×

ស្វាយរៀង​មុខមាត់​ថ្មី​លើទឹក​ដី​ចំណាស់

TRAVEL & LIVING 4 years ago
 
 

           ​​​បើ​និយាយ​ដល់​វិ​ស័​យ​ទេសចរណ៍​ ​កាលពីមុន​ ​ស្វាយរៀង​មានតែ​រមណីយដ្ឋាន​វប្បធម៌​-​ប្រវត្តិ​សា​ស្រ្ត​ព្រៃ​បាសាក់​តែមួយ​ទេ​ ​ដែល​ស្ថិតនៅ​ភូមិ​បាសាក់​ ​ឃុំ​បាសាក់​ ​ស្រុក​ស្វាយ​ជ្រំ​ (​អតីត​ទឹកដី​ស្រុក​រំដួល​) ​ខេត្ត​ស្វាយរៀង​ ​ប៉ុន្តែ​សព្វថ្ងៃនេះ​លោកអ្នក​អាច​ចំណាយ​ពេល​យ៉ាងហោចណាស់​មួយថ្ងៃ​ពេញ​ដើម្បី​ធ្វើដំណើរ​ក​ម្សាន្ត​នៅ​តាម​បណ្តា​រមណីយដ្ឋាន​ជិត​ឆ្ងាយ​នានា​ក្នុង​ទឹកដី​ចំពុះទា​ជាយដែន​មួយ​នេះ​។​ ​នៅ​ស្វាយរៀង​មាន​ភោជនីយដ្ឋាន​វ៉ៃ​គោ​និង​ភោជនីយដ្ឋាន​បឹង​មាស​ដែល​អ្នកដំណើរ​ពី​ភ្នំពេញ​អាច​ភ្លក់​រសជាតិ​អាហារ​ពិសេស​ៗ​ប្រចាំ​តំបន់​ ​ដូចជា​ ​សាច់ជ្រូក​លីង​ជ្រក់​ស​ណ្តែ​ក​ ​ត្រី​អាំង​ជ្រក់​ធាង​ត្រាវ​ ​សម្ល​កកូរ​កណ្តៀង​ ​និង​ ​សម្ល​ខ​ប្រហុក​ ​ឬ​ ​គ្រាក់​ប្រហុក​ ​ជាដើម​ ​ដែល​ជា​អត្តសញ្ញាណ​អាហារ​ដែល​អ្នកស្រុក​នេះ​និយម​បរិភោគ​តាំងពី​ដើម​រៀងមក​។​

          ​កន្លែង​ក​ម្សាន្ត​ដែល​ក្រុម​ការងារ​យើង​ធ្វើដំណើរ​ទៅ​ដល់មុន​គេ​បន្ទាប់ពី​ឆ្លងកាត់​ទីរួមខេត្ត​នោះ​គឺ​ ​រមណីយដ្ឋាន​ព្រៃ​គគីរ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លុង​ ​សង្កាត់​បាទី​ ​ក្រុង​បា​វិ​ត​ ​ខេត្ត​ស្វាយរៀង​ ​ចម្ងាយ​ ​៣​២​គីឡូ​ម៉េ​ត្រ​ពី​ទីរួមខេត្ត​ស្វាយរៀង​។​ ​ព្រៃ​គគីរ​គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ទើបនឹង​បង្កើត​ថ្មី​កណ្តាល​ក្រុង​បា​វិ​ត​ដែល​សម្បូរទៅដោយ​ដើម​គគីរ​ជាច្រើន​ដើម​ដុះ​ព័ទ្ធជុំវិញ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​បរិវេណ​សហគមន៍​ព្រៃឈើ​ចម្ការ​កូន​គគីរ​។​ ​យើង​អាច​ធ្វើដំណើរ​ទៅ​ទីនោះ​បាន​ដោយ​ចំណាយ​ពេល​ត្រឹមតែ​៣​០​នាទី​ប៉ុណ្ណោះ​ពី​ទីរួមខេត្ត​ ​។​ ​នៅ​ទីនោះ​មាស​ស្រះ​ទឺ​ក​ធំ​មួយ​នៅ​ចំកណ្ដាល​ព្រៃ​ ​មាន​រុក្ខជាតិ​តូច​ធំ​ដុះ​ពេញ​ព្រៃ​ ​មាន​ដូចជា​ ​ដើម​គគីរ​ ​ដើម​ស្មាច់​ ​និង​មាន​ការរៀបចំ​សង់​ជា​ស្ពាន​សម្រាប់​ដើរ​ទស្សនា​ព្រៃ​អាកាស​ស្យា​ ​និង​សួន​ផ្កា​ចម្រុះ​ពណ៌​លម្អ​យ៉ាង​ស្រស់បំព្រង​។​ ​នៅ​រមណីយដ្ឋាន​ព្រៃ​គគីរ​ក៏មាន​លក់​អាហារ​ដ៏​មាន​រសជាតិ​ឆ្ងាញ់​តាម​បែប​ធម្មជាតិ​។​

