×

ដំណើរ​វិវឌ្ឍន៍​នៃ​បច្ចេក​វិទ្យា និង​ហានិភ័យ​នៃ​ប្រពន្ធ័វៃឆ្លាត AI

TRAVEL & LIVING 6 years ago
 
 

           ចាប់​តាំង​ពី​មនុស្ស​ចេះ​ប្រើ​ភ្លើង​សម្រាប់​ចម្អិន​អាហារ រហូត​ចេះ​ធ្វើ​សម្លៀក​បំពាក់​បិទបាំងរាងកាយ​និង​កេរ្តិ៍ខ្មាស់មក ពិភព​លោក​​យើង​មាន​ការប្រែប្រួល​ដោយ​សារតែ​សកម្មភាព​របស់​មនុស្ស។ រហូត​ដល់​ពេល​ដែល​មនុស្ស​លោក​ចេះ​ផលិត​យាន្តជំនិះជា​មធ្យោបាយ​ធ្វើ​ដំណើរ​គឺជា​សក្ខីភាព​មួយ​ដែល​សបញ្ជាក់​ថា បច្ចេក​វិទ្យា​កំពុង​តែ​មាន​វត្ត​មាន​លើ​ពិភព​លោក​​យើង​នេះ​បាត់​ទៅ​ហើយ។ នៅ​ឆ្នាំ​១៧៥១ បេនចាមីន ហ្វេ្រនគ្លីន (Benjamin Franklin) បាន​រក​ឃើញ​ចរន្តអគ្គីសនីជា​លើក​ដំបូង ក្រោយ​មក​មនុស្ស​ក៏​ចេះ​ទាញយក​ប្រយោជន៍​ពីអគ្គីសនី​ដើម្បី​យកមក​ប្រើ​ប្រាស់​ជាពន្លឺ​នៃ​អំពូល​ភ្លើង។ ឆ្លង​កាត់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ដោយ​ការបង្រៀន និង​ការ​រៀន​ពី​វប្បធម៌​នៃ​ការ​ចែក​រំលែកចំណេះដឹង និង​ការ​យល់​ដឹង​ទៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ជំរុញ​ឲ្យ​មនុស្ស​ចេះ​បង្កើត​នូវ​គំនិត​ថ្មីៗសឹងតែគ្រប់​សម័យ​កាល។

           ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​នៃ​បច្ចេក​វិទ្យា​គឺ​នៅ​ពេល​ដែល​មាន​វត្ត​មាន​ទូរសព្ទ​ប្រើ​ប្រាស់​នៅ​ក្នុង​ពិភព​លោក។ រហូត​ដល់​សតវត្សរ៍ទីម្ភៃ​មួយ​នេះ ទូរសព្ទ​Smart Phone សឹងតែអាច​ប្រើ​ការជំនួសកុំព្យូទ័រ​បាន​ទៅ។ ដំណើរ​វិវឌ្ឍន៍​នៃ​បច្ចេក​វិទ្យា​បាន​ឈាន​មក​ដល់​ប្រព័ន្ធ​បច្ចេក​វិទ្យា AI (Artificial Intelligence) ឬ​គេ​ហៅ​ម្យ៉ាង​ទៀត​ថាជាបញ្ញាសិប្បនិម្មិត។ AI​គឺជា​បច្ចេក​វិទ្យា​វៃឆ្លាត (ការបញ្ជាតែបន្តិច​បន្តួច)​ មួយ​ដែល​ជួយ​សម្រួល​ការ​រស់​នៅ​បាន​យ៉ាង​ច្រើន។ ផ្តើម​ចេញ​ពីប្រព័ន្ធ​ស៊ីរី (siri) របស់​ក្រុម​ហ៊ុន​អេផភល​ដែល​យើង​គ្រាន់​តែ​និយាយ​ដាក់​ទូរសព្ទ​ក៏​អាចបញ្ជាវា​ឲ្យ​ធ្វើ​អ្វី​មួយ​បាន ក្រោយ​មកប្រព័ន្ធ GPS នៅ​ក្នុង​ឡានអាចដឹងថា​អ្នក​កំពុង​នៅ​ទីណា​និង​បង្ហាញ​ផ្លូវ​លោក​អ្នក​បាន​យ៉ាង​ងាយ​ស្រួល សម្រួល​ដល់​អ្នក​​ដើម្បី​កុំ​ឲ្យ​មាន​ការវង្វេង​ផ្លូវ​និង​មិន​ស្គាល់​ផ្លូវ។ ប្រព័ន្ធ AI បង្កើត​ឡើង​ដោយ​ប្រើ​ភាសា​កូដកុំព្យូទ័រ​ដើម្បី​ឲ្យ​ឧបករណ៍​អេឡិចត្រូនិចវាអាច​មាន​ទំនាក់​ទំនង​​គ្នា​បាន​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ឲ្យ​មនុស្ស​ទៅ​បញ្ជាវា​ឡើយ។ នៅ​ពេល​គេបញ្ជូលប្រព័ន្ធ AI ទៅ​ក្នុង​មនុស្ស​យន្ត វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​យន្ត​នោះ​អាច​ធ្វើ​ការដូច​មនុស្ស​លោក​ដូច្នោះ​ដែរ ពោល​គឺវាអាច​លេង​អុក ការ​កម្សាន្ត​ផ្សេងៗ ការចម្អិនម្ហូប ឬ​ការ​ជួយ​ធ្វើ​ការ​ងារ​ផ្សេងៗជំនួស​មនុស្ស​បាន​តួ​យ៉ាង​ដូចជា Sophia ជា​ដើម។ Sophia គឺជា​មនុស្ស​យន្ត​ដែល​មាន​ការ​យល់​ដឹង​កម្រិត​ខ្ពស់​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៥ ដោយ លោក David Hanson ដែល​ជាស្ថាបនិក​របស់​ក្រុម​ហ៊ុន Hanson Robotics ដោយ​បាន​បញ្ជូលប្រពន្ធ័ AI ដ៏​ទំនើប​ជាង​គេ​បំផុត​​ដើម្បី​ឲ្យ Sophia អាច​មាន​ទំនាក់​ទំនង​​យ៉ាង​ស្អិតរមួតជា​មួយ​នឹង​មនុស្ស​លោក។ Sophia គឺជា​មនុស្ស​យន្ត​ដំបូង​គេ​ដែល​អាចបញ្ចេញ​ទឹក​មុខ​និង​យល់​ពី​អារម្មណ៍​អ្នក​ដែល​និយាយ​ជា​មួយ​នាង។ Sophia ចេះ​យំ សើច ខឹង និង​កើត​ទុក្ខ​ទៅ​តាម​ទឹក​មុខ​របស់​នាង និង​មាន​អារម្មណ៍​ដូច​មនុស្ស​លោក​ផង​ដែរ។ Sophia អាច​និយាយ​ជា​មួយ​នឹង​មនុស្ស អាចឆ្លើយសំនួរ​យើង អាច​មើល​ដឹងថា​យើង​កំពុង​តែ​គិត​អ្វី និង​ចេះ​លួងលោម​យើង​បាន​ទៀត​ផង។ ក្រៅ​ពី Sophia ក៏​នៅ​មាន Jack ដែល​ជាប្រពន្ធ័ AI មួយ​ទៀត​ដែល​ត្រូវ​បាន​គេដំ​ឡើង​នៅ​ក្នុង​រថយន្ត។ Jack បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន Audi ដែល​អាច​ឲ្យ​រថយន្ត​របស់​យើង​បើក​បរ​ដោយ​ខ្លួន​ឯង​បាន។ Jack ត្រូវ​បាន​ជា​ភ្ជាប់​​នៅ​ក្នុង​រថយន្ត Audi A7 ដែល​ជាបច្ចេក​វិទ្យា​ចុង​ក្រោយ​គេបង្អស់​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​មួយ​នេះ ហើយ​អាច​ជួយ​សម្រួល​ដល់​ការ​បើក​បរ​របស់​យើង​ដោយ​វាអាច​អនុញ្ញាតិ​ឲ្យ​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង​និង​មិន​ចាំបាច់​ឲ្យ​យើង​បញ្ជាវា​ឡើយ។

