×

វង​ ​ចន្ថា​ ​កីឡា​ការិនី​ប៉េ​តង់​ជម្រើស​ជាតិ​កម្ពុជា​ ​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេ​ម​រដូវ​កាលមុន​

NEWS 12 months ago
 
 

​កញ្ញា​ ​វង​ ​ចន្ថា​ ​ស្ថិត​ក្នុង​ក្រុម​កីឡា​ការិនី​ជម្រើស​ជាតិ​ប៉េ​តង់​កម្ពុជា​ ​ដែល​នឹង​ត្រូវ​មាន​វត្តមាន​ចូលរួម​ប្រកួត​ក្នុង​ ​ព្រឹត្តិការណ៍​ដ៏​វិសេសវិសាល​នេះ​ ​ហើយ​កញ្ញា​ក៏​ត្រូវ​បាន​មហាជន​ស្គាល់​ដែរ​ថា​ជា​ម្ចាស់​មេដាយ​មាស​ប៉េ​តង់​ វិញ្ញ​សាវា​យ​គូ​ចម្រុះ​ ​បុរស​-​នារី​ ​២​ ​ទល់​ ​២​ ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣​១​ ​ឆ្នាំ​២​០​២​១​ (​ប្រារព្ធ​ធ្វើឡើង​នៅ​ឆ្នាំ​ ​២​០​២​២​) ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​។​

            ម្ចាស់​មេដាយ​ប៉េ​តង់​ ​វង​ ​ចន្ថា​ ​បាន​លើកឡើង​ថា​ ​កត្តា​ជំរុញ​កញ្ញា​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​វិ​ស​័​យ​នេះ​គឺ​ដោយសារតែ​ ​ទីមួយ​ ​កត្តា​ប្រធាន​ ​ប្រតិភូ​ល្អ​, ​ទីពីរ​ ​កត្តា​គ្រូ​បង្វឹក​ពូកែ​ ​និង​ទីបី​ ​កត្តា​កីឡាករ​ល្អ​។​ ​កញ្ញា​បាន​ពន្យល់​បន្ថែម​ថា​ ​ចំពោះ​ប្រធាន​ប្រតិភូ​ ​គឺ​ ​ថ្នាក់​ដឹកនាំ​ ​មាន​អភិបាល​កិច្ច​ល្អ​ ​មាន​ការឧបត្ថម្ភ​ថវិកា​គ្រប់គ្រាន់​ ​មាន​ការរៀបចំ​កម្មវិធី​ត្រឹមត្រូវ​ច្បាស់លាស់​ ​ព្រមទាំង​មាន​វិធានការ​ណ៍ ​គ្រប់គ្រង​តឹងរ៉ឹង​។​ ​រីឯ​ ​គ្រូ​ពូកែ​ ​មានន័យ​ថា​ ​គ្រូ​បង្វឹក​កីឡាករ​ជម្រើស​ជាតិ​ប៉េ​តង់​តែងតែ​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​កីឡាករ​ ​កីឡា​ការិនី​គ្រប់រូប​ប្រកបដោយ​តម្លា​ភាព​ ​គោរព​កម្មវិធី​ហ្វឹកហាត់​ដែល​ថ្នាក់លើ​កំណត់​ ​និង​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ក្នុង​ការបង្ហាត់បង្រៀន​។​ ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​កីឡាករ​ជម្រើស​ជាតិ​នីមួយៗ​សុទ្ធសឹងតែ​ជា​ធនធាន​មាន​សមត្ថភាព​ ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​តួនាទី​រៀងៗខ្លួន​ ​ចេះ​វាយ​តម្លៃ​ស្វែងរក​ចំណុច​ខ្វះខាត​ខ្លួនឯង​ ​និង​ចំណាយ​ពេល​ហ្វឹកហាត់​បន្ថែម​ដោយខ្លួនឯង​ ​មិន​ពឹងផ្អែក​តែ​លើ​គ្រូ​មួយ​មុខ​ ​ដើម្បី​ពង្រឹង​ជំនាញ​អាជីព​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន​ឲ្យ​កាន់តែ​ខ្លាំងពូកែ​ទ្វេ​ដង​។

