×

អ្នកស្រី​ ​ជួង​ ​សោភា​ ​កែច្នៃ​ពី​វល្លិ​រពាក់​ក្លាយ​ជា​កាបូប​ ​និង​ស​ម្ភារៈ​ប្រើប្រាស់​យ៉ាង​ស៊ីវិល័យ​

NEWS 12 months ago
 
 

           ​បច្ចុប្បន្ន​យើង​សង្កេតឃើញ​ថា​ ​ការប្រើប្រាស់​ផលិតផល​ធ្វើ​ដោយដៃ​កាន់តែ​មាន​ទី​ផ្សារ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ដែល​នេះ​អាច​បង្ហាញ​បាន​ថា​ប្រជាជន​ខ្មែរ​ងាក​មក​ចាប់ផ្តើម​ផ្តល់​តម្លៃ​ទៅលើ​ផលិតផល​ក្នុងស្រុក​ជាបន្តបន្ទាប់​។​ ​ជាក់ស្តែង​ ស្រ្តី​ខ្មែរ​មួយ​រូប​បាន​បង្កើត​ស​ម្ភារៈ​ប្រើប្រាស់​ជាច្រើន​ដូចជា​ ​កាបូប​ ​ក​ន្រ្ត​ក​ ​ទ្រនាប់​កែវ​ ​ទ្រនាប់​ចាន​ ​ប្រអប់​ក្រដាស​ ​ក៏ដូចជា​ស​ម្ភារៈ​មួយ​ចំនួន​ទៀត​ ​ពី​វល្លិ​រពាក់​ ​យ៉ាង​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ ​ដែល​ខុស​ពីមុន​យើង​ឃើញ​វត្តមាន​ស​ម្ភារៈ​ដែល​ធ្វើ​ពី​រពាក់​មាននៅ​តែ​ក្នុង​ផ្ទះបាយ​ដូចជា​ ​ក​ញ្ជ្រែ​ង​ ​រង្វេល​ឆ្នាំង​ ​ឬ​កន្ត្រក​ស​ម្រាម​តែប៉ុណ្ណោះ​។​

          អ្នកស្រី​ ​ជួង​ ​សោភា​ ​ជា​សហគ្រិន​ស្រ្តី​មាន​វ័យ​៤​២​ឆ្នាំ​ម្នាក់​ ​ជា​ម្ចាស់​អាជីវកម្ម​ក្នុងស្រុកមួយមានឈ្មោះថា Mrs. Sophea ដែលលក់​ស​ម្ភារៈ​ប្រើប្រាស់​ដែល​ធ្វើ​ដោយដៃ​យ៉ាង​មាន​ភាព​ប៉ិនប្រសប់​។​ ​អ្នកស្រី​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ “​កត្តា​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​បង្កើត​អាជីវកម្ម​នេះ​ ​គឺ​ខ្ញុំ​ធ្វើឡើង​ដោយចិត្ត​ស្រលាញ់​ ​និង​ការគោរព​ ​និង​ដឹងគុណ​ដល់​ដូនតា​ជំនាន់​មុន​ដែល​បាន​បន្សល់ទុក​ស្នាដៃ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ ​ជាពិសេស​គឺ​ការ​នឹកដល់​អ្នកម្តាយ​របស់​ខ្ញុំ​ ​គាត់​ជា​សិប្បករ​មួយ​រូប​ដែល​បាន​ត្បាញ​មួក​ស្លឹក​ត្នោត​ ​និង​ស​ម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​កាលពី​ជំនាន់​ប៉ុ​ល​ព​ត​។​” ​ទន្ទឹម​នឹង​នេះ​ ​អ្នកស្រី​ក៏បាន​បន្ត​ប្រាប់​ឱ្យ​ដឹង​អំពី​គោលបំណង​ ​គឺ​លោកស្រី​ ​ចង់​ថែរក្សា​ស្នាដៃ​ដូនតា​ ​ច្នៃ​ប្រតិដ្ឋ​បន្ថែម​ទៅលើ​របស់​របស់​ប្រើប្រាស់​ ​ជំរុញ​ ​និង​លើកទឹកចិត្ត​ទៅដល់​ប្រជាជន​ខ្មែរ​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក​ ​ក៏ដូចជា​កាត់បន្ថយ​ការប្រើប្រាស់​ផ្លា​ស្ទីក​ដែល​ជា​ការ​ជួយ​ដល់​បរិស្ថាន​ផង​ដែរ​។​ ​មិនតែប៉ុណ្ណោះ​ ​វាក​៏​ជា​ចំណែក​មួយ​ដែល​អាច​ជួយ​ដល់​ការ​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ ​ព្រោះ​ទម្រាំតែ​សម្រេច​បានជា​សមិទ្ធផល​មួយៗ​គឺ​ត្រូវ​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល​ ​ហើយក៏​ត្រូវការ​កម្លាំង​សិប្បករ​ជាច្រើន​អ្នកផង​ដែរ​។​