           មិន​ត្រឹម​តែ​មនុស្ស​យន្ត​នោះ​ទេ AI ក៏​ត្រូវ​បាន​គេបញ្ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធើណេត​ផង​ដែរ។ ថ្មីៗ​នេះ Mark Zuckerberg ដែល​ជាស្ថាបនិក​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដ៏​ធំ​មួយ​នៅ​លើ​ពិភព​លោក ត្រូវ​បាន​សភា​អាមេរិក​កោះ​ហៅ​ទៅ​សាកសួរ​អំពី​ការ​លួច​ទិន្នន័យ​របស់​ប្រើ​ប្រាស់​ទៅ​លក់​ឲ្យ​ក្រុម​ហ៊ុន Cambridge Analytica របស់​អង់គ្លេស។ នៅ​ក្នុង​ការសួរដេញដោលរាប់​ពាន់​សំនួរ​របស់​សភា​អាមេរិក Mark ក៏​បាន​បង្ហើប​ផង​ដែរ​ពីការ​អភិវឌ្ឍន៍​នៃ​បច្ចេក​វិទ្យា AI ដើម្បី​បញ្ចូល​ទៅ​ក្នុង​បណ្តាញ​សង្គម​មួយ​នេះ។ នៅ​ពេល​ដែល AI ដំណើរ​ការ​នៅ​ក្នុង​បណ្តាញ​សង្គម​វា​នឹង​ចាប់​បាន​នូវ​ការឈ្លានពាន ឬ​ការបង្ហោះ​អ្វី​មួយ​ដែល​មិន​សមស្រប​ដូចជា​ការឃោសនាមនោគមវិជ្ជា​របស់​ពួក​ភេវរជន និង​ការបង្ហោះ​នូវ​រូបអាសអាភាស​នៅ​ក្នុង​បណ្តាញ​សង្គម​ដោយ​ខ្លួន​ឯង ពោល​គឺពុំ​ចាំបាច់​ប្រើ​មនុស្ស​​ដើម្បី​ចាំតែ​អង្គុយ​មើល​រាល់​ការបង្ហោះ​ព័ត៌មាន​របស់​អ្នក​ប្រើ​ប្រាស់​នោះ​ឡើយ។