          ​ចេញពី​រមណីយដ្ឋាន​ព្រៃ​គគីរ​ ​រថយន្ត​សូវ​វ​រី​ន​បាន​បោះពួយ​លា​ទឹកដី​បា​វិ​ត​សំដៅ​ឆ្ពោះទៅ​ភូមិ​សា​ស្រ្ត​ស្រុក​រមាស​ហែក​ ​ប៉ែក​ឥ​សាន​ទីរួមខេត្ត​វិញ​ម្តង​។​ ​នៅ​ស្រុក​រមាស​ហែក​នេះ​ ​ចម្ងាយ​ ​៤​២​ ​គីឡូម៉ែត្រ​ពី​ក្រុង​ស្វាយរៀង​ ​មាន​បង្កប់​នូវ​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​មួយ​នៅ​ជិតបង្កើយ​នឹង​ទីប្រជុំជន​កំពង់​ត្រាច​ ​ទី​រួម​ស្រុក​នោះ​ឯង​។​ ​ទឹកវិល​ជា​តំ​នប់​ក​ម្សាន្ត​បែប​លក្ខណៈ​គ្រួសារ​ ​ដែល​មាន​បឹង​មួយ​ដ៏​ធំ​ដែល​អាចឲ្យ​ភ្ញៀវ​អញ្ជើញ​មក​ជិះទូក​លេង​ ​និង​គយ​គន់មើល​ទេសភាព​ដ៏​ខៀវស្រងាត់​ជុំវិញ​បឹង​នេះ​ ​និង​មាន​ខ្ចុះ​សម្រាប់​ភ្ញៀវ​សម្រាក​ពិសា​រ​អាហារ​ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​បែប​ធម្មជាតិ​។​ ​ភ្ញៀវ​ក៏​អាច​គេង​លេង​ក្រោមម្លប់​ឈើ​នៅ​លើ​ដី​កោះ​ប្រប​ឆ្នេរ​ទន្លេ​យ៉ាង​ត្រជាក់​ល្ហឹម​ ​និង​ ​ប្រារព្ធ​កម្មវិធី​ផ្ទាល់ខ្លួន​ផ្សេងៗ​ ​ដូចជា​ ​ជប់លៀង​ខួបកំណើត​ ​ជាដើម​អម​ដោយ​ត​ន្រ្តី​កំដរ​យ៉ាង​សប្បាយរីករាយ​ផង​ដែរ​។​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​រមណីយដ្ឋាន​នេះ​ទទួល​ភ្ញៀវ​ទេសចរ​អញ្ជើញ​មក​ក​ម្សាន្ត​ទីនេះ​ជាបន្តបន្ទាប់​ ​ប៉ុន្តែ​ភាគច្រើន​ទាល់តែ​អ្នកស្រុក​រមាស​ហែក​តែម្តង​ទើប​ស្គាល់​កន្លែង​ ​លម្ហែ​ថ្មី​។​

