×

Siempang Forest Lodge ផ្តល់នូវបទពិសោធន៍ដ៏ប្រណីត និងការសម្រាកលំហែបែបធម្មជាតិ

TRAVEL & LIVING 2 days ago
 
 

          Siempang Forest Lodge  ជាទីស្នាក់សម្រាកបែបឯកជនធម្មជាតិដែលហុំព័ទ្ធដោយព្រៃប្រឹក្សាដ៏ស្រស់ត្រកាលមួយស្ថិតនៅភាគឦសាន ភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង។ ក្រោមការសហការយ៉ាងជិតស្និទ្ធរវាងក្រសួងបរិស្ថាន និងអង្គការអភិរក្ស Rising Phoenix បានបង្កើតឡើងក្នុងគោលដៅចម្បងនោះគឺជាការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ការការពារជីវិត និងដែនជម្រករបស់សត្វព្រៃសៀមប៉ាងឲ្យមានភាពគង់វង្សផងដែរ។

 
          អ្វីដែលធ្វើឲ្យការស្នាក់នៅកាន់តែមានប្រសិទ្ធភាព Siempang Forest Lodge នឹងនាំភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្តទៅកាន់តំបន់អភិរក្សសត្វព្រៃ ដែលអាចមានឱកាសឃើញប្រភេទសត្វព្រៃមួយចំនួនដែលស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុតនៅក្នុងប្រទេសកម្ពុជាថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពទាំងនេះរួមមាន ការទទួលទានអាហារក្រៅអគារនៅទីតាំងព្រៃឈើដ៏ស្រស់ស្អាត ដំណើរទូកតាមតំបន់ស្ងាត់ស្ងៀមនៃទន្លេសេកុង ឬការជិះកង់ភ្នំតាមផ្លូវព្រៃ។ សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍ក្នុងការមើលសត្វព្រៃជាក់លាក់ មគ្គុទេសដ៏ជំនាញរបស់ Siempang អាចរៀបចំដំណើរទស្សនកិច្ចមួយថ្ងៃ ដើម្បីស្វែងរកក្រពើសៀម គោព្រៃដែលជិតផុតពូជ ឬសត្វស្លាបកម្រនិងល្បីល្បាញបំផុតមួយចំនួនរបស់កម្ពុជា ដូចជា អាយប៊ីសយក្ស និងអាយប៊ីសស្មាស។ តាមការរៀបចំពិសេស អាចមានការរៀបចំកម្មវិធីបំបៅសត្វត្មាត ដែលអាចឲ្យអ្នកទស្សនាប្រភេទសត្វបីប្រភេទដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងបំផុត (Critically Endangered) នៅចម្ងាយជិតៗ ពីកន្លែងសង្កេតដែលមានភាពងាយស្រួល និងសុវត្ថិភាព។

 

          ផ្អែកទៅលើការបង្ហាញរបស់ក្រុមការងារ Siempang ក៏បានឲ្យដឹងថាស្ថិតនៅទីនោះគឺមានសកម្មភាពប្លែកថ្មីជារៀងរាល់ថ្ងៃ ហេតុដូច្នេះគឺតម្រូវឲ្យភ្ញៀវទេសចរចំណាយពេលស្នាក់នៅទីនោះយ៉ាងហោចណាស់ ៣ យប់ផងដែរ ដើម្បីទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក៕


SUGGESTIONS