           AI ត្រូវ​បាន​គេព្យាករណ៍ទុកថាជាបច្ចេក​វិទ្យា​មួយ​ដែល​មិន​ត្រឹម​តែអាចកែប្រែ​ពិភព​លោក​​នៅ​ថ្ងៃ​អនាគត​នោះ​ទេ តែវាថែម​ទាំង​អាច​ផ្លាស់​ប្តូរការ​រស់​នៅ​របស់​មនុស្ស​លោក​ថែម​ទៀត​ផង។ ក្រុម​ហ៊ុន​ផលិត​ភាពយន្ត Warner Bros. Picture ទើប​តែបញ្ចេញ​ភាពយន្ត​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Ready Player One ជា​ខ្សែ​ភាពយន្ត​ដែល​ពិពណ៌នា​អំពី​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​បច្ចេក​វិទ្យា​នៅ​ឆ្នាំ​២០៤៥។ ក្នុង​ខ្សែ​ភាពយន្ត​នេះ​បាន​បង្ហាញ​ពី​ឧបករណ៍​អេឡិចត្រូនិចម្យ៉ាង​ដែល​គេ​ហៅ​ថា VR (virtual reality) សម្រាប់​ពាក់​នឹង​ភ្នែក​ដែល​អាច​ឲ្យ​យើង​មើល​ឃើញ​នូវ​អ្វីៗ​ពិតៗ​ច្បាស់​នឹង​ភ្នែក។ VR បាន​នាំ​មនុស្ស​ទៅ​កាន់​ពិភពច្នៃ​ប្រឌិត​មួយ​ក្នុង​វីដេអូហ្គេម​ដែល​អ្នក​ពាក់វា​មើល​ទៅ​ហាក់​ដូចជា​ពិភព​ពិត​ដូច្នេះ​​ដែរ។ នៅ​ពេល​ដែល​គេ​លេង​ហ្គេមប្រណាំងឡាន​ដោយ​គ្រាន់​តែពាក់ VR គេ​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កំពុង​ស្ថិត​នៅ​ក្នុង​ឡាន​ពិតៗ​ទាំង​ដែល​តាម​ការ​ពិត​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​តូច​មួយ​តែ​ប៉ុណ្ណោះ។ ងាក​ទៅ​ឆ្វេង ងាក​ទៅ​ស្តាំគឺគេ​ឃើញ​មាន​ទេសភាព​នៅ​តាម​ដង​ផ្លូវ​ដ៏​អស្ចារ្យ។ នៅ​ក្នុង​វីដេអូហ្គេម គេ​កំពុង​តែ​វាយ​តប​គ្នា​លើក​ដៃ​លើក​ជើង ហើយ​នៅ​ពេល​គេ​វាយ​ត្រូវ​យើង​ក៏​មាន​អារម្មណ៍​ថាឈឺ​ទាំង​ដែល ធាតុ​ពិត​គឺ​យើង​គ្រាន់​តែ​វាយ​ខ្យល់​និង​បញ្ចេញ​សកម្មភាព​តែម្នាក់​ឯង​ប៉ុណ្ណោះ។ ទាំង​អស់​នេះ​ហើយ​គឺជា​ឥទ្ធិពល​នៃ​បច្ចេក​វិទ្យា​មក​លើស្ថានភាព​រស់​នៅ​របស់​មនុស្ស។

           ក្រុម​អ្នក​វិទ្យា​សាស្រ្ត​បាន​បង្ហាញ​ថា ល្គឹកណា​យើង​នៅ​តែអភិវឌ្ឍប្រព័ន្ធ AI ច្បាស់​ណាស់​កុំព្យូទ័រ​ប្រាកដ​ជា​ធ្វើ​បដិ​វត្ត​ប្រឆាំង​នឹង​មនុស្ស​លោក​ជាក់​ជាពុំខាន​ឡើយ ព្រោះ​ដោយ​សារតែប្រព័ន្ធ​វៃឆ្លាត​មួយ​នេះ​អាច​អនុញ្ញាត​ឲ្យ​ម៉ា​ស៊ី​ន​កុំព្យូទ័រ​ធ្វើ​ការ​ដោយ​ខ្លួន​ឯង និង​អាចបង្កើត​ភាសា​សម្រាប់​ទំនាក់​ទំនង​​គ្នា​ដោយ​ខ្លួន​ឯង។ ការស្រមើស្រមៃ​របស់​បុព្វ​បុរស​របស់​យើង​នៅ​អតីត​កាល ជាទឡ្ហីករណ៍​មួយ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ការ​ពិត​នៅ​បច្ចុប្បន្ន​កាល និង​អនាគត​កាល។ លោក​បាន​បញ្ជូលផ្នត់​គំនិត​ក្នុង​ភាពយន្ត និង​សៀវភៅ​វិទ្យា​សាស្រ្ត​ដ៏​អស្ចារ្យ តួ​យ៉ាង​មាន ឡានហោះ ទូកហោះ​និង​ការ​ធ្វើ​ដំណើរ​ដោយ​ឆ្នាំ​ពន្លឺ (គឺការ​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​រយៈពន្លឺ) របស់​ពួក​អេលៀន ប្រើ​កាំ​ភ្លើង​ឡាស៊ែរ។ ការវិវឌ្ឍ​ន៍​នៃ​វិទ្យា​សាស្រ្ត និង​ការ​ប្រកួត​ប្រជែងទី​ផ្សារ​របស់​ក្រុម​ហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិច​បាន​ពន្លាត់​ឲ្យ​ឃើញ​កាន់​ច្បាស់​ពីឥទ្ធិពល​នៃ​វិទ្យា​សាស្រ្ត។ ថ្មីៗ​នេះ​យើង​ឃើញ​មាន​ឡាន​ដែល​អាចហោះ​បាន និង​បើក​ក្នុង​ទឹក​ផលិត​ដោយ​អ្នក​បច្ចេកទេស​មួយ​ចំនួន ក្រុម​ហ៊ុន Tesla ផលិត​រថយន្ត​ដោយ​ប្រើ​ប្រាស់​ថាមពលអគ្គីសនី។ មិន​យូរ​មិន​ឆាប់ វិទ្យា​សាស្រ្ត​នឹង​នាំ​មនុស្ស​លោក​ទៅ​រស់​នៅ​ភព​ផ្សេង​ក្រៅ​ពីផែនដី។ ដូច​នេះ​មនុស្ស​និង​វិទ្យា​សាស្រ្តគឺ​រស់​នៅ​ជា​មួយ​គ្នា មនុស្ស​អាចបញ្ជាបច្ចេក​វិទ្យា ហើយ​បច្ចេក​វិទ្យា​ក៏​អាចបញ្ជាមក​មនុស្ស​វិញ​បាន​ផង​ដែរ។