          ​បន្ទាប់ពី​សម្រាក​បាយថ្ងៃត្រង់​ហើយ​ ​ក្រុម​ការងារ​យើង​បាន​បន្ត​ដំណើរ​ប្រហែលជា​ង​១​០​គីឡូម៉ែត្រ​ទៅ​ភាគ​ខាងត្បូង​ឆៀង​ខាងកើត​ទី​រួម​ស្រុក​ឆ្ពោះទៅ​ស្រាវជ្រាវ​រុករក​ប្រាសាទបុរាណ​មាន​វ័យ​ចំណាស់​ជាងគេ​ប្រចាំ​ខេត្ត​ស្វាយរៀង​។​ ​ប្រាសាទ​ដ៏​ដាច់សង្វែង​ហ៊ុមព័ទ្ធ​ដោយ​គុម្ពោត​ព្រៃ​ ​និង​ ​វាលស្រែ​របស់​អ្នកស្រុក​ដែល​ស្ថិតនៅ​ចំណុច​ចុងបំផុត​នៃ​ជាយដែន​កម្ពុជា​-​វៀតណាម​ ​ក្នុង​ភូមិ​សា​ស្រ្ត​ភូមិ​ព្រៃ​ក្តី​ ​ឃុំ​គគីរ​ ​ស្រុក​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​។​ ​នៅ​បរិវេណ​ទួល​នេះ​មិន​មាន​អ្នកភូមិ​រស់នៅ​នោះ​ទេ​ ​មានតែ​ឆ្មាំ​ការពារ​ប្រាសាទ​ចំនួន​ពីរ​នាក់​ដែល​តែងតែ​មក​យាមកាម​ជាប្រចាំ​។​ ​ឆ្មាំ​ប្រាសាទ​បាន​ប្រាប់​យើង​ថា​ប្រាសាទ​នេះ​មាន​បរិវេណ​ផ្ទៃដី​ការពារ​ ​២​៩​, ​៩​៥​០​ ​ម៉ែត្រការ៉េ​ ​កំណត់​ដោយ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​។​ ​ប្រាសាទ​នេះ​មានការ​បែកបាក់​ខូចខាត​យ៉ាង​ដំណំ​ដោយសារ​ស​ង្រ្គា​ម​អូស​បន្លាយ​ ​ហើយ​សព្វថ្ងៃ​នៅសល់​តែ​ជញ្ជាំង​ខាងត្បូង​ ​និង​ ​ខាងលិច​តែប៉ុណ្ណោះ​។​ ​គ្មាន​ឯកសារ​ណា​បញ្ជាក់​ថា​ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​ក្នុង​រជ្ជកាល​ក្សត្រ​អង្គ​ណា​ទេ​ ​ប៉ុន្តែ​តាម​រចនាបថ​ស្ថាបត្យកម្ម​អាចឲ្យ​គេ​ស្រាវជ្រាវ​ដឹង​ថា​ ​វា​ស្ថិត​ក្នុង​រចនាបថ​សម្បូរ​ព្រៃ​គុក​ (បុ​រេ​អង្គរ​) ​តាំងពី​សតវត្សរ៍​ទី​៦​មក​ម្ល៉េះ​។​
​យើង​ក៏បាន​ឆៀងចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​ស្ពាន​ត្នោត​ដែល​មាន​ទីតាំង​ស្ថិតនៅ​ជាយក្រុង​ស្វាយរៀង​ដែល​មាន​ព្រំប្រទល់​ត្រើយ​ខាងជើង​ស្ថិត​ក្នុង​ភូមិ​ព្នៅ​ ​ឃុំ​តា​សួស​ ​ស្រុក​ស្វាយ​ជ្រំ​ ​និង​ ​ត្រើយ​ខាងត្បូង​ ​ស្ថិត​ក្នុង​ភូមិ​ប្ញស្សី​ព្រៃ​ ​ឃុំ​កំពង់​ចម្លង​ ​ស្រុក​ស្វាយ​ជ្រំ​ដូចគ្នា​ ​ខាងលិច​ទីរួមខេត្ត​ស្វាយរៀង​៤​គីឡូម៉ែត្រ​។​ ​ស្ពាន​ ​ត្នោត​ជា​រមណីយដ្ឋាន​ដែល​ទេសចរ​និយម​ទៅ​ក​ម្សាន្ត​លំដាប់​ទី​២​បន្ទាប់ពី​រមណីយដ្ឋាន​ព្រៃ​បាសាក់​ក្នុងចំណោម​រមណីយដ្ឋាន​សំខាន់​ៗ​ចំនួន​៤​របស់​ខេត្ត​។​ ​វា​មាន​លក្ខណៈ​ស្រដៀងនឹង​អាហារដ្ឋាន​នៅ​តំបន់​ព្រែក​ ​លៀប​បាក់​ខែង​របស់​រាជធានី​ភ្នំពេញ​យើង​ដែរ​ ​តែ​ភ្ញៀវ​និយម​ទៅ​ជួបជុំ​ទទួលទាន​អាហារ​រាល់ថ្ងៃ​ចុង​ស​ប្តាហ៍ ​និង​ ​ថ្ងៃឈប់​សម្រាក​បុណ្យទាន​នានា​។​ ​ភ្ញៀវ​អាច​ឈរ​ថតរូប​លើ​ស្ពាន​ដែក​ ​ថតរូប​ទេសភាព​ ​ស្ទូចត្រី​ ​និង​ ​ជិះទូក​ក្នុង​ផ្ទៃ​បឹង​ធម្មជាតិ​ដែល​មាន​ឈូក​ ​ព្រលិត​ ​រំ​ចង់​ ​កំពីងពួយ​ ​ដុះ​លាយឡំ​ល្អ​គាប់​ភ្នែក​។​

          នៅ​ឯ​សង្កាត់​ពោធិ៍​តា​ហោ​ ​ត្រើយ​ខាងកើត​ស្ពាន​ឯណោះ​វិញ​ ​ក៏មាន​សួន​ទឹក​គជ់​ស្វាយព្រៃ​ ​ដែល​ទើប​ ​បង្កើត​ថ្មី​ធំ​មួយ​ ​រះ​ឡើង​កំពុង​អន្ទង​ដួងចិត្ត​អ្នក​ស្វាយរៀង​ក្មេង​ចាស់​ប្រុស​ស្រី​ឲ្យ​មកលេង​ក​ម្សាន្ត​មិនចេះដាច់​ ​ដោយសារ​សួន​ទឹក​នេះ​ស្ថិតនៅ​ជិតបង្កើយ​អំណោយផល​ល្អ​ដល់​ការធ្វើដំណើរ​ក​ម្សាន្ត​របស់​អ្នក​ខេត្ត​ស្វាយ​ ​រៀង​ទាំងមូល​។​ ​សួន​ទឹក​នេះ​មាន​អាងហែលទឹក​ធំ​ទូលាយ​ ​មាន​ទាំង​កន្លែង​សម្រាប់​មនុស្ស​ពេញវ័យ​ ​និង​ ​សម្រាប់​កុមារ​ហែលទឹក​លេង​ដាច់ដោយឡែក​ផ្សេងគ្នា​ប្រកបដោយ​សុវត្ថិភាព​។​ ​នៅ​មាត់​អាងហែលទឹក​ ​មាន​ខ្ចុះប្ញស្សី​សង់​ត្រៀបត្រា​សម្រាប់​ភ្ញៀវ​អង្គុយលេង​ទទួលទាន​អាហារ​ពិសេស​ៗ​ជា​ច្រើនមុខ​ដែល​កំពុង​ពេញ​និយម​ជាពិសេស​មុខម្ហូប​ថ្មី​ដែល​ទើប​មាននៅ​ទីនោះ​គឺ​នំបញ្ចុក​ត្រី​ដុត​ទឹកត្រី​ផ្អែម​។​ ​រីឯ​ភេសជ្ជៈ​ប្រចាំ​ត្រកូល​របស់​ហាង​គឺ​ ​ឈុត​ស្រា​ក្រឡុក​ផ្តិ​ល​ ​ដែល​មាន​ឈុត​តូច​តម្លៃ​ ​៣​ដុល្លារ​ ​និង​ ​ឈុត​ធំ​តម្លៃ​ ​៥​ដុល្លារ​ ​ថោក​សម​ ​រម្យ​។​ ​ក្រៅពី​អាងហែលទឹក​យ៉ាង​ប្រណិត​កន្លែង​នេះ​មាន​ហាង​កាហ្វេ​ផ្ទាល់ខ្លួន​មួយ​ដែរ​ដែល​មាន​លក់​កាហ្វេ​និង​ភេសជ្ជៈ​បន្ទាប់បន្សំ​មិនចាញ់​ហាង​កាហ្វេ​ទំនើប​ៗ​នៅ​ភ្នំពេញ​ទេ​ ​មានន័យ​ថា​ ​ទោះ​ជា​មិន​មក​ហែលទឹក​ ​ក៏​អាច​អង្គុយ​ក្រេបរសជាតិ​កាហ្វេ​ក្នុង​ហាង​ ​ឬ​ ​ខ្ចប់​យក​ញ៉ាំ​តាមផ្លូវ​មុននឹង​បន្ត​ដំណើរ​ទៅកាន់​រម​ ​ណី​យ​ដ្ឋា​ន​នានា​ក្នុង​ខេត្ត​ ​ឬ​ ​មុននឹង​ត្រឡប់ទៅ​ភ្នំពេញ​វិញ​។​ ​សួន​ទឹក​នេះ​បើក​ដំណើរការ​ចាប់ពី​ម៉ោង​១​០​ព្រឹក​ ​រហូតដល់​យប់​។


SUGGESTIONS