×

នរោត្តម ចេនណា ទើបតែ៧ឆ្នាំសោះប៉ុន្តែ​ពោរ​ពេញ​ទៅ​ដោយ​ទេពកោសល្យ​សិល្បៈ​

NEWS 6 years ago
 
 

          កុមារ​ដែល​មាន​ភាព​ប៉ិនប្រសប់​និង​ទេពកោសល្យ​ពី​កំណើត​ហាក់​កម្រ​នឹង​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​បង្ហាញ​ឲ្យ​អ្នកដទៃ​ឃើញ​ខ្លាំង​ណាស់​ ​ឬ​អាច​និយាយ​បាន​ថា​លុះត្រាតែ​ពួកគេ​ធំ​ពេញវ័យ​ទើបនឹង​សម្តែង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​បានឃើញ​និង​យល់​បាន​។​ ​ក៏ប៉ុន្តែ​កុមារ​ភាគច្រើន​តែង​មាន​ដុង​ឬ​ទេពកោសល្យ​តែ​ជំនាញ​មួយ​តែប៉ុណ្ណោះ​ ​ឧទាហរណ៍​ដូចជា​ជំនាញ​គូររូប​ដូច្នេះ​គេ​ចេះតែ​គូរ​តែប៉ុណ្ណោះ​។​ ​យ៉ាងណាមិញ​កុមារី​ដែល​ទើបតែ​មាន​អាយុ៧​ ​ឆ្នាំ​មួយ​រូប​ដែល​មាន​សមត្ថភាព​និង​ភាព​ប៉ិនប្រសប់​ជាច្រើន​ជំនាញ​ក្នុង​វិស័យ​សិល្បៈ​ ​ហើយ​ថែមទាំង​មានសាច់​សាលោហិត​ក្នុង​សែ​រាជវង្ស​ផង​នោះ​ហាក់​កំពុងតែ​ធ្វើឲ្យ​ប្រជាជន​ខ្មែរ​ទូទាំង​នគរ​បាន​ស្ងើចសរសើរ​និង​ស្រលាញ់​ខ្លាំង​លើទឹក​ដម​សំឡេង​ដ៏​ពិរោះ​រណ្តំ​ ​ក៏ដូចជា​កាយវិការ​នៃ​ការ​រាំ​យ៉ាង​ស្រស់​ស្អាត​របស់​គេ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​និង​តាម​បណ្តាញ​សង្គម​នានា​ទៀតផង​។​

          ​នរោត្តម​ ​ចេ​នណា​ ​ប្រសូត​នៅ​ថ្ងៃទី​ ​១១​ ​ខែមីនា​ ​ឆ្នាំ​ ​២០១១​ ​ទ្រង់​គឺជា​បុត្រី​ទីពីរ​របស់​អ្នកអង្គម្ចាស់​នរោត្តម​បុប្ផា​រី​ ​និង​ជា​ព្រះរាជ​នត្តា​របស់​​ សម្តេច​ព្រះមហិស្សរា នរោត្តម​ចក្រពង្ស​។​ ​ស្ថិត​ក្នុង​វ័យ​ ​ត្រឹមតែ​ ​៧ឆ្នាំ​ប៉ុណ្ណោះ​និង​ជា​កូនកាត់ខ្មែរបារាំង​ ​ក៏ប៉ុន្តែ​កុមារី​ចេ​ណា​ ​អាច​មាន​សមត្ថភាព​ច្រៀង​ចម្រៀង​ជា​ភាសាខ្មែរ​ជាច្រើន​បទ​រួម​ទាំង​ចម្រៀង​បុរាណ​និង​សម័យ​ទៀតផង​។​ ​កាលដែល​ចេះ​ច្រៀង​ចម្រៀង​ខ្មែរ​ជាច្រើន​បទ​នេះ​គឺ​មិនមែន​ទើបតែ​អាយុ៧ឆ្នាំ​ប៉ុណ្ណោះទេ​ ​ក៏ប៉ុន្តែ​ចេ​នណា​បាន​ធ្វើឲ្យ​មាតា​របស់​ខ្លួន​ភ្ញាក់ផ្អើល​នៅពេល​ដែល​ទ្រង់​ចាប់ផ្តើម​ចេះ​ច្រៀង​ដំបូង​តាំងតែពី​កុមារភាព​មក​ម្ល៉េះ​។​ ​«​កាល​គាត់​អាយុ​ ​៤ឆ្នាំ​ ​ខ្ញុំ​ឮ​គាត់​ច្រៀង​ធ្វើឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​មែនទែន​ ​ហើយ​ខ្ញុំ​សួរ​គាត់​កូន​ឯង​ចេះ​ច្រៀង​ភាសាខ្មែរ​ទៀត​?​»​ ​អ្នកអង្គម្ចាស់​នរោត្តម​បុប្ផា​រី​ ​បាន​ប្រាប់​សូ​វរីន​។​ ​ចាប់តាំងពី​ពេលនោះ​មក​ ​ចេ​នណា​ក៏​ចាប់ផ្តើម​ប្រឡូក​ចូល​វិស័យ​សិល្បៈ​បន្តិច​ម្តង​ៗ​ ​ហើយ​រហូតមកដល់​ពេលនេះ​កុមារី​ចេ​នណា​កំពុងតែ​ហាត់​ច្រៀង​និង​រាំ​យ៉ាង​ស្ទាត់ជំនាញ​ទៀតផង​។​ ​សព្វថ្ងៃ​ ​ចេ​នណា​កំពុងតែ​ហ្វឹកហាត់​ច្រៀង​ចម្រៀង​អូ​ប៉េ​រ៉ា​ជាមួយនឹង​លោកគ្រូ​ ​ញ៉ឹង​ ​កា​ណុល​ ​ដែល​ជា​អ្នកចម្រៀង​អូ​ប៉េ​រ៉ា​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​។​ ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​លោកគ្រូ​ ​ញ៉ឹង​ ​កា​ណុល​ ​គឺជា​អ្នកចម្រៀង​អូ​ប៉េ​រ៉ា​ក្មេង​ជាងគេ​នៅ​កម្ពុជា​ ​លោក​ធ្លាប់​បាន​សម្តែង​អូ​ប៉េ​រ៉ា​នៅ​ក្រៅប្រទេស​ជាពិសេស​ប្រទេស​មួយចំនួន​នៅ​ឯ​ប៉ែក​អឺរ៉ុប​។​ ​លោក​គឺជា​អតីត​គ្រូ​អូ​ប៉េ​រ៉ា​របស់​អ្នក​ច្រៀង​ ​បុស្បា​ ​ប៉ាន់​ ​ដែល​កំពុងតែ​ល្បីល្បាញ​នៅ​ក្រៅប្រទេស​ផង​ដែរ​។​ ​ឆ្លងកាត់​ការ​ហ្វឹកហាត់​ ​និង​ការសង្កេត​ឃើញ​របស់​លោកគ្រូ​ ​ញ៉ឹង​កា​ណុល​ ​លោក​បាន​ប្រាប់​សូ​វរីន​ថា​៖​ ​«​ចេ​នណា​គឺជា​ក្មេង​ម្នាក់​ដែល​ខុសប្លែក​ពីក្មេង​ដទៃ​ ​ព្រោះ​គាត់​ឆាប់​ចាប់បាន​ ​ហើយ​ឥឡូវនេះ​គាត់​ពូកែ​ច្រៀង​អូ​ប៉េ​រ៉ា​ ​ខ្លាំង​ណាស់​»​។​ ​កាលពី​ថ្មីនេះ​ផង​ដែរ​ ​នរោត្តម​ចេ​នណា​ ​ក៏​ទើបតែ​បញ្ចេញ​បទចម្រៀង​ ​Original​ ​ដំបូង​របស់​ខ្លួន​ដែល​ជា​ការ​ច្រៀង​រួមគ្នា​ជាមួយនឹង​លោក​ ​Pheap​ ​Saki​ ​ដែល​មាន​ចំណងជើង​ថា​ ​«​ឲ្យ​ប៉ា​សុំទោស​»​ ​ទៀតផង​។​

          លើស​ពី​សមត្ថភាព​ក្នុង​វិស័យ​ចម្រៀង​ ​កុមារី​ចេ​នណា​ក៏​មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការ​រាំ​ជាមួយនឹង​កាយវិការ​ល្វត​ល្វន់​ ​គួរឲ្យ​ក្នាញ់​និង​គួរឲ្យ​ស្រលាញ់​ជាទីបំផុត​ទៀតផង​។​ ​លោក​ ​សេង​តារា​ ​ជា​គ្រូបង្រៀន​រាំ​របស់​ចេ​នណា​ ​បាន​ថ្លែង​ឲ្យដឹង​ថា​៖​ ​«​ចេ​នណា​ ​ពូកែ​រាំ​ខ្លាំង​ណាស់​ ​ជាពិសេស​គឺ​ក្បាច់​រាំ​នៃ​ចង្វាក់​ ​K​-​pop​ ​(​ក្បាច់​រាំ​នៃ​ចម្រៀង​កូរ៉េ​)​ ​គឺ​គាត់​ពិតជា​រាំ​ដូច​ ​តារា​ ​K​-​pop​ ​(​តារាចម្រៀង​កូរ៉េ​)​ខ្លាំង​ណាស់​»​។​

​          ស្ថិតនៅ​ក្នុង​បន្ទប់​ស្ទូឌីយោ​របស់​ទស្សនាវដ្តី​សូ​វរីន​ ​ចេ​នណា​កំពុងតែ​ថត​ម៉ូត​សម្លៀកបំពាក់​យ៉ាង​ស្រស់​ស្អាត​ជាមួយនឹង​កាយវិការ​បង្ហាញ​ម៉ូត​យ៉ាង​ស្ទាត់ជំនាញ​ ​មិនចាញ់​តារា​បង្ហាញ​ម៉ូត​ល្បី​ៗ​ប៉ុន្មាន​ឡើយ​។​ ​អាច​និយាយ​បាន​ថា​ ​ចេ​នណា​ ​គឺជា​តារា​បង្ហាញ​ម៉ូដ​កុមារ​ ​(​Kid​ ​Model​)​ ​ដ៏​ប៉ិនប្រសប់​មួយ​រូប​ដែល​ចេះ​លេង​ទឹកមុខ​ក្រមិចក្រមើម​ ​និង​ចេះ​គ្រប់​កាយវិការ​បង្ហាញ​ម៉ូដ​ទាំងអស់​ដែល​មើលទៅ​ដូច​តារា​បង្ហាញ​ម៉ូដ​អាជីព​ដែល​ធ្វើឲ្យ​យើង​ឃើញ​ហើយ​មិន​សរសើរ​មិនបាន​ឡើយ​។​ ​

​          លើស​ពីនេះ​ទៅទៀត​នោះ​ ​ចេ​នណា​ក៏​មាន​សមត្ថភាព​អាច​និយាយ​បាន​រហូតដល់​ទៅ​ ​៥​ ​ភាសា​ឯណោះ​។​ ​ដោយមាន​ឪពុក​ជា​ជនជាតិ​បារាំង​ ​ចេ​នណា​ ​អាច​និយាយ​ភាសា​បារាំង​បាន​យ៉ាង​ស្ទាត់ជំនាញ​។​ ​ដោយ​ទោះបីជា​និយាយ​ភាសា​បារាំង​ជាមួយនឹង​ឪពុក​ជា​ញឹកញាប់​ក្តី​ ​ក៏​ចេ​នណា​នៅតែ​មិន​ចោល​ឡើយ​នូវ​ខេមរភាសា​របស់​ខ្លួន​នោះ​ដែរ​។​ ​ក្រៅពី​ភាសា​កំណើត​ទាំងពីរ​នេះ​ ​កុមារី​នរោត្តម​ចេ​នណា​ក៏អាច​និយាយ​និង​ច្រៀង​ជា​ភាសា​ថៃ​ ​ភាសា​ចិន​ ​និង​ ​អង់គ្លេស​បាន​យ៉ាង​ច្បាស់​ផង​ដែរ​។​

          ​​នេះ​ពិតជា​ទេពកោសល្យ​មួយ​ដែល​កម្រ​នឹង​មាន​ក្មេង​ណា​ម្នាក់​អាច​នឹង​ធ្វើ​បាន​នោះ​ណាស់​។​ ​ដោយហេតុ​តែ​ស្រលាញ់​វិស័យ​សិល្បៈ​តាំងពី​ក្មេង​ ​គួបផ្សំ​ជាមួយនឹង​ហ្វឹកហាត់​បន្ថែម​ជាមួយនឹង​គ្រូ​ជំនាញ​ទៀតផង​នោះ​ ​ចេ​នណា​មានបំណង​ចង់​ក្លាយជា​តារាចម្រៀង​ឯករាជ្យ​និង​អ្នក​រាំ​មួយ​រូប​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​។​ ​យើង​សង្ឃឹមថា​ ​កុមារី​ ​នរោត្តម​ ​ចេ​នណា​ ​នឹង​ក្លាយទៅជា​សិល្បករ​ដ៏​ពូកែ​មួយ​រូប​ដែល​ជាប់សែស្រឡាយ​រាជវង្ស​តែមួយគត់​ដែល​ល្បីល្បាញ​នៅ​អនាគតកាល​ជាក់ជា​មិនខាន​មិនថា​នៅក្នុង​ស្រុក​ឬ​ក្រៅប្រទេស​នោះ​ឡើយ​៕​

Article by SOVRIN

All Rights Reserved by SOVRIN Magazine - 2019


SUGGESTIONS