សៀវភៅស្ដីអំពីការចម្អិនម្ហូប ដែលជាបញ្ជីសារពើភណ្ឌផ្នែកវប្បធម៌អរូបីរបស់ប្រទេសកម្ពុជា ដែលបង្ហាញពីមរតករសជាតិ រូបមន្ត និងគ្រឿងផ្សំ មកពីព្រះរាជដំណាក់ខ្មែរ ដែលបានបន្សល់ទុកជាយូរឆ្នាំមកហើយ បានដាក់តាំងពិព័រណ៍នៅសណ្ឋាគារ Rosewood Phnom Penh ជាន់ទី៣៥។ សៀវភៅនេះ ក៏ធ្លាប់បានបោះពុម្ពផ្សាយ និងបង្រៀននៅតាមសាលក្នុងទីក្រុងភ្នំពេញរវាងទសវត្សរ៍ ១៩៥០ និង១៩៦០ ដោយសម្ដេចព្រះរាជកន្និដ្ឋា នរោត្តម រស្មីសោភ័ណ។ រូបមន្តចម្អិនភោជនាហារដ៏វិសេសក្រៃលែងនេះ បានកប់ទុកអស់ជាច្រើនទសវត្សរ៍ដោយសារតែសង្រ្គាម និងការវិវត្តរបស់សម័យកាល។
ពេលនេះ ចុងភៅណាក់ (Chef Nak) ដែលមានដើមកំណើតជាកូនអ្នកផ្សារនៅទីក្រុងភ្នំពេញ។ សព្វថ្ងៃនេះ អ្នកស្រីត្រូវបានគេស្គាល់ថាជាចុងភៅស្ដ្រីកម្ពុជាគំរូឈានមុខគេមួយរូបមានឈ្មោះបោះសំឡេងទាំងក្នុងស្រុក និងលើឆាកអន្តរជាតិតាមរយៈការងារអភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយម្ហូបខ្មែរ។ អ្នកស្រីបានស្រាវជ្រាវយកសៀវភៅនេះមកវិញ ដោយលោកអ្នកមិនត្រឹមតែអាចទទួលបាននូវរូបមន្តចម្អិនម្ហូបដ៏មានឱជារសប៉ុណ្ណោះទេ ថែមទាំងទទួលបានអារម្មណ៍ល្អពិសេសជាមួយស្នាដៃរចនារូបភាពម្ហូប គំនូរបុរាណយ៉ាងប្រណីតពីព្រះបរមរាជវាំង និងគំនូរនៃគ្រឿងផ្សំដែលជាស្នាដៃដ៏បុិនប្រសប់របស់វិចិត្រករវ័យក្មេង លោក សុត សេរី និងម្ចាស់ជ័យលាភីលេខ១ ផ្នែកថតរូបនៅកម្ពុជាលោក ឡាម៉ូ ទៀតផង។
អ្វីដែលអ្នកស្រីខំព្យាយាមសិក្សាស្រាវជ្រាវនិងចែករំលែកនោះមិនត្រឹមតែជារសជាតិ និងទម្រង់នៃម្ហូបខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺចង់ស្វែងយល់ និងចែករំលែកផងដែរនូវទំនាក់ទំនងរវាងម្ហូប និងសុខភាព។ លោកស្រី រស់ រតនៈ បានមានប្រសាសន៍ថា “សូមកុំភេ្លចថា ខណៈពេលដែលលោកអ្នកកំពុងមានសោមនស្សជាមួយការចម្អិនម្ហូប និងភាពល្អវិចិត្រនៃសិល្បៈរចនាក្នុងសៀវភៅនេះ លោកអ្នកក៏កំពុងរួមចំណែកក្នុងការអភិរក្ស ការផ្សព្វផ្សាយវប្បធម៌របស់ម្ហូបខ្មែរ ដែលជាសេដ្ឋភណ្ឌរបស់ប្រជាជាតិកម្ពុជា និងពិភពលោកទាំងមូលផងដែរ។” ចក្ខុវិស័យអ្នកស្រីគឺ ម្ហូបខ្មែរល្បីសុសសាយ និងទទួលបានការកោតសរសើរទូទាំងពិភពលោក។
សូមជម្រាបថា នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែឧសភា និងមានវត្តមានរបស់ Chef Nak និងក្រុមការងារ នៅទីនោះផ្ទាល់តែម្ដង។ ពិព័រណ៍នេះបើកសម្រាប់ចូលទស្សនាជាសាធារណៈ ២៤ម៉ោង រយៈពេល២ខែ ចាប់ពីខែឧសភា រហូតទៅដល់ខែមិថុនា ខាងមុខនេះ៕
Article by SRIN SOKMEAN