×

៥ចំណុច​ដែល​នឹង​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ពេញមួយថ្ងៃ​

TRAVEL & LIVING 5 years ago
 
 

          ក្រោយ​ភ្ញាក់​ពី​ដំណេក​ ​អ្នក​ប្រាកដជា​រំពឹង​ទុក​ថា​នឹង​មាន​រឿង​ល្អ​ៗ​ជាច្រើន​នឹង​កើតឡើង​ចំពោះ​អ្នក​ពេញមួយថ្ងៃ​។​ ​ផ្ទុយ​មកវិញ​ ​វា​មិន​អាច​ដូច​ការ​រំពឹង​ទុក​ទាំងស្រុង​នោះ​ទេ​ ​ជួនកាល​អ្នក​អាច​ជួប​បញ្ហា​ស្មុគស្មាញ​ច្រើនជាង​ភាព​រីករាយ​ក៏​ថា​បាន​។​ ​ហេតុ​ដូចនេះ​ដើម្បី​បញ្ចៀស​នូវ​រឿងរ៉ាវ​មិនល្អ​ ​ក៏ដូចជា​ភាព​ស្មុគស្មាញ​ ​ហើយ​នាំមក​វិញ​នូវ​ថ្ងៃល្អ​ ​សូ​វរីន​ ​សូម​បង្ហាញ​នូវ​គន្លឹះ​សំ​ខាន់​ៗ​ដែល​នឹង​ធ្វើឲ្យ​អ្នកទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​ពេញមួយថ្ងៃ​។​

ទទួលទាន​អាហារ​ពេលព្រឹក

          ជឿ​ទេ​ថា​ការ​ទទួលទាន​អាហារ​ពេលព្រឹក​អាច​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​?​ ​ជា​ការពិត​ណាស់​ ​អាហារ​ពេលព្រឹក​គឺ​ពិតជា​មាន​សារៈសំខាន់​ចំពោះ​សុខភាព​ដែល​នឹង​ធ្វើឲ្យ​រាងកាយ​មាន​ថាមពល​ពេញមួយថ្ងៃ​ ​ហើយក៏​ដូចជា​បាន​បង្កើន​ទៅលើ​ស្មារតី​នឹងនរ​ ​កាត់បន្ថយ​ភាព​តានតឹង​ ​ព្រមទាំង​បង្កើន​ការ​ចងចាំ​ផង​ដែរ​។​ ​យើង​អាច​សម្គាល់​ឃើញថា​អ្នក​ដែល​ ​ទទួលទាន​អាហារ​ពេលព្រឹក​តែងតែមាន​ភាព​សកម្ម​ជាង​អ្នក​ដែល​មិន​ទទួលទាន​។​ ​ដោយឡែក​ការ​តម​អាហារ​ពេលព្រឹក​អាច​ធ្វើឲ្យ​រាងកាយ​ចុះ​ខ្សោយ​ ​ជាពិសេស​ប្រឈម​បញ្ហា​ផ្សេង​ៗ​ដូចជា​ឡើង​ទម្ងន់​ ​កើតជំងឺ​ទឹកនោមផ្អែម​ ​ចង់​ក្អួតចង្អោរ​ ​ល្ហិតល្ហៃ​ ​វិលមុខ​ធីងធោង​ ​និង​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​ផង​ដែរ​។​

​សម្រាក​ឲ្យបាន​ច្រើន​

          ​ទោះបីជា​អ្នកមាន​ភាព​មមាញឹក​ជាមួយនឹង​ការងារ​ច្រើនយ៉ាង​ណា​ក្តី​ ​ប៉ុន្តែ​អ្នក​គួរតែ​វែកញែក​ពេល​វេ​លា​ខ្លះ​ៗ​ក្នុង​ការ​ស្រូប​យកខ្យល់អាកាស​បរិសុទ្ធ​ ​និង​គយគន់​ទេសភាព​នានា​ ​ដើម្បី​រំសាយ​ភាព​តានតឹង​ទាំងឡាយ​ដែល​កើតមាន​ចំពោះ​អ្នក​។​ ​អ្នក​គួរតែ​ចំណាយពេល​វេ​លា​ខ្លះ​ៗ​ ​សម្រាប់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ​ឬ​មនុស្សជា​ទីស្រឡាញ់​ឲ្យបាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​ ​កត្តា​សំខាន់​គេង​ឲ្យបាន​គ្រប់គ្រាន់​យ៉ាងហោចណាស់​ប្រាំបី​ម៉ោង​ក្នុង​មួយថ្ងៃ​ ​និង​គួរតែ​ចូលគេងពីព្រលប់​។​

