×

ស្វាគមន៍វត្តមានសៀវភៅ GOOD GIRL មកកាន់កម្ពុជា

NEWS 2 days ago
 
 

          នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅ Tsutaya Bookstore​ Cambodia ជាន់ទី១ ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នឹងធ្វើការសម្ពោធការលក់សៀវភៅក្រោមចំណងជើងថា GOOD GIRL និពន្ធដោយ លោកស្រី អ៊ុង បុរីយ៉ាណេ និងជាសហគ្រិនមួយរូបផងដែរ។ ទន្ទឹមនឹងកម្មវិធីនេះ នឹងរួមបញ្ចូលការសន្ទនាជាមួយអ្នកនិពន្ធផ្ទាល់ និងការចុះហត្ថលេខាលើសៀវភៅផងដែរ។ ការដាក់លក់ជាផ្លូវការនេះនឹងផ្ដល់ឱកាសសម្រាប់អ្នកអានទាំងអស់ក្នុងការភ្ជាប់ជាមួយនឹងប្រធានបទនៃសៀវភៅ ដែលផ្ដោតសំខាន់លើតម្លៃខ្លួនឯង ភាពតានតឹងផ្លូវអារម្មណ៍​ និងការអភិវឌ្ឍផ្ទាល់ខ្លួន។ អ្នកចូលរួមនឹងបានស្តាប់ដោយផ្ទាល់ពីអ្នកនិពន្ធអំពីបទពិសោធន៍ដែលធ្វើឱ្យសៀវភៅនេះបានបង្កើតឡើង និងសារសំខាន់របស់សៀវភៅ។

 
          សម្រាប់ព័ត៌មានលម្អិត
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥
ម៉ោង៖ ២-៤រសៀល
ទីតាំង៖ Tsutaya អ៊ីអនម៉លភ្នំពេញ​ ជាន់ទី១
          កាលវិភាគ
២រសៀល –  ការអញ្ជើញដល់របស់ភ្ញៀវ
២៖៣០រសៀល – កិច្ចសន្ទនាជាមួយនឹងអ្នកនិពន្ធ
៣៖៣០រសៀល – ការចុះហត្ថលេខាលើសៀវភៅជាសាធារណៈ


          គួររឭកផងដែរថា លោកស្រី ​ អ៊ុង បុរីយ៉ាណេ គឺជាអ្នកនិពន្ធ និងសហគ្រិនជនជាតិខ្មែររស់នៅប្រទេសអូស្រ្ដាលី។ លោកស្រី គឺជាស្ថាបនិក​ក្រុមហ៊ុន Nalia Skin ដែលជាម៉ាកយីហោថែរក្សាសម្រស់ផ្ដោតក្នុងការផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់គ្រប់រូប និងជាវាគ្មិនសិក្ខាសាលា “I AM WORTHY” ដែលជាសិក្ខាសាលានិយាយអំពីការផ្ដល់តម្លៃខ្លួនឯងទាំងក្នុងប្រទេសកម្ពុជា និងអូស្រ្ដាលី។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏ជាគ្រូបង្វឹកជីវិតដែលមានវិញ្ញាបនបត្របញ្ជាក់ច្បាស់លាស់ និងជាអ្នកសម្របសម្រួលខាងសមាធិផងដែរ។ ការងាររបស់លោកស្រីផ្តោតលើសុខភាពផ្លូវចិត្ត ការកំណត់ព្រំដែនរបស់ខ្លួនជាមួយអ្នកដទៃ និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ រឿងរ៉ាវរបស់លោកស្រីត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្តី Prestige, Marie Claire, Country Style និងទស្សនាវដ្តី WHO ។

 
          ចំណុចសំខាន់ៗដែលប្រិយមិត្តគួរដឹងពីសៀវភៅ GOOD GIRL
GOOD GIRL គឺជាសៀវភៅរឿងពិតនិយាយអំពីការយកឈ្នះរបស់លោកស្រីឈប់ជាមនុស្សចូលចិត្តបំពេញចិត្តអ្នកដទៃ (People-pleaser) ការអស់កម្លាំងផ្លូវចិត្ត និងសម្ពាធក្នុងការរស់នៅតាមការរំពឹងទុករបស់អ្នកដទៃ។ សៀ​វភៅនេះចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ និងណែនាំមូលដ្ឋានគ្រឹះសំខាន់ៗចំនួនប្រាំសម្រាប់សុខុមាលភាពផ្ទាល់ខ្លួន៖
 
          សុខុមាលភាពរាងកាយ
 
          សុខុមាលភាពផ្លូវចិត្ត និងអារម្មណ៍
            សហគមន៍
 
          សុខុមាលភាពខាងវិញ្ញាណ
            ចំណេះដឹងផ្នែកហិរញ្ញវត្ថុ
          សៀវភៅនេះបានជាប់ក្នុងលំដាប់ ១០០ នៅលើ Audible Australia ហើយលក់អស់យ៉ាងឆាប់រហ័សកំឡុងពេលចេញផ្សាយដំបូង ដែលធ្វើឱ្យលោកស្រី បុរីយ៉ាណេ ក្លាយជាអ្នកនិពន្ធខ្មែរដំបូងគេបង្អស់ដែលសម្រេចបាននូវរឿងនេះ។ ការបោះពុម្ពជាភាសាខ្មែរកំពុងស្ថិតក្នុងការអភិវឌ្ឍ និងចេញផ្សាយនាពេលឆាប់ៗនេះផងដែរ៕


SUGGESTIONS