ជ្រក់ខ្មែរយើងមានជម្រើសច្រើនប្រភេទផ្សំពីបន្លែបង្ការធម្មជាតិដែលមាននៅជុំវិញខ្លួន
TRAVEL & LIVING 4 years agoប្រទេសកម្ពុជាយើងស្ថិតក្នុងតំបន់អាកាសធាតុត្រូពិកមូសុងដែលបង្កលក្ខណៈអំណោយផលល្អចំពោះការលូតលាស់នៃដំណាំដាំដុះបន្លែបង្ការនានានៅក្នុងភូមិស្ថាន ទើបធ្វើឲ្យប្រជាជនខ្មែរដែលរស់នៅតាមជនបទស្រែចម្ការនិយមដាំដំណាំផ្សេងៗនៅជិតៗផ្ទះឬដីក្នុងភូមិ ហើយប្រមូលផលដំណាំទាំងនោះទុកបរិភោគនៅក្នុងក្រុមគ្រួសារ។ ក្រៅពីចម្អិនជាសម្លស្ងោរ សម្លម្ជូរ សម្លឆា ឬ ជាអន្លក់ស្រស់បរិភោគជាមួយគ្រឿងផ្អាប់នោះ ប្រជាជនខ្មែរក៏និយមកែច្នៃបន្លែបង្ការដែលងាយរកមកធ្វើម្ហូបជ្រក់ទុកទទួលទានម្តងម្កាល ដែរ។ ពាក្យថា “ជ្រក់” សំដៅលើរបស់បរិភោគធ្វើដោយបន្លែឬដោយផ្កាឈើ, ផ្លែឈើដាក់ទឹកដាក់អំបិលត្រាំទុកឲ្យមានរសជូរ: ជ្រក់ស្ពៃ, ជ្រក់ទំពាំង។ ជាការពិតណាស់ មត៌កអាហារជ្រក់ខ្មែរយើងដែលចេះធ្វើតពីដូនតាតាំងពីបរមបុរាណរៀងមក មានច្រើនយ៉ាងណាស់ ដូចជា ជ្រក់ល្ហុង ជ្រក់ស្ពៃ ជ្រក់មមាញ ជ្រក់ត្រសក់ ជ្រក់ឆៃថាវ ជ្រក់ខ្ញី ជ្រក់ផ្កាស្នោ ជ្រក់ចេកជ្វាខ្ចី ជ្រក់ក្រអៅឈូក ជ្រក់សណ្តែកបណ្តុះ ជ្រក់ម្រេចខ្ចី ជ្រក់ម្ទេស ជ្រក់ធាងត្រាវ ជ្រក់ត្រកួន ជ្រក់ខ្ទឹម ជ្រក់គល់ខ្ទឹម ជ្រក់ទំពាំង ជ្រក់ក្តឹបឪឡឹក។ល។ ប៉ុន្តែនៅក្នុងអត្ថបទលេខខែមេសានេះយើងខ្ញុំសូមបង្ហាញជ្រក់បន្លែខ្មែរចំនួនត្រឹមតែប្រាំមួយប្រភេទដូចខាងក្រោម។
១. ជ្រក់មមាញ:
ជ្រក់មមាញគឺជាអាហារមួយប្រភេទដែលអាចចាត់ទុកថាមានប្រជាប្រិយភាពសម្រាប់បងប្អូនខ្មែរយើងជាពិសេសវាកាន់តែមានឱជារសនៅពេលដែលទទួលទានផ្ទាប់ជាមួយនឹងត្រីអាំងឬបំពង។ ម្យ៉ាងវិញទៀតជ្រក់មមាញនេះមានវិធីធ្វើច្រើនយ៉ាងទៅតាមតំបន់និងការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ។ គ្រឿងផ្សំរួមមាន ស្ករសមួយស្លាព្រាកាហ្វេ ប៊ីចេងមួយស្លាព្រាកាហ្វេ មមាញ៣០០ក្រាម និង សណ្តែកបណ្តុះ ១៥០ ក្រាម។ ដំបូងអ្នកត្រូវលាងដើមមមាញឲ្យស្អាត រួចយកទៅហាលថ្ងៃឲ្យស្វិតជាមុនសិន។ បន្ទាប់មកហាន់ឲ្យល្អិតៗរួចហើយប្រើអំបិលមួយស្លាព្រាបាយរោយពីលើ និងច្របល់វាឲ្យសព្វចូលគ្នាទុកចោលរយៈពេល ៣ ម៉ោង។
