បើនិយាយពីត្រើយម្ខាងភ្នំពេញ ឬ តំបន់អរិយក្សត្រ អ្នកទីក្រុងភាគច្រើនបានស្គាល់វាជាយូរណាស់មកហើយ ប៉ុន្តែក៏នៅមានគោលដៅតូចៗ ឬ តំបន់ទាក់ទាញទើបបង្កើតថ្មីក្បែរៗនោះជាច្រើនដែលលោកអ្នកមិនស្គាល់ ឬ អាចមើលរំលងពីមុនមក។ នៅពេលធ្វើដំណើរចេញពីកំពង់ចម្លងអរិយក្សត្រផុតបន្តិច យើងអាចឃើញកសិដ្ឋានចិញ្ចឹមគោយកទឹកដោះឈ្មោះថា “មូមូ ហ្វាម” (Moo Moo Farms) នៅខាងស្តាំដៃ មានរូបសំណោកមេគោមួយគូនៅខ្លោងទ្វារចូល ដែលយើងអាចឈប់ចូលភ្លក់រសជាតិទឹកដោះគោស្រស់ដែលជាផលិតផលក្នុងស្រុក ១០០ភាគរយ មានអត្ថប្រយោជន៍ល្អចំពោះសុខភាព។
បន្តដំណើរហួសមូមូ ហ្វាម ទៅត្រង់ហួសវត្តសុវណ្ណសាគរទៅមុខទៀតប្រហែលជាងកន្លះគីឡូម៉ែត្រ យើងនឹងទៅដល់វត្តពេជ្រម្កុដ ស្ថិតក្នុងភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ដែលជាទីអារាមដ៏សែនមនោរម្យមួយកន្លែងមានព្រៃឈើត្រឈឹងត្រឈៃពណ៌ខៀវស្រងាត់ដែលអ្នកដំណើរគួរឆៀងចូលសម្រាកបន្តិច និង ដើម្បីឆ្លៀតថតរូបព្រះវិហារបុរាណដំបូលជហ្វា ៤ ស្លាបដំបូល២ជាន់ ដ៏តូចច្រឡឹង ខុសពីព្រះវិហារបច្ចុប្បន្នត្រង់ពុំមានបាំងសាច ឬ របៀងព័ទ្ធជុំវិញឡើយ។ រីឯដំបូលពុំមានប្រក់ក្បឿងស្រកាលេញដូចព្រះវិហារបុរាណដទៃទៀតដែរ តែបែរជាប្រក់ដោយហ្វីប្រូស៊ីម៉ងត៍វិញ។ នៅលើខឿនជុំវិញវិហារ ក៏មានតម្កល់សីមាចាស់សណ្ឋានដូចកោដិជាច្រើនដែលមានរចនាបថប្លែកគួរឲ្យចាប់អារម្មណ៍។
នៅកែងកាច់ជ្រុងវត្តអរិយក្សត្រ មានហាងកាហ្វេទើបបើកថ្មីទំនើបមួយកន្លែងដែលអ្នកដំណើរជិតឆ្ងាយ ជាពិសេសក្រុមអ្នកជិះកង់តាមផ្លូវនេះ និយមឈប់ទទួលទានអាហារពេលព្រឹក ព្រោះទីនេះមិនមែនមានលក់តែកាហ្វេនិងភេសជ្ជៈសម្រន់នោះទេ គឺមានលក់បាយនិងគុយទាវផងដែរ។ ចំណាយពេលនៅទីនោះប្រហែល២០នាទី ទើបយើងបន្តដំណើរទៅមុខទៀត។ មកដល់វិទ្យាល័យព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល យើងត្រូវបត់ស្តាំតាមផ្លូវឡើងទៅរមណីយដ្ឋានស្កាយលែន ឬ 7NG ក្នុងចម្ងាយ៥គីឡូ ម៉ែត្រ។ តាមផ្លូវហួសផ្ទះអ្នកស្រុក យើងឃើញទេសភាពបឹងដ៏ធំមួយដែលមានរុក្ខជាតិដុះព្រោងព្រាត ហើយប្រជាជនមួយចំនួនដែលរស់នៅអមសងខាងផ្លូវទំនប់កាត់កណ្តាលបឹងនោះបានយកជលផលមកលក់តាមចិញ្ចើមថ្នល់ជូនអ្នកដំណើរដែលឆ្លងកាត់ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ដោយឡែក នៅក្នុងរមណីយដ្ឋានស្កាយលែន យើងអាចទស្សនាសួនសត្វ សួនផ្កា រូបសំណាកដាយណូស័រ ភ្នំបដិមា អង្គុយទទួលទានអាហារក្នុងខ្ចុះលម្ហែ បោះតង់សម្រាកកម្សាន្តលក្ខណៈមិត្តភក្តិឬគ្រួសារ និង ទស្សនាការសម្តែងផ្សេងៗនៅល្ងាចថ្ងៃចុងសប្តាហ៍។
