វិចិត្រករលោក រៀម មុនីស៊ីឡុង កែច្នៃសំណល់ប្លាស្ទិចក្លាយទៅជារូបតាំងលម្អដ៏ប្លែកភ្នែក
NEWS one year agoយើងដឹងហើយថា បច្ចុប្បន្នមានសិល្បករវ័យក្មេង និងវ័យចំណាស់ជាច្រើនដែលសុទ្ធសឹងតែមានទេពកោសល្យ និងកំពុងវឹកហាត់ដុសខាត់សមត្ថភាពបន្ថែមទៅលើស្នាដៃរបស់ខ្លួនពោរពេញទៅដោយគំនិតច្នៃប្រតិដ្ឋ ហើយក៏បានគិតគូរបន្ថែមទៅលើបរិស្ថានផងដែរ។ ដោយឡែក វិចិត្រករវ័យជាង៣០ឆ្នាំម្នាក់ ដែលមានឈាមជ័រជាអ្នកសៀមរាប និងមានប្រវត្តិរងគ្រោះដោយសារផ្សែងសំរាមផ្ទាល់បានប្រមូលសំរាមចម្រុះប្រភេទក្នុងតំបន់ដែលគាត់រស់នៅយកមកកែច្នៃ ដើម្បីឱ្យពិភពលោកស្រស់ស្អាតជាងមុន ព្រមទាំងចូលរួមចំណែកលើកស្ទួយការងារសិល្បៈកែច្នៃនៅក្នុងស្រុកឱ្យមានតម្លៃដូចនៅបរទេសផងដែរ។
លោក រៀម មុនីស៊ីឡុង គឺជាវិចិត្រករដ៏ចំណានមួយរូប ដែលបានយកសំរាមជាច្រើនប្រភេទ តួយ៉ាង កាកសំណល់ផ្ទះបាយ សំណល់សរីរាង្គ ថង់ប្លាស្ទិច ដបទឹកសុទ្ធ គម្របដប រពាក់ និងបំពង់បឺតជាដើម។ លោកបានរំលឹកប្រាប់មកកាន់សូវរីនអំពីមូលហេតុដែលជំរុញឱ្យលោកផ្តោតសំខាន់លើការងារកែច្នៃសំរាមនេះថា “ដំបូងឡើយ ខ្ញុំជាអតីតវិចិត្រករគំនូរតាមវត្តអារាមមួយរូបនៅខេត្តសៀមរាប ប៉ុន្តែជាអកុសល ថ្ងៃមួយខ្ញុំបានជួបឧបទ្ទវហេតុដែលធ្វើឱ្យធ្លាក់ខ្លួនពិការម្រាមដៃមិនអាចចាប់អាជីពជាជាងគំនូរដូចមុនទៀតបាន។ បន្ទាប់ពីគ្រោះថ្នាក់នោះមក ក្នុងឆ្នាំ២០០៩ ខ្ញុំបានចូលធ្វើការងារស្ម័គ្រចិត្តក្នុងអង្គការមួយឈ្មោះ «អង្គការខ្មែរជីវិតឯករាជ្យ» ក្នុងជំនាញឯកទេសកែច្នៃ ហើយខ្ញុំក៏បន្តការងារនៅទីនោះរហូតដល់ឆ្នាំ២០១៤។ ដោយសារតែកត្តាទីផ្សារ ខ្ញុំក៏ត្រឡប់ទៅប្រកបរបរកសិកម្មមួយរយៈវិញ ហើយពេលនោះ ខ្ញុំក៏បានពុលផ្សែងសំរាមដែលភរិយារបស់ខ្ញុំដុតចោលនៅមុខផ្ទះ។ ខ្ញុំក៏ដឹងច្បាស់ថាការប្រើប្រាស់ប្លាស្ទិចហើយមិនចេះទុកដាក់បានល្អនោះ វានឹងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើជីវចម្រុះ និងខ្លួនយើងផ្ទាល់តែម្ដង ព្រោះវាមានចំហេះ និងជាតិឧស្ម័នកាបូនិកខ្លាំង ដែលបំពុលបរិស្ថាន ហើយធ្វើឱ្យស្រទាប់អូហ្សូនកាន់តែក្ដៅមកលើភពផែនដីផងដែរ។”
ដោយសារតែមានផ្នត់គំនិតបែបនេះ លោកក៏បានសាកល្បងរើសយកស្លឹកឈើមកច្នៃជាក្រដាស ហើយក្រោយមកលោកក៏បានប្រមែប្រមូលវត្ថុកាកសំណល់ផ្សេងៗទៀតមកលាយបញ្ចូលគ្នា មករំលេចជារូបរាងផ្សេងៗដែលពោរពេញទៅដោយសិល្បៈនៃការច្នៃប្រតិដ្ឋ។ គួរបញ្ជាក់ថា វត្ថុសិល្បៈដែលលោកផលិតនៅពេលកន្លងមករួមមាន អាវកែច្នៃ ផ្ទាំងគំនូរកែច្នៃ និងរូបសត្វកែច្នៃដូចជា រូបចាបុីដងវែង សត្វត្រី សត្វតុកកែ សត្វឃ្មុំ និងថ្មីៗនេះលោកបានបង្កើតជារូបមនុស្សយានអវកាសដែលកំពុងចុះស្រាវជ្រាវនៅភពព្រះចន្ទ ព្រមជាមួយនឹងអាវដែលច្នៃពីសំបកខ្យងផងដែរ។ ផលិតផលទាំងនោះត្រូវបានដាក់តាំងបង្ហើញនៅវិទ្យាស្ថាន Institut français du Cambodge ស្ថានទូតបារាំង ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌។
ជាការពិត ទម្រាំតែបានសមិទ្ធផលនីមួយៗរមែងតែជួបនូវផលពិបាក ជាក់ស្ដែង លោកបានលើកឡើងថា “ក្នុងមួយរូបៗ ខ្ញុំត្រូវចំណាយពេលរហូតទៅដល់ពីរសប្ដាហ៍ ទៅប្រាំសប្ដាហ៍អាស្រ័យទៅលើរូបតូច ឬធំ។ មួយវិញទៀត ដោយសារវាគឺជាសំណល់ដូច្នេះវាមានសភាពមិនស្អាតនោះទេ ហេតុនេះហើយ មុននឹងទទួលបានសមិទ្ធផលជោគជ័យនីមួយៗគឺត្រូវយកសំណល់ទាំងនោះទៅលាងសម្អាតជាមុនសិន រួចយកទៅសម្លាប់មេរោគ បន្ទាប់មកយកទៅសម្ងួតទើបអាចយកទៅប្រើជាឧបករណ៍បាន។”
ឱបជាប់នូវជំនឿចិត្តចំពោះវិស័យកែច្នៃលោករំពឹងថា នឹងអាចអភិវឌ្ឍលើសពីអ្នកកែច្នៃសំណល់ឯករាជ្យ ដោយវិវដ្ដក្លាយជាសហគមន៍កែច្នៃមួយនាថ្ងៃអនាគត។ ជាចុងក្រោយ លោករៀម មុនីស៊ីឡុង បានផ្ដាំផ្ញើទៅកាន់ប្រជាជនខ្មែរថា “សូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សាបរិស្ថានកាត់បន្ថយប្លាស្ទិច និងជួយគាំទ្រនូវស្នាដៃកូនខ្មែរ ដែលជាការលើកស្ទួយឱ្យបងប្អូនវិចិត្រករ និងសិប្បករខ្មែរទាំងឡាយឱ្យខិតខំស្វែងរកនូវការបង្កើតថ្មីនៃស្នាដៃរបស់ខ្លួន ដែលជាមុខមាត់ និងកិត្តិយសសម្រាប់ជនជាតិយើង ហើយក៏ជាការរួមចំណែកក្នុងការបង្កើនផលិតកម្មក្នុងស្រុកគ្រប់វិស័យផងដែរ៕
Article by NI CHANNIKA