បើនិយាយពីវិស័យកសិកម្មនៅកម្ពុជា គេអាចនិយាយបានថាកសិករខ្មែរភាគច្រើននៅតែបន្តធ្វើកសិកម្មតាមបែបប្រពៃណី ពោលគឺពួកគេនៅតែប្រើបច្ចេកទេសបុរាណនៅឡើយ។ ដោយសម្លឹងមើលឃើញថាកសិករលំបាកក្នុងការគ្រប់គ្រងប្រព័ន្ធទឹកស្រោចស្រព ដំណាំ បានជំរុញឲ្យក្រុមយុវជនបច្ចេកវិទ្យាមួយក្រុមបណ្ដុះគំនិតបង្កើតនូវឧបករណ៍ដើម្បីគ្រប់គ្រងប្រព័ន្ធទឹកតាមបែបបច្ចេកវិទ្យាមួយដោយគ្រាន់តែបញ្ជាតាមរយៈទូរសព្ទដៃប៉ុណ្ណោះ។ តាមរយៈស្វ័យសិក្សាស្រាវជ្រាវឧបករណ៍នេះត្រូវបានក្រុមយុវជនឲ្យឈ្មោះថា «smart farm assistance» ជាពហុឧបករណ៍ដែលភ្ជាប់មកជាមួយនឹងម៉ូទ័របូមទឹកមួយតភ្ជាប់ជាមួយនិងវ៉ាន់អគ្គីសនីសម្រាប់បញ្ជាភ្លើងដែលមានបំពាក់ជាមួយនឹងស៊ីមកាតមួយសម្រាប់ភ្ជាប់ប្រព័ន្ធទូរសព្ទដែលអាចឲ្យយើងបញ្ជាដោយកម្មវិធីទូរសព្ទពីចម្ងាយបាន។ គំនិតនវានុវត្តន៍នេះបង្កើតឡើងគឺធ្វើយ៉ាងណាដើម្បីជួយសម្រួលដល់ការគ្រប់គ្រងប្រព័ន្ធទឹករបស់កសិករ បើទោះបីជាលោកមិនមានលទ្ធភាពឬចំណេះដឹងក្នុងការប្រើប្រាស់ទូរសព្ទឆ្លាតវៃយ៉ាងណាក្តីក៏លោកអាចបញ្ជាតាមរយៈទូរសព្ទដៃធម្មតាដោយគ្រាន់តែផ្ញើសារចូលលេខទូរសព្ទដែលគេបានដាក់ស៊ីមក្នុងម៉ាស៊ីននោះ វានឹងបិតដោយស្វ័យប្រវត្តិ។ កញ្ញា ម៉េង ស្រីលីន ជាប្រធានក្រុមនៃ «smart farm assistance» បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នក្រុមរបស់កញ្ញាកំពុងតែពិភាក្សា ជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍ទូរសព្ទមួយចំនួនដើម្បីឲ្យមានការសហការក្នុងការជួយផ្តល់នូវសេវាទូរសព្ទមួយដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់ «smart farm assistance»កាន់តែមានភាពងាយស្រួលបន្ថែមទៀត។ គម្រោងផលិតឧបករណ៍នេះអាចប្រតិបត្តិបានទាំងកសិករដែលមានចំការធំៗ សួនច្បារ រហូតដល់សួនបន្លែតូចៗនៅតាមផ្ទះសម្រាប់អ្នកទីក្រុង ដែលមានបែងចែកជាប្រភេទម៉ូទ័រតូចឬធំតាមបរិវេណនៃចំការឬសួនជាក់ស្តែង។ មិនត្រឹមតែប៉ុណ្ណោះ លោក ញ៉ សុភាដែលជាសហស្ថាបនិកមួយរូបរបស់ក្រុមក៏បានបង្ហើបឲ្យដឹងពីគម្រោងបង្កើតមុខងារថ្មីៗដែលអាចវាស់សំណាបដី វាស់សីតុណ្ហភាព វាស់ PH និងអ្វីដែលកសិករត្រូវការតាមរយៈឧបករណ៍ដែលដើរដោយប្រព័ន្ធស្វ័យប្រតិកម្ម IOT (Internet of Thing) នេះផងដែរ។ ភាគច្រើននៃឧបករណ៍នេះសុទ្ធសឹងតែផលិតដោយកូនខ្មែរទាំងអស់សូម្បីតែ សម្បកប្រអប់ ឬគ្រឿងអគ្គីសនី ការសរសេរកូដ កម្មវិធីទូរសព្ទ លើកលែងតែសេនស័រមួយចំនួនដែលមិនអាចរកបាននៅក្នុងស្រុកតែប៉ុណ្ណោះ។
