×

សុរា​ជី​ន​ ​ក្រោម​ថ្វីដៃ​ស្ត្រី​ខ្មែរ​សម្រាំង​ពី​រុក្ខជាតិ​ដាំ​ដុះ​ផ្ទាល់ដៃ​នា​ឯ​ជើងភ្នំ​គូលែន​

NEWS 5 months ago
 
 

          នា​ឯ​ជើងភ្នំ​គូលែន​ ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជាង​ ​៣០ហិកតា​ ​រុក្ខជាតិ​ខៀវ​ខ្ចី​ជា​រុក្ខជាតិ​ឱសថ​ ​ខ្លះ​ដាំ​ដុះ​យក​ស្លឹក​ ​ខ្លះ​បេះ​បោច​យក​ផ្កា​ ​ខ្លះ​បេះ​យក​តែ​ផ្លែ​ ​ឯ​ខ្លះទៀត​ប្រើ​យក​ទាំង​ដើម​។​ ​ដំណាំ​អាស្រ័យ​ធម្មជាតិ​សុទ្ធសាធ​ទាំងនេះ​ ​ត្រូវ​បាន​ស្ត្រី​ខ្មែរ​ម្នាក់​ប្រមូល​ផល​ជា​គ្រឿងផ្សំ​ ​ប្រើ​ផលិត​ជា​ស្រា​ជី​ន​ (Gin) ​ដ៏​មានគុណ​ភាព​ ​ហើយក៏​កំពុង​មាន​តម្រូវ​ការ​នៅ​ទី​បដិសណ្ឋារកិច្ច​នានា​ក្នុង​ក្រុង​សៀមរាប។​

          អ្នកស្រី​ ​អ៊ុន​ ​សុផា​រី​ ​ជា​អ្នក​ដាំ​ដុះ​គ្រឿងផ្សំ​ដោយ​ផ្ទាល់ដៃ​ ​និង​ជា​អ្នក​ផលិត​ស្រា​ជី​ន​ ​ដែល​មាន​ម៉ាក​សញ្ញា​លើ​ដប​ស្រា​របស់​ខ្លួន​ ​«​សុរា​ ​ជី​ន​ ​គូលែន​»​។​ ​សុរា​ ​ជី​ន​ ​គូលែន​ ​គឺជា​ផលិតផល​មួយទៀត​របស់​ ​ហឺប​ល​ ​គូលែន​ (Herbal​ Kulen) ​ដែល​ជា​កន្លែង​ធ្វើ​ផលិតផល​ទាក់ទង​នឹង​សុខុមាលភាព​ ​ដូចជា​ ​ប្រេង​ម៉ា​ស្សា ​ថ្នាំ​បាញ់​មូស​ ​និង​តែ​ជាដើម។​ ​អ្នកស្រី​ ​អ៊ុន​ ​សុផា​រី​ ​បាន​ផលិត​ស្រា​ជី​ន​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​តែ​ទើប​តែ​បាន​ចែកចាយ​នៅ​លើ​ទី​ផ្សារ​ប្រមាណ​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។​

          តាមរយៈ​ជំនួប​ជាមួយ​ក្រុម​ការងារ​ ​សូវ​រី​ន​ ​ស្ថាបនិកា​ ​អ៊ុន​ ​សុផា​រី​ ​បាន​ឱ្យ​ដឹង​ថា​ ​អ្នកស្រី​បាន​បង្កើត​ ​ហឺប​ល​ ​គូលែន​ ​តាំងពី​ឆ្នាំ​ ​២​០​១​៤​។​ ​មុន​ពេល​ចាប់ផ្តើម​ច្នៃ​ជា​ស្រា​ជី​ន​ ​អ្នកស្រី​បាន​ដាំ​រុក្ខជាតិ​គ្រឿងទេស​នៅ​ចម្ការ​នា​ឯ​ជើងភ្នំ​គូលែន​ ​ដើម្បី​ផលិត​តែ​សុខភាព​ ​និង​ប្រេង​សម្រាប់​រឹត​ ​ប្រេង​ម៉ា​ស្សា ​ថ្នាំ​បាញ់​មូស​ ​និង​ទឹក​ស្លឹកគ្រៃ​បាញ់​មុខ​ (Face​ ​Mist) ​ជាដើម។​ ​ក្រោយមក​អ្នកស្រី​បាន​សិក្សា​អំពី​ការប្រើប្រាស់​គ្រឿងទេស​ ​ដែល​ខ្មែរយើង​ប្រើ​សម្រាប់​ធ្វើម្ហូប​ ​និង​ថ្នាំ​ខ្មែរ។​ ​ទន្ទឹមគ្នា​នេះ​ ​អ្នកស្រី​ក៏បាន​សិក្សា​ស្វែងយល់​អំពី​ស្រា​ថ្នាំ​ខ្មែរ​ដែល​មានប្រយោជន៍​ចំពោះ​សុខភាព​ផង​ដែរ។​

