×

BO​MA​ ​អាហារ​មេ​ឌី​ទែ​រ៉ា​ណេ​រសជាតិ​បែប​លីប​ង់ ​អម​ដោយ​បរិយាកាស​ពី​ប្រទេស​ម៉ា​រ៉ុ​ក​ ​និង​តំបន់​មជ្ឈិមបូព៌ា​

TRAVEL & LIVING 4 months ago
 
 

          ពេល​និយាយ​ដល់​អាហារ​មេ​ឌី​ទែ​រ៉ា​ណេ (​M​edit​err​an​e​an​) ​គេ​តែង​ភ្នកនឹក​ដល់​អាហារ​ប្រពៃណី​របស់​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់ទៅនឹង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ដូចជា​ ​បា​រំា​ង​ អេស្ប៉ា​ញ​ ​ក្រិក​ ​ម៉ា​រ៉ុ​ក​ ​និង​អ៊ីតាលី​ជាដើម​។​ ​បើ​ចង់​ពិសា​អាហារ​បែប​នេះ​ ​ភោជនីយដ្ឋាន​មួយ​នៅ​ទី​ក្រុងភ្នំពេញ​ ​បាន​ប្រមូល​មក​ជួបជុំ​ទាំង​មុខម្ហូប​ ​ទាំង​រសជាតិ​ ​ហើយ​ឆ្លៀត​ថែមទាំង​រៀបចំ​ទីតាំង​បរិយាកាស​ប្រៀប​បាន​ឆ្ពោះទៅ​ដល់កន្លែង​ដើម​ផ្ទាល់​។​

          បើក​ដំណើរការ​ប្រមាណ​មួយ​ឆ្នាំ​ BO​MA​ ​ជា​ភោជនីយដ្ឋាន​ច្រឡឹង​មួយ​ស្ថិតនៅ​ប្លុក​ ​Langka​ ​Lane​ ​ក្នុង​សង្កាត់​បឹង​កេងកង​១​ ​នៃ​រាជធានី​ភ្នំពេញ។​ ​មិនថា​ពេលរសៀល​ឬ​រហូត​ជ្រាល​ជ្រេ​ដល់ពេល​រាត្រី​ ​វត្តមាន​ភ្ញៀវ​ខ្មែរ​ ​និង​ភ្ញៀវ​បរទេស​ហាក់​ចេញចូល​ទីនេះ​មិនចេះដាច់​។​ ​សូម្បី​ថ្មើរជើង​កាលណា​បាន​ធ្វើដំណើរ​ឆ្លងកាត់​ ​ហោច​ណា​ស់​ក៏​ឆ្លៀត​ចោលភ្នែក​ទៅកាន់​សម្រស់​ភោជនីយដ្ឋាន​ ​ឬ​ឆ្លៀត​បាន​ចូល​ឆែក​សៀវភៅ​ ​Menu ​ដែល​ដាក់​បញ្ឈរ​នៅ​ខាងមុខ​ ​ឬក៏​ចូល​ទៅ​អង្គុយ​កុម្មង់​មុខម្ហូប​សាកល្បង​រសជាតិ​នឹងគេ។​ ​មិន​បង្អង់​យូរ​ ​ក្រុម​ការងារ​ ​សូវរីន​ ​របស់យើង​ក៏បាន​ចូល​ទៅ​ដល់កន្លែង​ផ្ទាល់​ផង​ដែរ។​

          ត្រឹម​ជា​អគារ​តូច​ទាប​ ​តែ​ការរៀបចំ​ដេគ័រ​មាន​លក្ខណៈ​ស្រឡះ​ស្រទន់​ភ្នែក​ ​យើង​អាច​អង្គុយ​នៅ​ជាន់ក្រោម​ក្នុង​បរិយាកាស​ម៉ាស៊ីនត្រជាក់​ ​អម​លម្អ​ទៅ​ដោយ​គ្រឿង​វត្ថុ​សិល្បៈ ​ឬមួយ​ចង់​ទទួលទាន​បែប​ខ្យល់អាកាស​ធម្មជាតិ​ ​អាច​ឡើង​ទៅ​អង្គុយ​នៅ​ជាន់​ខាងលើ​ ​ក៏​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​ម្យ៉ាង។​

          តាម​ការ​ឱ្យ​ដឹង​ពី​ ​Manon ​Pauchet​ ​អ្នក​កាន់​ខាង​ផ្នែក​ទី​ផ្សារ​នៅ​ភោជនីយដ្ឋាន​ BOMA​ ​ទីនេះ​ត្រូវ​បាន​រៀបចំ​បែប​ ​alfresco​ ​patio​ ​ឬ​យើង​ហៅថា​ ​កន្លែង​អង្គុយ​ជួបជុំ​បែប​រានហាល​ ​ដែល​ផ្តល់​នូវ​អារម្មណ៍​ដ៏​កក់ក្តៅ​។​ ​សម្រាប់​ការ​ដេគ័រ​វិញ​ ​វា​ត្រូវ​បាន​បំ​ផុសគំនិត​ពី​ប្រទេស​ម៉ា​រ៉ុ​ក​ ​និង​សោភណភាព​នៃ​តំបន់​មជ្ឈិមបូព៌ា​ ​ដែល​រួមគ្នា​បង្កើត​បានជា​បរិយាកាស​ប្រកបដោយ​ការ​ស្វាគមន៍​ ​និង​ផាសុកភាព​។​

