×

សិប្បកម្ម​ទ្រនាប់ជើង​ច្នៃពីស្បែកសត្វ​ស្នាដៃ​កូនខ្មែរ​អាយុកាល​ជាង៣០ឆ្នាំ​

TRAVEL & LIVING 5 years ago
 
 

​            ខណៈ​បច្ចុប្បន្ន​លំហូរ​ចូល​នៃ​ម៉ាក​ផ​លិ​ផល​ពី​បរទេស​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ ​ក៏ប៉ុន្តែ​សិប្បកម្ម​ផលិត​ទ្រនាប់ជើង​ខ្មែរ​ធ្វើ​ពី​ស្បែក​គោមួយ​កន្លែងនៅ​តែ​បន្ត​គោល​ជំ​ហរ​បស់​ខ្លួន​ក្នុង​ការផលិត​ទ្រនាប់ជើង​យ៉ាង​សស្រាក់​សស្រាំ​មាន​ទាំង​ម៉ូដ​បែ​បក្មេងៗ​ពិសេស​ត្រូវចិត្ត​យុវវ័យ​ ​ប្រកបដោយ​គុណភាព​ខ្ពស់​ ​មិនចាញ់​ផលិតផល​បរទេស​ប៉ុន្មាន​ឡើយ​។​ ​

​            ក្រោម​ដំបូលផ្ទះ​មួយ​ខ្នង​ស្ថិតនៅ​ឯ​ត្រើយម្ខាង​នៃ​អរិយក្សត្រ​ ​ក្នុង​ភូមិ​ព្រែកក្របៅ​ទី៣​ ​ឃុំ​ព្រែកអំពិល​ ​ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្តកណ្តាល​ ​មនុស្ស​ប្រមាណ​ ​៣ទៅ៤នាក់​កំពុងតែ​មមាញឹក​ជាមួយនឹង​សកម្មភាព​ការងារ​ទៅតាម​ជំ​នា​ញរៀងៗ​ខ្លួន​ ​អ្នកខ្លះ​ដៃ​កាន់​កន្ត្រៃ​កាត់​បាត​ទ្រនាប់ជើង​តាម​ពុម្ព​ ​អ្នកខ្លះ​កំពុង​តភ្ជាប់​ម៉ូដ​ ​រី​ឯ​អ្នកខ្លះ​ទៀត​កំពុងតែ​មមាញឹក​នឹង​ម៉ាស៊ីន​ខាត់​ ​ដែល​ទាំងនេះ​គឺជា​សកម្មភាព​នៃ​ការផលិត​ទ្រនាប់ជើង​របស់​អាជីវ​កម្ម​ខា្ន​ត​តូច​មួយ​ឈ្មោះថា​ ​«​សាជីវកម្ម​ខ្មែរ​ ​Khmer​ ​Corp​»​ ​។​ ​អ្នកនាង​ ​ហួន​ ​ផល្លី​ ​ដែល​ជា​ស្ថាបនិក​ផ្ទាល់​បាន​ឲ្យដឹង​ថា​ ​សិប្បកម្ម​ផលិត​ទ្រនាប់ជើង​នេះ​គឺ​បង្កើត​ឡើង​ដោយ​លោក​ ​ឡាយ​ ​សារី​ ​ដែល​ត្រូវជា​ឪពុកក្មេក​របស់​អ្នកនាង​តាំងពី​ឆ្នាំ១៩៨៦ម្ល៉េះ​។​ ​

