តើអាហារសម្រន់ បង្អែម និង ភេសជ្ជៈអ្វីខ្លះដែលអាចត្រៀមជប់លៀងលក្ខណៈគ្រួសារបាន?
TRAVEL & LIVING 4 years agoពិធីជប់លៀងទោះបីតូចឬធំក្តីសុទ្ធសឹងជាបន្ទុកសម្រាប់ក្រុមគ្រួសារនីមួយៗដែលជាម្ចាស់ផ្ទះ ព្រោះម្ចាស់ផ្ទះជាអ្នកចាត់ចែងរៀបចំផ្ទះសម្បែង ចម្អិនម្ហូបអាហារ ចំណីនំនែក និង ភេសជ្ជៈផ្សេងៗសម្រាប់ទទួលភ្ញៀវ។ គ្រួសារមួយចំនួនសម្រេចចិត្តរៀបចំពិធីជប់លៀងនៅតាមភោជនីយដ្ឋានឬ រមណីយដ្ឋាននានានៅក្រៅផ្ទះព្រោះមិនចង់រវល់ច្រើន ប៉ុន្តែពេលខ្លះ អាហារជប់លៀងនៅក្រៅផ្ទះមិនប្រាកដថាមានតម្លៃថោកសមរម្យ មានសុវត្ថិភាព និង រសជាតិឈ្ងុយឆ្ងាញ់ដូចដែលលោកអ្នកចង់បាននោះទេ។ ប្រជាជនជាច្រើននៅក្នុង បណ្តាប្រទេសអាស៊ីយើងនៅតែនិយមជប់លៀងលក្ខណៈគ្រួសារនៅផ្ទះជាដរាប។ តើអាហារសម្រន់ បង្អែម និងភេសជ្ជៈអ្វីខ្លះដែលអាចត្រៀមសម្រាប់ជប់លៀងលក្ខណៈគ្រួសារ?
១. ចាហួយខ្ទិះស្លឹកតើយ
គេកម្រជ្រើសរើសទទួលទានចាហួយនៅតាមហាងណាស់ ព្រោះបង្អែមមួយមុខនេះស្រួលធ្វើឆាប់រហ័ស និង មិនត្រូវចំណាយថ្លៃដើមទិញគ្រឿងផ្សំច្រើនឡើយ។ ដូចនេះហើយ ទើបវាក្លាយជាបង្អែមប្រពៃណីដែលប្រជាជនយើងនិយមធ្វើសម្រាប់កម្មវិធីជប់លៀង ឬ បុណ្យទានតូចៗនៅតាមផ្ទះ ដោយរៀបចំចាក់ជា ថាសតូចឬធំទៅតាមតម្រូវការជាក់ស្តែង។ ជួនកាល គេអាចរៀបចាក់ដាក់ក្នុងពុម្ពកែវជ័រ ឬ កូនចានជ័រក៏បានដែរ។ គ្រឿងផ្សំសំខាន់ៗរបស់ចាហួយខ្ទិះស្លឹកតើយ រួមមាន ម្សៅចាហួយ២ស្លាបព្រាបាយ ស្ករស ៤ស្លាបព្រាបាយ អំបិលមួយចឹប ទឹកស្លឹកតយ កន្លះកូនចាន និង ទឹក ៣០០ មីល្លីលីត្រ។ ចំពោះវិធីធ្វើ ដំបូងត្រូវចាក់ទឹកចូលទៅក្នុងឆ្នាំងមួយ។ បន្ទាប់មក ចាក់អំបិល ស្ករ នឹង ទឹកស្លឹកតើយ ព្រមទាំងចាហួយចូលរួចកូរឲ្យសព្វសឹមយកទៅដាំឲ្យពុះ។ បន្ទាប់មកទៀត ត្រូវចាក់ចូលក្នុងថាសឬពុម្ព ហើយរង់ចាំឲ្យត្រជាក់បន្តិច ទើបចាក់ខ្ទិះដូងដំបូងចូលទៅក្នុងឆ្នាំង រួចបន្ថែមម្សៅចាហួយដែលនៅសល់ចូលកូរឲ្យសព្វដាក់ដាំឲ្យពុះ។ នៅពេលដែលចាហួយរឹងមុខលើ ចាក់ខ្ទិះចូលរង់ចាំឲ្យត្រជាក់រឹងជាការស្រេច។ អ្នកអាចអប់ផ្កាម្លិះដើម្បីឲ្យមានក្លិនកាន់តែក្រអូបឈ្ងប់។
២. ណែមឆៅ ឬ គួង
ណែមឆៅ ឬ គួងជាអាហារសម្រន់មួយប្រភេទដែលប្រជាជនខ្មែរ និង វៀតណាម និយមធ្វើទទួលទានជួបជុំគ្រួសារនៅពេលមានកម្មវិធីម្តងៗ។ ពេលខ្លះ គេអាចទទួលទានវាជំនួសបាយពេលថ្ងៃត្រង់ ឬ ពេលល្ងាចក៏មាន ព្រោះណែមឆៅជ្រលក់ទឹកត្រីផ្អែមចំនួនបីឬបួនល្មមធ្វើឲ្យក្រពះយើងឆ្អែតបាន ដោយសារវាមានជាតិសាច់និងបន្លែចម្រុះគ្រប់គ្រាន់។ គ្រឿងផ្សំសំខាន់ៗ រួមមាន សំបកណែម សាច់ជ្រូកបីជាន់ ៥០០ក្រាម (ស្ងោរឆ្អិនហាន់បន្ទះស្តើងៗ) នំបញ្ចុក ៥០០ក្រាម បង្គា ៤០០ក្រាម (បកសំបកស្រុសឲ្យឆ្អិន) សាឡាដ ១៤០ក្រាមជីរគ្រប់មុខ សណ្តែកបណ្តុះ ១៥០ក្រាម និង ត្រសក់ចំណិត ២ផ្លែ។ ដំបូងយកសំបកណែមមកដាក់លា រួចយកសាឡាដ, នំបញ្ចុក, ជីរ សណ្តែកបណ្តុះ, ត្រសក់, បង្គា និង សាច់ជ្រូក ១មុខបន្តិច ឬតាមដែលចូលចិត្តដាក់នៅចំហៀងខាងមុខ។ ចាប់ផ្តើមមូរវាឱ្យទៅជារាងមូល មូរម្តងមួយៗរហូតទាល់តែអស់។ អ្នកអាចយកវាទៅញ៉ាំផ្ទាប់ជាមួយនឹងទឹកត្រីផ្អែម។ នៅពេលញ៉ាំ ត្រូវរោយសណ្តែកដីចូលទៅក្នុងទឹកត្រីផ្អែមជាការស្រេច។
៣. នំប៉័ងខ្ទិះ
នំប៉័ងខ្ទិះជាបង្អែមម្យ៉ាងដែលប្រជាជននៅទីក្រុងនិយមធ្វើក្នុងកម្មវិធីជប់លៀងគ្រួសារដែលមានក្មេងៗចូលរួមច្រើន ជាពិសេសកាលពីទសវត្សរ៍ទី៩០ ព្រោះខ្ទិះដូងខាប់ល្មួតមានរសជាតិផ្អែមធ្វើឲ្យក្មេងៗចូលចិត្ត ត្រូវនឹងនំប៉័ងក្តៅៗឈ្ងុយៗដែលទិញពីហាង អមដោយក្លិនស្លឹកខ្ទឹមមួយៗរឹតតែគួរឲ្យចង់ទទួលទានទ្វេដង។ គ្រឿងផ្សំសំខាន់ៗ រួមមាន នំប៉័ង (ចិតចំណិតបញ្ឆិតៗ) ខ្ទិះដូង ២៤០មីល្លីលីត្រ ស្ករស ២ស្លាបព្រាបាយ អំបិល ១ស្លាបព្រាកាហ្វេ ម្សៅមី ១ស្លាបព្រាកាហ្វេកន្លះ (លាយទឹក ១ស្លាបព្រាបាយ) និង ស្លឹកខ្ទឹមហាន់ ២ស្លាបព្រា បាយ។ ចំពោះវិធីធ្វើ ដំបូងយកខ្ទិះដូងដាក់ចូលទៅក្នុងឆ្នាំងដាំឲ្យពុះ។ បន្ទាប់មក បន្ថែម ស្ករស អំបិល និងទឹកម្សៅមី។ បន្ទាប់មកទៀត កូរវាចូលគ្នាឲ្យពុះទុកឲ្យរាងយូរបន្តិច ដាក់ស្លឹកខ្ទឹមចូលកូរម្តងទៀត ទើបអាចយកមកញាំជាមួយនំប៉័ងបាន។