មកដល់ចំណុចផ្សារព្រែកលួង សូវរីនសូមណែនាំកន្លែងសិប្បកម្មតម្បាញផាមួងប្រពៃណីលក្ខណៈគ្រួសារមួយកន្លែងដែលល្បីជាងគេប្រចាំតំបន់នេះគឺ ផ្ទះអ្នកស្រី ឡន សុម៉ាឡា ដែលប្រកបរបរនេះតពីជំនាន់មួយទៅជំនាន់មួយតាំងពីមុនរបបខ្មែរក្រហមមកម្ល៉េះ។ គាត់បានប្រាប់ក្រុមការងារយើងខ្លះថាៗ អ្នករស់នៅតំបន់ព្រែកលួងនេះនិយមត្បាញតែផាមួងមួយមុខទេតាំងពីដូនតាមកម្ល៉េះ មិនដែលត្បាញហូលដូចនៅខាងព្រែកចង្រ្កានឡើយ ព្រោះនៅទីនេះ អ្នកភូមិមិនចេះចងគាធលើកក្បាច់គោមដូចអ្នកព្រែកចង្រ្កានឡើយ ពោលគឺមានឯកទេសត្បាញផ្សេងគ្នា។ គាត់បានបញ្ជាក់ថា ផាមួងនៅទីនេះមានច្រើនប្រភេទ ដូចជា ផាមួងបន្តក់ ផាមួងរងជើងមួយជាន់ រងជើងពីរជាន់ រងជើងក្បាច់ផ្កា រងជើងរូបដំរី ជាដើម ដែលមានតម្លៃខុសៗគ្នា។ បើមានទេសចរមកទិញផ្ទាល់ដល់ផ្ទះក៏ក្រុមគ្រួសារអ្នកស្រីលក់ជូនក្នុងតម្លៃសមរម្យដូចតម្លៃលក់ឲ្យឈ្មួញនៅលើទីផ្សារធម្មតាដែរ មិនមានដំឡើងតម្លៃអ្វីនោះទេ។ លោកអ្នកអាចជាវផាមួងស្នាដៃអ្នកឃុំព្រែកលួងពិតៗក្នុងតម្លៃចន្លោះ ១២០-១៤០ដុល្លារ ក្នុងប្រវែងមួយក្បិន (ពីរសំពត់)។
ជាចុងក្រោយ ដំណើរកម្សាន្តត្រូវបានបញ្ចប់ដោយអាហារថ្ងៃត្រង់ដ៏មានន័យប្រកបដោយបរិយាកាសមនោរម្យនៅក្នុងអាហារដ្ឋានបែបផ្ទះចម្ការឈ្មោះថា ចំណតទូក (Port Kandal Beer Garden & Live Music) មិនឆ្ងាយប៉ុន្មានពីវត្តព្រែកបង្កង ឃុំព្រែកតាកូវ តាមផ្លូវត្រឡប់មកអរិយក្សត្រវិញ។ ដើម្បីមកដល់អាហារដ្ឋានលាក់ខ្លួនមួយនេះ អ្នកត្រូវជិះឲ្យផុតពីវត្តព្រែកបង្កងរហូតដល់យានដ្ឋានមួយខាងឆ្វេង ទើបបត់ចូលតាមផ្លូវលំភូមិដល់ផ្លូវបំបែក រួចបត់ស្តាំបន្តិចជាការស្រេច។ ចំណតទូកជាទីតាំងឈប់សម្រាកទទួលទានអាហារជាក្រុមដ៏ស្ងប់ស្ងាត់គ្មានសំឡេងអ៊ូអររំខាន។ នៅទីនោះ មានលក់ម្ហូបអាហារបែបខ្មែរ ទាំងម្ហូបទឹក ម្ហូបឆា ម្ហូបភ្លាឬញាំ និងអាហារសម្រន់ជាច្រើនមុខងាយស្រួលជ្រើសរើស។ ចំពោះមិត្តយុវវ័យវិញ ពួកគេអាចមកជួបជុំគ្នាប្រារព្ធកម្មវិធីខួបកំណើត ឬ ជួបជុំគ្នាពេលទំនេរពីការសិក្សា ឬ មកលេងហ្គីតា ថតរូបលេង ឬជិះកង់កម្សាន្ត ទស្សនាភូមិស្រុកក្បែរៗនោះបង្កើតជាអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយគួរឲ្យចងចាំ៕