូបបានយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងស្វិតស្វាញ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំក្នុងប្រវត្តិសាស្រ្ត។ ជាក់ស្តែង កីឡាករការ៉ាតេមួយរូបបានបង្ហើបប្រាប់មកកាន់សូវរីនអំពីការហ្វឹកហាត់ ការត្រៀមខ្លួន និងដំណើរដើមទងដែលលោកចូលប្រឡូកក្នុងវិស័យនេះ។
មានឈាមជ័រពីលោកឪពុកដែលជាអតីតកីឡាករការ៉ាតេ លោក ទេព ស្ទីវយុទ្ធថាណា មានចំណូលចិត្តហាត់កីឡាតាំងពីក្មេងមកម្ល៉េះ។ “កាលខ្ញុំមានអាយុ១០ឆ្នាំ ខ្ញុំបានចូលហាត់កីឡាកង់ភ្នំ (Mountain Bike) គឺអំឡុងឆ្នាំ២០០៧ តែដល់ឆ្នាំ២០១២ខ្ញុំក៏ចាប់ផ្តើមចូលហាត់កីឡាការ៉ាតេវិញ។” កីឡាករដែលមានវ័យ២៥ឆ្នាំរូបនេះបានរំលឹកប្រាប់ និងបន្តទៀតថា ក្រោយលោកហាត់បានកន្លះឆ្នាំក៏ចេញទៅប្រកួតនៅប្រទេសថៃដែលទទួលបានមេដាយប្រាក់។ រហូតដល់ឆ្នាំ២០១៧ លោក ទេព ស្ទីវយុទ្ធថាណា បានសម្រេចចិត្តចូលប្រឡងប្រជែងចូលជាក្រុមជម្រើសជាតិការ៉ាតេកម្ពុជា។ ជាលទ្ធផល លោកក៏បានប្រឡងជាប់ និងបានបង្ហាញខ្លួនក្នុងនាមជាកីឡាករការ៉ាតេពេញសិទ្ធិចាប់តាំងពីពេលនោះមក។ កន្លងមកកីឡាករ ទេព ស្ទីវយុទ្ធថាណា ក៏ធ្លាប់បានចូលរួមក្នុងការប្រកួតធំៗទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនដងដូចជា ការប្រកួតជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ឆ្នាំ២០១៧ ទទួលបានមេដាយប្រាក់១ ការប្រកួតកីឡាជាតិលើកទី២ ទទួលបានមេដាយមាស១ និងមេដាយប្រាក់១ ការប្រកួតជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍លើកទីឆ្នាំ២០១៩ ទទួលបានមេដាយសំរឹទ្ធ ការប្រកួតជើងឯក ទីក្រុងTurin នៅប្រទេសអ៊ីតាលីឆ្នាំ២០១៩ ទទួលបានមេដាយសំរឹទ្ធ រួមទាំងការប្រកួតផ្សេងៗទៀតផងដែរ។
ងាកមកជជីកសួរអំពីការប្រកួតស៊ីហ្គេមលើកទី៣២នេះវិញ តើលោកមានអារម្មណ៍យ៉ាងណា បន្ទាប់ពីបានជ្រាបថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ? ឆ្លើយតបទាំងទឹកមុខញញឹមពោរពេញដោយក្តីរំភើបមិនទាន់បាត់នៅឡើយ “គ្រាន់តែលឺថាចូលរួមប្រកួតស៊ីហ្គេមគឺខ្ញុំចង់ចូលរួមមែនទែន ហើយខ្ញុំកាន់តែចង់ចូលរួមថែមទៀត ព្រោះលើកនេះប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផ្ទាល់តែម្តង និយាយរួមគឺសប្បាយចិត្តខ្លាំង (សើច)។” លោក ទេព ស្ទីវយុទ្ធថាណា ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នគឺលោកមានភាពមមាញឹកទៅលើការហ្វឹកហាត់ដើម្បីត្រៀមខ្លួនប្រកួត ពោលគឺក្នុង១សប្តាហ៍លោកត្រូវហាត់ចំនួន៦ថ្ងៃ ហើយក្នុង១ថ្ងៃត្រូវហាត់២ពេល។ រយៈពេលនេះ ក្រៅពីការហ្វឹកហាត់ លោកថាក៏ត្រូវយកចិត្តទុកដាក់ចំពោះរបបអាហារផងដែរ ទទួលទានអាហារណាដែលសម្បូរជីវជាតិល្អសម្រាប់សុខភាព ជាពិសេសការសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យមានថាមពលពេញលេញ។
បើនិយាយពីឆន្ទៈនៃការប្រកួតស៊ីហ្គេមនេះវិញ កីឡាករការ៉ាតេ លោក ទេព ស្ទីវយុទ្ធថាណា ថាខ្លួននឹងខំប្រឹងឲ្យអស់ពីសមត្ថភាព និងប្តេជ្ញាយកមេដាយជូនជាតិឲ្យបាន។ លោកក៏មានពាក្យផ្តាំផ្ញើ និងជូនពរទៅដល់កីឡាករ កីឡាការិនីរបស់កម្ពុជាយើងដែរ “ខ្ញុំរំពឹងថា យើងទាំងអស់គ្នានឹងធ្វើបានល្អគ្រប់វិញ្ញាសា ព្រោះពួកគាត់រួមទាំងខ្ញុំគឺបានខិតខំហ្វឹកហាត់ណាស់ ហើយក៏ត្រៀមខ្លួនរួចរាល់ដែរ។ ទោះបីជាទទួលបានមេដាយអ្វីក៏ដោយ ទាំងនេះសុទ្ធសឹងតែជាសមិទ្ធផលដែលយើងទទួលបានទាំងអស់គ្នា មិនសម្រាប់តែខ្លួនឯង តែក៏សម្រាប់ប្រទេសជាតិយើងទាំងមូល។”
ចំពោះគោលបំណងទៅថ្ងៃអនាគត លោក ទេព ស្ទីវយុទ្ធថាណា ដែលមានស្រុកកំណើតមកពីរាជធានីភ្នំពេញរូបនេះ បានបង្ហើបប្រាប់មកកាន់សូវរីនថា ទោះបីលោកឈប់លេងជាកីឡាករ ក៏លោកនឹងចូលធ្វើជាគ្រូបង្វឹកលើកីឡាការ៉ាតេផងដែរ គឺនៅក្នុងវិស័យនេះដដែល ដោយហេតុថាលោកមានចិត្តស្រលាញ់ និងចូលចិត្តការលេងកីឡា៕
Article by SOUNG SOKSAN