×

រៀម​ ​មុនី​ស៊ី​ឡុង​ ​មិន​ខ្វល់​ពាក្យ​គេ​ហៅ​ ​“​មនុស្ស​សំរាម​”​ ​តស៊ូ​រហូត​ក្លាយជា​សិល្បករ​ច្នៃ​សំរាម​អាជីព​

NEWS 4 years ago
 
 

            ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចង់​រស់នៅ​ក្នុង​បរិស្ថាន​ស្អាត​ ​ហើយ​អះអាង​ថា​ស្រឡាញ់​បរិស្ថាន​ ​ប៉ុន្តែ​កម្រមាន​អ្នកណា​ដែល​សុខចិត្ត​ប្រឡាក់​ប្រឡូក​ខ្លួនប្រាណ​នឹង​សំរាម​ណាស់​ដើម្បី​ជួយ​សង្រ្គោះ​បរិស្ថាន​ភពផែន​ដី​នេះ​ណាស់​។​ ​ទោះបីជា​យុវជន​សព្វថ្ងៃ​ជាច្រើន​ស្ម័គ្រចិត្ត​ដើរ​រើស​សំរាម​ក្នុង​ន័យ​ស្នេហា​បរិស្ថាន​ ​ពួកគេ​មិនបាន​ចំណាយពេល​រើស​សំរាម​នៅ​តាម​ទី​សាធារណៈ​ជាប្រចាំ​នោះ​ទេ​ ​លើកលែងតែ​ក្នុង​ទិវា​ឬ​ព្រឹត្តិ​ការណ៍​បរិស្ថាន​ណាមួយ​ប៉ុណ្ណោះ​។​ ​ដោយឡែក​ ​បុរស​វ័យ​ជាង៣០ឆ្នាំ​ម្នាក់​ ​ដែល​កំពុង​រស់នៅ​ខេត្តសៀមរាប​ ​និង​មាន​ប្រវត្តិ​រងគ្រោះ​ដោយសារ​ផ្សែង​សំរាម​ជាក់ស្តែង​បាន​បូជា​ពេលវេលា​ផ្ទាល់ខ្លួន​ប្រមូល​សំរាម​កាកសំណល់​ចម្រុះ​ប្រភេទ​ក្នុង​តំបន់​ដែល​គាត់​រស់នៅ​ដើម្បីឲ្យ​ពិភពលោក​ស្រស់​ស្អាត​ជាង​មុន​ ​ព្រមទាំង​ចូលរួម​ចំណែក​លើកស្ទួយ​ការងារ​សិល្បៈ​កែច្នៃ​នៅ​ស្រុកខ្មែរ​ឲ្យ​មានតម្លៃ​ដូច​នៅ​បរទេស​។​ ​ ​

​            ​លោក​ ​រៀម​ ​មុនី​ស៊ី​ឡុង​ ​ជាប់​មមាញឹក​នឹង​ការ​តាំងពិព័រណ៍​វត្ថុ​សិល្បៈ​កែច្នៃ​របស់​លោក​នៅក្នុង​កម្មវិធី​ពិព័រណ៍​មួយ​ដែល​មានឈ្មោះ​ថា​ ​“​ព្រះរាម​ផ្លែងសរ​”​ ​នៅ​ទីតាំង​បរិវេណ​បណ្ណាល័យជាតិ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​ ​លោក​បាន​ប្រាប់​សូ​វរីន​អំពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ផ្តោត​សំខាន់​លើ​ការងារ​កែច្នៃ​សំរាម​នេះ​ថា​ ​ដំបូង​ឡើយ​ ​លោក​ជា​អតីត​វិចិត្រករ​គំនូរ​តាម​វត្តអារាម​មួយ​រូប​នៅ​ខេត្តសៀមរាប​ ​ប៉ុន្តែ​ជាអកុសល​ ​ថ្ងៃមួយ​លោក​បាន​ជួប​គ្រោះថ្នាក់​ឧបទ្ទវហេតុ​មួយ​ដែល​ធ្វើឲ្យ​លោក​ធ្លាក់ខ្លួន​ពិការ​ម្រាមដៃ​មិន​អាច​ចាប់​អាជីព​ជាជាង​គំនូរ​ដូចមុន​ទៀត​បាន​។​ ​បន្ទាប់ពី​គ្រោះថ្នាក់​នោះ​មក​ ​ក្នុង​ឆ្នាំ២០០៩​ ​លោក​បាន​ចូល​ធ្វើការងារ​ស្ម័គ្រចិត្ត​ក្នុង​អង្គការ​មួយ​ឈ្មោះ​ ​“​អង្គការ​ខ្មែរ​ជីវិត​ឯករាជ្យ​”​ ​ក្នុង​ជំនាញ​ឯកទេស​កែច្នៃ​។​ ​លោក​បន្តការងារ​នៅ​ទីនោះ​រហូតដល់​ឆ្នាំ២០១៤​។​ ​

​            ក្រោយមក​ ​លោក​បាន​វិលត្រឡប់​ទៅ​ប្រកបរបរ​កសិកម្ម​មួយ​រយៈ​វិញ​ ​ដោយសារតែ​កត្តា​ទីផ្សារ​។​ ​ក្នុងអំឡុងពេល​នោះ​ហើយដែល​លោក​ធ្លាប់​បាន​ពុល​ផ្សែង​សំរាម​ដែល​ភរិយា​របស់​លោក​បាន​ដុត​ចោល​នៅមុខ​ផ្ទះ​ ​“​ខ្ញុំ​គិតថា​យើង​ដុត​នៅ​លើ​ដី​ ​វា​ឡើងជា​តិ​អាស៊ីត​នៅ​លើ​ដី​ ​បំពុលបរិស្ថាន​ ​ហើយ​ធ្វើឲ្យ​ស្រទាប់​អូហ្សូន​កាន់តែ​ក្តៅ​ចុះ​មក​លើ​ភពផែន​ដី​ ​”​ ​។​ ​ដោយសារតែ​មាន​ផ្នត់គំនិត​បែបនេះ​ ​លោក​ក៏បាន​សាកល្បង​រើស​យក​ស្លឹកឈើ​មក​ច្នៃ​ជា​ក្រដាស​ ​ហើយ​ក្រោយមក​លោក​ក៏បាន​ប្រមែប្រមូល​វត្ថុ​កាក​សំ​ណ​ល់​ផ្សេង​ៗ​ទៀត​មក​លាយ​បញ្ចូល​គ្នា​ ​តួយ៉ាង​ ​កាកសំណល់​ផ្ទះបាយ​ ​សំណល់​សរីរាង្គ​ ​ថង់​ប្លាស្ទិក​ ​និង​ ​បំពង់បឺត​។​ ​

​            ដោយសារតែ​តម្រូវការ​កែច្នៃ​កាន់តែ​កើនឡើង​ជាលំដាប់​ ​លោក​ត្រូវ​ស្វែងរក​កាកសំណល់​ទាំងនេះ​នៅ​តាម​ទីផ្សារ​ ​ហើយក៏​បាន​បង្កើត​ក្រុ​មក្មេងៗ​ដើម្បី​ជួយ​ប្រមូល​ឲ្យបាន​ច្រើន​ទៅតាម​តម្រូវការ​ជាក់ស្តែង​។​ ​លោក​បាន​អះអាង​ថា​ ​ក្នុង​មួយថ្ងៃ​ ​ជាមធ្យម​ ​លោក​បាន​ប្រមូល​កាកសំណល់​បំពង់បឺត​ប្រមាណ៣​-​៤គីឡូក្រាម​ ​ប៉ុន្តែ​តម្រូវការ​នេះ​ប្រែប្រួល​អាស្រ័យ​លើ​ការ​បញ្ជាទិញ​របស់​អតិថិជន​។​ ​នេះ​មានន័យថា​ ​បើ​អតិថិជន​ត្រូវការ​ច្រើន​ ​កាកសំណល់​សំរាម​ក៏​ត្រូវ​ប្រមូល​កាន់តែ​ច្រើន​ដែរ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​វត្ថុ​សិល្បៈ​ដែល​លោក​ផលិត​នៅពេល​កន្លងមក​រួមមាន​ ​ផ្ទាំងគំនូរ​កែច្នៃ​ ​រូប​សត្វ​កែច្នៃ​ដូចជា​ ​សត្វ​ពីងពាង​ ​សត្វ​តុកកែ​ ​សត្វ​ឃ្មុំ​ ​ផលិតផល​សិប្បកម្ម​រពាក់​ ​និង​ ​ពែង​ធ្វើ​ពី​ប្ញស្សី​ ​។​ ​ផលិតផល​ទាំងនោះ​ត្រូវ​បាន​ដាក់​តាំង​លក់​នៅ​ផ្សារ​ផលិតផល​កម្ពុជា​ ​នៅ​ខេត្តសៀមរាប​ ​(​ខាងកើត​មាត់​ស្ទឹង​សៀមរាប​ ​ជាប់​រង្វង់​មូល​វត្ត​ដំណាក់​)​ ​និង​ ​នៅ​រាជធានី​ភ្នំពេញ​ ​(​នៅ​ហាង​ ​Backstreet​ ​Bar​ ​នៅ​ទល់មុខ​សកលវិទ្យាល័យ​បៀ​លប្រាយ​)​។​ ​អតិថិជន​ភាគច្រើន​ជា​ជនជាតិ​អឺរ៉ុប​។​ ​

​            “​ខ្ញុំ​តែង​សួរ​ខ្លួនឯង​រាល់ថ្ងៃ​ថា​ ​តើ​ខ្ញុំ​ធ្វើ​ដើម្បីអ្វី​?​ ​ដើម្បី​អ្នកណា​?​ ​ខ្ញុំ​ធ្វើ​មិនមែន​ដើម្បី​ខ្លួនខ្ញុំ​ ​ខ្ញុំ​ធ្វើជា​សារ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​យល់ដឹង​ពី​ការប្រើ​ប្រាស់​ប្លាស្ទិក​ ​សម្ភារ​ដែល​យើង​បោះចោល​។​ ​យើង​ត្រូវ​កែច្នៃ​ឲ្យអស់​លទ្ធភាព​”​ ​លោក​បាន​បង្ហាញ​អំពី​ឆន្ទៈ​ផ្ទាល់ខ្លួន​។​ ​ការកែច្នៃ​សំរាម​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​ ​ជាពិសេស​គឺ​ទាក់ទង​នឹង​ការ​ប្រមូល​និង​សម្អាត​វា​មុន​ពេល​កែច្នៃ​។​ ​ជាចុងក្រោយ​ ​លោក​សង្ឃឹមថា​ ​នៅ​ថ្ងៃ​អ​នា​​គត​ ​លោក​អាចប​ង្កើត​សារមន្ទីរ​កែច្នៃ​សំរាម​នៅ​ប្រទេស​កម្ពុជា​ដើម្បី​លើកស្ទួយ​សិល្បៈ​កែច្នៃ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​បាន​អំពាវនាវ​សូមឲ្យ​ប្រជាពលរដ្ឋ​មេត្តា​កុំ​បោះ​សំរាម​ពាសវាលពាសកាល​ ​និង​ ​ដុត​សំរាម​នៅពេល​យប់​ព្រោះ​វា​ធ្វើឲ្យ​ជាតិពុល​ចេញ​ខ្លាំង​ ​ខណៈ​ដែល​ដើមឈើ​ក៏​បញ្ចេញ​ឧស្ម័នកាបូនិច​ដូចគ្នា​ ​ជាហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្សយើង​៕​ ​

​Article​ ​by​ ​HENG​ ​CHANMAKARA


SUGGESTIONS