Image Coutesy: Smart Farm Assistance
ការបង្កើតឧបករណ៍ដែលជួយសន្សំសំចៃដល់កសិករនេះ គឺជាការជួបគ្នាដោយចៃដន្យនៃសមាជិកនីមួយៗ នៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា «Technovation» នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកាលពីពាក់កណ្តាលឆ្នាំ២០១៩កន្លងមក។ ដោយសារតែសម្លឹងមើលឃើញកសិករមួយចំនួនពិបាករកទិញម៉ូទ័របូមទឹកធំៗពិបាករកកម្មករជួលបាញ់ទឹក ចំណាយភ្លើង និងពេលវេលាច្រើន នោះទើប លោក ញ៉ សុភា មានគំនិតចង់បង្កើតឧបករណ៍នេះឡើង។ គួរជម្រាបផងដែរថា ឧបករណ៍គ្រប់គ្រងប្រព័ន្ធទឹកតាមរយៈទូរសព្ទនេះបង្កើតឡើងដោយក្រុមយុវនិស្សិតចំនួន ៧រូបរួមមាន៖ កញ្ញា ម៉េង ស្រីលីន ជាប្រធានក្រុម លោក.ញ៉ សុភា លោក.ជួប វណ្ណឌី លោក. ម៉ាន់ ម៉េងហ័រ ជាអ្នកបច្ចេកទេស លោក អ៊ាវ ដេវីដ ទទួលបន្ទុកផ្នែកទីផ្សារឌីជីថល លោក. ង៉ាន់ លីហេង និង លោក ហាច ផានុង ជាអ្នករៀបចំកម្មវិធីទូរសព្ទនេះឡើង។
កញ្ញា ម៉េង ស្រីលីន
លោក ញ៉ សុភាលោក អ៊ាវ ដេវីដលោក ង៉ាន់ លីហេងលោក ម៉ាន់ ម៉េងហ័រលោក ហាច ផានុងលោក ជួប វណ្ណឌី
ឆ្លៀតក្នុងឱកាសនេះដែរ លោក ញ៉ សុភា និង កញ្ញា ម៉េង ស្រីលីន ក៏បានលើកទឹកចិត្តដល់ប្អូនៗដែលទើបតែបញ្ចប់ថ្នាក់ទីដប់ពីរ និងមានបំណងចង់បង្កើតអ្វីដែលថ្មីនិងធ្វើការជាក្រុមថាការបង្កើតអ្វីដែលថ្មីយើងត្រូវចេះស្វែងរកនូវបញ្ហាហើយត្រូវចេះដោះស្រាយបញ្ហានោះ បើដោះស្រាយមិនចេញយើងត្រូវចេះសួរគេ ហើយរហូតមកដល់បច្ចុប្បន្ននេះគេអាចស្វែងរកដំណោះស្រាយតាមអ៊ីនធើណែតផងដែរ។ កញ្ញា ម៉េង ស្រីលីនក៏បានបន្ថែមទៀតថា «ក្នុងការធ្វើការជាក្រុម អ្វីដែលសំខាន់គឺយើងត្រូវមានគោលដៅតែមួយ យើងចង់ឃើញក្រុមយើងជោគជ័យនិងបង្កើតផលិតផលថ្មីដោយខ្លួនឯងទាំងអស់គ្នា។ ចូរកុំស្តីបន្ទោសឲ្យគ្នាទៅវិញទៅមក ប្រសិនបើមានបញ្ហាអ្វីយើងត្រូវលើកយកមកដាក់លើតុដើម្បីពិភាក្សាដោះស្រាយទាំងអស់គ្នា៕»
Article by KEO SONGImage Coutesy: Smart Farm Assistance