           បើ​ទោះ​ជាវា​សម្រួល​ដល់​ការ​រស់​នៅ​របស់​យើង​នឹង​ទំនើប​កម្ម​យ៉ាង​ណាក្តី ក៏​បុគ្គល​ល្បីៗ​មួយ​ចំនួន​ដូចជា លោក​មហា​សេដ្ឋី Elon Musk មហា​សេដ្ឋី Bill Gates  និង​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​មួយ​ចំនួន​ទៀត​បាន​ប្រមាណ​រួច​ជាស្រេចពី​ហានិភ័យ​នៃ​ប្រព័ន្ធ​ឆ្លាតវៃ AI មួយ​នេះ។ កាលពី​កុមារ​ភាព​យើង​ធ្លាប់​ឃើញ​ក្នុង​ខ្សែ​ភាពយន្តហូលីវូដ​បែប​វិទ្យា​សាស្រ្ត​មួយ​ចំនួន​របស់​អាមេរិក ដែល​បាន​សម្តែង​ពីបដិវដ្ត​មនុស្ស​យន្ត ឬ​ម៉ា​ស៊ី​ន​កុំព្យូទ័រ​ប្រឆាំង​នឹង​មនុស្ស​លោក​វិញ។ មនុស្ស​យន្ត​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​មនុស្ស​លោក និង​បែរជាមកបញ្ជា​មនុស្ស​លោក​វិញ។ ម៉្ល៉ោះ​ហើយ​យើង​គួរ​តែ​មាន​ការត្រិះរិះពិចារណា​ឲ្យ​បាន​ល្អិត​ល្អ​ន់ និង​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​មុន​នឹង​ធ្វើ​ការអភិវឌ្ឍន៏បច្ចេក​វិទ្យា​ណាមួយ។ បើពុំ​ដូច្នេះ​ទេ ទីអវសាន្ត​របស់​មនុស្ស​លោក​គឺ​មិន​មែន​ដោយ​សារភពផែនដី​នេះ​រលាយសាបសូន្យ​នោះ​ទេ តែ​ដោយ​សារតែការ​ធ្វើ​បដិ​វត្ត​របស់​មនុស្ស​យន្ត និង​បច្ចេក​វិទ្យា​ខ្លាំង​ជ្រុលពេក​នេះ​តែ​ម្តង៕

Article by KEO SONG


SUGGESTIONS