អ្នកនាង​ ​ហួន​ ​ផល្លី​

​            ការ​ចាប់ផ្តើម​ជំហាន​ដំបូង​គឺ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ ​ប៉ុន្តែ​មួយ​រយៈ​ក្រោយមក​ដោយសារតែ​កត្តា​សេដ្ឋកិច្ច​ ​និង​កត្តា​រាំងស្ទះ​មួយចំនួន​បាន​បង្ខំឲ្យ​អាជីវកម្ម​ត្រូវ​បិទទ្វារ​ទាំង​ប្រថុចញ៉ុច​ ​ហើយក៏​ទើបតែ​បើក​ដំណើរការ​មាន​ទីផ្សារ​ឡើងវិញ​ចាប់តាំងពី​ឆ្នាំ​ ​២០១២​។​ ​អ្នកស្រី​បាន​លើកឡើង​ថា​ ​«​បើ​និយាយ​ទៅ​ប៉ាក្មេក​របស់ខ្ញុំ​គាត់​ចង់​បិទ​អាជីវកម្ម​នេះ​តែម្តង​ ​ក៏ប៉ុន្តែ​ក្រោយពី​ខ្ញុំ​បាន​រៀបការ​ចូលក្នុង​គ្រួសារ​របស់​គាត់​ ​ខ្ញុំ​ចាប់អារម្មណ៍​ទៅលើ​អាជីវកម្ម​នេះ​ ​ម្យ៉ាង​ស្រឡាញ់​ការ​ធ្វើ​ស្បែកជើង​ផង​នោះ​ ​ទើប​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​នេះ​ឡើងវិញ​ម្តង​ទៀត​ដោយ​ដាក់ឈ្មោះ​ថា​ ​«​សាជីវកម្ម​ខ្មែរ​ ​Khmer​ ​Corp​»​។​»​ ​សាជីវកម្ម​ខ្មែរ​ចាប់ផ្តើម​ជាថ្មី​ជាមួយ​រចនាសម្ព័ន្ធ​ថ្មី​ ​ពោល​គឺ​មាន​សមាជិក​ត្រឹមតែ៤នាក់​ប៉ុណ្ណោះ​ ​ដែល​ក្នុង​នោះ​ក្រៅពី​អ្នកនាង​ ​ហួន​ ​ផល្លី​ ​ជា​ស្ថាបនិក​ ​ជា​អ្នករ៉ាប់រង​ផ្នែក​ទីផ្សារ​ ​និង​ជា​អ្នក​ផលិត​ ​ក៏​មាន​លោក​ ​ឡាយ​ ​សារី​ ​ជា​ផលិតករ​ ​ដែល​មានបទពិសោធន៍​ជិត​ ​៣០ឆ្នាំ​ ​លោកស្រី​ ​ចាន់​ ​សា​រឿន​ ​ជា​ជំនួយការ​ទូទៅ​ ​ផ្នែក​តុ​កាត់​ ​និង​ឃ្លាំង​ ​ព្រមទាំង​ ​លោក​ ​រស់​ ​ធី​រ៉ា​ ​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ទូទៅ​ផង​ដែរ​។​ ​បច្ចុប្បន្ន​ថ្វី​ដ្បិត​ ​កម្លាំង​ផលិត​តិច​ ​និង​សមាជិក​ក្រុមការងារ​មិន​ច្រើន​ប៉ុន្មាន​ ​ប៉ុន្តែ​ចំនួន​នៃ​ការផលិត​ក៏​ច្រើន​គួរសម​ផង​ដែរ​ ​ស្រប​ពេល​ដែល​ចំនួន​អតិថិជន​មានការ​គាំទ្រ​កាន់តែ​ច្រើនឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​ជាក់ស្តែង​ ​ក្នុង​មួយថ្ងៃ​សង្វាក់​ផលិតកម្ម​សាជីវកម្ម​ខ្មែរក្រោម​កម្លាំង​ក្រុមការងារ៤នាក់​នេះ​ ​អាច​ផលិត​ស្បែកជើង​បាន​ចាប់ពី​ ​៤ទៅ​ ​៥គូ​ ​សម្រាប់​ស្បែកជើង​មនុស្ស​ធំ​ ​រី​ឯ​ស្បែកជើង​កូនក្មេង​អាច​ផលិត​បាន​ពី​ ​៥០ទៅ​ ​៦០គូ​ក្នុង​មួយ​សប្តាហ៍​។​ ​ទីផ្សារ​កុម្ម៉ង់​ភាគច្រើន​គឺជា​ភ្ញៀវ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​និង​ភ្ញៀវ​មួយចំនួន​ទៀត​កុម្ម៉ង់​ដាក់​លក់​នៅ​តាម​ទីផ្សារ​នៅ​តាម​បណ្តា​ខេត្ត​។​ ​

​            ជាមួយនឹង​ស្បែកជើង​ធ្វើ​ពី​ស្បែក​ជ្រូក​ ​និង​ស្បែក​គោ​ដែល​ផលិត​មាន​គ្រប់​វ័យ​ ​ពិសេស​ម៉ូដ​ពេញនិយម​ត្រូវចិត្ត​ពីសំណាក់​យុវវ័យ​ទៀត​នោះ​ ​ស្ថាបនិក​ ​ហួន​ ​ផល្លី​ ​បាន​ឲ្យដឹង​ទៀត​ថា​ ​«​ទោះបី​ស្បែកជើង​យើង​ផលិត​ជា​លក្ខណៈ​គ្រួសារ​ពិតមែន​ ​ប៉ុន្តែ​រាល់​ផលិតផល​នី​មួយ​ៗ​ចេញទៅ​គឺ​មានគុណ​ភាព​ខ្ពស់​ ​ក៏​ព្រោះតែ​យើង​សម្រិតសម្រាំង​គ្រប់​ផ្នែក​រាប់​តាំងពី​ការ​កាត់​ ​ការ​ដេរ​ ​ការ​បិត​ ​ការ​តភ្ជាប់​ម៉ូដ​ ​គឺ​ជាប់​ល្អឥតខ្ចោះ​គ្រប់ជ្រុងជ្រោយ​ ​ឬ​អាច​និយាយ​បាន​ថា​គុណភាព​មិនចាញ់​ផលិតផល​បរទេស​ឡើយ​»​។​ ​ស្រប​ពេល​ដែល​មាន​អតិថិជន​គាំទ្រ​កាន់តែ​ច្រើន​ ​ស្ថាបនិក​វ័យ២៨​ ​ឆ្នាំ​រូប​នេះ​ក៏​នឹង​មាន​គម្រោង​ពង្រីក​ទាំង​សង្វាក់​ផលិតកម្ម​ ​និង​បញ្ជ្រាប​ទីផ្សារ​ទៅតាម​បណ្តា​ខេត្ត​ ​ក៏ដូចជា​នាំចេញ​ទៅក្រៅ​ប្រទេស​ផង​ដែរ​។​ ​

​            យ៉ាងណាមិញ​ ​ក្រៅពី​ផលិតផល​ទ្រនាប់ជើង​ដែល​ជា​ម៉ាក​សញ្ញា​របស់​ខ្មែរ​ ​សាជីវកម្ម​ខ្មែរ​ ​ក៏បាន​ចូលរួម​ជាសកម្ម​ភាព​មួយចំនួន​នៅក្នុង​សង្គម​ ​ក្នុង​ការ​ជួយ​ដល់​សិស្សានុសិស្ស​នៅក្នុង​តំបន់​របស់​ខ្លួន​ដែរ​ ​តួយ៉ាង​ ​រាល់​សិស្សានុសិស្ស​ក្នុង​កម្រិត​បឋមសិក្សា​ដែល​ជាប់​ចំណាត់ថ្នាក់​សិស្ស​ពូកែ​លេខ១ដល់​លេខ៣​ ​និង​សិស្ស​ក្រីក្រ​ ​នឹង​ទទួល​បាន​ទ្រនាប់ជើង​សម្រាប់​ប្រើប្រាស់​ទៀតផង​៕​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS