×

KU​RAT​A​ ​ស្ថាបនា​ដោយ​ស្ថាបនិក​ជនជាតិ​ជប៉ុន​ដែល​យល់​ដឹង​អំពី​តម្លៃ​ជាស​កល​នៃ​ម្រេចខ្មៅ​កម្ពុជា

TRAVEL & LIVING 4 years ago
 
 

            ម្រេច​ជា​ដំណាំ​វ​ល្លិ៍​ឡើងទ្រើង​ដ៏​មាន​តម្លៃ​ដែល​មាន​ដាំ​ដុះ​នៅ​ភូមិភាគ​និរតី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ជា​យូរយារ​ណាស់​មក​ហើយ​។​ ​ម្រេច​ខ្មែរ​មានឱជារស​ឈ្ងុយឆ្ងាញ់​ខុស​ពី​ម្រេច​នៅ​បណ្តា​ប្រទេស​ដទៃទៀត​នៅ​លើ​សកលលោក​ ​ដូចនេះ​ហើយ​ទើប​ពិភពលោក​​​មាន​តម្រូវ​ការនាំចេញ​ផលិតផល​ម្រេច​ពី​ប្រទេស​កម្ពុជា​ទៅ​ចែកចាយ​ប្រើប្រាស់​ក្នុង​វិ​ស័​យ​ម្ហូបអាហារ​ជាពិសេស​នៅ​តាម​ភោជនីយដ្ឋាន​ធំ​ៗ​លំដាប់​អន្តរជាតិ​។​ ​ដោយសារតែ​សម្លឹង​ឃើញ​នូវ​សក្តានុពល​ដ៏​មហាសាល​នៃ​ដំណាំ​ម្រេច​ ​ឬ​ ​មាស​ខ្មៅ​ ​នៅ​កម្ពុជា​ ​ទើប​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ចំណាយ​ពេលវេលា​របស់​ខ្លួន​រហូត​ជាង​មួយ​ទសវត្សរ៍​ដើម្បី​អភិវឌ្ឍ​ទី​ផ្សារ​ដំណាំ​ម្រេច​កម្ពុជា​ទាំង​ក្នុងស្រុក​និង​ទៅកាន់​ទី​ផ្សារ​ប្រទេស​ជប៉ុន​ថែមទៀត​ផង​។​ ​តើ​គាត់​មាន​ប្រវត្តិ​និង​ទស្សនវិស័យ​អាជីវកម្ម​យ៉ាងដូចម្តេច​ខ្លះ​? ​ហើយ​តើ​ដំណាំ​ម្រេច​នៅ​កម្ពុជា​មាន​លក្ខណៈ​ពិសេស​ដាច់ដោយឡែក​ពី​គ្នា​យ៉ាងណា​ខ្លះ​?

            ស្ថិត​ក្នុង​ផ្ទះ​វី​ឡា​មួយ​ខ្នង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​ ​៦​០​៦​ ​សង្កាត់​បឹង​កក់​២​ ​ខណ្ឌ​ទួល​គោក​ ​ប៉ែក​ខាងលិច​អតីត​រង្វង់​មូល​ទួល​គោក​ ​ក្រុមហ៊ុន​ គុ​រ៉ា​តា​ (KU​RAT​A​ ​P​E​P​PER​ ​Co​.​L​t​d​.) ​ត្រូវ​បាន​តុបតែង​លម្អ​ដោយ​គំនូរ​ស្លឹក​ម្រេច​ពណ៌បៃតង​ស្រស់​អម​ដោយ​គ្រាប់​ម្រេច​មូល​ៗ​ជា​ចង្កោម​ៗ​ធ្លាក់ចុះ​ជា​រំយោល​មើលទៅ​មាន​អារម្មណ៍​ដូច​ស្ថិត​កណ្តាល​ពិភព​ចម្ការ​ម្រេច​ក្នុង​ក្តី​ស្រមៃ​។​ ​បើ​យើង​ចោលភ្នែក​សម្លឹង​ទៅលើ​តុ​ដ៏​ប្រណីត​ ​យើង​នឹង​ឃើញ​ផលិតផល​ម្រេច​ជាច្រើន​ប្រភេទ​ត្រូវ​បាន​វេច​ខ្ចប់​ដាក់​តាំង​ក្នុង​កញ្ចប់​យ៉ាង​មាន​សោភ័ណ​ភាព​និង​របៀបរៀបរយ​។​​ ​លោក​ ​ហ៊ី​រ៉ូណូប៊ុ គុ​រ៉ា​តា​ (​H​iron​obu Ku​rat​a​) ​ស្ថាបនិក​ក្រុមហ៊ុន​ខាងលើ​ ​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​០​៦​។​ ​ក្រុមហ៊ុន​មាន​កសិដ្ឋាន​ដំណាំ​ម្រេច​ផ្ទាល់ខ្លួន​មួយ​កន្លែង​ដែល​មាន​ទំហំ​ជាង​៥​ហិច​តា​ ​នៅ​ស្រុកស្រែ​អំបិល​ ​ខេត្ត​កោះ​កុង​។​ ​លោក​បាន​មកដល់​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១​៩​៩​២​ ​ក្នុង​តួនាទី​ជា​បុគ្គលិក​ស្ម័គ្រចិត្ត​នៃ​មណ្ឌល​ទទួល​ជន​មាតុភូមិនិវត្តន៍​។​ ​ក្រោយ​បញ្ចប់​បេសកកម្ម​ការងារ​នេះ​ក្នុង​ឆ្នាំ​១​៩​៩​៤​ ​លោក​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​វិ​ស័​យ​កសិកម្ម​នៅ​កម្ពុជា​ដើម្បី​ធ្វើ​ការនាំចេញ​។​ ​ជា​សំណាងល្អ​ ​លោក​បាន​អាន​ឯកសារ​មួយ​ក្បាល​ស្តីពី​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​បន្សល់ទុក​ពី​ជីតា​របស់​លោក​ដែល​ធ្លាប់ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​ទសវត្សរ៍​ទី​៦​០​។​

