×

ល្ខោន​យីកេ «ទុំ​ទាវ​បី​ជំនាន់» ល្បី​ផ្អើល​កក្រើក​សាល​សន្និ​សីទ​ចតុ​មុខ

NEWS 3 months ago
 
 

​          សម្លេង​កងរំពង​ស្រែកជ័យឃោស​និង​ស្នូរ​ទះដៃ​បាន​លាន់ឮ​ពេញ​សាលសន្និសីទ​ចតុមុខ​កាលពី​ល្ងាច​ថ្ងៃច័ន្ទ​ ​៣​ ​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំច​ ​សំរឹទ្ធិស័ក​ ​ព.ស​.​ ​២៥៦២​ ​ត្រូវ​នឹង​ថ្ងៃទី១០​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ទាំង​ពេលមុន​និង​ក្រោយ​ការ​សម្តែង​របស់​បណ្តុំ​សិល្បករ​ ​សិល្ប​ការិនី​យីកេ​ក្មេង​ចាស់​ប្រុសស្រី​ចំនួន១០០​ ​នាក់​មក​ពី​បី​ជំ​នាន់​ផ្សេង​ៗ​គ្នា​។​ ​កម្មវិធី​សិល្បៈ​យីកេ​ដែល​ ​មានឈ្មោះ​ជា​ផ្លូវការ​ថា​ ​«​នំ​មិនធំ​ជាង​នាឡិ​»​ ​ក្រោម​ ​ប្រធានបទ​ ​«​ទុំ​ទាវ​បី​ជំនាន់​»​ ​ដែល​មិនធ្លាប់​មាន​ទាល់តែសោះ​ក្នុង​ទំព័រ​ប្រវត្តិ​សាស្រ្ត​ទស្សនីយភាព​យីកេ​ខ្មែរ​ ​នេះ​បាន​ផ្តួចផ្តើម​ដឹកនាំ​រៀបចំ​បង្កើត​ឡើង​ដោយ​ក្រសួងវប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ​ ​សហការ​ជាមួយ​សហភាព​ ​សហព័ន្ធ​យុវជន​កម្ពុជា​ ​និង​ ​ស្ថានីយ៍​ទូរទស្សន៍​អប្សរា​។​

 ​          យោង​តាម​សេចក្តី​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​កម្មវិធី​ ​គោលបំណង​សំ​ខាន់​ៗ​នៃ​ការ​រួបរួម​សហការ​បង្កើត​ ​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​ទម្រង់​បុរាណ​មួយ​នេះ​ឡើង​ ​គឺ​មាន​ចំនួន​បី​ ​រួមមាន​ ​ទីមួយ​ ​រំឭក​ឡើងវិញ​នូវ​ស្នាដៃ​ ​សិល្បៈ​របស់​សិល្ប​ករ​ចាស់​ៗ​ដែល​ធ្លាប់​សម្តែង​យីកេ​ទុំ​ទាវ​កាលពី​ជំនាន់​ទសវត្សរ៍​ទី៦០និង​ទី៨០​ ​និង​ ​បង្ហាញ​ ​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​របស់​លោក​ទុកជា​គម្រូ​ដល់​សិល្បករ​ ​សិល្ប​ការិនី​ ​ជំនាន់​ក្រោយ​រៀនសូត្រ​បន្ត​ ​ទៀត​។​ ​ទីពីរ​ ​គឺ​ដើម្បី​លើកស្ទួយ​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ​ដ៏​ល្បីល្បាញ​និង​មាន​ប្រជាប្រិយ​ភាព​នេះ​ឲ្យ​ប្រជាជន​ ​ខ្មែរ​ប្រុសស្រី​ជា​ពិ​សេ​សស​គឺ​ស្រទាប់​យុវវ័យ​ ​និង​ ​សិស្សានុសិស្ស​កាន់តែ​ជ្រួតជ្រាប​ពី​អក្សរសិល្ប៍​ខ្មែរ​ ​និង​ ​ឲ្យ​យល់ដឹង​អំពី​អត្ថន័យ​ ​និង​ ​អត្ថរស​នៃ​សាច់រឿង​ប្រវត្តិ​សាស្រ្ត​ខ្មែរ​។​ ​ទីបី​ដើម្បី​បង្ហាញ​អំពី​ទេពកោសល្យ​ ​សម្តែង​របស់​យុវ​សិល្បករ​ ​យុវ​សិល្ប​ការិនី​ដែល​ជា​ទំ​ពាំង​ស្នង​ប្ញស្សី​។​

