នេះគឺជាកម្មវិធីទូរសព្ទដៃថ្មីមួយទៀត ដែលបង្កើតឡើងដោយក្មេងៗមួយក្រុមដែលទើបតែសិក្សាថ្នាក់បរិញ្ញាប័ត្រឆ្នាំទីមួយនិងឆ្នាំទីពីរប៉ុណ្ណោះ។ App ថ្មីនេះមានឈ្មោះថា «LaundryKH» គឺជាភ្នាក់ងារដែលផ្សារភ្ជាប់រវាង ហាងបោកអ៊ុត និង អ្នកត្រូវការសេវាកម្មបោកអ៊ុតឲ្យកាន់តែមានភាពងាយស្រួលជាងមុន។ សម្រាប់អ្នកស្វែងរកសេវាកម្មបោកអ៊ុត ពួកគេអាចប្រើប្រាស់កម្មវិធីនេះ ដើម្បីស្វែងរកកន្លែងបោកអ៊ុតនៅគ្រប់ទីកន្លែងតាមរយៈផែនទីនៅក្នុងទូរសព្ទដៃ ហើយអាចជ្រើសរើសកន្លែងណាមួយដើម្បីធ្វើការកក់ទុក និងអាចដឹងតម្លៃនៃសេវាកម្មបានមុនតាមរយៈទូរសព្ទដៃផងដែរ។ បន្ទាប់មកគេអាចធ្វើការជាវនូវសេវាកម្មនៃហាងបោកអ៊ុតនោះ ដោយការទូទាត់ប្រាក់តាមអនឡាញនិងអាចបញ្ជាឲ្យអ្នកដឹកជញ្ជូនមកទទួលយកខោអាវដល់ទីកន្លែងបានទៀតផង។ លើសពីនេះទៅទៀតនោះ ក្នុង App នេះក៏អាចអនុញ្ញាតិឲ្យគេតាមដាននូវដំណើរការនៃការបោកអ៊ុតសម្លៀកបំពាក់របស់គេ និងផ្ដល់ដំណឹងទៅម្ចាស់សម្លៀកបំពាក់តាមរយៈ Notification ក្នុងទូរសព្ទនៅពេលដែលសម្លៀកបំពាក់នោះត្រូវបានបោកអ៊ុតរួចរាល់។ ជាមួយគ្នានោះដែរ គេក៏អាចមើលដឹងពីព័ត៌មាននិងសេវាកម្មទាំងឡាយ ក៏ដូចជាកន្លែងទំនេររបស់ហាងបោកអ៊ុតនីមួយៗផងដែរ។ ដោយឡែកសម្រាប់ម្ចាស់ហាង ពួកគេអាចគ្រប់គ្រងចំណូលចំណាយ និងអាចស្វែងរកអតិថិជនបន្ថែមទៀតតាមរយៈកម្មវិធីទូរសព្ទដៃថ្មីមួយនេះទៀតផង។
គោលបំណងនៃការបង្កើតអាជីវកម្មថ្មីនៃ App ទូរសព្ទថ្មីនេះគឺដើម្បីដោះស្រាយពេលវេលាក្នុងការស្វែងរកកន្លែងបោកអ៊ុត សម្រាប់អ្នកមានការងារច្រើនមិនសូវមានពេល។ យុវជន ហ៊ឹមសុខឡុង ជាអ្នកផ្តួចផ្តើមគំនិតនិងជាប្រធានក្រុម បានឲ្យដឹងថា ដោយសារតែលោកខ្លួនឯងផ្ទាល់ពិបាកក្នុងការស្វែងរកនូវកន្លែងបោកអ៊ុត ហើយណាមួយត្រូវចំណាយពេលក្នុងការជិះយកសម្លៀកបំពាក់ខ្លួនទៅបោកអ៊ុត និងពិបាកក្នុងការស្វែងរកកន្លែងដែលសេវាកម្មល្អ ម្យ៉ាងកន្លែងដែលធ្លាប់តែបោកអ៊ុតនោះមានពេលខ្លះក៏ត្រូវពេញទៀត ទើបលោកសម្រេចចិត្តប្រមែប្រមូលគ្នីគ្នាដែលមានគំនិតដូចគ្នាបង្កើតនូវកម្មវិធីទូរសព្ទដៃនេះតែម្ដង។ គួរជម្រាបផងដែរថា LaundryKH បង្កើតឡើងដោយក្រុមយុវនិស្សិតចំនួនបួនរូបមកពីជំនាញផ្សេងៗ តួយ៉ាងដូចជា៖ លោក ហៀង ហុងទ្រី និង សុខ សយ សំណាង ជានិស្សិតឆ្នាំទីមួយ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ, ជា ចន្ដារិទ្ធិ និង ហ៊ឹម សុខឡុង រៀនឆ្នាំទីពីរ ក្នុងមុខជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ។
លោក ហៀង ហុងទ្រី លោក សុខ សយ សំណាង
លោក ជា ចន្ដារិទ្ធិ លោក ហ៊ឹម សុខឡុង
ថ្វីដ្បិតតែបង្កើតឡើងដោយក្រុមនិស្សិតវ័យក្មេងក៏ពិតមែនក៏ប៉ុន្តែ LaundryKH ត្រូវបានគេចាត់ទុកថាជាក្រុមអាជីវកម្មច្នៃប្រតិដ្ឋមួយ និងបានជាប់ក្នុងវគ្គជម្រុះនៃកម្មវិធី Viettel Advanced Solution Track 2019 (VAS Track 2019) ហើយទទួលបានប្រាក់រង្វាន់ ប្រាំរយដុល្លារ ពីក្រុមហ៊ុន មិត្តហ្វូន។ យ៉ាងណាមិញ LaundryKH កំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍន៍នៅឡើយ ហើយគ្រោងនឹងដាក់ឲ្យទាញយកមកប្រើប្រាស់នៅឆ្នាំ ២០២០។ ឈ្លៀតក្នុងឱកាសនេះ សមាជិក ហៀង ហុងទ្រី ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរឲ្យជួយគាំទ្រនូវស្នាដៃកូនខ្មែរ ដែលខិតខំស្វែងរកបង្កើតនូវគំនិតថ្មីៗដើម្បីជួយសង្គមជាតិទាំងមូលផងដែរ៕
Article by KEO SONG