            សៀវភៅ​នោះ​បាន​បង្ហាញ​ឲ្យ​លោក​ដឹង​ថា​ ​ដំណាំ​ម្រេច​នៅ​កម្ពុជា​មាន​ចារឹក​ឈ្មោះ​នៅ​ក្នុង​ឯកសារ​ជនជាតិ​ចិន​តាំងពី​សតវត្សរ៍​ទី​១​៣​ ​ហើយ​ក្រោយមក​ ​ក្នុង​ទសវត្សរ៍​ទី​៦​០​ ​ដំណាំ​ម្រេច​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ពី​បណ្តា​ប្រទេស​លោក​ខាងលិច​ ​ដោយសារតែ​គុណភាព​ខ្ពស់​បម្រើ​វិ​ស័​យ​វេជ្ជ​សា​ស្រ្ត ​និង​ ​អត្ថប្រយោជន៍​លើសលប់​ចំពោះ​សុខភាព​តាម​បែប​ធម្មជាតិ​។​ ​ប៉ុន្តែ​ជាអកុសល​ ​ឧស្សាហកម្ម​ដំណាំ​ម្រេច​ត្រូវ​បាន​ខូចខាត​ទាំងស្រុង​ដោយ​ស​ង្រ្គា​ម​ស៊ីវិល​ក្នុង​ទសវត្សរ៍​ទី​៧​០​។​ ​លោក​ ​ហ៊ី​រ៉ូណូប៊ុ ​បាន​លើកឡើង​ថា​ “​ហេតុ​ដូចនេះ​ហើយ​ទើប​ខ្ញុំ​ប្តេជ្ញា​ចិត្ត​ស្តារ​ឡើងវិញ​នូវ​កេរដំណែល​គុណភាព​នៃ​ដំណាំ​ម្រេច​កម្ពុជា​ដែល​ធ្លាប់​ត្រូវ​បាន​ ​គេ​ទទួលស្គាល់​ថា​ជា​ ​ម្រេច​ឆ្ងាញ់​បំផុត​នៅ​លើ​ពិភពលោក​ ​ហើយ​ធ្វើឲ្យ​វា​មាន​ភព​ល្បីល្បាញ​ទូទាំង​ពិភពលោក​ម្តងទៀត​។​ ”

            ម្រេច​ដែល​ដាក់​តាំង​លក់​នៅ​ទីនោះ​ត្រូវ​បាន​បែងចែក​ជា​បួន​ប្រភេទ​សំខាន់​ៗ​ ​។​ ​ម្រេចខ្មៅ​ត្រូវ​បាន​សម្រិតសម្រាំង​យក​គ្រាប់​ម្រេច​ខ្ចី​មក​ហាលថ្ងៃ​ឲ្យ​ស្ងួត​រហូត​មាន​ក្លិនក្រអូប​ឈ្ងុយ​ហើយ​ជាទូទៅ​គេ​និយម​យក​វា​ទៅ​ច​ម្អិ​ន​ទទួលទាន​ជាមួយ​សាច់​ ​ត្រី​ ​និង​បន្លែ​។​ ​រីឯ​ម្រេចស​ ​ត្រូវ​បាន​កែច្នៃ​ចេញពី​គ្រាប់​ម្រេច​ខ្ចី​ស្រគាល​ដែលគេ​យកទៅ​ត្រាំទឹក​ទុក​រយៈពេល​ពីរបី​ថ្ងៃ​រហូត​រ​បកសំបក​ចេញ​ ​ទើប​យកទៅ​ស​ម្អា​តយ​ក​តែ​គ្រាប់​ហាលឲ្យស្ងួត​។​ ​គេ​និយម​យក​ម្រេចស​នេះ​ទៅ​ប្រើ​ជា​គ្រឿងផ្សំ​ទឹកស៊ុប​ឬ​ទឹកជ្រលក់​។​ ​ដោយឡែក​ ​ម្រេច​ទុំ​ជា​ប្រភេទ​ដែល​មាន​តម្លៃ​ជាងគេ​ពីព្រោះ​គ្រាប់​ម្រេច​នីមួយៗ​ត្រូវ​បាន​បេះ​ដោយដៃ​យ៉ាង​ប្រុងប្រយ័ត្ន​យក​តែ​គ្រាប់​ណា​ដែល​លើ​ទុំ​១​០​០​% ​មាន​ពណ៌ក្រហម​សុទ្ធ​ចោល​ក្លិន​ឈ្ងុយ​ហិ​រ​ប្រហើរ​។​ ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ធ្វើជា​គ្រឿងផ្សំ​ទឹក​ស្រូប​ម្ហូប​ ​និង​ ​ប្រឡាក់​សាច់​។​ ​ប្រភេទ​ចុងក្រោយ​ ​គឺ​ម្រេច​ជ្រក់​ចម្រាញ់​ចេញពី​គ្រាប់​ម្រេច​ខ្ចី​ដែល​ត្រូវ​បាន​ប្រមូល​ផល​ក្នុង​អំឡុង​ខែកញ្ញា​ ​យកទៅ​ត្រាំ​ជាមួយ​ទឹកខ្មេះ​ ​និង​ ​ស្ករត្នោត​កម្ពុជា​សុទ្ធសាធ​ប្រកបដោយ​គុណភាព​ខ្ពស់​គួរ​ជា​ទីគាប់ចិត្ត​។​

            នៅ​ឆ្នាំ​២​០​០​៦​ ​ផលិតផល​ម្រេច​របស់​ក្រុមហ៊ុន​ គុ​រ៉ា​តា​ ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ជាលើកដំបូង​ ​គឺ​ ​ប្រទេស​ជប៉ុន​ ​និង​ ​ប្រទេស​ដា​ណឺ​ម៉ាក​ ​ហើយ​វា​ត្រូវ​បាន​ទទួលការ​កោត​ស្ញប់ស្ញែង​ ​និង​ ​មាន​តម្រូវ​ការ​ខ្ពស់​ពីសំណាក់​អ្នកប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ទាំងពីរ​នោះ​តាំងពី​ពេល​នោះ​រហូតមកដល់​សព្វថ្ងៃ​។​ ​ចំពោះ​ទី​ផ្សារ​ក្នុងស្រុក​វិញ​ ​ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​ផលិតផល​ម្រេច​ទៅកាន់​សណ្ឋាគារ​ ​និង​ ​ភោជនីយដ្ឋាន​ល្បី​ៗ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ​ ​និង​ ​ខេត្ត​សៀមរាប​ ​តួយ៉ាង​ ​សណ្ឋាគារ​ឡឺរ៉ូ​យ៉ា​ល់ (​Raffle​s ​Hotel​ ​L​e​ ​Royal​) ​សណ្ឋាគារ​អេ​មី​អន​ (​Hotel​ ​E​m​ion​) ​សណ្ឋាគារ​ទា​វ​ប៊ូ​ទិ​ក​ (​TEA​V​ ​Bout​i​qu​e​ ​Hotel​) ​ភោជនីយដ្ឋាន​ឡា​រ៉េស៊ីដង់​ (​L​a​ Ré​side​nc​e​ ​Restaurant​) ​ភោជនីយដ្ឋាន​ ​Farm​ ​to​ ​Table​ ​ភោជនីយដ្ឋាន​វត្ត​ដំណាក់​ ​សណ្ឋាគារ​ភូមិ​បៃតង​ ​និង​ ​សណ្ឋាគារ​ ​Park​ ​H​y​at​t​ ​ជាដើម​។​

            “​វា​ជា​ចំណង់ចំណូលចិត្ត​ដ៏​ធំ​របស់​ខ្ញុំ​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​វិ​ស័​យ​កសិកម្ម​នៃ​ប្រទេស​កម្ពុជា​ ​តាមរយៈ​ការ​ផលិត​ម្រេច​ល្អ​បំផុត​លំដាប់​ថ្នាក់​ពិភពលោក​ដោយ​គ្មាន​លក្ខខណ្ឌ​លើកលែង​បន្ធូរបន្ថយ​។​ ​ខ្ញុំ​សូម​និយាយប្រាប់​ពិភពលោក​អំពី​រសជាតិ​និង​សោភ័ណ​ភាព​របស់​ម្រេច​យើងខ្ញុំ​ដោយ​ស្មោះ​អស់ពីដួងចិត្ត​។​”

​Article​ ​by​ SR​IN​ ​SO​K​MEAN​

Image Courtesy: KU​RAT​A​ ​P​E​P​PER​


SUGGESTIONS