កញ្ញា​ ​វង​ ​ចន្ថា

            ​ងាក​មក​រំ​ព្ញ​ក​អំពី​ជីវប្រវត្តិ​អតីតកាល​ ​វង​ ​ចន្ថា​ ​កើត​ឆ្នាំ​១​៩​៩​២​ ​នៅ​ភូមិ​ប្រឡាយ​មាស​ ​ឃុំ​រមេញ​ ​ស្រុក​កោះ​អ​ណ្តែ​ត​ ​ខេត្ត​តាកែវ​។​ ​កញ្ញា​បាន​ឆ្លងកាត់​ការសិក្សា​នៅ​សាលាបឋមសិក្សា​កោះ​អ​ណ្តែ​ត​ ​និង​ ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​កោះ​អ​ណ្តែ​ត​ ​ហើយ​បាន​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយ​ភូមិ​ក្នុង​ឆ្នាំ​ ​២​០​១​២​។​ ​ក្រោយមក​ទៀត​ ​កញ្ញា​បាន​ទទួល​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​គ្រប់គ្រង​នៅ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​ ​ហើយ​បាន​បញ្ចប់​ជាស្ថាពរ​ក្នុង​ឆ្នាំ​២​០​១​៥​។​ ​ចំណែក​ការ​បោះជំហាន​ចូល​ប្រឡូក​វិ​ស​័​យ​កីឡា​ ​គឺ​ ​កញ្ញា​បាន​ចាប់ផ្តើម​ហាត់​លេង​វា​តាំងពី​កំពុង​សិក្សា​ថ្នាក់​វិទ្យាល័យ​ឯ​ស្រុកកំណើត​ម្ល៉េះ​តាមរយៈ​ការណែនាំ​និង​ជួយ​ជ្រោ​ម​ ​ជ្រែង​ពីសំណាក់​អ្នក​គ្រូ​បន្ទុក​ថ្នាក់​។​ ​កញ្ញា​បាន​តស៊ូ​ឆ្លៀតពេល​ឡើង​មក​ហ្វឹកហាត់​នៅ​ទីរួមខេត្ត​ជា​រៀងរាល់ថ្ងៃ​ចុង​ស​ប្តាហ៍​។​ ​ជា​ភ័ព្វសំណាង​ល្អ​ ​កញ្ញា​បាន​ប្រឡងជាប់​ពានរង្វាន់​កីឡា​មហាជន​ថ្នាក់​ខេត្ត​ ​ហើយ​បន្ត​ឡើង​មក​ហាត់​នៅ​ភ្នំពេញ​រហូត​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​។​ ​ចន្លោះ​ឆ្នាំ​២​០​១​៤​-​២​០​២​០​ ​កញ្ញា​ជា​កីឡា​ការិនី​ ​ប្រចាំ​ក្លឹប​ទីស្តីការ​គណៈរដ្ឋ​ម​ន្រ្តី​។​ ​បច្ចុប្បន្ន​ ​កញ្ញា​បាន​ផ្លាស់មក​លេង​ឲ្យ​ក្លឹប​កងយោធពលខេមរភូមិន្ទ​របស់​​​ក្រសួង​ការពារ​ជាតិ​។​