          មក​ដឹង​ពី​មុខម្ហូប​វិញ​ ​អ្នក​កាន់​ខាង​ផ្នែក​ទី​ផ្សារ​ខាងលើ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ចំពោះ​ ​Concept​ ​មុខម្ហូប​របស់​ BOMA​ ​គឺជា​អាហារ​មេឌីទែរ៉ាណេ​ដែល​ផ្តោត​រសជាតិ​ចម្បង​ទៅ​ខាង​លីប​ង់​។​ ​តួយ៉ាង​ ​នៅ​លើ​សៀវភៅ​ ​Menu ​ក្នុង​នោះ​មាន​រួមបញ្ចូល​មុខម្ហូប​មេ​ឌី​ទែ​រ៉ា​ណេ​របស់​ក្រិក​ ​អាហ្វ្រិក​ខាងជើង​ ទួ​គី​ ​ជាពិសេស​ឯកទេស​បំផុត​ទៅលើ​អាហារ​លីបង់​ដូច​បាន​លើកឡើង​នេះឯង។​

          លើស​ពី​អាហារ​ ​ទីនេះ​មាន​បង្អែម​ដ៏​ពិសេស​ជាមួយ​ជម្រើស​ ​៣​ ​មុខ​ ​ដូចជា​៖​ ​Oriental​ ​Coffee​ & ​Chocolate​ ​Mousse​, ​Orange​ ​Salad​ ​និង​ ​Cannoli។​ ​រីឯ​ភេសជ្ជៈ​វិញ​ ​មាន​ជា​តែ​ (​តែ​ម៉ា​រ៉ុ​ក​រសជាតិ​ដើម​), ​កាហ្វេ​ (​Expresso, ​Americano), ​ប៊ីយេរ​ ​និង​ ​ស្រា​ក្រឡុក។​ ​ចំពោះ​ស្រា​ក្រឡុក​ BO​MA​ ​បាន​សហការ​ជាមួយ​ ​Seek​e​rs ​បង្កើត​ជា​ស្រា​ ​៥​ ​មុខ​ដោយ​ក្នុង​ជម្រើស​រួម​មាន​៖​ ​Berbère​, Nana​, ​Gin​ & ​Tea​, ​Arak​ ​Easy​ ​និង​ ​Marseille​ - ​Phnom​ ​Penh។​

          ទន្ទឹមគ្នា​នេះ​ ​ទីនេះ​មាន​ស្រាក្រហម​ ​ស្រា-ស​ ​ដែល​ជា​ផលិតផល​របស់​បារំាង​ ​អ៊ីតាលី​ អេស្ប៉ាញ​ ​និង​លីបង់។​ ​ពេល​បាន​មកដល់​ ​ស្រា​មួយ​ដែល​មិនគួរ​រំលង​គឺ​ ​Gérard​ ​Bertrand​ "Orange​ ​Gold" ​ជា​ស្រា​ក្រូច​របស់​បារាំង។​ ​វា​ជា​ស្រា​ដែល​មាន​ដើមកំណើត​នៅ​តំបន់​ ​Caucasus​ ​នា​អឺរ៉ុប​ប៉ែក​ខាងកើត​ដែល​មាន​អាយុកាល​ប្រមាណ​ ​៨ពាន់ឆ្នាំ។​ ​ក្លិន​របស់​វា​ឈ្ងុយ​ប្រហើរ​បែប​ផ្កា​ក្រៀម​ឬ​ស្រដៀង​ទៅ​នឹង​ផ្លែ​ ​apricot។​

          ភោជនីយដ្ឋាន​ BOMA​ ​បើក​ទទួលស្វាគមន៍​រៀងរាល់ថ្ងៃ​ ​មាន​បម្រើ​សម្រាប់​អាហារ​ថ្ងៃត្រង់​ ​និង​អាហារ​ពេលល្ងាច។​ ​ដូចនេះ​បើ​ប្រិយ​មិត្ត​ចង់​ជ្រាប​ពី​រសជាតិ​ ​ក៏ដូចជា​ទទួលយក​បទ​ពិសោធ​អាហារ​មេ​ឌី​ទែ​រ៉ា​ណេ ​អាច​ឆ្លៀតពេល​ទំនេរ​ចូល​ទៅ​សាកល្បង​ផង​ណា៎ះ!​៕​

Article by HEM SOKKHIM (ZM)

Image courtesy: BOMA


SUGGESTIONS