«Bloom Alley Café + Eatery» ហាងកាហ្វេផ្ទះឈើខ្មែរបែបស្រុកស្រែចម្ការ
NEWS one year agoផ្ទះឈើបែបខ្មែរប្រមាណជាជិត១០ខ្នង ខ្លះសង់ទាបនឹងដី ឯខ្លះទៀតសង់ខ្ពស់ពីដី តម្រៀបគ្នាជាជួរ បង្ហាញខ្លួនលើទំហំផ្ទៃដីប្រមាណ១០០០ម៉ែត្រការេ លាយឡំទៅដោយរុក្ខជាតិតូចធំពណ៌បៃតងខ្ចី មានទាំងដំណាំដាំដុះហូបផ្លែ បន្លែបង្ការ ច្រើសព្វមុខ ដើមឈើធំៗផ្តល់ជាម្លប់ ហាក់គន់មើលទៅ ប្រៀបបានទៅនឹងភូមិឋានមួយនៅតាមទីជនបទបែបស្រុកស្រែចម្ការ ដែលបង្ហាញនូវទិដ្ឋភាពយ៉ាងស្រស់បំព្រងគួរជាទីគយគន់មិនជិនណាយ។ ជាការពិត អ្វីដែលបានរៀបរាប់ខាងលើនេះ គឺហាងកាហ្វេមួយកន្លែងទើបនឹងបង្កើតថ្មីមានឈ្មោះថា «Bloom Alley Café + Eatery» ដែលមានទីតាំងស្ថិតនៅលើដងវិថីលេខ២១ ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ខុសប្លែកពីហាងកាហ្វេដទៃដែលបង្កើតឡើងមានភាពស៊ីវិល័យ និងតុបតែដេគ័របែបលាតស្រឡះ Bloom Alley Café + Eatery ត្រូវបានបង្កើតឡើងក្រោមគោលគំនិតរបស់ស្ថាបនិកដែលបាននិម្មិតជាកូនភូមិមួយឡើង មានផ្ទះឈើបែបខ្មែរ និងផ្សារភ្ជាប់ទៅនឹងធម្មជាតិយ៉ាងស្រស់ត្រកាល។ នៅទីនេះ បានផ្តល់នូវទិដ្ឋភាពយ៉ាងស្រស់ស្អាតគ្រប់ពេល មិនថាពេលព្រឹក ពេលថ្ងៃ ឬពេលល្ងាចនោះទេ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ គ្រាប់ភ្លៀងគ្រប់តំណក់ដែលស្រក់ស្រោចស្រព ធ្វើឱ្យរុក្ខជាតិកាន់តែបៃតងខ្ចី គួបផ្សំពន្លឺភ្លើងប្រឿងៗតាមផ្ទះឈើ បែបស្រគត់ស្រគំ កាន់តែធ្វើឱ្យសោភណភាពនៅទីនេះ បញ្ចេញសម្រស់ថែមមួយកម្រិតគួរជាចំណីចក្ខុ។
ជាការពិត ក្រៅពីបង្កើតបានជាបរិយាកាសមួយដ៏ស្រស់បំព្រង ដូចទៅនឹងឈ្មោះ «Bloom Alley Café + Eatery» នៅទីនេះក៏មានបម្រើជាភេសជ្ជច្រើនមុខ និងអាហារសម្រាប់ទទួលទានផងដែរ។ អ្វីដែលមិនអាចរំលងបាននូវរសជាតិភេសជ្ជដែលលោកអ្នកគួរតែសាកល្បងនោះគឺ កាហ្វេតៀម។ គ្រាន់តែក្រេបឱជារសភ្លាមហាក់រលឹកទៅកាន់រសជាតិកាហ្វេលក់នៅតៀមតាមផ្លូវពីអតីតកាលដែលមិនអាចបំភ្លេចបាន។ ងាកមកមុខម្ហូបវិញក៏មានច្រើនជម្រើសមិនចាញ់ភេសជ្ជឡើយ រួមមាន បាយកាពិផាវ បាយសាច់ជ្រូក ប្រហិតសាច់គោបំពង មីកូរ៉េ សាំងវ៉ិច ទឹកកកឈូស និងមុខម្ហូបជាច្រើនទៀត។
អង្គុយក្នុងផ្ទះឈើគយគន់ទេសភាពបែបស្រុកស្រែ លម្ហែអារម្មណ៍ជាមួយរុក្ខជាតិតូចធំ បន្ថែមដោយរសជាតិភេសជ្ជ និងអាហារដ៏ឈ្ងុយឆ្ងាញ់ អមដោយសម្លេងតន្រ្តីប្រគំដោយធម្មជាតិពីសត្វបក្សាបក្សីយំឆ្លើយឆ្លងយ៉ាងអឺងកង ពិតជាធ្វើការសម្រាកលម្ហែមួយនេះ ពោរពេញដោយភាពស្រស់ស្រាយរំសាយនៅទុក្ខកង្វល់ឱ្យឃ្លាតចាកឆ្ងាយ។
«Bloom Alley Café + Eatery» ពិតជាទីកន្លែងដ៏ស័ក្តិសមសម្រាប់ការណាត់ជួប លក្ខណៈគ្រួសារ ជួបជុំមិត្រភក្តិ ពិភាក្សាការងារ និងសម្រាប់អ្នកដែលអញ្ជើញមកធ្វើការងារបន្ថែម ជាពិសេសសម្រាប់អ្នកដែលស្រលាញ់ចូលចិត្តធម្មជាតិតែម្តង។
គួរជម្រាបដែរថា «Bloom Alley Café + Eatery» បើកទទួលស្វាគមន៍ភ្ញៀវជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៦:៣០នាទីល្ងាច៕
Article by SOUNG SOKSAN