×

បារនីយដ្ឋានទាំង៣ក្នុងរាជធានីភ្នំពេញដែលស័ក្តិសមបំផុតសម្រាប់ការជួបជុំ

TRAVEL & LIVING 2 hours ago
 
 

          រាជធានីភ្នំពេញគឺជាទីក្រុងដែលពោរពេញទៅដោយអគារសម័យអាណានិគមបារាំង ដែលទើបតែត្រូវបានជួសជុលឡើងវិញជាបន្តបន្ទាប់។ ទីកន្លែងមួយចំនួនត្រូវបានជួសជុល និងបានក្លាយទៅជាបារ៍ និងភោជនីយដ្ឋានថ្មីៗដ៏ស្រស់ស្អាត ដែលជាកន្លែងដ៏ស័ក្តិសមសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ ឬសម្រាប់ការណាត់ជួប។
          Le Manolis
          ស្ថិតនៅក្នុងអគាររចនាបថអាណានិគមបារាំងដែលត្រូវបានជួសជុលឡើងវិញ Le Manolis គឺជាហាងអាហារ និងបារដ៏ទាន់សម័យដែលបម្រើម្ហូបបារាំងបែបប្រពៃណី ភេសជ្ជ និងស្រាក្រឡុកដ៏មានឱជារស។  ភោជនីយដ្ឋាននេះផ្តល់ជូននូវបទពិសោធន៍ធ្វើម្ហូបពិសេសមួយនៅក្នុងបរិយាកាសកក់ក្តៅ និងផាសុកភាព។ ការតុបតែងផ្នែកខាងក្នុងមានលក្ខណៈបែបបុរាណជាមួយនឹងភាពច្នៃប្រតិដ្ឋ។ ប្រិយមិត្តក៏អាចទទួលបទពិសោធន៍ពីបារនេះជារៀងរាល់ថ្ងៃចាប់ពីម៉ោង ១១ ព្រឹក ដល់ ពាក់កណ្តាលអធ្រាត្រ។

Le Manolis

          Bouchon Wine Bar
          ភោជនីយដ្ឋានបារាំង និងបារស្រាដ៏ល្បី Bouchon គឺស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ។ វាផ្តល់ជូននូវបទពិសោធន៍នៃការទទួលទានអាហារប្លែកៗនៅក្នុងអគាររចនាបថអាណានិគមដ៏អស្ចារ្យ។ អ្នកអាចទទួលទានអាហារនៅខាងក្នុង ឬនៅខាងក្រៅ (Al Fresco on the Terrace) ដែលស្ថិតនៅចន្លោះដើមឈើធំពីរនៅក្នុងសួនខាងមុខ។ ជាមួយនឹងបរិយាកាសបារាំងបែបបុរាណ អមដោយការទទួលទានស្រាក្រឡុកក្លាស៊ីក ការភ្លក់រសជាតិម្ហូបបែបតាប៉ាស់ (tapas) ឬម្ហូបបារាំងបែបប្រពៃណី និងរីករាយជាមួយនឹងការសន្ទនាដ៏រីករាយ។ ប្រិយមិត្តក៏អាចរីករាយកម្សាន្ត Happy Hours របស់ពួកគេជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៥ ល្ងាច ដល់ ៧ យប់ សម្រាប់តែស្រាក្រឡុកបែបបុរាណ (classic cocktails) ប៉ុណ្ណោះ។

 Bouchon Wine Bar/ Travelad

          Elephant Bar
          Elephant Bar ដ៏គួរឱ្យទាក់ទាញនេះ មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។ កន្លែងនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩២៩ ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថាដូចជាបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រ។ គំនូររូបដំរីស្រស់ស្អាតត្រូវបានរំលេចនៅលើពិដាននៃបាររចនាបថអាណានិគមផងដែរ។ ទន្ទឹមនឹងនេះ លោកអ្នកជ្រើសរើសសាកល្បងប្រភេទជីនណាមួយ (Gin) ក្នុងចំណោម១៣០ មុខ ដែលជាជម្រើសដ៏ធំបំផុតនៅអាស៊ី ឬ ស្រាក្រឡុកប្រវត្តិសាស្ត្រ Femme Fatale ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ សម្រាប់ដំណើរទស្សនកិច្ចរបស់លោកស្រី Jacqueline Kennedy មកកាន់ប្រទេសកម្ពុជាជាដើម៕

SIVLY PAN (Emily Siv)

Elephant Bar


SUGGESTIONS