បន្ទាប់មកទៀត ដាក់ទឹកបាយដែលបានទុកឲ្យត្រជាក់ចូលកូរឲ្យសព្វគ្របទុកចោលរយៈពេល ២ ទៅ ៣ ថ្ងៃ ឬ រង់ចាំដល់ជ្រក់ធុំក្លិនជូរតិចៗសឹមបន្ថែមសណ្តែកបណ្តុះចូលកូរឲ្យសព្វជាការស្រេច។ បន្ថែមស្ករស និង ប៊ីចេងបន្តិចដើម្បីឲ្យកាន់តែមានឱជារស។
២. ជ្រក់ផ្កាស្នោ:
គ្រឿងផ្សំនៃជ្រក់ផ្កាស្នោរួមមាន ផ្កាស្នោ ១ ខាំ សណ្តែកបណ្តុះ ៦ ខាំ ម្ទេសប្លោកក្រហម ២-៣ផ្លែ ទឹក១លីត្រ ក្រអៅឈូក (ដាក់តាមចំណង់ចំណូលចិត្ត) អំបិល ៣ ស្លាបព្រាបាយ ស្ករស ២ ស្លាបព្រាបាយ ទឹកខ្មេះ ម្សៅស៊ុបបន្តិច និង មើមខ្ទឹមស៤-៥កំពឹស ។ ដំបូង ត្រូវលាងផ្កាស្នោ សណ្តែកបណ្តុះ និងក្រអៅឈូកទុកឲ្យស្រស់ទឹក ទើបចិតក្រអៅឈូកជាចំណិតស្តើងៗច្របល់ចូលគ្នាទុកមួយអន្លើ។ ដាក់ឆ្នាំងដាំទឹកល្មមលាងម្ទេសប្លោកឆ្កឹះគ្រាប់ចេញចិតជាចំណិតធំល្មម ពេលទឹកពុះបង់អំបិលចូលបន្តិចរួចចាក់ម្ទេសប្លោកចូល។ ស្រុស១នាទីកូរឲ្យសព្វរួចចាក់ដាក់កញ្ច្រែង។ ដាំទឹកល្មមទុកឲ្យពុះ បង់ស្ករ អំបិល ទឹកខ្មេះ ម្សៅស៊ុបចូល រួចភ្លក្សរសជាតិឲ្យជូរប្រៃផ្អែមតាមចូលចិត្ត។ បកខ្ទឹមស កិនឬចិញ្ច្រាំម្ទេសប្លោកជាមួយមើមខ្ទឹម រួចចាក់ទឹកដែលដាំពុះច្របល់ចូលផ្កាស្នោសណ្តែកបណ្តុះជាការស្រេច។ ចុងក្រោយទុកជ្រក់១យប់ឲ្យជូរទើបអាចបរិភោគបាន។
៣. ជ្រក់ធាងត្រាវ:
ជ្រក់ធាងត្រាវជាជ្រក់ដែលល្បីជាងគេប្រចាំប៉ែកខាងខេត្តស្វាយរៀងហើយមានរសជាតិឆ្ងាញ់ពិសាប្លែកមាត់ថែមទៀតផង។ ជ្រក់ធាងត្រាវមានភិនភាគស្រដៀងនឹងជ្រក់ត្រកួនប៉ុន្តែរសជាតិរបស់វាពិតជាមិនដូចគ្នានោះទេ។ ដើម្បីធ្វើជ្រក់ធាងត្រាវ គ្រឿងផ្សំសំខាន់ៗរួមមាន ធាងត្រាវ អំបិល និង កូនពាង ឬ ក្រឡ។ វិធីធ្វើជ្រក់នេះគឺងាយបំផុត ដោយដំបូងយើងត្រូវយកធាងត្រាវទៅលាងសម្អាតឲ្យអស់ដី រួចសឹមយកមកកាត់ជាកង់ៗ មុននឹងយកកំណាត់ឬស្បៃទៅរុំវា ហើយប្រើកម្លាំងដៃសង្កត់ ច្របាច់វាឲ្យចេញទឹកអស់។ បន្ទាប់មក យកធាងត្រាវដែលស្ងួតទឹកទៅច្របល់ជាមួយអំបិលឲ្យចូលជាតិគ្នា មុននឹងដាក់វាក្នុងកូនពាងផ្អាប់ទុករយៈពេលប្រមាណជា២ថ្ងៃ។នៅពេលបរិភោគ យើងអាចដួសជ្រក់នេះមកបរិភោគដោយលាយម្ទេស គល់ស្លឹកគ្រៃ ផ្កាស្នោ ឬ សណ្ដែកបណ្ដុះតាមចំណង់ចំណូលចិត្ត។