​          ​លោកជំទាវ​ ​ភឿង​ ​សក្ខ​ណា​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គណៈអធិបតី​ដ៏​ ​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​នេះ​បាន​ថ្លែង​សុន្ទរកថា​សង្កត់ធ្ងន់​លើ​គុណ​តម្លៃ​នៃ​អក្សរសិល្ប៍​រឿង​ទុំ​ទាវ​ ​របស់​ភិក្ខុ​សោម​ ​ដែល​បាន​និពន្ធ​ឡើង​តាំងពី​គ.ស​.​១៩១៥​ ​ហើយ​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់ក្រ​សួង​អប់រំ​ជាតិ​ជា​ ​ច្រើន​ជំនាន់​ណាស់​មក​ហើយ​ថា​ ​«​មើល​រឿង​ទុំ​ទាវ​អាច​ធ្វើឲ្យ​ដឹង​អំពី​ការរស់នៅ​ ​ប្រពៃណី​ទំនៀមទម្លាប់​ ​ជំនាន់​ ​ហ្នឹង​(​សម័យ​លង្វែក​)​ ​មាន​គេ​ចូលម្លប់​ ​ស្រុក​ឥឡូវ​អត់មាន​ចូលម្លប់​ទេ​ ​ឃើញថា​ខុសគ្នា​!​ ​ហើយ​ជំនាន់​មុន​មាន​ ​តែងកំណាព្យ​ ​ស្រុក​ឥឡូវ​អត់​ចាំបាច់​ទេ​ ​ផ្ញើ​តែSMS​ ​ហ្វេ​សប៊ុ​ក​ ​[​…​]​ ​បទុម​ត្ថេ​រសោ​មទា​ល់​តែ​លោក​ចេះ​ណាស់​ ​បាន​សរសេរ​រឿង​ទុំ​ទាវ​ជា​កំណាព្យ​បាន​!​។​»​

​          ក្នុងខណៈនោះ​ដែរ​ ​លោកជំទាវ​បាន​មានប្រសាសន៍​ជា​សារ​ដាស​តឿន​ក្រើន​រំ​ព្ញ​ក​យុវជន​ថា​ ​«​ខ្ញុំ​ ​យល់ថា​វប្បធម៌​របស់​យើង​ ​អក្សរសិល្ប៍​របស់​យើង​ ​ល្ខោន​យីកេ​របស់​យើង​ ​អាច​ទ្រទ្រង់​បាន​គឺ​ដោយសារ​ ​កម្លាំង​របស់​យុវជន​យើង​ទាំងអស់គ្នា​។​ ​តាមពិត​ទៅ​ ​គ្មាន​អ្នកណា​ដែល​អាច​ថែវ​ប្ប​ធម៌​របស់​យើង​ល្អ​ជាង​ ​ប្អូន​ៗ​យុវជន​របស់​យើង​នោះ​ទេ​។​»​ ​