            ​គួរ​បញ្ជាក់​ថា​ ​ចាប់តាំង​ពី​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​មក​ ​កីឡា​ការិនី​រូប​នេះ​ដណ្តើមយក​ឈ្នះ​បាន​មេដាយ​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ជាច្រើន​បន្តបន្ទាប់​រហូតមកដល់​ពេល​បច្ចុប្បន្ន​។​ ​សម្រាប់​ការ​ប្រកួត​នៅ​បរទេស​ ​កញ្ញា​ធ្លាប់​ចេញទៅ​ប្រកួត​ជាច្រើនលើក​មក​ ​ហើយ​ ​ដូចជា​ ​ប្រទេស​សិង្ហបុរី​ ​មី​យ៉ា​ន់​ម៉ា​ ​និង​វៀតណាម​ ​។​ ​មេដាយ​ជ័យ​លា​ភី​សំខាន់​ៗ​ដែល​ធ្លាប់​ទទួល​បាន​ ​រួម​មាន​ជាអាទិ៍​ ​មេដាយ​មាស​ ​កម្មវិធី​ ​A​SEA​N ​University​ ​Game​s ​លើក​ទី​១​៨​ ​ឆ្នាំ​២​០​១​៦​, ​មេដាយ​មាស​ ​កម្មវិធី​ ​Asian​ ​Beach​ ​Game​s ​ឆ្នាំ​ ​២​០​១​៦​, ​មេដាយ​ប្រាក់​ ​កម្មវិធី​ ​A​SEA​N ​University​ ​Game​s ​លើក​ទី​១​៩​ ​ឆ្នាំ​២​០​១​៨​, ​មេដាយ​ប្រាក់​ ​កម្មវិធី​ ​A​BSC ​P​E​TAN​QU​E​ ​CHAMPIONSHIP​ ​លើក​ទី​៣​ ​ឆ្នាំ​២​០​១​៩​ ​និង​មេដាយ​មាស​ ​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​១​ ​ឆ្នាំ​២​០​២​១​ ​ព្រមទាំង​មេដាយ​យ៉ាងហោចណាស់​ក៏​លើស​ពី​១​០​គ្រឿង​ដែរ​ដែល​ឈ្នះ​ ​ពី​កម្មវិធី​ប្រកួត​ក្នុងស្រុក​នានា​ផ្សេងៗ​ទៀត​។​

            ​ដោយឡែក​ ​ពាក់ព័ន្ធ​នឹង​កម្មវិធី​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំនេះ​វិញ​ ​ចន្ថា​បាន​បង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន​យ៉ាងរំភើប​ថា​ “​ពេល​ឮ​ ​ថា​កម្ពុជា​យើង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ ​នាងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ត្រេកអរ​ជា​ខ្លាំង​ ​ព្រោះអី​យើង​ធ្លាប់តែ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម​ ​នៅ​ស្រុក​គេ​។​វា​ជា​ប្រវត្តិ​សា​ស្រ្ត​មួយ​ដែល​កម្ពុជា​អាច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ ​២​០​២​៣​ ​និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ ” ​។​ ​ម្យ៉ាង​វិញទៀត​ ​កញ្ញា​យល់ឃើញ​ថា​ ​ចំពោះ​កីឡា​ប៊ូ​ល​និង​ប៉េ​តង់​នេះ​ ​នៅ​ពេល​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ ​វា​ជា​ឱកាសល្អ​ដែល​មាន​ច្រើន​ ​វិញ្ញាសា​ប្រកួត​ ​អាចឲ្យ​កីឡាករ​ ​កីឡា​ការិនី​ ​ដែល​ជា​សិស្ស​ប្អូន​ជាច្រើន​នាក់​បាន​ចូលលេង​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ​ ​ហើយ​កីឡាករ​ចាស់ៗ​ ​ព្រមទាំង​ថ្នាក់​ដឹកនាំ​ធំ​ៗ​ក៏​មានឱកាស​ចូលរួម​ទស្សនា​និង​ផ្តល់​កម្លាំងចិត្ត​ចំពោះ​កីឡាករ​ជាតិ​កាន់តែ​បាន​ច្រើន​កុះករ​។​ ​តាមរយៈ​នេះ​ ​ក្នុងនាម​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​មួយ​រូប​ ​មុន​ការ​ប្រកួត​មកដល់​ ​កញ្ញា​បាន​ដាក់ចិត្ត​ដាក់​កាយ​ហ្វឹកហាត់​ជា​លក្ខណៈ​ក្រុម​ស្ទើរតែ​ពេញ​មួយ​ស​ប្តាហ៍ ​លើកលែងតែ​រសៀល​ថ្ងៃសៅរ៍​និង​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ​ ​ក្នុង​ជំហរ​ក្តី​សង្ឃឹម​ថា​នឹង​អាច​ស្វែងរក​មេដាយ​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិ​សា​ស្រ្ត​នេះ​៕​

Article by SRINSOKMEAN


SUGGESTIONS