×

ពេល​ដែល​រោងចក្រ​ស្បែកជើង​ក្លាយ​ជា​ហាង​កាហ្វេ​បែប​ក្លា​សិ​ក​

TRAVEL & LIVING 7 months ago
 
 

           ក្នុង​អំឡុង​ពេល​ពិភពលោក​និង​ប្រទេស​កម្ពុជា​ជួប​វិ​ប​ត្តកូ​វី​ដ​១​៩​ ​មាន​ក្រុមហ៊ុន​និង​រោងចក្រ​មួយ​ចំនួន​បាន​បង្ខំចិត្ត​ប្រកាស​ក្ស័យ​ធន់​។​ ​រហូតមកដល់​ឆ្នាំ​ ​២​០​២​៤​ ​នេះ​ពិភពលោក​ក៏បាន​ទើប​ប្រទះ​នឹង​វិបត្តិសេដ្ឋកិច្ច​ធ្លាក់ចុះ​ទៀត​ ​ហើយ​មាន​រោងចក្រ​កាន់តែ​ច្រើន​បាន​បិទ​ទ្វា​ ​ឬ​ខ្លះ​បាន​ផ្លាស់ប្តូរ​ទីតាំង​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​លើ​កា​រជួល​ដី​និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​ ​ហើយ​ក្នុងចំណោម​នេាះ​ក៏មាន​រោងចក្រ​ផលិត​ស្បែកជើង​ដ៏​ធំ​មួយ​កន្លែងនៅ​ឯ​ខណ្ឌ​ទួល​គោក​ផង​ដែរ​។​ ​យ៉ាងណាមិញ​ក្រោម​រូបភាព​នៃ​សំណង់​ ​រោងចក្រ​ស្បែកជើង​មួយ​កន្លែង​នេះ​ ​មិន​ត្រូវ​បាន​គេ​វៃ​ចោល​ដើម្បី​ធ្វើ​ឬ​សាងសង់​អាគារ​ថ្មី​នេាះ​ទេ​ ​តែ​វា​ត្រូវ​បាន​គេ​កែច្នៃ​ជា​ហាង​កាហ្វេ​មួយ​ដ៏​គួរឲ្យ​ទាក់ទាញ​ក្រោម​ទម្រង់​ហាង​កាហ្វេ​បែប​ក្លា​សិ​ក​នៃ​សំណង់​រោងចក្រ​ចាស់​។​

          បើ​ជិះ​ពី​ខាងក្រៅ​គេ​នឹង​ពើបប្រទះ​ភ្នែក​នូវ​កន្លែង​អង្គុយ​បែប​បេាះ​តង់​ជាមួយនឹង​កៅអី​ ​Camping​ ​ជាច្រើន​ ​ដែលគេ​ត្រៀបត្រា​មើលទៅ​គួរឲ្យ​ទាក់ទាញ​ជាទីបំផុត​ ​ក៏ប៉ុន្តែ​ប្រសិនបើ​គេ​ក្រឡេកមើល​ទៅ​ខាងក្នុង​គេ​នឹង​ឃើញ​ ​កន្លែង​អង្គុយ​ជាច្រើន​ទៀត​ក្រោម​ដំបូល​រោងចក្រ​បង្កើត​បានជា​ទិដ្ឋភាព​មួយ​គួរឲ្យ​ចង់​ថតរូប​និង​ថត​វីដេអូ​បំផុត​។​ ​ជាង​នេះ​ទៅទៀត​បើ​គេ​ដើរចូល​ទៅ​ក្នុង​កាន់តែ​ជ្រៅ​គេ​នឹង​ទៅដល់​ឃ្លាំង​ឡាន​ចាស់ៗ​ដែលគេ​ទុកចោល​និង​ជា​ទីកន្លែង​ថតរូប​យ៉ាង​ហំ​ហួន​។​ ​ដោយចិត្ត​ស្រលាញ់​និង​ចង់​រក្សា​របស់​ចាស់ៗ​ទើប​ម្ចាស់​ហាង​កាហ្វេ​មួយ​នេះ​ព្យាយាម​រក្សាទុក​នូវ​រូបភាព​សំណង់​នៅ​ដដែល​ហើយ​បាន​បន្ថែម​នូវ​របស់​ចាស់ៗ​ជាច្រើន​ទៀត​ផង​។​

           ភេសជ្ជៈ​នៅ​ហាង​កាហ្វេ​មួយ​នេះ​ក៏​ជា​អ្វី​ដែល​ធ្វើឲ្យ​ភ្ញៀវ​ជាច្រើន​ចូលចិត្ត​ផង​ដែរ​ ​តួ​រ​យ៉ាងដូច​ជា​ ​កាហ្វេ​អំបិល​ដែល​មាន​ក្លិន​ឈ្ងុយ​កាហ្វេ​ជាប់មាត់​និង​ជាតិ​ប្រៃ​តិចៗ​ជាប់អណ្ដាត​។​ ​យើង​ធ្លាប់តែ​បានឮ​និង​បាន​ដឹង​ពី​តែ​ក្រូច​ឆ្មា​ ​ក៏ប៉ុន្តែ​ហាង​កាហ្វេ​មួយ​មាន​ភេសជ្ជៈ​ម្យ៉ាង​ដែល​មាន​ឈ្មេាះ​ថា​ ​តែ​ក្រូចថ្លុង​។​ ​ចំណែក​ឯ​ភេសជ្ជៈ​ប្រចាំ​ហាង​មួយទៀត​ក៏មាន​រសជាតិ​ឆ្ងាញ់​ម្យ៉ាង​មិន​ផ្អែម​ពេក​ ​និង​ ​មិន​ជូរ​ពេក​នេាះ​គឺ​ ​ផា​សិន​ទឹកឃ្មុំ​។​

           សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប​និង​ចូលចិត្ត​បែប​ក្លា​សិ​ក​ ​ក៏ដូចជា​ចង់​ថតរូប​ជាមួយនឹង​ឡាន​ចាស់ៗ​ហាង​កាហ្វេ​មួយ​នេះ​អាច​ជា​ជម្រើស​មួយ​របស់​លោកអ្នក​សម្រាប់​ដើរលេង​ចុង​ស​ប្ដាហ៍​ជាមួយនឹង​មិត្ត​ភក្ដិ​។​

          ​ហាង​កាហ្វេ​មួយ​នេះ​មាន​ឈ្មេាះ​ថា​ ​Old​ ​Station​ ​Ca​f​é ​មាន​ទីតាំង​ស្ថិត​លើ​ផ្លូវ​ 528 ​ខណ្ឌ​ទួល​គោក​ក្បែរ​រង្វង់​មូល​កាំ​កូរ​។​ ​ហាង​កាហ្វេ​នេះ​បើកទ្វារ​ទទួល​អតិថិជន​ចាប់ពី​ម៉ោង​ ​៧​ ​កន្លះ​ព្រឹក​រហូតដល់​ម៉ោង​ ​១​២​ ​យប់​៕​

Article by SONGK


SUGGESTIONS