៤. ជ្រក់ទំពាំង:
ជ្រក់ទំពាំងជាមុខម្ហូបមួយសាមញ្ញប៉ុន្តែអាចរក្សាទុកបានយូរថ្ងៃក្នុងការបរិភោគ។ គេចូលចិត្តធ្វើវាទុកហូបជាមួយត្រីអាំង ជាពិសេសគឺត្រីអណ្តែងអាំង។ គ្រឿងផ្សំរួមមាន ទំពាំងជូរ កន្លះគីឡូក្រាម ខ្ទឹមស ១០កំពឹស ម្ទេស២០ផ្លែ(តាមចំណូលចិត្ត) ស្ករស ៤ស្លាបព្រាបាយ អំបិល ១ស្លាបព្រាបាយ ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ។ យកទំពាំងជូរលាងទឹកឲ្យស្អាត រួចទុកឲ្យស្ងួតទឹក។ បុកខ្ទឹមនិងម្ទេសឲ្យម៉ត់ រួចដាក់ស្ករ អំបិល និងម្សៅស៊ុបចូលបុកឲ្យសព្វ រួចដួសដាក់ក្នុងចានមួយ។ យកទំពាំងមកបុកអោយបែកតិចៗ រួចយកទៅប្រលាក់ជាមួយគ្រឿងដែលបុករួចឲ្យសព្វ ភ្លក្សរសជាតិតាមចំណង់ចំណូលចិត្តជាការស្រេច។
៥. ជ្រក់ក្តឹបឪឡឹក:
គេនិយមទទួលទានជ្រក់នេះជាមួយត្រីអាំង ។ គ្រឿងផ្សំសំខាន់ៗ រួមមាន ក្តឹបឪឡឹកខ្ចីៗ ៥ គីឡូក្រាមអំបិលចំនួន ២ ខាំ ស្ករសចំនួន ១ ខាំ។ ចំពោះវិធីធ្វើវិញ ដំបូងយើងត្រូវយកក្តឹបឪឡឹកមកលាងទឹកឲ្យស្អាត និងចិតវាជាចំណិតៗបណ្តោយផ្លែ (ចិតចង្វាមូល) ដាក់ក្នុងចានដែកឬចានធម្មតា។ បន្ទាប់មក ត្រូវយកអំបិល និងស្ករមកដាក់ប្រលាក់ច្របាច់វាឲ្យសព្វចូលជាតិអំបិលជាមួយឪឡឹក។ ជាចុងក្រោយយកវាមកដាក់ចូលក្នុងកែវរួចដាក់ហាលថ្ងៃចំនួន ១ថ្ងៃ ១យប់ ទើបជ្រក់ជូរល្មមអាចយកមកបរិភោគបាន។
៦. ជ្រក់ចេកជ្វាខ្ចី:
ជ្រក់ផ្លែចេកជ្វាខ្ចី គឺផ្លែចេកជ្វាខ្ចីដែលគេចិតយកសំបកចេញហើយសាប់ឲ្យល្អិត តែមិនឲ្យដាច់ចេញពីគ្នា (ឲ្យនៅទាំងមូល) រួចត្រាំទឹកខ្មេះ ដាក់អំបិលខ្លះផង ឬ សាប់មើមខ្ញីដាក់លាយខ្លះផងក៏បាន, ដាក់មើមខ្ទឹមសលាយខ្លះផងក៏បាន (បើចង់ប្រញាប់ ត្រូវប្រើលាយមើមខ្ទឹមប្រៃ), ដាក់ស្ករលាយខ្លះផងក៏បាន (បើជ្រក់ទុកយូរថ្ងៃ មិនបាច់ប្រើទឹកខ្មេះ ត្រូវប្រើតែអំបិល) : សៀមប្រៀមប្រើបរិភោគជាមួយនឹងត្រីសាប (ហៅតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះហៅ ជ្រក់ចេកជ្វា ឬហៅត្រឹមតែ ជ្រក់ចេក ក៏មាន) ។
Article by SRIN SOKMEAN