កាត់បន្ថយ​គ្រឿង​អេ​ឡិច​ត្រូ​និច​

          ​អ្នកស្រាវជ្រាវ​បាន​រក​ឃើញថា​ ​វិទ្យុសកម្ម​នៃ​គ្រឿង​អេ​ឡិច​ត្រូវ​និច​ខ្ពស់​អាច​ធ្វើឲ្យ​មានការ​ប៉ះទង្គិច​ដល់​ផ្លូវ​អារម្មណ៍​យ៉ាងធ្ងន់ធ្ងរ​ ​ជាពិសេស​រំខាន​ដល់​ដំណេក​ជាចម្បង​។​ ​ហេតុ​ដូចនេះ​ ​គួរ​កាត់បន្ថយ​នូវ​ការប្រើ​ប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និច​ឲ្យបាន​កាន់តែ​ច្រើន​កាន់តែ​ប្រសើរ​ ​ដោយ​ជំនួស​មកវិញ​នូវ​ការបង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ ​ដើរកម្សាន្ត​លម្ហែ​អារម្មណ៍​ទី​ជិត​ឆ្ងាយ​ ​ទទួលទាន​អាហារ​ដែល​ជា​ចំណង់​ចំណូលចិត្ត​ ​និង​លេង​កីឡា​ជាដើម​។​

ការ​លេង​កីឡា​

          ​ការ​លេង​កីឡា​មិន​ត្រឹមតែ​នាំមក​នូវ​សុខភាព​ល្អ​ដល់​អ្នក​តែ​ម៉្យាង​នោះ​ទេ​ ​លើស​ពីនេះ​កីឡា​ក៏អាច​
​បង្កើត​បាន​នូវ​បរិយាកាស​សប្បាយរីករាយ​សម្រាប់​អ្នកផង​ដែរ​។​ ​បន្ថែម​ពីនេះ​ទៅទៀត​ ​អ្នក​គួរតែ​លេង​កីឡា​ឲ្យបាន​ច្រើន​ ​ទើប​អ្នក​មិន​មាន​អារម្មណ៍​ថា​ឯកា​ ​ឬ​មាន​ភាព​តប់​ប្រមល់​ផ្សេង​ៗ​។​

​បង្កើត​មិត្តភាព​

          ​ការ​ចងចំណង​មិត្តភាព​ជាមួយនឹង​មនុស្ស​ជុំវិញ​ខ្លួន​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​បំផុត​។​ ​ជាក់ស្តែង​ ​នៅ​
​ពេល​ដែល​យើង​កំពុងតែ​ស្ថិតនៅ​ក្នុង​ភាព​តានតឹង​ខ្លាំង​ណាមួយ​ ​មិនថា​ការងារ​ការសិក្សា​ឬ​ការ​ប្រកបមុខរបរ​នោះ​ទេ​ ​អ្នក​ប្រាកដជា​ត្រូវការ​ដំ​បូ​ន្មាន​ល្អ​ៗ​ ​ឬ​ការ​លើកទឹកចិត្ត​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ជាក់ជា​មិនខាន​។​ ​ដូចនេះ​ ​អ្នក​គួរតែ​បង្កើត​ទំនាក់ទំនង​ឲ្យបាន​ច្រើន​ ​និង​រក្សា​ចំណងមិត្តភាព​នោះ​ឲ្យបាន​គង់វង្ស​ទើប​ជា​ការ​ប្រសើរ​។​

          ​ជា​ការពិត​ណាស់​នៅក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់រូប​មិនមែន​សុទ្ធតែ​មាន​ភាព​សប្បាយរីករាយ​រហូត​នោះ​ទេ​ ​ពេលខ្លះ​ក៏​មានរឿង​ល្អ​ ​ពេលខ្លះ​ក៏​មានរឿង​អាក្រក់​ ​ហើយ​ពេលខ្លះ​ទៀត​ក៏​ជួប​នូវ​រឿង​ដែល​នឹកស្មាន​មិនដល់​ផង​ដែរ​។​ ​បើ​ទោះជា​យ៉ាងនេះ​ក្តី​ ​គ្មានអ្វី​ដែល​អស្ចារ្យ​ជាង​ការ​ស្រឡាញ់​ខ្លួនឯង​ឲ្យបាន​ច្រើន​នោះ​ទេ​ ​ហើយ​យើង​គួរ​ ​ប្រកាន់​ខ្ជាប់​នូវ​ការ​ថែរក្សា​សុខភាព​ ​បង្កើន​មិត្តភាព​ ​រៀនសូត្រ​ពី​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ ​និង​គួរ​ឆ្លៀតពេល​កម្សាន្ត​អារម្មណ៍​ទទួលយក​បទ​ពិសោធ​ន៍​ថ្មី​ៗ​ដើម្បី​ធ្វើឲ្យ​ជីវិត​រស់នៅ​កាន់តែ​មានន័យ​ឡើង​ផង​ដែរ​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​ ​


SUGGESTIONS