៤. នំអំបែង
នំអំបែងជានំដែលមានប្រជាប្រិយភាពល្បីល្បាញពីជំនាន់បុរាណដែលខ្មែរចំណាំធ្វើហូបជុំគ្នាតាមភូមិស្រុកនៅជនបទស្រដៀងនឹងនំគ្រក់ដែរ។ ឯរបៀបផ្សំម្សៅសម្រាប់ធ្វើនំអំបែង គឺដូចគ្នានឹងរបៀបធ្វើនំគ្រក់សុទ្ធសាធតែម្តង គ្រាន់តែថាគេចាក់នំក្នុងខ្ទះជាបន្ទះធំៗ មិនចាក់ក្នុងរន្ធអំបែងតូចៗដូចនំគ្រក់ឡើយ។ គ្រឿងផ្សំសំខាន់ៗរួមមាន ម្សៅអង្ករខ្សាយ ១កំប៉ុង ពងមាន់ ៣គ្រាប់ ខ្ទិះដូង ១កំប៉ុង ទឹក ២កំប៉ុង អំបិល កន្លះស្លាបព្រាកាហ្វេ និង ស្លឹកខ្ទឹម ១ក្តាប់ ( ជួនគេដាក់រមៀតកិនជាមួយម្សៅ ដើម្បីចេញពណ៌លឿង)។ នៅពេលគេចាក់នំ គេច្រើនដាក់ស្នូលជាសាច់ជ្រូកចិញ្រ្ចាំ ឬ សាច់បង្គាលីង ។ គេនិយមទទួលទាននំនេះផ្ទាប់ជាមួយបន្លែស្រស់ ដូចជា សាលាដ ត្រសក់ ជីរគ្រប់មុខ ស្លឹកចាព្លូ ត្រួយកន្ទួត និង ត្រួយម្កាក់។ ចំពោះទឹកត្រីផ្អែមសម្រាប់ជ្រលក់ ត្រូវចម្អិនខ្ទិះដើមលាយនឹងស្លឹកខ្ទឹម ហើយច្រូចចូលក្នុងទឹកត្រីមុនជ្រលក់នំទទួលទាន។
៥. ភេសជ្ជៈទឹកសំរង
ផ្លែសំរងជាគ្រាប់រុក្ខជាតិដែលអាចយកមកធ្វើ ជាអាហារឬភេសជ្ជៈសម្រាប់បរិភោគ។ វាមានគុណសម្បត្តិ ជួយថែរក្សាអ្នកពីជំងឺ និង ជាអាហារបំប៉នផងដែរ។ នៅក្នុងសង្គមខ្មែរ ប្រជាជននិយមទិញគ្រាប់សំរងពីផ្សារមកត្រាំលាយនឹងជ័រគ និង គ្រាប់ជី ដាក់ក្នុងចានដែកត្រាំទឹកកកឲ្យត្រជាក់ស្រេប ដួសដាក់កែវចែកគ្នាទទួលទាន។ ចំពោះវិធីធ្វើ យកផ្លែសំរង ៣០ គ្រាប់ លាងទឹកឲ្យស្អាតរួចដាក់ត្រាំចោលពី៤-៥ ម៉ោង។ ពេលសំរងរីកបេះយកសាច់ដែលរីកទន់ដូចចាហួយ និងកៀបរើសយកសរសៃរឹងៗចេញឲ្យស្អាតដាក់កន្ត្រងលាងទឹកទាល់ថ្លា ទើបយកសាច់សំរងទៅដាក់ក្នុងឆ្នាំង។ បន្ទាប់មក ដាក់ទឹកដាំ ទាល់តែតែសាច់សំរងឡើងថ្លា រួចដាក់ស្ករចូលតាមចំណង់ចំណូលចិត្ត។
Article by SRIN SOKMEAN