×

ក្ដី​សង្ឃឹម​ចុង​ក្រោយ - WILD IN STYLE

FASHION & BEAUTY 6 years ago
 
 

          សត្វព្រៃ​កំពុងតែ​ប្រឈមមុខ​ទៅ​នឹង​ការ​បាត់បង់​បន្តិចម្តងៗ ដោយ​សារ​តែ​សកម្មភាព​របស់​មនុស្ស​ដែល​ពេល​ខ្លះ​ពួក​គាត់​បាន​ធ្វើ​ឡើង​ដោយ​ចេតនា និង​អចេតនា។ ក្នុង​គំនិត ប្រកប​ដោយ​សុឆន្ទៈ និង​ក្តីស្រឡាញ់ សូវរីន បាន​បង្កើត​បេសកកម្ម​មួយ​ឡើង​ដើម្បី​ជា​ការ​បង្ហាញ​ពី​ការអភិរក្ស និង​ថែរក្សា​កុំ​ឱ្យ​ពូជសត្វ​ទាំង​នោះ​បាត់បង់​ដោយ​កត្តា​ណាមួយ។ ក្នុង​ន័យ​សំដៅ​ដល់​ការ​ចូលរួម​ផ្តល់​ក្តីស្រឡាញ់​ទៅ​លើ​សត្វព្រៃ​ទាំង​ប៉ុន្មាន​ប្រភេទ​នេះ ព្រោះ​ជីវិត​សត្វ​ក៏​ប្រៀប​បាន​នឹង​ជីវិត​របស់​មនុស្ស​យើង​ដែរ។ បើអ្នក​បាន​ការពារ​ជីវិត​សត្វ​មួយក្បាល នោះ​មាន​ន័យថា ជីវិត​មួយ​ត្រូវ​បាន​អ្នក​សង្គ្រោះ​ដែល​ប្រកប​ទៅ​ដោយ​គុណធម៌​ខ្ពស់​ក្នុង​ខ្លួន។ មួយវិញ​ទៀត​នៅ​សម្រាប់​ការ​ចេញ​ផ្សាយ​ក្នុង​ខែនេះ សូវរីន បាន​ចំណាយ​កម្លាំង​កាយចិត្ត​ដើម្បី​ចង់​បង្ហាញ​ពី​ការ​ចូលរួម​ស្តោកស្តាយ​ពី​ឱនភាព​ពូជ​របស់​សត្វព្រៃ​នៅ​កម្ពុជា ដែល​ជា​មនសិកា​លើក​យក​មក បង្ហាញ​ក្នុង​ការ​សិក្សា​ស្វែងយល់​ទាំង​អស់គ្នា។ បើ​យើង​មើល ហើយ​ពិចារណា​ទៅ​លើ​កម្រង​រូបភាព​ដែល​ សូវរីន បាន​រៀបចំ​ឡើង​នេះ​គឺ​បង្កប់​ទៅ​ដោយ​ភាព​ទួញសោក សម្រែក​ដង្ហោយហៅ​រៀបរាប់​ពី​ទុក្ខវេទនា​របស់​សត្វព្រៃ​ទាំង​អស់​នោះ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ចាប់​អារម្មណ៍​នោះ​ឡើយ។ ជាក់​ស្តែង នាបច្ចុប្បន្នកាល​នេះ សត្វព្រៃ​ដ៏​កម្រ​ប៉ុន្មាន​ប្រភេទ​នេះ ត្រូវ​បាន​រងនូវ​ការ​បាត់បង់​ជីវិត​ម្តងបន្តិចៗ ដែល​មាន​ពេល​ខ្លះ ស្ទើរ​តែ​ផុតពូជ​អស់​ទៅ​ហើយ ដែល​សកម្មភាព​ទាំង​នោះ​រួម​មាន៖ ការ​ប្រមាញ់​យក​សាច់​ជា​អាហារ ពី​សំណាក់​ក្រុមព្រាន​ព្រៃ​មួយចំនួន។ លើស​ពី​នេះ​ទៀត មិនមែន​គ្រាន់​តែ​ការ​យារយី​តាម​ប្រមាញ់​តែ​មួយ​នោះ​ទេ ក្នុង​នោះ​ការ​បំពុល​បរិស្ថាន​គឺ​បាន​ជះឥទ្ធិពល យ៉ាង​ខ្លាំង​ទៅ​ដល់​ដំណក​ដង្ហើម​របស់​សត្វ​ទាំង​អស់​នោះ។ ឧទាហរណ៍ ដូច​ជា​ការ​បោះចោល​សំរាម ការ​ប្រើប្រាស់​កាកសំណល់​គីមី ហើយ​បង្ហូរ​ទៅ​ក្នុង​ទឹកទន្លេ ដែល​សកម្មភាព​ទាំងអស់​នេះ​អាច​ធ្វើ​ឲ្យ​ពពួក​មច្ឆា​ស្លាប់​ទៅ​ទាំងអស់​ដូច​ជា ផ្សោត ឬ​ត្រីរាជ​នេះ​ជាដើម។ បន្ថែម​ពី​នេះ​ទៀត សត្វព្រៃ ក៏​ត្រូវ​បាន​ក្លាយ​ជា​ទីផ្សារ​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ជួញដូរ​ដោយ​ឥតប្រណី​ពី​សំណាក់​ឈ្មួញ​ផងដែរ ដោយ​ហេតុ​ថា មនុស្ស​បាន​ប្រមាញ់​យក​សត្វ​ទាំងនោះ ដើម្បី​យក​ទៅ​លក់​ក្នុង​គោល​បំណង​ចិញ្ចឹម​ក្រពះ ឬ​តម្រូវ​ការ​របស់​ខ្លួន ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មនុស្ស​មិន​បាន​គិត​ពី​ការ​ឈឺចាប់ និង​ទុក្ខវេទនា​របស់​ពួកគេ​ឡើយ។ នេះ​ហើយ ដែល​ជា​ការ​ស្វែងយល់ និង​ក្រើន​រំលឹក​ទៅ​ដល់​អារម្មណ៍​អ្នក​អាន​គ្រប់គ្នា​ឱ្យយល់​ពី​ជីវិត​របស់​សត្វព្រៃ​អស់ទាំង​នោះ ដើម្បី​បញ្ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ប៉ុនប៉ង និង​មហិច្ឆតា​គ្មាន​ត្រាប្រណី​របស់​មនុស្ស។ មួយវិញ​ទៀត សម្រាប់​អារម្មណ៍ និង​ក្តីស្រឡាញ់​របស់​ សូវរីន នៅ​ពេល​នេះ គឺ​មិនមែន គ្រាន់​តែ​ចង់​បង្ហាញ​ពី​ការ​បាត់បង់​របស់​សត្វព្រៃ​ប៉ុណ្ណោះទេ លើស​ពី​នេះ​ទៀត គឺ​ដើម្បី​ចូលរួម អភិរឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​សហគមន៍​សត្វព្រៃ​នេះ ឲ្យ​ទទួល​បាន​ភាព​ល្អប្រសើរ និង​សបញ្ជាក់​ឱ្យ​ពិភពលោក​ទាំង​មូល បាន​ឃើញ​ថា កម្ពុជា​ដែល​ជា​តំបន់​ត្រូពិច ក៏​ជា​ជម្រក​សត្វព្រៃ​បាន​យ៉ាង​កក់ក្តៅ​ផងដែរ។ ដែន​អភិរក្ស​សត្វក្រៀល​មួយ​កន្លែង​នៅ​ក្នុង​ភូមិសាស្រ្ត​សហគមន៍​អន្លង់ព្រីង ឃុំ​បងសាលា​ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ជា​ទីតាំង​ដ៏​សក្តិសម​សម្រាប់​បង្ហាញ​សម្រស់​នៃ​ម៉ូដដែល សូវរីន បាន​សហការជា​មួយ​ឡាឈូក ច្នៃប្រឌិត​ឡើង​ជា​ឈុត​តំណាង​ឱ្យ​សត្វ ត្រយង ក្រៀល កន្ធាយក្បាលកង្កែប ផ្សោត និងត្រីរាជ។ គ្រប់​រូបភាព​នៃ​ការ​ច្នៃម៉ូដ​សម្លៀកបំពាក់​ជា​រូបរាង​សត្វព្រៃ​នេះ​គឺ​មើល​ទៅ ហាក់​ដូច​ជា​មាន​ភាព​រស់រវើក​យ៉ាង​ខ្លាំង ដែល​មាន​លាយឡំ​ជាមួយ​នឹង​ទឹកមុខ​ដ៏​ស្រងូតស្រងាត់​ពី​តួសម្តែង​របស់​យើង។ ទន្ទឹម​នឹង​ការចងក្រង​នូវ​កម្រង​រូបភាព​សត្វព្រៃ​ទាំង​អស់នេះ បើ​យើង​ក្រលេក​មើល​ទៅ​លើ​ការ​រចនាម៉ូដ​សម្លៀកបំពាក់​វិញ​គឺ​វា​មាន​សភាព​ស្មុគស្មាញ​បន្តិច ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​អ្នក​ជំនាញ​របស់​យើង​នៅ​តែ​បន្ត​ធ្វើ​វា​ឲ្យបាន។ ជាមួយ​នឹង​ទឹកមុខ​ហត់បន្តិច ក្រោម​កម្តៅថ្ងៃ ញើស​ហូរ​សស្រាក​នោះ តារា​សម្តែង​ខ្នាត​អន្តរជាតិ កញ្ញា ទឹម រដ្ឋា បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ដ៏​ថ្មី​ស្រឡាង​ថា​នេះ​ជា​លើក​ទីមួយ​ដែល​ខ្លួន​បាន​ថត​ជា​លក្ខណៈ​ហ្វេសហ្សិន​ឈុត​សត្វព្រៃ​បែបនេះ។ “ការ​ថត​នេះ ខ្ញុំ​ជួប​ឧបសគ្គ​ច្រើន ព្រោះ​សម្លៀកបំពាក់​មាន​សណ្ឋាន​ជា​រូបសត្វ ដែល​ផ្នែក​ខ្លះ​មុត​ទៅ​ដល់​រាងកាយ​របស់​នាងខ្ញុំ ហើយ​ងាក​មើល​ទៅ​ក្រោម គឺ​សុទ្ធ​តែ​ទឹក និង​វាល​ស្មៅ នាងខ្ញុំ​ខ្លាច​មាន​ឈ្លើង​ណាស់ ប៉ុន្តែ​នាងខ្ញុំ​ពេញចិត្ត​នឹង​ថត​ដើម្បី​ចូលរួម​ចំណែក​បង្ហាញ​ដល់​ការ​អភរិក្ស​សត្វព្រៃ​ជាមួយ​នឹង​ក្រុម​ការងារ សូវរីន”។ បន្ថែម​ពី​នេះ​ទៀត កញ្ញា ថែម​ទាំង​បង្ហើប​ពី​អារម្មណ៍ ភ្ញាក់ផ្អើល​ថា​វា​ជា​ហ្វេសហ្សិន​បែប​ថ្មី មិន​ធ្លាប់​មាន​ពី​មុន​មក​នោះទេ ដោយ​ការ​ឆ្លង​កាត់ ថត​ជាច្រើន​រូបភាព​រួច​មក​ហើយ ប៉ុន្តែ​ដោយ​ឡែក នៅ​លេខ​នេះ សូវរីន ពិត​ជា​បាន​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត ហ្វេសហ្សិន​ឈុត​សត្វព្រៃ​ក្នុង​ន័យ​អប់រំ ដែល​មើល​ទៅ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​ទៀតផង។ តួយ៉ាង ដូចជា​ការ​រៀបចំ​ជា​ម៉ូដ​សម្លៀកបំពាក់​សត្វព្រៃ ទាំង​ការ​រចនា​នៅ​លើ​រាងកាយ​របស់​កញ្ញា និង​ការ​ផាត់មុខ​មាន​មុខមាត់​ជា​សត្វពិត​ជា​ក្លាយ​ជា​ផ្ទាំង​ទស្សនីយភាព​មួយ​ដ៏​កម្រ ខ្លាំង​ណាស់។ រដ្ឋា បាន​បន្ត​ទៀត​ថា លេខ​ទី៨៤ នេះ សូវរីន ហាក់​ដូច​ជា បាន​បំពេញ​នូវ​ការងារសង្គម​មួយ​ដ៏​មាន​តម្លៃ និង​គួរ​ឲ្យ​កោត​សរសើរ។

          គ្រប់​រូបភាព​នៃ​ការ​បង្ហាញ​ពី​ឈុត​សត្វព្រៃ​ទាំង​នេះ​សត្វព្រៃ​នីមួយៗ ពោរពេញ​ទៅ​ដោយ​ភាព​ទុក្ខសោក ស្រងេះស្រងោច ហាក់​ដូច​ជា​ខ្លួន​កំពុង​តែ​បាត់បង់​នូវ សេចក្តី​ស្រឡាញ់​ពី​មនុស្ស​យ៉ាង​ដូច្នោះ​ឯង។ បើ​យើង​ក្រឡេក​មើល​ទៅ​រូបសត្វ​ក្រៀល​ឯណោះ​វិញ គឺ​ដូច​ជា​កំពុង​សម្តែង​នូវ​ភាព​ហត់នឿយ​នឹង​ការ​ដែល​បាត់បង់​សមាជិក​របស់​ខ្លួន ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ដោយ​ត្រូវ​រស់​នៅ​យ៉ាង​វេទនា​ជា​មួយ​នឹង​ទីវាល​ដែល​ស្ទើរ​តែ​គ្មាន​ម្លប់ឈើ សម្រាប់​ជា​ជម្រក​ទៅ​ហើយ។ ចំណែកឯ សត្វផ្សោត​ឯណោះ​វិញ ក៏​កំពុង​តែ​ខំ​រើបម្រើ​ពី​ផ្ទៃទឹក​ដែល​ពោរពេញ​ទៅ​ដោយ ជាតិ​ពុល ដែល​ស្ទើរ​តែ​ឆក់​យក​ជីវិត​ខ្លួន​បន្តិចម្តងៗ ជាមួយ​នឹង​ស្រកា​ស្ទើរ​តែ​ស្ងួត​រីងរៃ អស់​ទាំង​ខ្លួន​តែម្តង។ ងាក​មក​សត្វត្រយង​ជា​ប្រភេទ​សត្វ​មិន​សូវ​ជា​ជួប​ប្រទះ​នោះ​បាន​ហោះ​ហើរ ស្វែង​រក​ដើម​ឈើ​សម្រាប់​ជា​ទី​ជម្រក ប៉ុន្តែ​ដោយ​សារ​តែ​ការ​កាប់បំផ្លាញ​ព្រៃឈើ​របស់​មនុស្ស គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​កាប់​កំទេច​នូវ​ជម្រក​របស់​ពួកគេ​យ៉ាង​ដូច្នោះ​ដែរ និង​ពពួក​សត្វដទៃ​ទៀត​ក៏​កំពុង​តែ​ទទួល​រង​នូវ​ការវិនាស​ហិនហោច​គួរ​ឱ្យសោក​សង្រេង​ផងដែរ។

          សរុប​ជា​រួម​មក​វិញ ដូច​អ្វី​ដែល សូវរីន បាន​រៀបរាប់​ជូន​ខាង​លើ​នេះ​រួច​មក​ហើយ គឺ​ការ​បង្កើត​ជា​កម្រង​រូបភាព​ឈុត​ហ្វេសហ្សិន​សត្វព្រៃ​ទាំង​នេះ គឺ​ក្នុង​ន័យ​មួយ​អប់រំ​ទៅ​ដល់​មនុស្ស​ទាំងអស់​ឱ្យ​ងាក​មក​ស្រឡាញ់ និង​អភិរក្ស​សត្វព្រៃ​ដែល​ជា​ពូជសត្វ​កម្រ​នៅ​ក្នុង​ស្រុក របស់​យើង​វិញ។ មួយ​វិញ​ទៀត ក៏​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា នាពេល​បច្ចុប្បន្ន​នេះ​សត្វព្រៃ កំពុង​តែ​ត្រូវបាត់បង់​វត្តមាន​រូបរាង​នៅ​លើ​ផែនដី​នេះ​ហើយ ក៏​ដោយ​សារ​តែ​សកម្មភាព​របស់​មនុស្ស និង​ការ​មិន​ថែរក្សា​បរិស្ថាន។ ជា​សារ​អប់រំ​មួយ​ដែរ សូម​ចូលរួម​ចំណែក​អភិរក្ស​ជីវិត​សត្វព្រៃ​ទាំងអស់​គ្នា ដើម្បី​កុំ​ឲ្យ​សត្វ​ទាំងអស់​នោះ​ផុតពូជ​ពី​លោក​នេះ​ទៅ ក៏​ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ មួយ​យ៉ាង​សំខាន់​សម្រាប់​ភ្ញៀវ​មកកម្សាន្ត​នៅ​ក្នុង​កម្ពុជា​របស់​យើង៕

Article by HENG CHANMAKARA


SUGGESTIONS