          ​បើ​និយាយ​ពី​ដំណាក់កាល​នៃ​ការ​ធ្វើ​វិញ​ ​អ្នកស្រី​បាន​ពន្យល់​ថា​ ​ដំបូងបង្អស់​គឺ​ត្រូវ​ទៅកាត់​វល្លិ​រពាក់​នៅ​ក្នុង​ព្រៃ​ ​រួច​ទើប​ជ្រើស​ប្រភេទ​វល្លិ​នីមួយៗ​ ​និង​ត្រូវ​លួសបន្លា​ចេញ​ ​បន្ទាប់មក​ត្រូវ​យកមក​ហូត​ឱ្យ​ស្អាត​ ​រហូតដល់​ផ្នែក​ខាងក្នុង​វល្លិ​(​បណ្តូល​)​។​ ​ក្រោយមក​ទៀត​យក​វល្លិ​ដែល​បាន​ហូត​ស្អាត​ទាំងនោះ​មក​ហាលថ្ងៃ​ឱ្យ​ស្ងួត​ពី​៣​០​ទៅ​៥​០​ភាគរយ​ ​ទើប​យើង​អាច​​​យកមក​ត្បាញ​ជាស​ម្ភារៈ​ដែល​យើង​ចង់បាន​។​ ​បន្ទាប់ពី​នោះ​ត្រូវ​លាបថ្នាំ​សម្លាប់​សត្វល្អិត​ ​ទើប​យកទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត​១​០​០​ភាគរយ​តែម្តង​។​ ​ម្ចាស់​អាជីវកម្ម​រូប​នេះ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​គ្រប់​ផលិតផល​ទាំងអស់​ដែល​ធ្វើ​រួច​ ​អ្នកស្រី​នឹង​សាកល្បង​ប្រើប្រាស់​ដោយខ្លួនឯង​ផ្ទាល់​ជាមុន​សិន​ ​ប្រសិនបើ​គ្រប់យ៉ាង​សមស្រប​ដូច​អ្វី​ដែល​ចង់បាន​ហើយ​ទើប​អាច​ដាក់​លក់​លើ​ទី​ផ្សារ​។​ ​ទាំងនេះ​ហើយ​ ​ដែល​មិន​ត្រឹមតែ​ត្រូវការ​សិប្បករ​ច្រើន​នាក់​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​ត្រូវការ​ទាំង​ពេលវេលា​ ​និង​ភាព​អត់ធ្មត់​ផង​ដែរ​។

          ​ជាមួយនឹង​ការ​ធ្វើ​ត្រូវ​បាន​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ ​អម​ដោយ​ការ​លម្អិត​ផ្ចិតផ្ចង់​ទៅលើ​គ្រប់​ផលិតផល​នីមួយៗ​ ​ជា​លទ្ធផល​ ​បាន​ធ្វើ​ឱ្យ​ស​ម្ភារៈ​ទាំងនោះ​លេចចេញ​ជា​រូបរាង​យ៉ាង​ស្រស់​ស្អាត​ ​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ទាំង​ ​ក្បាច់​ ​ម៉ូត​ ​គុណភាព​ ​ជាពិសេស​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ចង់បាន​ទៅ​ប្រើប្រាស់​នៅ​ពេល​បាន​ចាប់កាន់​ស​ម្ភារៈ​ទាំងនោះ​។​

          ​តាមរយៈ​សូវ​រី​ន​ ​អ្នកស្រី​ ​ជួង​ ​សោភា​ ក៏មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​ដែរ​ថា​ ​សូម​ឱ្យ​ប្រជាជន​ខ្មែរ​ជួយ​ ​និង​បន្ត​គាំទ្រ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឱ្យ​បាន​ច្រើន​បន្ត​ទៀត​។​ ​ការប្រើប្រាស់​ផលិតផល​ដែល​ធ្វើ​ដោយដៃ​ ​វាក​៏​អាច​ផ្តល់​នូវ​បទពិសោធន៍​ថ្មីៗ​ទៅដល់​អ្នកប្រើប្រាស់​ ​ហើយក៏​អាច​ផ្តល់​ការងារ​មួយ​ចំនួន​ដល់​អ្នកភូមិ​ក្នុង​សហគមន៍​ដែល​អាច​ផ្គត់ផ្គង់​ដល់​ជីវភាព​របស់​ពួកគាត់​។​ ​លើស​ពី​នេះ​វា​បាន​ផ្តល់​តម្លៃ​ទៅលើ​ធនធាន​ក្នុងស្រុក​ដែល​យើង​មាន​ ​ហើយ​ធនធាន​ទាំងនោះ​ទៀតសោត​គឺ​យើង​អាច​កែច្នៃ​ទៅជា​របស់​ប្រើប្រាស់​បាន​ច្រើនយ៉ាង​ ​និង​មាន​ភាព​ស្រស់​ស្អាត​មិនចាញ់​របស់​នាំចូល​ប៉ុន្មាន​ទេ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS