ផ្តើមចេញពីការសិក្សាលើផ្នែកសិល្បៈគំនូរ Abstract តាំងកាលពីកុមារភាព សិល្បករផាត់មុខ ដែលភាគច្រើនស្គាល់ថា “ណារ៉ាក់ (Narak)” បានប្រឡូកក្នុងវិស័យមួយនេះ១ទសវត្សជាងមកហើយ។ ណារ៉ាក់ តែងរក្សាប្រជាប្រិយភាពក្នុងការផាត់មុខរបស់ខ្លួនមិនជិនណាយនោះឡើយ នេះក៏ព្រោះតែអ្នកជំនាញរូបនេះប្រើតិកនិចនៃការផាត់មុខគួរឲ្យចាប់អារម្មណ៍ ជាពិសេស ការប្រើផលិតផលលើប្រភេទស្បែករបស់អតិថិជន។
ស្ថាបនិកនៃហាងសាឡន Narak Inside Beauty ដែលមានទីតាំងស្ថិតនៅក្រោយព្រះបរមរាជវាំង រូបនេះបានបង្ហើបក្រុមការងាររបស់ សូវរីន ថាការផាត់មុខសម្រាប់អតិថិជនម្នាក់ៗគឺត្រូវដឹងច្បាស់ពីប្រភេទស្បែក ទម្រង់មុខ សម្បុរពណ៌ស្បែក របស់អតិថិជន។ “កត្តាចម្បងដែលអ្នកផាត់មុខត្រូវតែដឹងនោះគឺប្រភេទស្បែកមុខរបស់អតិថិជនយើងជាប្រភេទស្បែកមុខអ្វី? ជាប្រភេទស្បែកមុខងាយប្រតិកម្ម ឬប្រភេទស្បែកមុខស្ងួត? ដូច្នេះ យើងមានភាពងាយស្រួលក្នុង ការជ្រើសរើសផលិតផលសម្រាប់ប្រើប្រាស់លើផ្ទៃមុខរបស់គាត់” ណារ៉ាក់បានលើកឡើង។
សិល្បករផាត់មុខវ័យ ៣២ ឆ្នាំ ដដែលបានបញ្ជាក់ថា “តាមរយៈនៃការផាត់មុខគឺជាការបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗ រីឯម្នាក់ៗមានសេរីភាពក្នុងការផាត់មុខទៅតាមការស្រឡាញ់របស់ខ្លួន ឬក៏តាម Trend ការផាត់មុខពុំមានការកំណត់ច្បាប់នោះទេ។” ទន្ទឹមនឹងការ ពិភាក្សាជាមួយក្រុមការងាររបស់ សូវរីន Narak បានបង្ហើបថាថ្មីៗនេះ លោកបានចូលរួមសហការជាមួយនឹងក្រុមការងារ Miss Universe Cambodia ក្នុងវគ្គបណ្តុះបណ្តាលផ្នែកផាត់មុខផងដែរ។
ណារ៉ាក់ បានបញ្ជាក់ថា “នៅក្នុង Masterclass គឺយើងបង្ហាត់បង្រៀនគ្រប់ចំណុចទាំងអស់។ ជាក់ស្តែង ដូចជាការចាប់ផ្តើមប្រើប្រាស់ Skincare ការជ្រើសរើស Foundation ការតុបតែងភ្នែកសម្រាប់ឡើងលើឆាក ការប្រើប្រាស់ spotlight ក្រោមភ្នែកជាដើម។” Narak បានបន្ត “ចំណុចដែល Miss Universe ត្រូវយកចិត្តទុកដាក់ និងសំខាន់បំផុតគឺការជ្រើសរើស និងការប្រើប្រាស់ប្រភេទម្សៅផាត់មុខឲ្យមានគុណភាពជាប់បានយូរ ហើយម៉ដ្ឋល្អនៅពេលដែលគាត់ត្រូវទៅខាងក្រៅជួប Audience ជាដើម។”
បើតាមការលើកឡើងរបស់សិល្បករផាត់មុខ Narak បានឲ្យដឹងផងដែរថាការប្រឡងរបស់ Miss Universe Cambodia នឹងធ្វើឡើងនៅចុងខែកក្កដាខាងមុខនេះ៕
Article by Sivly