​          ​លោក​សាស្រ្តា​ចារ្យ​ ​ងួន​ ​សំអាត​ ​សម្តែង​ជា​តួ​ព្រះបាទ​រាមាជើងព្រៃ​ ​តំណាង​សិល្បករ​យីកេ​ ​ទសវត្សរ៍​ ​ទី៦០​ ​បាន​សម្តែង​ចំណាប់​អារម្មណ៍​ចំពោះ​កម្មវិធី​ផ្ទាំង​ទស្សនីយភាព​នេះ​ថា​ ​«​ខ្ញុំ​ធ្លាប់​សម្តែង​ជា​ ​តួ​ស្តេច​កាលពី​សម័យ​ព្រះករុណា​សីហនុ​ហើយ​បន្ត​រហូតដល់​សម័យ​លន់នល់​។​ ​ក្រោយ៧៩​ ​(​១៩៧៩​)​ ​រឹតតែ​ ​បាន​សម្តែង​ច្រើន​ ​មនុស្ស​ចូល​មើល​ឡើង​ណែន​នៅ​សាល​មហោស្រព​ព្រះ​សុរា​ម្រឹត​!​ ​ចំពោះ​ការ​សម្តែង​លើក​ ​នេះ​រួមគ្នា​បី​ជំនាន់​ ​ខ្ញុំ​គិតថា​មិន​អី​ទេ​ ​ព្រោះ​ខ្ញុំ​ធ្លាប់​សម្តែង​ហើយ​។​»​

​          ​តំណាង​សិល្បករ​ជើងចាស់​រូប​នេះ​បាន​រំពឹង​ទុក​ទៅ​ថ្ងៃ​អនាគត​យ៉ាង​ដូច្នេះ​ថា​ ​«​គឺ​វា​ទៅតាម​កាលៈ​ ​ទេសៈ​ ​ខ្ញុំ​មិន​ប្រកាន់​ថាត្រូវ​តែ​សម្តែង​រួមគ្នា​ ​ឬមិន​រួមគ្នា​នោះ​ទេ​ ​គឺ​អ្វី​ក៏បាន​សម្រាប់​ខ្ញុំ​។​ ​តែ​ជាចុងក្រោយ​ខ្ញុំ​សូម​ ​សំណូមពរ​សិល្បករ​ជំនាន់​ក្រោយ​ពិនិត្យ​សិក្សា​ ​(​ទម្រង់​យីកេ​)​ ​ឲ្យ​មែនទែន​!​ ​កាលណា​សិល្បករ​ជំនាន់​ក្រោយ​ ​គិត​អំពី​លុយ​ច្រើន​ ​វា​ធ្វើឲ្យ​គុណភាព​សិល្បៈ​ចុះ​ខ្សោយ​ ​ចេះ​តែ​សម្តែង​ៗ​មិនបាន​ពិចារណា​ឲ្យ​គ្រប់ជ្រុងជ្រោយ​ ​។​»​

          ​គួរ​បញ្ជាក់​ដែរ​ថា​ ​ព្រឹត្តិ​ការណ៍​នេះ​អាច​ចាត់ទុកជា​ជោគជ័យ​ធំ​មួយ​នៃ​ទម្រង់​សិល្បៈ​យីកេ​ប្រចាំ​ ​សតវត្ស​ថ្មីនេះ​ ​ដោយ​សារ​តែ​​អ្នក​ចូល​ទស្សនា​បាន​ឈរ​តម្រង់​ជួរ​រង់ចាំ​យក​សំបុត្រ​យ៉ាង​ស្វិតស្វាញ​ ​ដើម្បី​ ​គាំទ្រ​សិល្បៈ​ជាតិ​ ​សំបុត្រ​ឥតគិតថ្លៃ​សម្រាប់​សាធារណជន​ចំនួន១៥០សន្លឹក​ត្រូវ​បាន​ចែក​អស់​មុន​ពេល​ ​កំណត់​ ​រី​ឯ​កៅអីអង្គុយ​ទាំងអស់​ក្នុង​សាល​ត្រូវ​បាន​ប្រើប្រាស់​ឥតមាន​សេសសល់​ឡើយ​ ​រហូត​អ្នកខ្លះ​សុខចិត្ត​ ​ឈរ​ទស្សនា​តាំងពី​ដើម​រហូ​ត​ដល់់​ចប់​ថែមទៀត​ផង​។​ ​យើង​សង្ឃឹមថា​ ​នឹង​មានកម្ម​វិធី​បែបនេះ​នៅ​ឱកាស​ ​ក្រោយ​ៗ​ខាងមុខ​ទៀត​ជាក់ជា​មិនខាន​៕​

Article​ ​by​ ​SRIN​ ​SOKMEAN​



SUGGESTIONS