ចាប់តាំងពីពិភពលោកបានបង្កើតនូវម៉ាស៊ីនដើរដោយចំហាយទឹក រួចគេរកឃើញនូវចរន្តអគ្គីសនី ហើយអាចបង្កើតម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនផ្សេងៗទៀតដែលដើរដោយប្រព័ន្ធកុំព្យូទ័រ រហូតមកដល់សព្វថ្ងៃនេះបដិវត្តឧស្សាហកម្មជំនាន់ទីបួនបានធ្វើឲ្យពិភពលោកមានភាពជឿនលឿនកាន់តែខ្លាំង ដោយគ្រឿងម៉ាស៊ីនចាប់ផ្ដើមមានភាពឆ្លាតវៃជាងមុន និងអាចបញ្ជាពីចម្ងាយតាមរយៈឧបករណ៍អេឡិចត្រូនិចតូចៗឬក៏អាចបញ្ជាតាម ប្រព័ន្ធអ៊ីនធើណែតជាដើម-ល-។ កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍមួយក្នុងតំបន់អាស៊ីដែលអាចវិវឌ្ឍខ្លួនពីប្រទេសដែលមានចំណូលកំរិតទាបក្លាយជាប្រទេសដែលមានចំណូលមធ្យមទាប ហើយកម្ពុជាបាននិងកំពុងតែបណ្តុះបណ្តាលធនធានមនុស្សស្ទើរគ្រប់វិស័យ ដើម្បីបំពេញនូវតម្រូវការទីផ្សារការងារកកើតថ្មីៗជារៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែកម្ពុជាក្នុងបរិបទសម័យទំនើបនៃជំនាន់ឧស្សាហកម្ម ៤.០ នេះ គេសង្កេតឃើញមានយុវជន កាន់តែច្រើនឡើងៗហាក់មានទំនោរនិងបានចាប់អារម្មណ៍កាន់តែខ្លាំងឡើងលើវិស័យបច្ចេកវិទ្យានេះ។ ដូច្នេះតើហេតុអ្វីបានជាបច្ចេកវិទ្យាក្លាយជាតួអង្គដ៏សំខាន់សម្រាប់កម្ពុជាក្នុងសម័យទំនើបនេះ?
Image Courtesy: លឹម សង្វារ
«ដោយសារតែបច្ចេកវិទ្យា Hardware (គ្រឿងបន្លាស់) និង Software (ប្រព័ន្ធកុំព្យូទ័រ) គឺជាតម្រូវការរបស់ប្រទេសមួយៗដែលចាំបាច់បំផុត ហើយដោយសារតែប្រទេសដែលរីកចម្រើនខាងផ្នែកបច្ចេកវិទ្យានេះច្រើនតែទៅមុនគេ ហើយសេដ្ឋកិច្ចក៏ដើរលឿនដូចគ្នា អ៊ីចឹងយើងមើលឃើញថាប្រទេសដែលចាប់ផ្ដើមអភិវឌ្ឍបច្ចេកវិទ្យាហ្នឹង សេដ្ឋកិច្ចរបស់គាត់គឺលឿន។» នេះបើតាមការឲ្យដឹងពីលោក លឹម សង្វារ សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Arrowdot ។ យ៉ាងណាមិញ កង្វះធនធានមនុស្ស និងការយល់ច្រលំរបស់ប្រជាជនខ្មែរក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យានេះគឺជាកត្តាធំមួយ ដែលបង្អាក់កម្ពុជា ដើម្បីឆ្ពោះទៅរកគោលដៅនៃការពង្រីកវិសាលភាពប្រព័ន្ធឌីជីថល និងពិបាកឈានដល់ការបង្កើតឧស្សាហកម្មបច្ចេកវិទ្យានេះផងដែរ។ វត្តមានរបស់រោងចក្រដែលផលិតនូវគ្រឿងចក្រ គ្រឿងយន្ត គឺជាម៉ាស៊ីនមួយដែលពន្លឿនសេដ្ឋកិច្ចរបស់ប្រទេសឲ្យមានការអភិវឌ្ឍន៍បានយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែ ឧបករណ៍ទាំងអស់នោះភាគច្រើនសុទ្ធសឹងតែនាំចូលពីបរទេសដែលមានតម្លៃថ្លៃនិងចំណាយពេលវេលាយូរក្នុងការដឹកជញ្ចូន។ ម្លោះហើយទើប លោក លឹម សង្វារ និងសហស្ថាបនិកបានមូលមតិគ្នាដើម្បីបង្កើតនូវក្រុមហ៊ុនមួយឈ្មោះថា «Arrow Dot» ដើម្បីធ្វើយ៉ាងណាអាចឲ្យកម្ពុជាផលិតនូវគ្រឿងចក្រ គ្រឿងយន្ត និងគ្រឿងអេឡិចត្រូនិចបានដោយខ្លួនឯង។ គួរជម្រាបផងដែរថា «Arrow Dot» បង្កើតឡើងនៅឆ្នាំ ២០១២ និងប្រកាសជាក្រុមហ៊ុនផ្លូវការនៅឆ្នាំ ២០១៨ គឺជាក្រុមហ៊ុន ដែលផ្ដល់ជូននូវសេវាកម្ម និងដំណោះស្រាយផ្នែក ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ, ប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធ IOT ដំបូងគេបង្អស់នៅកម្ពុជា និងជាដៃគូគម្រោង Development Innovation នៃទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID)។ តាមរយៈ «Arrow Dot» នេះយុវជនភាគច្រើនអាចបង្កើតនូវមនុស្សយន្តនិងឧបករណ៍សម្រាប់ដោះស្រាយបញ្ហាសង្គមជាច្រើនផងដែរ។ « Arrow Dot» បានជួយបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ អាចដំឡើងឧបករណ៍បច្ចេកវិទ្យាដូចជា ឧបករណ៍គ្រប់គ្រងប្រព័ន្ធទឹកពីចម្ងាយ ឧបករណ៍ប្រកាសអគ្គីភ័យ ធុងសម្រាមឆ្លាតវៃ និងមនុស្សយន្តខ្នាតតូចជាច្រើនទៀតតាមរយៈម៉ាស៊ីន 3D Printer ការផ្សារគ្រឿងអគ្គីសនីនិងការបញ្ជូលទិន្នន័យកូដកុំព្យូទ័រដើម្បីឲ្យម៉ាស៊ីនដំណើរការទៀតផង។
Image Courtesy: លឹម សង្វារ
ដំណើរឆ្ពោះទៅរកភាពជឿនលឿននៃឧស្សាហកម្មបច្ចេកវិទ្យានៅកម្ពុជាហាក់នៅវែងឆ្ងាយ ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋហាក់នៅមានកម្រិត និងការយល់ឃើញរបស់សិស្សនិស្សិតហាក់នៅមិនទាន់ច្បាស់នៅឡើយ។ លោក លឹម សង្វារ ៖ « កន្លងមកសិស្សមួយចំនួនតែងគិតថា Programming គឺ IT ។ ក៏ប៉ុន្តែសិស្សភាគច្រើនគាត់មិនដឹងដំណើរការរបស់ប្រព័ន្ធរោងចក្ររាល់ថ្ងៃនេះគឺសុទ្ធសឹងតែត្រូវការជំនាញមួយទៀតដែលគេហៅថា ជំនាញ Automation និង អេឡិចត្រូនិច។ » Automation គឺជាការរួមបញ្ចូលគ្នារវាងភាសាកូដកុំព្យូទ័រ (Coding) និងផ្នែកគ្រឿងបន្លាស់ (Hardware) ដើម្បីបង្កើតបានជាឧបករណ៍មួយពេញលក្ខណៈ។ ដោយឡែកសម្រាប់ស្រ្តីភេទក្នុងជំនាញ Automation ក៏ត្រូវលោក លឹម សង្វារ បានលើកទឹកចិត្តឲ្យមានការចូលរួមផងដែរដើម្បីបំពេញនូវតម្រូវការធនធានដែលកំពុងតែខ្វះខាត៕
Article by KEO SONG