          ជំហាន​ដំបូង​នៃ​ការ​ចាប់ផ្តើម​ស្រា​ ​អ្នកស្រី​ ​អ៊ុន​ ​សុផា​រី​ ​បាន​សាកល្បង​ប្រើ​គ្រឿងទេស​យកមក​ត្រាំ​ធ្វើជា​ស្រា​ ​រួច​ប្រើ​ស្រា​នេះ​ជា​គ្រឿងផ្សំ​បង្កើត​ស្រា​ក្រឡុក​ ​ដាក់​លក់​នៅ​បារ​របស់​ខ្លួន​មួយ​កន្លែង​ឈ្មោះ​ ​អាសា​ណា​ ​ដែល​មាន​ទីតាំងនៅ​ជិត​ផ្សារ​ចាស់​ក្នុង​ក្រុង​សៀមរាប។​ ​ខណៈ​ដែល​ស្រា​ក្រឡុក​ទទួល​បាន​សម្ទុះ​គាំទ្រ​ ​អ្នកស្រី​ក៏​កើត​គំនិត​ថា​ ​បើសិនជា​យើង​ផលិត​ស្រា​ដែល​ប្រើ​គ្រឿងផ្សំ​ក្នុងស្រុក​ ​ហើយ​ទុក​បាន​យូរ​ទៀត​នោះ​ ​វា​ពិត​ណាស់​ច្បាស់ជា​ល្អ។​

          មិន​បង្អង់​យូរ​ ​អ្នកស្រី​ ​អ៊ុន​ ​សុផា​រី​ ​បាន​ចាប់ផ្តើម​សាកល្បង​ត្រាំ​ស្រា​ជាមួយ​គ្រឿងផ្សំ​ផ្សេងៗ​ដែល​មាននៅ​ជុំវិញ​ខ្លួន​ ​រួច​ចម្រាញ់​ចេញ​ជា​ស្រា​ជី​ន​ ​ដោយ​អញ្ជើញ​មិត្តភក្តិ​ ​និង​ក្រុម​គ្រួសារ​មក​ជួយ​ភ្លក់​ផ្តល់​ជាម​តិ​យោបល់​ទាំងអស់គ្នា។​ ​ជា​លទ្ធផល​ ​គ្រប់គ្នា​ពិតជា​លាន់មាត់​ ​និង​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ ​ដោយសារ​ស្រា​ជី​ន​របស់​អ្នកស្រី​ពិតជា​មានឱជារស​ ​ក្លិន​ឈ្ងុយ​ប្រហើរ​ដិត​ជាប់មាត់​ទៅ​ដោយ​គ្រឿងទេស។​ ​ដោយមាន​ការ​លើកទឹកចិត្ត​ច្រើន​ ​ជាពិសេស​ការ​គាំទ្រពី​អតិថិជន​ ​អ្នកស្រី​ក៏​ចាប់ផ្តើម​ផលិត​ស្រា​ជី​ន​បង្កើត​ជា​ម៉ាក​សញ្ញា​ ​«សុរា​ ​ជី​ន​ ​គូលែន»​ ​និង​ដាក់​លក់​ចែកចាយ​តាំងពី​ពេល​នោះ​មក។​

          ពី​ជើងភ្នំ​មកដល់​ក្នុង​ដប​ ​សុរា​ ​ជី​ន​ ​គូលែន​ ​ត្រូវ​បាន​លាយ​គ្រឿងផ្សំ​ដូចជា​៖​ ​ម្រះព្រៅ​ ​ក្រវាញ​ ​ស្លឹកគ្រៃ​ (មាន​ពីរ​ប្រភេទ) ​ជីរស្លឹកក្រាស់​ (អ្នកខ្លះ​ហៅ​ជីរត្រចៀកជ្រូក) ​ខ្ញី​ ​គ្រាប់​វ៉ាន់ស៊ុយ​ ​សម្បក​ក្រូច​ ​រមៀត​ ​ផ្កា​អមតៈ ​និង​ផ្លែ​ជូន​នីភ័រ​(នាំចូល​ពីក្រៅ​ប្រទេស)។​ ​គ្រឿងផ្សំ​ភាគច្រើន​ដាំ​ដុះ​នៅ​ចម្ការ​ផ្ទាល់ខ្លួន​ ​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជាង​ ​៣០ហិកតា​ ​ស្ថិតនៅ​ចន្លោះភ្នំ​គូលែន​ ​និង​ប្រាសាទ​បេង​មាលា។​ ​ការ​ដាំ​ដុះ​ទាំងប៉ុន្មាន​មិន​មានការ​ប្រើ​ថ្នាំ​ស្លាប់​សត្វល្អិត​ឬ​សារធាតុ​គីមី​ឡើយ​ ​ពោល​ស្រោចស្រព​បែប​ធម្មជាតិ​ ​អម​ដោយ​ដី​មានជីជាតិ​ស្រាប់។​ ​ចំពោះ​ការ​ប្រមូល​ផល​វិញ​ ​គឺ​ធ្វើឡើង​ដោយដៃ​ ​និង​សម្រិតសម្រាំង​បំផុត​។​ ​រៀងរាល់​ឆ្នាំ​រុក្ខជាតិ​ឱសថ​អាច​ប្រមូល​ផល​បាន​ទាំង​រដូវប្រាំង​ ​និង​រដូវវស្សា​ ​គ្រាន់តែ​រដូវវស្សា​ភ្លៀង​បង្អុរ​គ្រប់គ្រាន់​អាច​ប្រមូល​ផល​បាន​ច្រើនជាង។​

          ក្រឡេក​មក​ដំណាក់កាល​នៃ​ការ​ផលិត​ស្រា​ ​អ្នកស្រី​ ​អ៊ុន​ ​សុផា​រី​ ​ដែល​ជា​អ្នក​ផលិត​ផ្ទាល់ដៃ​បាន​រៀបរាប់​ថា​ ​ជំហាន​ដំបូង​យើង​ត្រូវ​យក​គ្រឿងទេស​មក​ដាក់​ត្រាំ​ជាមួយ​ស្រា​ក្នុង​ពាង​នីមួយៗ​ផ្សេងៗ​គ្នា​ ​បន្ទាប់មក​យក​ស្រា​ដែល​បាន​ត្រាំ​មក​ប្រើ​ភ្លើង​ចម្រាញ់​ដែល​ខ្មែរយើង​ហៅថា​បិតស្រា។​ ​ក្រោយ​ចម្រាញ់​រួចរាល់​ ​គ្រាន់តែ​យក​ស្រា​ទាំងប៉ុន្មាន​ម​កលា​យ​ចូលគ្នា​ជាការស្រេច។​

          ក្នុង​ដំណើរការ​ផលិត​ស្រា​ ​អ្នកស្រី​ ​អ៊ុន​ ​សុផា​រី​ ​យកចិត្តទុកដាក់​ជាងគេ​នៅ​ពេល​ចម្រាញ់​ ​ជាក់ស្តែង​នៅ​ពេល​ចម្រាញ់​ ​ត្រូវ​ប្រាកដ​ថា​រក្សា​ក​ម្តៅឱ្យ​នៅ​ឋិតថេរ។​ ​ចំណែក​គ្រឿងទេស​ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយទៀត​ ​តួយ៉ាង​ចាប់តាំង​ពី​ការ​ដាំ​ដុះ​ដល់​ប្រមូល​ផល​ ​ត្រូវ​ប្រាកដ​ថា​គ្រឿងទេស​ចាស់​ល្មម​អាច​ប្រើការ​បាន​ ​បន្ទាប់មក​ដាក់​ស​ម្ងួ​ត​ឱ្យ​បាន​ល្អ​ ​ហើយ​រក្សាទុក​ឱ្យ​បាន​ត្រឹមត្រូវ។​

អ្នកស្រី​ ​អ៊ុន​ ​សុផា​រី​

          ផលិត​ស្រា​បាន​ពី​ ​៣០​ ​ទៅ​ ​៥០លីត្រ​ ​ក្នុង​មួយ​ស​ប្តាហ៍ ​ក្រៅពី​អ្នកស្រី​ ​អ៊ុន​ ​សុផា​រី​ ​ជា​អ្នក​ផលិត​ផ្ទាល់​ ​ក្នុង​នោះ​ក៏មាន​ប្អូនស្រី​ម្នាក់ទៀត​ជា​ជំនួយ​ការ​នៅ​ក្នុង​ការ​ផលិត​ ​និង​វេច​ខ្ចប់​ផង​ដែរ។​ ​អ្នកស្រី​តាមដាន​ដិតដល់​ទៅលើ​ការ​ផលិត​ ​រាប់​តាំងពី​គុណភាព​គ្រឿងទេស​ ​ការ​ត្រាំ​ ​រហូតដល់​លាយ​ក្លាយ​ជា​លទ្ធផល​សម្រេច។​ ​ស្វាមី​អ្នកស្រី​ក៏​ជា​អ្នកជួយ​មើលការខុសត្រូវ​លើ​ការ​រក្សា​គុណភាព​ ​រសជាតិ​ ​និង​ការ​ផ្សព្វផ្សាយ​ផង​ដែរ។​ ​អ្នកស្រី​ថា​ ​ស្វាមី​ ​កូន​ៗ​ ​ក្រុម​គ្រួសារ​ ​និង​មិត្តភក្តិ​ ​សុទ្ធតែ​ជា​ចំណែក​លើកទឹកចិត្ត​ដ៏​សំខាន់​នៅ​ក្នុង​ការ​ផលិត​នេះ​។​

          ចំពោះ​ឧបសគ្គ​នៃ​ការ​បង្កើត​ផលិតផល​ ​សុរា​ ​ជី​ន​ ​គូលែន​ ​អ្នកស្រី​ថា​ដំបូង​ឡើយ​ជួប​ផល​លំបាក​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ ​គឺ​ទំនុក​ចិត្ត​ ​និង​ការ​ទទួលស្គាល់​ ​ដោយហេតុ​អ្នក​ផលិត​ជា​ស្ត្រីភេទ​មិនសូវ​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ។​

          បច្ចុប្បន្ន​ ​សុរា​ ​ជី​ន​ ​គូលែន​ ​ទទួល​បានការ​គាំទ្រ​ពី​បណ្តា​កន្លែង​បដិសណ្ឋារកិច្ច​ជាច្រើន​នៅ​ក្នុង​ក្រុង​សៀមរាប​ ​ដូចជា​ ​បារ​ ​ឡោញ​ ​ភោជនីយដ្ឋាន​ ​និង​សណ្ឋាគារ​ជាដើម។​ ​ភាគច្រើន​កន្លែង​ទាំងនេះ​ ​តែង​ជ្រើសរើស​ស្រា​ជី​ន​ជា​គ្រឿងផ្សំ​បង្កើត​ជា​ស្រា​ក្រឡុក​រសជាតិ​ផ្ទាល់ខ្លួន​ (Signature​ ​Cocktail) ​ហើយ​រសជាតិ​ក៏​ហាក់​ប្លែក​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ពីសំណាក់​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ។​

          សម្លឹង​ទៅខាងមុខ​ ​ស្ថាបនិក​ ​ហឺប​ល​ ​គូលែន​ ​អ្នកស្រី​ ​អ៊ុន​ ​សុផា​រី​ ​អ្នក​ផលិត​ស្រា​ជី​ន​លើ​ដែនដី​សុវណ្ណភូមិ​បាន​មាន​មតិ​យល់ឃើញ​យ៉ាង​ដូច្នេះ​៖​ ​«នៅ​ថ្ងៃ​អនាគត​ ​ខ្ញុំ​ចង់​ឃើញ​ផលិតផល​ខ្មែរយើង​មានការ​គាំទ្រ​ពី​អតិថិជន​ទាំង​ក្នុង​ ​និង​ក្រៅ​ស្រុក​កាន់តែ​ច្រើនឡើង​ ​ជាពិសេស​មានការ​គាំទ្រ​ពី​ប្រជាជន​ខ្មែរ​ទៅលើ​ផលិតផល​ខ្មែរយើង​កាន់តែ​ច្រើន»៕​

Article​ ​by​ ​HEM​ ​SO​KKHIM

Image Courtesy: ​អ៊ុន​ ​សុផា​រី​ (Herbal​ Kulen)


SUGGESTIONS